វិធី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​រៀប​ការ​

វិធី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​រៀប​ការ​

មាន​ទស្សនៈ​មួយ​បាន​លើក​ឡើងថា «មួយ​ជាតិ​រៀប​ការ​ម្តង​ ត្រូវ​ធ្វើ​វា​អោយណាណី» ទំនង​ជា​ចង់សំដៅ​ដល់​ការ​តុប​តែង រៀប​ចំពិធី​ការ​ អោយ​អធឹក​អធម​ ហំហាន​។ ប៉ុន្តែ​តាម​ការ​សង្កេត​ឃើញ​ ពិធី​អាពាហ៌ពិពាហ៌​ខ្មែរ​បច្ចុប្បន្ន​ដូចជា​មិន​ផ្តោតសំខាន់ខ្លាំង​ទៅ​លើ​ពិធី​ប្រពៃ​ណី​ណាស់​ណា​ទេ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​តុប​តែង និង​ការ​រៀប​ចំ​ពិធី​ដែល​ត្រូវ​បាន​ចំលង​ពី​គេ​ទៅ​វិញ​។ តើ​អ្នកដឹង​ទេ ការ​ចំណាយពិត​ជា​​ធំ​សំបើម​ណាស់!

ពិត​ហើយ តើ​អ្នក​ជា​​ភ្នាក់ងារ​ឯកជន​រៀប​ចំ​មង្គលការ​មែនទេ? តើ​អ្នក​ជា​កូន​ក្រមុំ​កូន​កំលោះ​​មែន​ទេ? ចឹង​តើ​អ្នក​បាន​ត្រៀម​សម្រាប់​ការ​តុបតែង​ក្នុង​ថ្ងៃ​អាពាហ៌ពិពាហ៌​ហើយ​ រឺនៅ​?​ តាម​ទំនៀម​របស់​ខ្មែរ កូន​ក្រមុំ​ត្រូវ​ត្រៀម​ខ្លួន​យ៉ាងហោចណាស់​៣ខែ​ នៅ​ក្នុង​ផ្ទះដើម្បី​បន្ទុំ​ស្បែក​អោយ​ភ្លឺថ្លា ក្មេងខ្ចី​។ សម្រាប់​ទំនៀម​ខ្មែរ​សម័យ​ទំនើប គេ​តែ​ចូល​ទៅ​កាន់​ហាង​កែ​សម្ផស្ស​ទំនើប​ៗ ចំណាយ​លុយ​ពេញ​ៗ​ដៃ​ដើម្បី​កែច្នៃ​ស្បែក​អោយ​ស្រស់ស្អាត​។

ចំនែក​ការតុបតែង​​ខ្លួន​ក្នុង​ថ្ងៃរៀប​ការ​វិញ ជាទូទៅ​គេ​តែង​ទៅរក​ភ្នាក់​ងារ​រៀបចំ​ ដើម្បីតុបតែង​ដែលពាក្យ​ខ្មែរ​ហៅថា «ផ្នួង» ក្នុងតំលៃ​ដ៏លើសលប់​ ទៅ​តាម​អ្វីដែល​ចង់​បាន និងទៅ​តាម​លទ្ធភាព​របស់​ក្រុម​គ្រួសារ​។

និយាយពីការថតរូបវិញ ពេល​បច្ចុប្បន្ន​នេះ​​​ខ្មែរ​កំពុង​មាន​ទំនោរ​ទៅរក​ពួកបស្ចឹម​ប្រទេស​ ដោយ​មាន​ការ​ថតរូប​មុនថ្ងៃ​រៀងការ គេហៅ​ថា «Pre-Wedding» ដោយ​កាន់តែ​បន្ថែម​ការ​ចំណាយ​ច្រើន​ឡើង​ ប៉ុន្តែ​ក៏អាច​ធ្វើ​ទៅ​តាម​លទ្ធភាព​ផង​ដែរ។​ Pre-Wedding បាន​ធ្វើ​អោយ​គូស្នេហ៌ក្មេង​ៗ​ពុះ​កញ្ជ្រោល​ ចង់​ធ្វើ​អោយ​ប្លែក​ ចង់ធ្វើ​អោយឡូយ ចង់​បង្អួត​គ្នា​ ប៉ុន្តែ​គំនិត​សំខាន់​ក្នុង​រឿងនេះ ប្រហែល​ជា​មាន​តិច​តួចប៉ុណ្ណោះដែល​បានដឹង​។ យើង​មិនព្យាយាម​និយាយពី​គុណសម្បត្តិ និងគុណវិបត្តិ​នៃ​ការ​ថត​រូប​មុនថ្ងៃ​រៀបការ​ទេ តែ​យើង​នឹង​ផ្តល់គំនិត​ដើម្បីកាត់បន្ថយ​ការចំណាយច្រើន។

