អ្វី​ជា​វិញ្ញាណ?

អ្វី​ជា​វិញ្ញាណ?

យើង​បាន​សិក្សា​​សង្ខេបរួចមក​ហើយ​អំពីពាក្យថា «ព្រលឹង» ហើយ​នៅ​ថ្ងៃនេះ យើង​នឹង​សិក្សា​បន្ថែមអំពីពាក្យថា​ «វិញ្ញាណ» តើ​ពាក្យ​នេះ​មានន័យ​ សេចក្តី ស៊ីជម្រៅដូចម្តេចដែរ?

«វិញ្ញាណ» បើតាម​អត្ថន័យ​ក្នុង​វចនានុក្រមខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ មាន​សេចក្តីថា «ធម្មជាតិ​ដឹងច្បាស់នូវអារម្មណ៌» និង​បើ​យោង​​​តាម​ការ​វែក​ញែក ​​ពាក្យ​ «វិញ្ញាណ» មកពី​​ពាក្យ​បាលី​ភាសា ប្រែថា​ «ការដឹង»។ គេតែងប្រើពាក្យ «ញាណ» សម្រាប់​​ហៅ​បុគ្គល​ណា​ដែល​យល់ច្បាស់ពី​​ហេតុ​ផល​អ្វី​មួយ​ ដូចជា​ព្រះពុទ្ធ​ ត្រូវបរិស័ទ្យហៅថា «ទ្រង់ញាណ» ឬ​ «ដឹងញាញ»​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា «សព្វញ្ញុត្តញ្ញាណ គឺ​ការ​ដឹង​សព្វ​គ្រប់​»​​។ ដូច្នេះ​ ពាក្យ «វិញ្ញាណ» គឺ​ខុស​ស្រឡះពីពាក្យ​ «ព្រលឹង​»  ប៉ុន្តែ​ហេតុអ្វី​ទើប​គេ​​ចូលចិត្ត​ប្រើពាក្យ​ទាំង​ពីរ​នេះ​នៅ​ជាមួយ​គ្នា? បើសិន​ជា​យើង​យក​ពាក្យ​ទាំងពីរនេះ​មក​ដាក់បញ្ចូលគ្នា គឺ «ព្រលឹងវិញ្ញាណ» ហើយ​ធ្វើ​ការ​បក​ប្រែ​នោះ​ មានន័យថា «ដំណើរ​​នៃ​(ជីវិតដែល​ប្រព្រឹត្ត​) ​​​ការ​ដឹងច្បាស់​នូវ​អារម្មណ៍​។ ហេតុ​នេះ ខ្ញុំសូម​​ប្រៀប​ធៀប​ដូច្នេះទៅវិញថា «ព្រលឹង» ប្រៀបដូចជាចរន្ត​ដែល​ធ្វើអោយ​ម៉ាស៊ីន​មួយ​អាចដំណើរ​ការ​បាន​ ឬ​​ដូច​ជា​សសៃ​អំបោះ​ក្នុង​ទៀន​ដែល​​ធ្វើអោយ​មាន​ថាមពល (ចំហេះ)​ តាមរយៈ​ធាតុ​ទាំង​៤។​ ឯ «វិញ្ញាញ» វិញ គឺ​ជា​​លំ​​​ញ័រ​នៃ​ម៉ាស៊ីននោះ ឬ​​ជារូបរាង​នៃ​ម៉ាស៊ីននោះ ឬ​​ជាស​ភាព​វិសេស​បំផុត​នៃ​ម៉ាស៊ីន​នោះ ឬ​ជា​ពន្លឺ​នៃ​ភ្លើង​ជុំ​វិញ​ចំហេះ​​​ ដែលជា​សម្មតិកម្ម​អោយ​គេ​សំគាល់ថា​ វាគឺជា​ម៉ាស៊ីន ឬ​ជា​ភ្លើង​ទៀន​​។

