មានសំនួរមួយចំនួនគួរសួរជាមុនថា តើអ្នករៀបការជាមួយបុរសក្រីក្រព្រោះតែគេក្រមែនទេ? ឬតើអ្នកត្រូវបានបង្ខំឲ្យរៀបការជាមួយបុរសក្រីក្រមែនទេ? តើអ្នកចូលចិត្តភាពក្រីក្រលំបាកមែនទេ ទើបអ្នកជ្រើសរើសបុរសក្រីក្រម្នាក់មកជាគូជីវិត? ចំលើយតែមួយគឺ ទំនងជាមិនមែនដោយសារតែគាត់ក្រទេ ដែលអ្នកព្រមជ្រើសរើសគាត់។
សម្រាប់មនុស្សស្រីមួយចំនួនធំ វាជារឿងដ៏សែនធ្ងន់ធ្ង បើធៀបនិងយុគសម័យប្រើប្រាស់លុយជាធំដូចសព្វថ្ងៃនេះ ពីព្រោះប្តីក្រគឺជាមេរោគមហារីកសម្រាប់នារីទាំងនោះ។ ពួកនារីទាំងនោះនឹងមិនប្រាថ្នាប្តីដែលជាអ្នកក្រ ឬអ្នកមកពីត្រកូលក្រីក្រនោះទេ ព្រោះនាងដឹងថា គាត់នឹងមិនអាចផ្គាប់ផ្គុនតម្រូវការឲ្យខ្លួនបានគ្រប់គ្រាន់ឡើយ ដូច្នេះ ពួកនាងត្រូវតែរៀបការជាមួយបុរសអ្នកមាន ឬរៀបការជាមួយទ្រព្យរបស់អ្នកមានដាច់ខាត។
ប៉ុន្តែនារីវ័យឆ្លាតទាំងឡាយច្បាស់ជាមិនគិតដូច្នេះទេ ព្រោះថា ទ្រព្យសម្បត្តិគឺជារបស់ក្រៅខ្លួនប៉ុណ្ណោះ ឲ្យតែប្រឹងប្រែងគង់និងកើតមានមិនខាន តែចិត្តស្មោះត្រង់របស់មនុស្សទើបជារឿងពិបាក ហេតុនេះទើបនារីវ័យឆ្លាតទាំងនោះ នឹងជួយប្តីក្ររបស់នាងឲ្យក្លាយជាមហាសេដ្ឋីក្នុងថ្ងៃណាមួយមិនខាន។ រឿងនេះមានឧបមាដូចភរិយារបស់ «មារយើង» ដែលជួយប្តីក្រីក្ររបស់ខ្លួនឲ្យក្លាយជាបុរសមានមុខមានមាត់ក្នុងសង្គម។ រឿងនេះកើតឡើង នៅពេលដែលនាយសំពៅពេញចិត្តនិងប្រពន្ធមារយើង ដែលជាស្រ្តីឥតមារយាទ ក៏បបួលគ្នាដូរប្រពន្ធនិងនាយមារយើង។ ដំបូងឡើយ ធ្វើឲ្យប្រពន្ធនាយសំពៅ ដែលជាស្រ្តីមានប្រាជ្ញា និងគ្រប់លក្ខិណាផងនោះ មានការអន់ស្រពន់ចិត្ត តែនៅពេលដែលមើលឃើញថា នាយមារយើង យំស្តាយប្រពន្ធឥតខ្មាស់ដល់ខ្លួន នាងក៏ដឹងថាបុរសនេះ ពិតជាស្មោះនិងនារីរបស់ខ្លួនណាស់ គេគង់និងស្មោះនិងអញដូចគ្នាដែរ។ ទើបក្រោយពេលដូរប្រពន្ធហើយនាងតែងផ្គាប់បំរើប្តីថ្មី មារយើង តែងស្តាប់បង្គាប់ភរិយាក្រោយនេះណាស់ ព្រោះនាងមានសម្តីផ្អែមល្ហែម ឳនលំទោន ចំពោះគាត់ ដែលខុសស្រឡះពីភរិយាមុនដែលបានទៅនាយសំពៅនោះ មិនដែលធ្វើដាក់គាត់ដូចនេះទេ។ ក្រោយមក នាយមារយើងក៏បានក្លាយជាមន្ត្រីវាំង ជាទីគាប់ចិត្តពីសំណាក់ព្រះរាជា និងបានសុខសម្បត្តិហូរហៀររហូតទៅហោង សមតាមពាក្យទំនៀមមកថា «សំនាបយោងដី ស្រីយោងប្រុស» នោះឯង។ ហេតុនេះទើបហើយទើបយើងនិយាយថា ក្រីក្រ មិនមែនជាបញ្ហាសម្រាប់អ្នកមានប្រាជ្ញានោះទេ។