អ្នកដឹកនាំល្អ ត្រូវមានចក្ខុវិស័យយូរអង្វែង ក្នុងនោះការបណ្តុះអ្នកបន្តវេនគឺជាផ្នែកមួយដ៏សំខាន់ក្នុងស្ថានប័ន។ ជាមួយនិងការមានវិន័យ និងច្បាប់ល្អ នាំអោយបង្កើតបានអ្នកដឹកនាំល្អ ហើយអ្នកដឹកនាំល្អបង្កើតវិន័យ និងច្បាប់ល្អ និងអ្នកបន្តវេនដែលមានសមត្ថភាពខ្ពស់សម្រាប់ស្ថានប័នយូរអង្វែង។
មានឧបមាថា ក្នុងព្រៃមួយដែលមានដើមឈើធំៗ ចាស់ៗអស់ហើយ ដល់ពេលដែលត្រូវកាប់ឆ្កាចេញ ប៉ុន្តែបើសិនជាម្ចាស់ព្រៃមិនដាំកូនឈើថ្មីទេ នៅពេលដែលឈើចាស់ៗទាំងនោះដួលរលំ រឺត្រូវព្យុះព្យោមារបោកបក់បាក់អស់ហើយ ព្រៃនោះនឹងក្លាយជាវាលរហោស្ថានមិនខាន។ ដូច្នេះគួរយកចិត្តទុកដាក់លើការបណ្តុះកូនឈើថ្មី ដើម្បីលំអរព្រៃអោយយូរអង្វែង។ កុំស្តាយទឹក និងជីស្រោចដើមឈើរនោះ ព្រោះបើឈើលូតលាស់ល្អ ឈើអាចនាំយកទឹកភ្លៀង និងធ្វើអោយដីកាន់តែមានជីរជាតិ។
មេដឹកនាំល្អ បង្ក់ើតច្បាប់ល្អ.. ច្បាប់ល្អ បង្កើតមេដឹកនាំល្អ។ នៅពេលដែលមានច្បាប់ល្អហើយ អ្នកមិនចាំបាច់ខ្លាចរកមេដឹកនាំល្អមិនបាននោះទេ។
ស្សាងយ៉ាង (Shang Yang) អ្នកប្រាជ្ញច្បាប់បុរាណចិន
ឧបមេយ្យមកវិញ ក្នុងស្ថាប័នមួយ អ្នកដឹកនាំត្រូវវែឆ្លាតក្នុងការស្វែងរកអ្នកបន្តវេនតាមផ្នែកនីមួយៗ រឺនិយាយអោយចំគឺត្រូវរើសមនុស្សថ្មីៗមកទទួលសិក្សាការងារពីមនុស្សចាស់ៗ… និងផ្តល់កំលាំងចិត្ត លើកទឹកចិត្ត ផ្តល់រង្វាន់ ដល់បុគ្គលឆ្នើមៗដើម្បីធ្វើជាគំរូក្នុងស្ថាប័ន ក៏ជួយជម្រុញអ្នកជំនាន់ក្រោយអោយសិក្សារឿងល្អៗពីយើងផងដែរ ព្រោះទាំងនេះក៏ជាផ្នែកមួយនៃទំនាក់ទំនងក្នុងស្ថាប័ន។
ចូរចងចាំថា ប្រព័ន្ធរដ្ឋបាលរឹងម៉ាំ ទើបធ្វើឲ្យស្ថាប័នទាំងមូលរឹងម៉ាំ និងឈរជើងយូរអង្វែងបាន។
ដកស្រង់ពី សៀវភៅ ជំនួញសុចរិត ដោយ ច្រឹង សម្បត្តិ