មាន​៤​យ៉ាង​នេះ ទើប​ឈ្មោះ​ថា​បានសេចក្តី​សុខ​ពិត​

មាន​៤​យ៉ាង​នេះ ទើប​ឈ្មោះ​ថា​បានសេចក្តី​សុខ​ពិត​

ជាការ​ពិត សម្លរ​ដែល​ឆ្ងាញ់​មួយ​ចាន គឺ​ទាមទារ​អោយ​អ្នក​ផ្សំគ្រឿង​អោយ​បានត្រឹមត្រូវ និង​ផ្ចិតផ្ចង់​ក្នុង​ការ​ស្លរ មាន​ការ​តាមដាន​ទឹក ការ​មើល​ថែ​ភ្លើង​ជា​ដើម​។ យ៉ាងណា​ម៉ិញ សេចក្តីសុខ​ពិត​ប្រាក​ដរបស់​មនុស្ស​គឺ​ទាមទារ​អោយ​អ្នក​ធ្វើ​រឿង​ល្អៗ​ ជាច្រើន​ ថែរក្សា​ការ​សន្យា​ និង​ព្យាយាមបំពេញ​ក្តីបំណង​អោយ​គ្នា​ទៅវិញ​ទៅ​មក​។

ប៉ុន្តែ​ចូរចងចាំថា សម្លរឆ្ងាញ់នៅថ្ងៃ​នេះ មិនប្រាកដ​ថា​អ្នកអាច​ផ្សំ​គ្រឿង​ត្រូវ​ទៅថ្ងៃក្រោយ​ទៀតទេ​ ទោះ​ឆ្នាំងដដែល​ គ្រឿង​ដដែល​​ ហើយ​អ្នកញ៉ាំ​ដដែល​​ក៏​ដោយ ​យ៉ាងណា​ម៉ិញ សេចក្តីសុខ​របស់​មនុស្ស​គឺ​មិន​អាច​ស្ថិតស្ថេរ​អមតៈ​ទេ វា​នឹង​រលាយទៅបន្តិចម្តង​ៗ​ រហូតបាត់បង់អស់​តែម្តង​។ ប្រការនេះ​ហើយ ទើបអ្នក​ត្រូវ​ព្យាយាម​ ផ្សំគ្រឿង​ជាថ្មី​ ក៏ដូចជា​បង្កើត​ទង្វើ​ថ្មីៗ​ អនុស្សាវរីយ៍ថ្មី​ៗ ដើម្បីបន្ត​ដំណើរ​សេចក្តី​របស់​អ្នក​ ពុំ​នោះ​ទេ វានឹងកប់យ៉ាងជ្រៅ​ទៅ​ក្នុង​ស្រមោល​អពមង្គល​ មិនងាយ​នឹង​ស្វែងរកមកវិញ​បាន​ទេ​។

«សេចក្តីសុខ​» ឬ «សុខ» គឺ​ភាព​មិន​មាន​ហ្មងសៅ​ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​… អ្នកណា​ៗ​ក៏​ប្រាថ្នាចង់​បានដែរ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​អាច​ទទួល​បាន ក៏ព្រោះ​តែ​ «សុខ ឬសេចក្តីសុខ​» នេះ វាទាម​ទារ​លក្ខណៈសម្បត្តិ​ជា​ច្រើន​របស់​មនុស្ស​ដើម្បី​ទទួល​បានវា​។ ក្នុងនោះ​ យើង​សង្កេត​​ឃើញ​ថា មនុស្ស​ធម្មតា​អាច​ទទួល​បាន​សេចក្តីសុខ​ដោយ​កត្តា​៤យ៉ាង​គឺ..៖

១. សុខ​ព្រោះ​មិនមានជំងឺ
ពិតណាស់​ មានពាក្យ​មួយ​ដែល​គេ​តែងនិយាយ​ស្ទើរត់​មាត់​គឺ «សុខភាព​គឺជា​មាស​ប្រាស់ ឬ​មានសុខភាព​ល្អ គឺ​មានអ្វី​ៗ​ទាំងអស់​» ដែល​បង្ហាញថា​​មនុស្ស​អោយ​តែ​មាន​ជំងឺ​ដង្កាត់​កើត​ឡើង​គឺ​ពិត​ជា​ធ្វើ​អោយ​ខាត​បង់​ច្រើន​ទាំងពេលវេលា និងទ្រព្យសម្បត្តិ​ និង​ពុំ​អាច​រក​សេចក្តីសុខ​បាន​ឡើយ​ សូម្បី​តែ​មួយ​ខណៈពេល​ក៏ដោយ។

