ព្រលឹង គឺជាពាក្យដែលគេឯងគ្រប់គ្នាតែងលឺ និងតែងនិយាយ ប៉ុន្តែតើមានអ្នកណាខ្លះយល់ស៊ីជម្រៅពីវា? ដូច្នឹង សូមចាប់ផ្តើមសិក្សាពីវានៅទីនេះ។ ព្រលឹងមាន២ដូចខាងក្រោម៖
- ទី១ ប្រើក្នុងអត្ថន័យស្នេហាបុរសនិងស្រ្តី «ព្រលឹង» មានន័យថា ដែលជាទីស្រឡាញ់ស្មើជីវិត ឬពេញចិត្តជីវិតថ្លើមថ្លៃ ដូច្នេះគេតែងលឺពាក្យថា «ពៅព្រលឹង ឬព្រលឹងស្នេហ៌ស្នង» ជាដើមក្នុងចំរៀង កំណាព្យ ឬពាក្យពេចន៍ស្នេហាផ្សេងៗ។ ក្រៅពីនេះ បើប្រើក្នុងន័យសេចក្តីស្នេហាធំធេងចំពោះប្រទេសជាតិ ឬចំពោះពូជសាសន៌៍មួយ «ព្រលឹង» សំដៅដល់សេចក្តីរុងរឿងផ្នែកសិល្បៈ វប្បធម៌ និងគំនិតជាតិនិយម ហេតុនេះហើយគេតែងប្រើពាក្យ «ព្រលឹងជាតិ» ដើម្បីដាស់ស្មារតីជនជាតិខ្លួនអោយភ្ញាក់រលឹកឡើងនៅគ្រាដែលមានការអនុវត្តន៍ខុសគន្លងអ្វីមួយ។
- ទី២ ប្រើក្នុងន័យជាសាកល គឺសំដៅដល់់វិញ្ញាណ ឬដូងវិញ្ញាណរបស់មនុស្ស «ព្រលឹង» ត្រូវគេអោយន័យថា ជាដំណើរជីវិត ឬសេចក្តីចំរើននៃជីវិត។ ក្នុងន័យនេះ មនុស្សភាគច្រើនមានជំនឿថា បើសិនជាមនុស្សអស់ព្រលឹង គឺស្មើនិងមនុស្សស្លាប់ ឬមនុស្សដែលស្លាប់ព្រោះតែព្រលឹងរបស់គេបានចេញចាកពីខ្លួន ធ្វើអោយខ្លួនគេក្លាយទៅជារបស់ដែលគ្នានប្រយោជន៍អ្វីតទៅទៀត ដូចជារទេះដែលបែកបាក់ហើយ មិនអាចប្រើការបានវិញដូច្នេះឯង។ ដូច្នេះព្រលឹងក្នុងន័យនេះ គឺប្រៀបស្មើនិងចរន្តដ៏ស៊ាំញ៉ាំក្នុងខ្លួនមនុស្ស ដែលអាចដំណើរការបានដោយសារតែធាតុទាំង៤ គឺដី ទឹក ភ្លើង ខ្យល់។ គេអាចចំណាំបានថា នៅពេលដែលធាតុណាមួយនៃធាតុទាំង៤បាត់បង់ ឬចុះខ្សោយ មនុស្សនោះហាក់ដូចជាមនុស្សដែលបាត់ព្រលឹងបន្តិចម្តងៗ ឬហៅថាមនុស្សឈឺ។ ឧទាហរណ៍ បើធាតុភ្លើងឡើងខ្លាំងពេក គេហៅថា កើតគ្រុនក្តៅ ឬថាព្រលឹងក្តៅជាដើម។
ជារួម «ព្រលឹង» ក្នងន័យនេះ គឺជាចរន្តដ៏ស៊ាំញ៉ាំ ដែលជួយបង្កើតថាមពល បានមកពីធាតុទាំង៤ (ដី ទឹកភ្លើង ខ្យល់) ខុសស្រឡះ ពីទស្សនៈអ្នកប្រាជ្ញលោកខាងលិច ដែលភាគច្រើនបានអោយន័យថា «ព្រលឹង» គឺជាថាមពល។
គួរបញ្ជាក់ថា «ព្រលឹង» ត្រូវបានអ្នកប្រាជ្ញលោកខាងលិច ជាពិសេសគម្ពីរប៊ីប របស់សាសនាគ្រិះបានអោយន័យថា «ថាមពល» គឺប្រៀបដូចជាភ្លើងទៀនដែលបង្កើតបានជាពន្លឺ។ ចំនែកព្រះពុទ្ធបានពន្យល់ថា «ព្រលឹង» គឺឫសគល់នៃថាមពល គឺប្រៀបដូចជាសរសៃអំបោះនៃទៀនដែលអាចដុតអោយឆេះបង្កើតជាថាមពលភ្លើង និងពន្លឺ… ដូច្នេះតើអ្នកយល់ថាទស្សនៈមួយណាស៊ីជម្រៅជាង? តាមតែការពិចារណាទៅចុះ។
ជាការពិត ពាក្យព្រលឹង មានទាក់ទងយ៉ាងជិតស្និទ្ធជាមួយពាក្យ «វិញ្ញាណ» រហូតមានអ្នកខ្លះបានប្រើពាក្យទាំងពីនេះជាប់គ្នា គឺ «ព្រលឹងវិញ្ញាណ» ផងក៏មាន ព្រោះគេទំនងជាយល់ថា ព្រលឹង គឺមានន័យថាវិញ្ញាណ។ ប៉ុន្តែពាក្យទាំងពីរនេះ គឺខុសគ្នាដាច់ស្រឡះ តែក័៏ពិបាកវែកញែកឲ្យឃើញណាស់ដែរ។ សូមចុចទីនេះដើម្បីស្វែងយល់ពី «វិញ្ញាណ» !
ដោយ ច. សម្បត្តិ