បញ្ចពិធកល្យាណី មានដែរទេ​បច្ចុប្បន្ន​នេះ?

នៅក្នុងគម្ពីរធម្មបទខុទ្ទនិកាយនៃ​​ព្រះពុទ្ធសាសនា​បាន​រៀប​រាប់​អំពី​​​សម្បត្តិ​ ឬ​​លំអ​​​នៃ​មនុស្ស​ស្រី​ទាំង​ឡាយ​មាន​​​៥​ប្រការ​ ឬ​លោក​​​​​​ហៅ​ថា «បញ្ចពិធ​កល្យាណី» ដែល​​លោក​បាន​លើក​យក​សម្រស់​របស់​នាង​វិសាខា​មក​ជា​សេចក្តី​បញ្ជាក់​​៖

  1. លម្អដោយសក់៖ សំដៅ​ដល់​នារី​ណា​ដែល​មាន​សក់​ទន់ រលោង​រលើប​ ក្រអូប​ប្រហើរ មានពណ៌ដូច​ស្លាបកំផេន​ មានចុង​ងឡើង​ដូច​កន្ទុយ​ក្ងោក​ពង់ បើ​ទោះ​ជា​មិន​​បាន​តុប​តែង ស្អិត​ស្អាង​។ សក់​នោះ​នឹង​មិនមានស្កូវ​ឡើយ ទោះ​ចាស់​រយឆ្នាំ​ក៏ដោយ​។ ក្នុង​គម្ពីរ​ខ្លះ លោក​មិន​សំដៅ​តែ​សក់​មួយ​មុខ​នោះ​ទេ នារី​ដែល​ចាត់ទុក​ថា មាន​លម្អ​ដោយ​សក់​នោះ ទោះ​ជា​​រោម​ ដៃ ជើង ចិញ្ចើម​ ឬ​រោម​ត្រង់​ណា​ក៏​ទុក​ថា​ល្អ​​ទាំង​អស់​ទៅ​ទាំង​ព្រម​​ដែរ​។
  2. លម្អដោយសាច់៖​ បាន​ដល់​នារី​ណា​ដែល​មាន​សាច់​ល្អ​ហ្មត់​​ខៃ​ស្រស់រលោង​ឥត​មានហ្មង​ពីកំណើត​ និង​មានក្លិន​ក្រអូប​ដូច​លំ​ចង់​​ព្រៃ​ បើ​ទោះ​ជា​មិន​បាន​ដុះ​ខាត់ លាប​ប្រេង​លម្អ​ក៏ដោយ​។ ឯ​បបូរ​មាត់ពណ៌​កុមុទ (ពណ៌​ផ្កាឈូក) ទោះ​ចាស់​រយ​ឆ្នាំ​ក៏គង់​នៅ​​ស្រស់ស្អាត​មិន​ជ្រីវជ្រូញ គឺរក្សា​ភាព​ល្អ​ដូច​វ័យ​ក្រមុំ​។
  3. លម្អដោយឆ្អឹង៖ បាន​ដល់​នារី​ណា​ដែល​មាន​​ធ្មេញ​ស​ រាប​ស្មើ​ ​មិន​ជំពើស​ទើស​ទើង​ មានពណ៌​ដូច​ត្បូងពេជ្រ​រំលេច​ចាំង​រស្មី​ដូច​ស័ង្ខ​ដែល​គេ​បានច្នៃ​ហើយ​។ បើក​មាត់​វាចាស្តីកាល​ណា​ ក៏​ធ្វើ​ឲ្យ​អ្នក​ផង​ក្រឡេក​មករក​គ្រប់​ៗ​តែគ្នា ហើយ​ធ្មេញ​នេះ​នឹង​មិន​បាក់ មិនខូច​ទោះ​អាយុ​រយឆ្នាំ​ក៏ដោយ​។ ក្នុង​គម្ពីរ​ខ្លះ លោក​ថា នារី​ដែល​មាន​លម្អ​ដោយ​ឆ្អឹង​នេះ នឹង​មិន​ចេះ​ទ្រុឌ​ទ្រោម​​ទេ បើ​ទោះជា​ចាស់​រយឆ្នាំ​ក៏ដោយ​។
  4. លម្អដោយពណ៌សម្បុរ៖ បាន​ដល់​ស្បែក​ស្ត្រី​ប្រកបដោយ​លម្អ​នៃ​ពណ៌​២យ៉ាង​គឺ ពណ៌​ស ​និង​ពណ៌​ខ្មៅ​។ ពណ៌​ស មាន​ពណ៌​ដូចជា​កណ្ណិការបុប្ផា រលើបរលោង​ ស្អាត​ឥតមាន​អាចម៍​រុយ ឬ​សម្លាក ​មន្ទិល​សៅហ្មង​អ្វី​បន្តិច​បន្តួច​ឡើយ​។ រី​ពណ៌​ខ្មៅ គឺ​​ពណ៌​​ខៀវស្រស់​ដូច​ផ្កា​ឧប្បល​វណ្ណា​ គឺ​ជា​សម្បុរ​ដ៏​​មាន​ទឹកដម​រលើបរលោង ធ្វើ​ឲ្យអ្នក​ផង​ឃើញ​ហើយ​ចេះតែ​ចង់​គយ​គន់​ មិន​ចង់​ទៅ​ឆ្ងាយ​ ឬ​មិន​ចេះជិន​ណាយ​។
  5. លម្អដោយវ័យ៖ សំដៅលើ​ស្រី្ត​​ឯណា​ដែល​នៅតែ​ល្អ​ស្អាត​​ស្រស់​​ក្រពុំ​ ដូចជា​វ័យ​ក្មេង​​កាលពី​មាន​អាយុ​១៦​ឆ្នាំ ទោះបី​ជា​ស្ត្រី​​នោះ​ប្រសូត​បុត្រ​មួយរយ​ដង និង​មាន​អាយុ​មួយរយ​ឆ្នាំ​ក៏ដោយ ក៏​នៅតែ​ល្អ​ស្រស់​គ្រប់​អ​​វយ​វៈ​ដូចជា​ស្ត្រី​ពេញក្រមុំ​។

            លម្អ​ទាំង​៥​ប្រការ​នេះ រហូត​មក​ដល់សព្វ​ថ្ងៃនេះ គេ​នៅពុំ​ទាន់​រក​អ្នកទី​២​ឯណា​មក​ធៀបