វិធី​បំបាត់​ការ​ខូច​ចិត្ត​ពី​រឿង​ស្នេហា​​ ដែល​អ្នក​គួរ​តែ​ដឹង​

វិធី​បំបាត់​ការ​ខូច​ចិត្ត​ពី​រឿង​ស្នេហា​​ ដែល​អ្នក​គួរ​តែ​ដឹង​

ស្នេហា​ គឺ​ការ​ស្រលាញ់ជាប់ស្អិត.. នេះ​គឺ​ជា​និយម​ន័យ​ក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ​។ ការ​ស្រលាញ់​ជាប់​ស្អិត គឺ​សំដៅ​ទៅ​លើ​ ស្រលាញ់​អ្វី​ៗ​គ្រប់​យ៉ាង ទោះ​ល្អ រឺ​អាក្រក់​ មានរឺក្រ មាន​យស​រឺអត់​យស​.. ប៉ុន្តែ​បើសិន​ជា​ការ​ស្រលាញ់​ជាប់ស្អិត​នេះ​ត្រូវបាន​បំផ្លាញ​ តើ​វានឹង​មាន​អ្វីកើត​ឡើង​?។ ជាការ​ពិត​ណាស់ ដំបូង​គេ​នឹងជួប​បញ្ហា​មួយ​គឺ «ខូចចិត្ត​»។

«ខូចចិត្ត​» ជា​ប្រភេទ​ជំងឺ​មួយ​ដែល​ជាទូទៅ​គេតែងដឹងថា វា​កើត​ឡើង​ដោយ​សារ​តែ​ការ​បែក​បាក់​ស្នេហា​ ការ​ផិត​ក្បត់ ការ​លែងលះ​ រឺ​ការស្លាប់​។ បើ​សិន​ជាអ្នក​​ស្រាប់​តែ​ដើរដល់​ចំនុច​ទាំងនេះ តើ​អ្នកត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កាត់បន្ថាយ​ការ​ឈឺចាប់​? ខាងក្រោម​នេះ ជា​វីធី​ងាយ​ៗ ៥យ៉ាង​ដែលអាចជួយអោយ​ការខូចចិត្ត​របស់​យើង​បានធូរស្រាល​ឡើង​វិញ​..៖

  1. ផ្តល់ពេលវេលា​អោយ​ខ្លួនឯង៖ ជាការពិត​ពេលដែល​អ្នកឈានដល់​ការ​បែក​បាក់ បាត់បង់ ជាពិសេស​ស្នេហា​ អ្នកពិតជា​មានការ​ឈឺចាប់​ខ្លាំងណាស់ ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់​ទាំងនេះ អ្នកតែ​ងតែ​បង្ខំ​ខ្លួនឯង​អោយ​បោះបង់ពេលវេលា​ ទៅ​ដើរលេង ផឹក​គ្រឿង​ស្រវឹង​ រឺ​ចូល​ទៅ​កាន់​ទីស្ងប់ស្ងាត់​តែម្នាក់ឯង​។ ទាំងនេះជាមធ្យោបាយ​មិនល្អ​ទេ ព្រោះ​លោក​អ្នកកំពុងតែធ្វើបាប​ខ្លួនឯង​យ៉ាង​ពិត​ប្រាកដ​។ ប្រកា​រ​ដែល​ល្អ អ្នក​ត្រូវ​ផ្តល់​ពេលវេលា​ល្អ​ៗ​អោយខ្លួន​របស់អ្នក​ ដូចជាការ​ជជែកលេង​នឹងមិត្ត​ភក្តិ​ ការអាន​សៀវ​ភៅ ការ​ស្តាប់ចំរៀង​សប្បាយៗ និង​ព្យាយាម​នៅអោយ​ឆ្ងាយ​ពី​កន្លែង​ដែល​អ្នក​គិត​ថា ជាកន្លែង​អនុស្សាវរីយ៌​។
     
  2. កុំ​ព្យាយាម​​ស្វែងរក​ការទំនាក់ទំនង​ជាមួយ​ដៃគូ​របស់អ្នក៖ ពិតណាស់ ពេលដែល​បែកបាក់ស្នេហា ជាពិសេស​ការបែកបាក់​ដែល​អាច​មកពីការយល់ច្រឡំ អ្នកគួរតែស្វែង​រកវិធី​ទាក់ទង​គ្នាឡើ​ង​វីញ ដោយចាប់​ផ្តើម​ពី​ការ​កសាង​មិត្ត​ភាព ប៉ុន្តែ​បើសិនជាការបែកបាក់​ដោយ​ការ​ផិតក្បត់ ការ​មិនទទួលខុសត្រូវ ការ​លែងលះដោយ​ការអស់ចិត្ត អ្នកមិនគួរ​ព្យាយាម​ស្វែងរកទំនាក់ទំនង​ទៀត​ទេ បើសិនជា​អ្នក​មិនចង់​បន្ត​ការ​ឈឺចាប់​។ មធ្យោបាយ​ដែល​ល្អបំផុតគឺ ត្រូវ​នៅជាមួយគ្រួសារ មិត្តភក្តិ រឺសាច់ញាតិ​ដែល​អ្នកទុកចិត្ត និយាយរឿង​ថ្មីៗ ធ្វើរឿងថ្មីៗ ជួបមិត្តភក្តិថ្មី​ ទៅ​កាន់​កន្លែង​ថ្មីៗ ដើម្បី​ប្រមូល​យករូបភាព​ទាំងនោះ មក​ផ្លាស់ប្តូរ​ការចងចាំ​របស់អ្នក​។
     
