មានតំណាលមកថា បុរសក្មេងម្នាក់ កាលដែលបានជួបព្រះពុទ្ធជាលើកដំបូង ក៏កើតចិត្តស្អប់ ខឹង និងបានពោលពាក្យជេរប្រទេច ប្រមាថ ដោយពាក្យអសុរសគ្រប់បែបយ៉ាង។
ប៉ុន្តែព្រះពុទ្ធមិនបានខឹង និងក៏មិនបានតបតដោយពាក្យពេចន៍អ្វីដែរ។ ទ្រង់គ្រាន់តែសួរសំនួរ១ទៅកាន់បុរសក្មេងនោះថា «ម្នាល់បុរស បើអ្នកនឹងទិញអំណោយឲ្យអ្នកណាម្នាក់ តែអ្នកនោះមិនព្រមទទូលយកអំណោយនោះទេ តើអំណោយនោះនឹងក្លាយទៅជារបស់អ្នកណា?»។
បុរសក្មេងស្តាប់សំនួរចំលែកនេះហើយ ក៏សើច និងបានឆ្លើយដោយចំអកទៅកាន់ព្រះពុទ្ធវិញថា «ខ្ញុំបានប្រើប្រាស់ប្រាក់របស់ខ្ញុំទៅទិញ បើគេមិនទទួលយកអំណោយនោះទេ អំណោយនោះ នឹងនៅតែជារបស់ខ្ញុំវិញ។ វាមិនមែនទៅលើដៃអ្នកណាក្រៅពីខ្ញុំនោះទេ»។
ព្រះពុទ្ធទ្រង់ញញឹម ហើយតបថា «ម្នាលបុរស! អ្នកឆ្លើយត្រូវហ់ើយ ព្រោះថា បើកំហឹងរបស់អ្នកមានចំពោះតថាគតហើយ តែតថាគតមិនតបត ឬមិនទទួលយក ខឹងតបទេ កំហឹងនោះ នឹងជះត្រឡប់ទៅបុរសក្មេងឯងវិញ ដូចអំណោយដែលគេមិនព្រមទទួលដូច្នេះដែរ។ ដូច្នេះ មានតែបុរសក្មេងឯងប៉ុណ្ណោះ ដែលនឹងមិនសប្បាយចិត្ត មិនមែនតថាគតទេ។ អ្វីដែលអ្នកបានធ្វើដោយកំហឹង វានឹងធ្វើឲ្យអ្នកឈឺចាប់ខ្លួនឯងតែប៉ុណ្ណោះ។
បុរសក្មេងស្តាប់ហើយ ក៏ទម្លាក់ទិដ្ឋិ និងមានះចុះ ព្រមក្រាបថ្វាយបង្គំសុំខមាទោសក្នុងគ្រានោះទៅ!