គំនិត៥​យ៉ាង​សម្រាប់​ថ្ងៃ​រៀបការ​ គឺជា​វិធី​ដែលអាចជួយ​អោយ​លោកអ្នកសន្សំពេលវេលា សន្សំ​ប្រាក់​កាស់ កាត់បន្ថយ​ការ​ចំណាយ និង​ធ្វើ​អោយ​ការ​ចង់​ចាំ​អនុស្សាវរីយ៌​បាន​ច្រើន​ច្រើន​ទៀត​ផង​។ គំនិត​ទាំង​5​នោះ​មាន​..៖

  1. ការ​ថត​ Pre-Wedding៖ លោកអ្នក​អាច​ពឹងពាក់​ មិត្ត​ភក្តិ​ដែល​មាន​កាមេរ៉ា​ទំនើប​ រឺ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​ក៏បាន ហើយ​ចេញ​ទៅថត​នៅ​​កន្លែង​កំសាន្ត​ធម្មជាតិ​​ ដែល​មិនត្រូវការចំណាយ​ប្រាក់​ ជាមួយ​មិត្ត​ភក្តិ​ជិតស្និទ្ធឺ​ ធ្វើដូចជា​ការដើរ​លេង​កំសាន្ត បង្កើត​គំនិតសាមញ្ញៗ​ដែល​ខ្លួន​ឯង​នឹកឃើញ​ ហើយចង​ក្រង​ជា​រូបភាព​ដែល​គ្មាន​ការ​ច្នៃប្រឌិត​បន្ថែម​។ សម្រាប់រូបថត អាពាហ៌​ពិពាហ៌​ (រូបតាំងមុខរោង​) ច្បាស់ណាស់​ថា លោកអ្នកអាច​ទទួល​បាន​ការ​​ថត​ដោយ​ឥតគីតថ្លៃ ពីម្ចាស់​ផ្នួង រឺ​ជាង​ថត​ដែល​ត្រូវ​ជួល​មកក្នុងថ្ងៃរៀបការ​។
     
  2. កូនក្រមុំ​ អាច​សំងំបន្ទុំ​សាច់​ តាម​បែប​ខ្មែរ​បុរាណ ដោយ​មិន​ចាំបាច់​ចេញទៅរក​សេវាថែទាំ​នៅ​ខាងក្រៅ​។ ប្រើប្រាស់​ក្បួនខ្មែរ​បុរា​ណ ដូចជា ការ​អប់ទឹកក្តៅ ការលាប​ប្រេងល្មៀត​ និងការ​ចូល​ម្លប់​ជាដើម​…
     
  3. កូនកំលោះ អាច​បបួល​មិត្ត​ភក្តិ​ទៅ​ដើរ​លេង​នៅ​ផ្សារ​ ទិញ​សំលៀកបំពាក់​ដែល​សាមញ្ញៗ យក​មក​រក​ជាងកាត់ដេរអោយ​​ជួយ​ច្នៃ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន​។ សូម​កុំ​ភ្លេច​ថា សំលៀកបំពាក់​ធូរថ្លៃ​ ក៏អា​ចធ្វើអោយអ្នកសង្ហារ​ដែរ បើ​សិន​ជា​ស្លៀកពាក់បានត្រឹមត្រូវ​។
     
