ព្រះរាជសម្ភារ បានបរាជ័យក្នុងសង្គ្រាមរវាងព្រះអង្គ និងព្រះឧទ័យដែលជាព្រះបិតុលា(ពូ) ព្រោះតែជម្លោះស្នេហា ដណ្តើមព្រះនាង អង្គចន្ទវតី ឬអង្គវត្តី ធ្វើឲ្យមេទ័ពរបស់ទ្រង់ ៤ រូបបានស្លាប់ (ឯកសារជាទូទៅនិយាយថា មេទ័ពទាំង ៤ រូបនេះជាជនជាតិចិនគឺ៖ ចុងតុក ១, ឡុកចុងអៀ ១, សាមចាន់ទៀវ ១ និង ថុងចិនតុក ១) ហើយយុវក្សត្រ និង ព្រះនាងអង្គវត្តី បានភៀសព្រះកាយទៅដល់ខេត្តកញ្ជរ គឺខេត្តក្រចេះសព្វថៃ្ងនេះឯង ទើបកងទ័ពព័រទុយហ្កាល់ ដែលជាកងទ័ពរបស់ព្រះឧទ័យ បានដេញតាមទៅទាន់ ហៀបនឹងធ្វើគត់ ប៉ុន្តែ ព្រះអង្គបានស្រែកឃាត់ពួកកងទ័ពបរទេសទាំងនេះថា កុំទាន់អាលធ្វើគត់ទ្រង់។ ទ្រង់បានឡើងដើមត្នោត ហើយបានទ្រង់លិខិតបណ្តាំដល់បច្ឆាជន (ជនជំនាន់ក្រោយ) ដោយទ្រង់ចារជាកំណាព្យ នៅលើស្លឹកត្នោតនោះ ។ កំណាព្យនោះសព្វថៃ្ង ត្រូវបានគេស្គាល់ថា កំណាព្យចារឰដ៏ចុងត្នោត (មុនពេលទ្រង់សុគត) ដែលមានខ្លឹមសារដូចតទៅនេះ៖
សាធុសម្ទាយ កុំបីរាយមាយ នឹងក្តីកាមា
តែឱ្យវង្វេង ក្នុងវដ្តសង្សារ ស្លាប់ទៅកាលណា
បានសោយតែទុក្ខ ។ហេតុតែក្សត្រី នាំឱ្យអប្រីយ៍ ដូចត្រីក្នុងភក់
បើបុរសផង ចង់ឆ្លងនរក កុំធ្វើវីវក់
ដូចអញច្នេះណា ។ពីព្រោះកាមេ ឥឡូវទាល់តែ ក្សិណក្ស័យមរណា
សូវស្លាប់ទៅគាប់ ឱ្យជាប់ធម្មា សូមអស់ទេវា
ជួយជាទិព្វញ្ញាណ ។ទើបព្រះភូមិ- ន្ទ្រាធិបតិន ទ្រង់អធិដ្ឋាន
ពីនេះទៅមុខ ខ្ញុំសូមឱ្យបាន ជាព្រះពុទ្ធញ្ញាណ
នាំសត្វទាំងឡាយ ។ឱ្យអ្នកទាំងពួង ជាទាហានហ្លួង នាំយកទៅថ្វាយ
ព្រះបិតុច្ឆា (ពូ) ទ្រង់ជ្រាបអធិប្បាយ កុំទ្រង់រាយមាយ នឹងក្តីកាមេ ។
(ព្រះរាជពង្សាវតារ ទំព័រ ៣៩១-៣៩២)
លុះទ្រង់ចារបណ្តាំនេះចប់ ទ្រង់ក៏ស្រែកប្រាប់ទៅកងទ័ពទាំងនោះ ផ្តាំឲ្យយកកំណាព្យបណ្តាំនេះទៅថ្វាយព្រះបិតុលា ហើយក៏ត្រូវកងទ័ពបរទេសទាំងនោះបាញ់នឹងកាំភ្លើង។ ឯកសារខ្លះថា គ្រាប់កាំភ្លើងមាស ត្រូវព្រះអង្គធ្លាក់ពីលើចុងត្នោតសោយទីវង្គត់ ក្នុងព្រះជន្ម ២៩ ព្រះវស្សា ។
ចំណែកព្រះនាងអង្គវត្តី ក៏ត្រូវកងទ័ពព្រះឧទ័យប្រហារនៅគ្រានោះដែរ ។ គុណធម៌ គុណភាព គំនិតប្រាជ្ញា ផែនការក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញពីបច្ចាមិត្រ សុទ្ធតែត្រូវបរាជ័យ និង វិនាសសាបសូន្យទាំងអស់ បន្សល់ទុកនៅតែវិនាសកម្ម និង សោកនាដកម្មប៉ុណ្ណោះ ។ ទាំងនេះជាមហន្តរាយដែលកើតចេញពីកំហុសក្នុងធម៌កាមេ ។