ជារួម ការសំលឹង​ឃើញ ការ​ប៉ះពាល់ត្រូវ ការ​ស្រង់ក្លិន​ ការ​ភ្លក្សរស់ជាតិ​ ជាដើម​ គឺ​ហៅថា «ញាណ» ឬ​ «សញ្ញា» ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចាប់ផ្តើម​បែងចែក​ថា តើ​របស់ដែលយើងពាល់​ត្រូវ​នោះ​ជាអ្វី ក្លិន​ដែល​យើង​បាន​ស្រូប​នោះ​ដូចម្តេច រស​ជាតិ​​ដែល​យើង​បាន​ភ្លក្ស​នោះ​វា​មាន​​សភាពដូច​ម្តេច​ ជាដើម​ ទើប​យើង​ហៅ​ដំណាក់កាល​នេះថា «វិញ្ញាណ» ព្រោះថា វិញ្ញាណ មានតួនាទី​កំណត់​ដឹង​នូវ​វត្ថុ​ដែល​ត្រូវ​បាន​ប៉ះពាល់​ត្រូវ​តាមរយៈ​ឥន្ទ្រីយ៍ទាំង​៦​របស់​មនុស្ស​ ដែល​ហៅថា អាយតនៈ​ខាង​ក្នុង​ទាំង​៦​។

មនុស្ស​ដែល​បាត់វិញ្ញាណ​ ត្រូវ​គេហៅថា «ពិការ» ព្រោះ​មនុស្ស​នោះ នៅ​​មិន​ទាន់រលត់ធាតុ​ទាំង​៤​របស់ព្រលឹង​នៅ​ឡើយ​ទេ ដូច្នេះ​មនុស្ស​អាច​អត់​វិញ្ញាណ តែ​មិនអាចអត់ព្រលឹង​បានទេ​។ ក្នុងន័យ​នេះ បើ​មនុស្ស​ម្នាក់​មានជំងឺ​បាត់បង់​រស់​ជាតិ គឺ​មនុស្ស​នោះ គ្រាន់តែ​មិនដឹងថា អាហារ​ដែលគេបរិភោគនោះ​មានរស់​ជាតិអ្វី​តែប៉ុណ្ណោះ តែ​គេ​មិនស្លាប់​នោះទេ​ព្រោះគេនៅតែអាចបរិភោគវា​បាន​។ ​ដរាបណា​ ធាតុ​ទាំង​៤ (ដី ទឹក ភ្លើង ខ្យល់) ដែលជា​វត្ថុធាតុដើម​របស់ព្រលឹង​បាត់បង់​ទាំងអស់ហើយ មនុស្ស​នោះ​ ទើប​គេ​ហៅថា មនុស្ស​ស្លាប់ ឬ​​មនុស្ស​អត់ព្រលឹង​។

សរុបមក ពាក្យ «ព្រលឹង» និងពាក្យ «​វិញ្ញាណ» មាន​អត្ថន័យ​ខុសស្រឡះពីគ្នា តែ​ទាំងពីរនេះ​​មិន​អាច​ដាច់​ពីគ្នាបានឡើយ​។ ព្រលឹង គឺជាចរន្ត​ស៊ាំញ៉ាំ​ដែល​បង្ក់ើតបានជាថាមពល តាមរយៈ​ការ​ផ្សំ​ឡើង​រវាង​ធាតុ​ទាំង​៤ ឯវិញ្ញាណ​វិញ គឺជា​ការ​កំណត់​ ឬ​​សន្មតិ​ថា សភាវៈ​នោះ ឬ​វត្ថុ​នោះ​​ មានស​ភាព​ដូចម្តេច តាម​រយៈឥន្ទ្រី​យ៍ទាំង​៦​​។ នៅពេលដែល​មនុស្ស​រលត់​ព្រលឹងកាលណា កាលនោះ វិញ្ញាណ ក៏នឹងរល់តទៅ​តាម​ដែរ​ ប៉ុន្តែ​បើសិនជា​មនុស្ស​បាត់បង់ វិញ្ញាណ ណាមួយ ព្រលឹង​នឹងមិន​បាត់បង់ទៅ​តាម​នោះ​ទេ​៕

ដោយ ច. សម្បត្តិ