មានមធ្យោបាយជាច្រើនក្នុងការស្រោចស្រង់ការមិនសុខចិត្ត ប៉ុន្តែវាស្រ័យលើស្ថានភាព និងបរិយាកាសជុំវិញរបស់គេ។ មនុស្សមានគំនិត និងមហិច្ឆិតាខុសៗគ្នា ដូច្នេះទោះជាមានការបែងចែកភាគលាភក្តី ការមិនបង្ខិតបង្ខំក្តី ការបង្កើតជំនឿចិត្តជាដើមក្តី នៅតែមិនអាចធ្វើឲ្យមនុស្សស្ងប់ចិត្តបាន។ ស្ងប់ចិត្តឬសុខចិត្ត គឺជាពាក្យផ្ទុយពីពាក្យ មិនសុខចិត្ត ចឹងតើធ្វើម៉េចទើបមនុស្សស្ងប់ចិត្ត? គឺមានតែការលួងលោម។
ចូរចងចាំថាការលួងលោមមនុស្សដោយការផ្តល់ផលប្រយោជន៍ខាងក្រៅដូចជាការឲ្យ យស បុណ្យសក្តិ ទ្រព្យសម្បត្តិគ្រាន់តែអាចលួងលោមបានមួយរយៈពេលតែប៉ុណ្ណោះ។ សូមធ្វើការលួងចិត្តគេវិញ គឺការធ្វើឲ្យគេស្ងប់ចិត្តចេញពីបេះដូង ទើបជាការសុខចិត្តយូរអង្វែង។ ការណ៍នេះ មានតែការបង្រៀនគេឲ្យចេះទទួលស្គាល់សេចក្តីពិតនៃជីវិត…
- ទទួលយកផលតាមកម្លាំង៖ បង្រៀនគេឲ្យចេះទទួលស្គាល់ការពិត អំពីភាគលាភ ដែលគេនឹងទទួលតាមសមត្ថភាពពិតរបស់គេ។ អ្វីគ្រប់យ៉ាងមិនមែនបានមកដោយទទេៗទេ។ សត្វម្រឹកមិនរត់ចូលមាត់សីហៈកំពុងដេកលក់ឡើយ(គតិលោក)។ យើងបញ្ចេញថាមពលបានប៉ុណ្ណានឹងទទួលផលបានប៉ុណ្ណោះវិញ។
- ទំលាក់ចោលសម្ពាយលើខ្នង៖ បុគ្គលខ្លះកើតទុក្ខមិនសុខចិត្ត ព្រោះខ្លួនកំពុងស្ពាយសម្ពាយ ដ៏សែនធ្ងន់ នៅលើខ្នង។ សម្ពាយនោះ មានដូចជា អញនិយម (ទស្សនៈអញទើបត្រឹមត្រូវ) ការប្រកាន់មាំ (ធ្វើតាមអញទើបត្រឹមត្រូវ) ការលោភលន់ (ទាំងអស់នោះត្រូវតែជារបស់អញ) ប្រដៅបានដោយកម្រ (អញចេះជាង អញចាស់ជាង អញខ្ពស់ជាង)។ ដូច្នេះ គួរធ្វើយ៉ាងណាឲ្យបុគ្គលប្រភេទនេះ ព្រមទំលាក់សម្ពាយលើខ្នងគេចុះ ដោយការព្រមទទួលថា គេមិនមែនកំពុងរស់នៅតែម្នាក់ឯងនៅលើលោកនេះទេ។ អ្វីៗដែលគេបានឃើញ ដោយ មំសចក្ខុក្តី ដោយបញ្ញាចក្ខុក្តី គឺសុទ្ធតែជារបស់ដែលសុទ្ធតែអាចចែករំលែកគ្នាបាន។
- រីករាយនិងអ្វីដែលខ្លួនកំពុងមាន៖ បង្រៀនគេឲ្យចេះរស់នៅក្នុងលក្ខខ័ណ្ឌធម្មជាតិ គឺការរស់នៅក្នុងស្ថានភាពរបស់ខ្លួនឯង ព្រមទទួលពេលវេលាបច្ចុប្បន្នរបស់ខ្លួនឯង ព្រោះនៅពេលដែលមនុស្សគ្រប់រូបព្រមរស់នៅក្នុងជីវភាពរបស់ខ្លួនហើយ មនុស្សនោះៗនឹងលែងប្រជែង លែងប្រាថ្នាធំ លែងដណ្តើមអ្វីៗទៀតហើយ ត្បិតគេយល់ច្បាស់ពីធម្មជាតិពិតនៃជីវិត ដែលពេញដោយអត្ថន័យនោះ គឺយ៉ាងម៉េចយ៉ាងប្រាកដ។ នៅពេលដែលមនុស្សចេះរីករាយនិងរបស់ដែលខ្លួនគេកំពុងតែមានហើយ គេនឹងលែងសម្លឹងរំពៃរករបស់អ្នកដទៃ ឬឈប់ដេកកើតទុក្ខព្រោះ សេចក្តីច្រណែន និន្ទា ច្រើនជាង ធំជាង ឆ្ងាយជាង ល្អជាងទៀតហើយ។
- ចែករំលែកក្តីស្រលាញ់៖ បង្រៀនគេឲ្យយល់ច្បាស់ថា ទ្រព្យសម្បត្តិពិតប្រាកដរបស់មនុស្សគឺ សេចក្តីស្រលាញ់។ បើអ្នក ចំណាយក្តីស្រលាញ់កាន់តែច្រើនឲ្យ អ្នកដទៃ អ្នកនឹងទទួលបានក្តីស្រលាញ់ដ៏ ច្រើនពីគេវិញ ដោយប្រាកដ។ លាភនិងយសក្តី ភោគទ្រព្យក្តី មិត្តភក្តិក្តី នឹងកើតឡើង បន្ទាប់ពីអ្នកសាបព្រោះក្តីស្រលាញ់របស់អ្នក ដោយស្មោះស និងទូលំទូលាយនិងជានិរន្តរ៍។
សរុបមកវិញ នៅពេលដែលអ្នកយល់ច្បាស់ពីធម្មជាតិពិតនៃជីវិតរស់នៅហើយ តើអ្នកនឹងនៅកើតទុក្ខមិនសុខចិត្តនឹងរឿងក្រៅខ្លួនដើម្បីអ្វីទៀត?