មែនហើយ! នៅពេលដែលអ្នកមានអារម្មណ៍តប់ប្រមល់ខ្លាំង ហេវខ្លាំង រឺឆ្អែតខ្លាំង រឺមានជំងឺដែលរំខានដល់ដំណេករបស់អ្នក អ្នកពិតជាពិបាកក្នុងការបង្ខំខ្លួនឯងអោយដេកលក់ខ្លាំងណាស់ រឺពេលខ្លះគ្មានរឿងអ្វីសោះ ក៏អ្នកចាប់អារម្មណ៌ថា អ្នកដេកមិនលក់ដែរ តើព្រោះហេតុអ្វី? ចឹងសាកល្បង៣វិធីងាយៗនេះទៅមើលអ្នកនឹងគេងលក់ស្កប់ស្កល់។
តែជាដំបូង សិរីសួស្តី សូមឲ្យលោកអ្នកឆ្លើយសិនថា តើហេតុអ្វីបានជាអ្នកដេកមិនលក់?
ភាពតានតឹងនៃជំងឺរ៉ាំរ៉ៃ ក៏អាចបណ្តាលឱ្យមិនលក់រៀងរាល់ថ្ងៃដែរ។ បញ្ហាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាគេងមិនលក់រួមមានការ ក្រហាយទ្រូង, ជំងឺទឹកនោមផ្អែម, ជំងឺសរសៃឈាមបេះដូង, ជំងឺសរសៃប្រសាទ, ជំងឺតម្រងនោម, បញ្ហាសុខភាពផ្លូវចិត្ត, បញ្ហាផ្លូវដង្ហើម និងជំងឺក្រពេញទីរ៉ូអ៊ីត ជាដើម។ បើសិនជាលោកអ្នកមានបញ្ហាទាំងនេះ លោកអ្នកត្រូវតែទៅពីគ្រោះជាមួយគ្រូពេទ្យអោយបានទៀងទាត់។
ប៉ុន្តែកត្តា៣ចំបងក្នុងទីនេះ ដែលយើងនឹងលើកយកមកពន្យល់នោះគឺ បញ្ហាភាពតានតឹង (ស្រ្តេស), សុខភាពផ្លូវចិត្ត និងទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នក ដែលទាំងនេះ ធ្វើអោយគ្រូពេទ្យពិបាកនិងព្យាបាល ក្រៅតែពីការប្រើថ្នាំដើម្បីបង្ខំអ្នកអោយដេក ដែលវិធីនេះមិនល្អចំពោះសុខភាពរបស់អ្នកនោះទេ។
សូមសាកល្បងវិធី៣យ៉ាងខាងក្រោមនេះ លោកអ្នកអាចនឹងគេងលក់ស្កប់ស្កល់មិនខាន..៖
- បង្កើតទម្លាប់គេងទៀងទាត់៖ មនុស្សត្រូវធ្វើរឿង២យ៉ាងអោយបាន ដើម្បីសុខភាពល្អនោះគឺ ដល់ពេលគេងត្រូវតែគេង ទោះជាអ្នកមនងងុយគេង និង ដល់ពេញញ៉ាំអ្នកត្រូវតែញ៉ាំទោះជាអ្នកមិនឃ្លាន ព្រោះការធ្វើបែបនេះ ដើម្បីបង្កើតទម្លាប់អោយខ្លួនឯង។ សូមអានអត្ថបទ តាមអាយុរបស់អ្នក តើអ្នកគួរគេងប៉ុន្មានម៉ោងដែរក្នុងមួយថ្ងៃ? ដើម្បីស្វែងយល់ពីពេលវេលាដែលអ្នកត្រូវគេង។
- ធ្វើសមាធិមុនពេលគេង៖ នេះជារឿងពិបាកបន្តិចចំពោះអ្នកដែលពុំធ្លាប់បានហ្វឹកហាត់ តែអ្នកត្រូវតែចំណាយពេលខ្លះដើម្បីហ្វឹតហាត់មូលដ្ឋានគ្រិះនៃការធ្វើសមាធិ ដើម្បីប្រើប្រាស់ជាប្រយោជន៍ចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការសមាធិ ឬការស្មឹងស្មាធិបំភ្លេចរឿងរ៉ាវសៅហ្មងក៏ដោយ រីករាយក៏ដោយ ១៥នាទីមុនពេលគេង នឹងធ្វើអោយអ្នកគេងលក់ស្កប់ស្កល់។ វិធីដែលអ្នកអាចធ្វើបានគឺ បិទភ្នែក អង្គុយក៏ដោយ គេងក៏ដោយ។ សម្រាប់ការគេង ដាក់ដៃរបស់អ្នកអោយស្មើនឹងដងខ្លួន សណ្តូកជើងអោយត្រង់ ហើយរំលឹករឿងរ៉ាវគ្រប់យ៉ាងដែលអ្នកបានធ្វើតាំងពីព្រឹករហូតដល់ពេលអ្នកបិទភ្លែកយឺតៗ ម្តងមួយៗ ហើយមើលអោយឃើញគ្រប់ជ្រុងជ្រោយ បើកិច្ចការណាដែលអ្នកបានបំពេញវាហើយ អ្នកត្រូវទុកថាវារួចរាល់ហើយបំភ្លេចចោល បើកិច្ចការណាដែលអ្នកមិនទាន់បានបញ្ចប់អ្នកត្រូវទុកវាមួយឡែក ហើយរំលឹកថា ស្អែកក្រោកឡើងនឹងធ្វើបន្ត។ ជំហ៊ានបន្ទាប់គឺ អ្នកត្រូវកំណត់ខ្លួនឯងថា អ្នកត្រូវតែគេងលក់ក្នងពេលប៉ុន្មាននាទីទៀត តាមតែចិត្តអ្នកកំណត់។ កត្តាចំបងដែលអ្នកត្រូវពិចារណាគឺថា រឿងគ្រប់យ៉ាងនឹងទៅដោយរលូន និងបញ្ចប់ដោយល្អ ហើយអ្នកត្រូវផ្តល់សុទិដ្ឋិនិយមអោយខ្លួនឯងថា អ្នកអាចធ្វើវាបានដោយត្រឹមត្រូវ។ សម្រាប់ការអង្គុយ លោកអ្នកអាចអនុវត្តន៍តាមបែបបទសមាធិថ្នាក់ដំបូង គឺថា អង្គុយពែនភ្នែន ដាក់ដងខ្លួនឲ្យត្រង់ ហើយសម្រួលអារម្មណ៍។ មិនត្រូវដាក់សម្ពាធទៅលើដៃឬកាន់របស់អ្វីឡើយ (អាចដាក់ដៃផ្ងារលើគ្នាចន្លោះជើង ឬលាដៃទាំងសងខាងដាក់លើភ្លៅក៏បាន)។ ត្រូវកំណត់ដង្ហើមចេញចូលឲ្យបានស្មើ ពេលដកដង្ហើមចូលក៏ដឹង ពេលចេញក៏ដឹង។ អ្នកត្រូវគ្រប់គ្រងចិត្តមិនអោយត្រាច់ចរទៅណាឆ្ងាយពីការតាមដានដង្ហើមចេញចូលរបស់ខ្លួនឡើយ។ ធ្វើយ៉ាងនេះ លោកហៅថា ការធ្វើនូវ សមថកម្មដ្ឋាន។ ប្រការគួរចាំ គឺ អ្នកត្រូវតែកំណត់ក្នុងចិត្តថា ការធ្វើនេះមិនអោយលើសពី ១០ ឬ១៥នាទីឡើយ។ អ្នកអាចដាក់នាឡិការោទិ៍ ឬកំណត់ចំណាំអ្វីមួយឲ្យអ្នកដឹងថា ការធ្វើសមាធិរបស់អ្នកដល់ពេលកំណត់ហើយ អ្នកត្រូវសម្រួលខ្យល់ដង្ហើមឲ្យស្មើ ធម្មតា (ដកដង្ហើមចូលពោះ ឬទ្រូង ឲ្យពេញ រួចបន្ធូរវាចេញវិញឲ្យអស់ ២ ឬ៣ដង ទើបចាប់ផ្តើមបើកភ្នែក រួចទំលាក់ដៃរបស់អ្នកចុះ។ ពេលដែលអ្នកទុកចិត្តថា អ្នកមានអារម្មណ៍ធម្មតាហើយ សូមលាជើងចេញពីភ្នែន ហើយសន្តូកឲ្យត្រង់ រួចទំលាក់ខ្នងដេក)។
- ទទួលទានអាហារមានកម្រិត និងមានសុខភាព៖ ការពិតណាស់ ការទទួលទានពេលល្ងាចគឺជាកត្តាសំខាន់បំផុតដែលអ្នកត្រូវគិត។ ពាក្យចាស់ពោលថា «ស្រលាញ់ខ្លួនអោយធួនចំណី» គឺមានន័យថា បើចង់អោយខ្លួនយើងមានសុខភាពល្អ ត្រូវទទួលទានដោយប្រុងប្រយ័ត្ន។ ប្រការនេះ សិរីសួស្តី សូមរំលឹកថា លោកអ្នកគួរទទួលទានកុំអោយឆ្អែតពេក និងគួរកុំទទួលទានគ្រឿងស្រវឹង កាត់បន្ថយសាច់ដែលពិបាករំលាយ ដូចជា សាច់គោជាដើម ដោយងាកមកទទួលទានបន្លែ សាច់ត្រី ឬអាហារបួស ជំនួសវិញ។ គួរផឹកទឹកដោះគោ ឬទឹកត្រជាក់១កែវ មុនពេលគេង ដែលនេះគឺជាដំបូន្មានរបស់វេជ្ជបណ្ឌិត។
តើលោកអ្នកយល់យ៉ាងណាដែរ?