២. សុខ​ព្រោះ​មិន​ជាប់បំណុល
«បំណុល​» បើ​និយាយ​ដោយ​ទូលំទូលាយ មិន​មែន​ត្រឹម​តែ​​ជា​ការ​ជាប់​ជំពាក់​ផ្នែក​ទ្រព្យ​សម្បត្តិនោះ​ទេ គឺ​សំដៅ​ទៅ​លើ​​បំណុលធំ​ៗ មានដូចជា បំណុល​កូន បំណុល​ប្រពន្ធ​ប្តី បំណុល​​វង្ស​ត្រកូល​ ជាដើម​.. ដែល​បំណុល​ទាំង​នេះ​អ្នកណា​ៗ​ក៏​មានដែរ។ ដូច្នេះ​បើ​សិន​ជា​បុគ្គល​អាច​លះ​បង់ អាច​ប្រឹងប្រែង​ បង្កើត​ប្រយោជន៍​អោយ​ក្រុម​បំណុល​ទាំងនោះ​ បុគ្គល​នឹង​ទទួល​បាន​សេចក្តី​សុខ​ដោយ​ពិត​ប្រាកដ​។

៣. សុខ​ព្រោះ​​​សោយ​សុខ​លើ​ទ្រព្យ​សម្បត្តិ
ជាការពិត ការសោយសុខ​លើ​ទ្រព្យ​សម្បត្តិ​គឺ​ពិត​ជា​ធ្វើ​អោយ​បុគ្គល​មាន​សេចក្តីសុខ​​យ៉ាង​ពិត​ប្រាកដ​ក្នុង​មួយ​ខណៈពេល​ ប៉ុន្តែ​បើសិន​ជា​បុគ្គល​ភ្លើត​ភ្លើន​ក្នុងការ​ចាយ​ទ្រព្យ​ ប្រើប្រាស់​ទ្រព្យ​ដោយ​ខុស​គន្លង​ ឬ​ប្រើ​ផ្លូវ​ខុស​ ពេល​នោះ​បុគ្គល​នឹង​ទទួល​បាន​ទុក្ខ​ព្រោះការ​សោយសុខ​នោះ​វិញ​។ ដូច្នេះ​សូម​ចាយវាយទ្រព្យ​សម្បត្តិ​ដោយ​ផ្លូវ​ត្រឹម​ត្រូវ ដោយ​សុច​រិត​ ដោយ​ស្មោះ​ត្រង់​ ទើប​អ្នក​ទទួល​បានសុខ​ដោយ​ពិត​ប្រាកដ​នោះ​វិញ​។

៤. សុខ​ព្រោះ​ជួបជុំវង្សត្រកូល
មិនបាច់​បរិយាយ​ច្រើន ការជួប​ជុំ​វង្ស​ត្រកូល ក្រុមគ្រួសារ គឺជា​សម្បត្តិ​សុខ​មួយ​របស់​មនុស្ស​ ប៉ុន្តែ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​ព្រាត់ប្រាស់​ទេ​។ ដូច្នេះ ក្នុងកំឡុង​ពេល​យើង​ទទួល​បានសេចក្តីសុខ​ យើង​គម្បី​សិក្សា​អប់រំ​ផ្លូវ​ចិត្ត ត្រៀម​ពេល​ដែល​ការ​បែកបាក់​មក​ដល់​ដែរ។

សរុបមក​វិញ សេចក្តី​វា​គ្រាន់តែ​ជា​ខណៈពេល​នៃ​ការ​ព្រម​ទទួល​យក​​នៃ​ចិត្ត​របស់យើង​ ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ចិត្តគំនិត​ បេះដូង​របស់​យើង​ឧស្សាហ៍​​យល់ព្រម​​និង​រឿង​ជុំវិញ​ខ្លួន​ យើង​ក៏​នឹងឧស្សាហ៍​ទទួល​បាន​សេចក្តីសុខ​ដែរ​ ព្រោះថា សេចក្តៅសុខ ដូចជា​ពន្លឺ​តូចៗ​ ក្នុង​ពិភព​ងងឹត​ដ៏​ធំ​ល្វឹងល្វើយ​ បើ​សិន​ជា​អ្នកចាប់វា​បាន​ហើយ សូម​ព្យាយាម​រក្សា​វា​ឲ្យ​គង់ ព្រោះ​អ្នក​មិនប្រាកដ​ថា អាចចាប់​យកពន្លឺ​ផ្សេង​ទៀត​បាន​ទេ​៕