ឯវិធីដែលយើងអាចបែងចែករវាងបុគ្គល ដែលគួរ ឬមិនគួររាប់រកជិតស្និទ្ធនោះ គឺត្រូវសម្គាល់លើ អត្តចរិតជាសកល ៦ប្រភេទរបស់មនុស្ស និង បុគ្គល៨ប្រភេទដែលពុំគួរចូលទៅជិត ឬស្និទ្ធស្នាលពេក តាមព្រះពុទ្ធដីកា។ ចូរសំគាល់មើលផងដែរថា តើខ្លួនឯងស្ថិតក្នុងប្រភេទចរិតណាមួយ ឬលក្ខណៈណាមួយ។
ក. អត្តចរិតសកល៦ប្រភេទរបស់មនុស្ស
- រាគចរិត៖ ជាមនុស្សចូលចិត្តស្អាត សង្ហា ស្រើបស្រាល ចង់ឲ្យតែគេកោតសរសើរ ពូកែយកមុខយកមាត់ចំពោះមុខចៅហ្វាយនាយ ពូកែប្រើពាក្យទន់ភ្លន់ផ្អែមល្ហែម ពូកែអែបអប ធ្វើឫកពាសមសួនរួសរាយរាក់ទាក់។ ជាអ្នកដែលមានសុជីវធម៌ល្អ តែក៏អាចមានល្បិចកិច្ចកលច្រើនដែរ។ គេក៏ជាប្រភេទមនុស្សដែលវង្វេងក្នុងរឿងកាមគុណផងដែរ។
- ទោសចរិត៖ ជាមនុស្សដែលប្រកបដោយទោស ឆាប់ខឹង ឆាប់ច្រឡោតមួម៉ៅ ចូលចិត្តនិយាយពាក្យគំរោះគំរើយ និងប្រើហឹង្សាក្នុងការដោះស្រាយបញ្ហា។
- មោហចរិត៖ ជាមនុស្សល្ងង់ងងឹតងងុលងោកងុយ និងមានចិត្តមានះ រឹងរូស រាយមាយ គ្មានសណ្តាប់ធ្នាប់ មិនចេះនិយាយស្តីឱ្យបានសមរម្យ ជាមនុស្សពិបាកចូលចំណោម។ គេអាចជាមនុស្សដែលមានមិច្ឆាទិដ្ឋិផង។
- វិតក្កចរិត៖ ជាមនុស្សមានចរិតសង្ស័យច្រើន ខ្លាចមុខខ្លាចក្រោយមិនងាយជឿទុកចិត្តអ្នកដទៃ ចូលចិត្តរិះគន់និងសង្ស័យលើអ្នកដទៃ មានគំនិតស្មុគ្រស្មាញ សាញក្នុងការសម្រេចចិត្ត មានចិត្តសាវា រាយមាយ មិនប្រាកដ។
- សទ្ធាចរិត៖ ជាមនុស្សមានចរិតឆាប់ជឿងាយដោយមិនបាច់ពិចារណាច្រើន ចូលចិត្តគេបញ្ជោរ ងាយជឿយ៉ាងជាក់លាក់ទៅលើអ្វីមួយ ដែលជាហេតុងាយចាញ់បោកគេបំផុត។ គេអាចជាប្រភេទមនុស្សដែលពូកែខាងអូសទាញគេឯងឲ្យជឿលើខ្លួនផងដែរ។
- ពុទ្ធិចរិត៖ ជាអ្នកងាយចុះចំណោម មានប្រាជ្ញាឆាប់យល់ដឹង ចេះគិតពិចារណាដោយហេតុផល មានវិន័យច្បាស់លាស់ មានចិត្តស្រស់ស្រាយ មិនឆាប់មើលងាយ ឬកោតខ្លាចនរណា ឬសភាវៈអ្វីឡើយ។ មនុស្សមានពុទ្ធិចរិត ពិតប្រាកដ គឺជាមនុស្សមាន សេចក្តីព្យាយាមល្អ ហ៊ានទទួលខុសត្រូវចំពោះការគិតនិងអំពើរបស់ខ្លួនប្រកបដោយសូក្រឹតភាព។
ខ. បុគ្គល៨ប្រភេទដែលមិនគួរស្និទ្ធស្នាលពេក
- ធ្លាប់ធ្វើជាចោរ
- មិត្តភក្តិបែកគ្នាយូរ
- ស្តេច(មេ)
- ស្រ្តីមានអំណាច (មានចិត្តប្រែប្រួលមិនទៀង)
- ជនកំណាចឃោរឃៅ ចូលចិត្តប្រើដៃជើង
- ជនដែលនិយាយស្តីមិនបានការ ឡេះឡោះ ឡេមឡឺម
- ជនដែលមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន
- ជនដែលមានមារយាទលាក់ពុតល្បិចច្រើន។
ព្រោះបុគ្គលទាំង៨ប្រភេទនេះ នឹងនាំផលរំខាន ដល់ជីវិតរបស់យើង បើសិនជាយើងទាក់ទងស្និទ្ធស្នាលពេក តួយ៉ាងដូចជាបុគ្គលដែលធ្លាប់លួច តែងមិនលះចោលចរិតរពឹសដៃ។ ឯមិត្តភក្តិដែលបែកគ្នាយូរ ក៏យើងមិនដឹងថាតើគេបានធ្វើអ្វីពីទីណាមក មានជាប់ដោយរឿងក្តីក្តាំងមកឬក៏អត់។ ចំណែកស្តេច (មេ) ឬស្រ្តីមានអំណាចវិញ ពេលណាល្អក៏ល្អ ពេលខឹងក៏ប្រើអំណាច (បើក្នុងសម័យបុរាណវីញ អាចធ្វើឲ្យជីវិតយើងបាត់សូន្យក៏សឹងមាន) ម្យ៉ាងទៀត អ្នកដែលនៅកៀកជិតស្តេច ឬមេ តែងមិនមានសេរីភាពក្នុងការធ្វើកិច្ចការដែលខ្លួនចង់ឡើយ។ ចំពោះជនកំណាចឃោរឃៅ ជនដែលមានចរិតរាយមាយឥតប្រយោជន៍ ជនដែលគិតតែពីប្រយោជន៍ខ្លួន និងជនលាក់ពុតជាដើមនោះ កាន់តែត្រូវជៀសឲ្យឆ្ងាយ ពីព្រោះជនទាំងនេះ មិនត្រឹមតែធ្វើប្រយោជន៍ខ្លួនឯងឲ្យវិនាសទេ នៅនាំសេចក្តីវិនាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ជារួម បុគ្គលទាំង ៨ពួក នេះ បើអាចជៀសបាន គួរជៀសឲ្យឆ្ងាយ។
ដកស្រង់ពីសៀវភៅ ជំនួញសុចរិត ដោយ ច្រឹង សម្បត្តិ