ខូចចិត្ត ជាទូទៅត្រូវគេប្រើវាសំដៅតែលើជនដែលបាត់បង់ស្នេហា ឬខកបំណងក្នុងរឿងស្នេហា ប៉ុន្តែធាតុពិតនៃការខូចចិត្តមិនមែនព្រោះតែមូលហេតុមួយ ឬពីរ ដែលចេញមកពីស្នេហានោះទេ។ វាគឺជាជំងឺដែលត្រូវការព្យាបាលជាចាំបាច់។
មានបុរសក្មេងម្នាក់បានសួរខ្ញុំថា «តើលោកធ្លាប់ខូចចិត្តព្រោះស្នេហាដែរទេ? ព្រោះខ្ញុំតែងសង្កេតឃើញថា លោកតែងនិយាយច្រើនពីរឿងខូចចិត្ត?»។ ខ្ញុំយល់ពីសំនួរមួយនេះ ហើយក៏យល់ពីអ្នកសួរដែរ ប៉ុន្តែបើខ្ញុំឆ្លើយ ខ្ញុំមិនប្រាកដថា តើអ្នកសួរនោះយល់ ឬមិនយល់នោះទេ។
ខ្ញុំឆ្លើយថា «តើអ្នកធ្លាប់គិតថា ខ្ញុំខូចចិត្តមែនទេ? ជាការពិត ខ្ញុំមិនដែលខូចចិត្តព្រោះតែរឿងស្នេហានោះទេ ព្រោះខ្ញុំគ្មានអ្វីត្រូវខូច គ្មានអ្វីត្រូវបាត់បង់។ ប៉ុន្តែខ្ញុំសូមឆ្លើយចំលើយត្រឹមត្រូវថា ខ្ញុំបានរៀន និងហ្វឹកហាត់យ៉ាងច្រើនអំពីរបៀបនៃការខូចចិត្តព្រោះរឿងស្នេហា ហើយក៏ហ្វឹកហាត់នៅពេលដែលរឿងនេះធ្វើអោយខ្ញុំឈឺចាប់ដែរ។
ហេតុផលខូចចិត្តគឺទំនងជាការបាត់បង់របស់សំខាន់ក្នុងឆាកជីវិត។ រឿងក្នុងជីវិតបានចាប់ផ្តើមឡើងបន្ទាប់ពីអ្នកជាទីស្រលាញ់បានស្លាប់ទៅ ពេលនោះអ្នកខូចចិត្តណាស់ គឺខូចចិត្តដោយគ្មានលក្ខខ័ណ្ឌ។ ហេតុផលគឺថា អ្នកទំនងជាមិនធ្លាប់បានសិក្សា ឬហ្វឹកហាត់អារម្មណ៍របស់អ្នក នៅពេលដែលអ្នកជួបការព្រាត់ប្រាស់ ឬការបែកបាក់។ ជាឧទហរណ៍ អ្នកច្បាស់ជាដឹងថា ជីវិតរបស់មនុស្ស «ស្លាប់» គឺជាការព្រាត់ប្រាស់មួយ ប៉ុន្តែអ្នកបែជាមិនធ្លាប់បានរៀនគ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលដែលវាមកដល់ទៅវិញ។ បើសិនជាអ្នកបានរៀន ឬបានហ្វឹកហាត់ អ្នកច្បាស់ជាយល់យ៉ាងច្បាស់ថា ការយំសោក ស្តាយស្រណោះ អាលោះអាល័យ គឺជាសភាវៈឥតប្រយោជន៍ ព្រោះនេះគឺជាអនិច្ចលក្ខណៈភាព ដែលបានត្រាស់សម្តែងដោយព្រះសម្ពុទ្ធតាំងពីជាង២ពាន់ឆ្នាំមុនមកម្លេះ។
និយាយចំពោះការខូចចិត្តព្រោះស្នេហាវិញ មានពាក្យសុភាសិតមួយឃ្លាលើកឡើងថា «មានស្នេហ៍ មានទុក្ខ» ដូច្នេះមានន័យថា អ្នកដឹងមុនរួចហើយថា បើមានស្នេហា អ្នកនឹងត្រូវបានទុក្ខ តែហេតុអ្វីអ្នកមិនត្រៀមទប់ទល់ ឬហ្វឹកហាត់ការមានទុក្ខ ឬការខូចចិត្តនោះទុកមុនទៅ?
ចុងក្រោយខ្ញុំប្រាប់អ្នកថា ខ្ញុំច្បាស់ជាខូចចិត្ត បើសិនជាខ្ញុំបែកបាក់ស្នេហា ប៉ុន្តែខ្ញុំនឹងមិនធ្វើអោយស្នេហាបំផ្លាញជីវិតរបស់ខ្ញុំនោះទេ។ លោក ស៊ីម៉ាអី អ្នកយុទ្ធសាស្រ្ត និងជាមេទ័ពសម័យនគរបី ក្នុងប្រវត្តិសាស្រ្តចិនបាននិយាយថា «ខ្ញុំឈឺចាប់អស់មួយជីវិត តែខ្ញុំអាចស្វែងរកភាពរីករាយនៅក្នុងការឈឺចាប់នោះ… ព្រោះហេតុផលនេះទើបខ្ញុំអាចរស់បានរហូត»។
សរុបមក អ្នកត្រូវរៀនគ្រប់គ្រងការខូចចិត្ត និងហ្វឹកហាត់វាអោយហើយ មុនពេលវាកើតឡើង ពេលនេះអ្នកនឹងយល់ច្បាស់ពីវាមិនខាន៕