  4. ការតុបតែង​រោង​ការ​៖ ទាំងកូនកំលោះ​ និងកូន​ក្រមុំសុទ្ធ​តែបានដឹង​ថ្ងៃ​រៀបការ​ជាស្រេច​ហើយ ហេតុ​អ្វី​ មិនព្រម​នាំគ្នា​ទៅ​ជ្រើសរើស​​ផើង​ផ្កាធម្មជាតិ ផ្គា​ដែល​ដាំងាយ​ដុះ ងាយ​ចេញ​ផ្ការ​ នៅ​តាម​សួន​លក់​ផ្កា​ទៅ? លោក​អ្នក​ចំណាយ​អស់​ប្រមាណ​ជា​៥ រឺ​៦ម៉ឺនរៀល​.. លោកអ្នកអាច​ទៅជ្រើសរើស​ដោយ​ខ្លួនឯង​… អាចយក​មក​តុបតែងដោយ​ខ្លួន​ឯង ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់ច្រើន… ហើយ​ផ្កា​ទាំងនោះ​នៅ​អាច​រក្សា​ទុក​ ថែទាំ ដាំ​លំអរ​ក្នុង​ផ្ទះបានទៅ​ថ្ងៃក្រោយ​ទៀត​។
     
  5. ពិធី​ការ​តាមបែប​ខ្មែរ​៖ បើ​សិនជា​លោកអ្នក​ចង់កាត់បន្ថយ​ការ​ចំណាយ​លើ​ពិធី​ផ្សេង​ៗ​ លោកអ្នក​គួរ​អនុវត្តន៌តាម​តែ​បែប​ទំនៀម​ការ​ខ្មែរ​ទៅ​បាន​ហើយ​។ អ្វីដែល​លោកអ្នក​ត្រូវ​ចំណាយ​ច្រើន​បំផុត​នោះ​គឺ ការ​ស្មគ្រចិត្ត​ជ្រើសរើស​យក​វប្បធម៌ប្រពៃណី​បរទេស​មក​រៀបចំ​.. ទាំង​អ្នក​ខ្លះ​មិនទាំងដឹង​ពីអត្ថន័យ​វាថា​យ៉ាងម៉េចផង​ ដូចជា​ពិធីកាត់​នំ​… ពិធី​បោះ​​បាច់​ផ្ការ.. ពិធី​បញ្ចុក​នំ​អាពាហ៌ពិពាហ៌​.. ជាដើម​។ ជាគំនិត បើសិន​ជា​លោក​អ្នកគិត​ថា លោកអ្នក​​ប្រើប្រាស់​ពិធី​រៀប​ការ​ត្រឹម​តែ​ទំនៀម​ខ្មែរ ក៏​ក្លាយ​ជា​ប្តីប្រពន្ធ​ពេញច្បាប់​ហើយ​ តើ​ត្រូវការ​ពិធី​​ដែល​ចំណាយ​លុយ​ច្រើន​ទាំងនោះ​ទៀត​ដើម្បីអ្វី​? 

យើង​មិន​ប្រឆាំង​ចំពោះគំនិត​ដែល​ចង់​បង្ហាញ​ភាពហ៊ឺហារ​ក្នុងពិធី​មង្គល​ការ​របស់​លោក​អ្នក​ទេ រាល់​ការ​លើក​ឡើង​ខាង​លើ​គឺគ្រាន់តែជា​គំនិត​​ដើម្បីកាត់បន្ថយ​ការ​ចំណាយ​ និង​ធ្វើ​អោយ​មាន​ការចងចាំ​តែប៉ុណ្ណោះ​។ មាន​រឿង​មួយ​ដែល ​សិរីសួស្តី ចង់ចោទសួរវិញថា «តើ​ថ្ងៃ​រៀប​ការ និងថ្ងៃ​ក្រោយរៀបការ​ មួយ​ណា​សំខាន់ជាង​?»។

ចំលើយ​ មាន​នៅ​ទីនេះ ឬ​បើ​លោក​អ្នក​ចង់ដឹង​ច្រើន​ទៀត​ សូម​ស្វែង​រក​​សៀវ​ភៅ «ន័យ​ជីវិត» ៕