តើ​ថ្ងៃ​ «រៀបការ» និង​ថ្ងៃ​ «ក្រោយរៀបការ» មួយ​ណា​សំខាន់​ជាង?

តើ​ថ្ងៃ​ «រៀបការ» និង​ថ្ងៃ​ «ក្រោយរៀបការ» មួយ​ណា​សំខាន់​ជាង?

អ្នក​ទាំង​​អស់​គ្នា​គិត​ថា​ «ថ្ងៃ​រៀប​ការ​​​» សំ​ខាន់​ណាស់​មែន​ទេ​? ប៉ុន្តែ​ខ្ញុំ​វិញ​យល់​ថា​ «ថ្ងែ​រៀប​ការ​មិន​សំខាន់​​ណាស់​​ណា​​ទេ សំខាន់​គឺ​ថ្ងៃក្រោ​យ​រៀប​ការ ព្រោះ​ការ​រៀប​ការ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ តែ​ក្រោយ​រៀប​ការអ្នក​ត្រូវ​រស់​នៅ​ជា​មួយ​គ្នា​មួយ​ជីវិត​… ដូច្នេះ​អ្នក​ត្រូវ​ឆ្លង​កាត់​​រឿង​គ្រប់​បែប​យ៉ាង​ជាមួយ​គ្នា​..» ដូច្នេះ តើ​អ្នក​បានត្រៀម​ខ្លួន​គ្រប់​គ្រាន់​ហើយឬនៅ​ សម្រាប់​ផ្លូវ​ជីវិត​មួយ​នេះ​?

អ្នក​ត្រូវ​ចង​ចាំថា «ថ្ងៃ​រៀប​ការ​» គឺ​ជា​ថ្ងៃ​ចាប់​ផ្តើម​បើក​ទំព័រ​ជីវិត​ថ្មី​របស់​អ្នក​​។ បើ​អ្នក​ចង់​អោយ​ «ថ្ងៃ​ក្រោយ​រៀប​ការ» ​ប្រកប​ដោយ​សេរី​មង្គល​​ពិត​ប្រាកដ​ អ្នក​ត្រូវ​ លះបង់ អត់​ទ្រាំ​ យល់​ព្រម​… ទោះ​ជា​អ្នក​មិន​ចង់​ក៏ដោយ…

  • លៈបង់៖ កាលពី​អ្នកនៅម្នាក់ឯង អ្នកមានទម្លាប់​ជារបៀប​ម្នាក់ឯង​ ដូច្នេះ​ទម្លាប់​មួយ​ចំនួន​ត្រូវ​លះបង់ដាច់​ខាត។ ការ​លះបង់​សំបក​ខាងក្រៅ​ដូចជា​ លះបង់​ទម្លាប់​ចូលបន្ទប់ទឹក​មិន​បិទទ្វារ លះបង់​ការ​អង្គុយយប់ជ្រៅ ការ​មើលភាពយន្ត​ ការស្តាប់​តន្រ្តី​ បើសិនជា​ដៃគូរបស់អ្នក​មិនចូលចិត្ត ហើយសំណូមពរ​អោយ​បញ្ឈប់​។
     
  • អត់ទ្រាំ៖ កាលពីនៅម្នាក់ឯង អ្នក​អាចធ្វើអ្វីៗ​គ្រប់យ៉ាង​ដោយ​គ្មាន​អ្នកណា​ហាម​ឃាត់ ឬរអ៊ូរទាំ​ តែពេល​អ្នក​រៀបការរួច​ រាល់ទង្វើឯករាជ្យ​ទាំងនោះ​ពិតជាជៀស​មិនផុត​ពី​ការ​រអ៊ូរទាំ​ ឬស្តីបន្ទោស ឬ​មិនយក​ចិត្ត​ទុក​ដាក់ ដូច្នេះ​អ្នក​ត្រូវ​អត់ទ្រាំ​ ឬ​ឈប់ធ្វើវា​តែម្តង​ទើបប្រសើរ​។
     
  • យល់ព្រម៖ អ្នក​មានទម្លាប់ស្អាតបាត មានទម្លាប់​ ដើរ​ហើរ​ ឬ​មានទម្លាប់​ញាំ​របស់​ហឹរ ជូរ ផ្អែម​ជាដើម ពេល​នៅ​ម្នាក់ឯង តែពេលរៀបការរួច ដៃគូរបស់​អ្នកបែជាចូលចិត្ត​ផ្ទុយពីអ្នក​ ដូច្នេះ​បើ​សិន​ជា​អ្នក​មិន​ព្រមលះបង់​ចោល​ទម្លាប់ផ្ទាល់​ខ្លួន ហើយ​ដៃគូមិនព្រមទទួល​យក​ទេ អ្នកទាំងពី​រ​មាន​តែ​ឆ្នាំងពីរ​ចាន​ពីរ​មិនខាន​។

បញ្ជាក់៖ ចំនុចទាំង៣ខាងលើ​គឺគ្រាន់តែជា​សំបក​ខាង​ក្រៅ​នៃជីវិតគូ​តែប៉ុណ្ណោះ តែ​វាក៏​មានឥទ្ធិល​ខ្លាំងខ្លា​ទៅ​លើ​ផ្លូវ​អារម្មណ៍ មនោសញ្ចេតនា ស្នេហា និង​គ្រួសារផងដែរ។ បើ​សិន​ជា​បុគ្គល​ចេះ​លះបង់​ អត់ទ្រាំ យល់ព្រម អោយ​គ្នា​ទៅវិញ​ទៅ​មក​ គេ​នឹងមើលឃើញ​ពន្លឺសុភមង្គល​រៀងដរាបដល់ចាស់​កោងខ្នង​។ ផ្ទុយពីនេះ​ បើទោះជា​គេ​មានគ្រឹះស្នេហា គ្រឹះ​គ្រួសារ និងទ្រព្យ​សម្បត្តិ​ដ៏រឹងម៉ាំ​យ៉ាងណា​ក៏ដោយ ក៏​គេ​មិនអាចរក្សា​ជំហរ​គ្រួសារ​សុភមង្គល​មួយបានដែរ​។

សរុបមក ថ្ងៃ​រៀបការ​គឺគ្រាន់​តែ​ជា​ពិធី​មួយ​តែប៉ុណ្ណោះ ប៉ុន្តែថ្ងៃក្រោយ​រៀប​ការ​ទើប​ជា​ជីវិត​ពិត​របស់​យើង​គ្រប់គ្នា តើ​មែនទេ?