  3. កុំ​ប្រឆាំង​នឹងអារម្មណ៌របស់អ្នក​៖ ត្រឹមត្រូវ​ណាស់ អារម្មណ៌ពេលបែកវា​នឹងធ្វើអោយយើងឈឺចាប់​រក​ស្មាន​មិនត្រូវ។​ ជានិច្ចជាកាល​អ្នក​នៅតែនឹកគេ នៅតែគិត​ដល់​គេ នៅ​តែ​ចង់​ជួប​គេ ប៉ុន្តែ​អ្នក​មិន​អាច ហើយតែង​បង្ខំខ្លួនឯង​ដោយវិធីផ្សេង​ៗ។ វាហាក់ដូចជាប្រឆាំង​និង​ចំនុចទី​២​ខាងលើ ប៉ុន្តែ​អ្នក​កុំ​ប្រឆាំងនិងអារម្មណ៌ពិតរបស់​ខ្លួនឯង បើសិនជាអ្នកនឹកគេ រឺមានអ្វី​មិនលះបង់ជាមួយ​គេ អ្នកត្រូវ​និយាយរឿង​នេះ​ប្រាប់​មិត្ត​ភក្តី​ ឳពុកម្តាយ រឺសាច់ញាតិ​ដែល​អ្នកទុកចិត្ត​ អោយគេជួយរកមធ្យោបាយ ប៉ុន្តែត្រូវជៀសវាង​ចំនុចទី​១។
     
  4. រៀបគំរោងថ្មី៖ វា​មិនមែនជា​ការដោះដៃ​ឆាប់រហ័ស រឺព្រោះតែយើង​មានគំរោង​ល្អជាង ទើប​ត្រូវបែកបាក់​ជាមួយ​ដៃគូចាស់​នោះទេ។ អ្វីដែលអ្នកត្រូវធ្វើ​ដើម្បី​កុំ​អោយ​មានការឈឺចាប់​ខ្លាំង អ្នកត្រូ​វរៀបចំំគំរោង​​ល្អ​មួយ​។ អ្នកត្រូវ​ធ្វើ​រឿង​ដែល​អ្នកចូលចិត្ត​បំផុត អាចថាក្នុង​១សប្តាហ៌អោយ​បានម្តង ជាពិសេស​អ្នកត្រូវ​គិត​ពីអ្វីដែល​អ្នកត្រូវការ​ ហើយ​ជាជំរើស​ដែល​អ្នកចូលចិត្ត​បំផុត​ រួចចាប់​ផ្តើម​ធ្វើវា​អោយ​ល្អ​។
     
  5. ថែរក្សាសុខភាព​របស់អ្នក៖ ជាការពិត ពេលខ្លះ​ដោយការឈឺចាប់​ខ្លាំងពេក​ អ្នកអាច​នឹង​ធ្វើខ្លួន​អោយ​រង​ការ​ឈឺចាប់ ដូចជា​ប៉ុនប៉ង​សម្លាប់ខ្លួន ការ​បង្ខាំង​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ ការ​គេចវេស​ពីការពិត​ជាដើម។ នៅទីនេះ យើងសូម​ប្រាប់ថា វិធីទាំងនេះ​មិនល្អសម្រាប់អ្នកនោះ​ទេ អ្វីដែលល្អបំផុត​គឺ អ្នកត្រូវ​ផ្តល់​ពេលវេាល​គ្រប់គ្រាន់​អោយ​ខ្លួនឯង រស់នៅដូចជា​ថ្ងៃធម្មតា ជួបជជែកជាមួយ​មិត្ត​ភក្តិ​ដូចរាល់ដង និង​ថែរក្សា​សុខភាព​របស់​អ្នកអោយ​ល្អ ដើម្បីរងចាំពេលវេលាថ្មី​ក្នុងឆាកជីវិត​របស់​អ្នក​មក​ដល់​។

នៅទីនេះ ខ្ញុំ​ហ៊ាន​និយាយថា ជំងឺ «ខូចចិត្ត» គ្មានថ្នាំព្យាបាល​ទេ គឺ​មានតែខ្លួន​អ្នកប៉ុណ្ណោះ ដែលអាច​ព្យាបាល​ខ្លួនឯង​បាន ដូច្នេះ​ក្នុងនាម​ជាអ្នកជំងឺផង ជាគ្រូពេទ្យ​ផង អ្នកអាច​លំបាក​ក្នុង​ការអនុវត្តន៌បន្តិច ប៉ុន្តែ​បើសិនជាអ្នកធ្វើវា​បាន អ្នកគឺជា​មនុស្ស​ដែល​ខ្លាំងបំផុត ហើយ​ជីវិត​លោកអ្នក​នឹងជោគជ័យ​ទៅថ្ងៃក្រោយ​៕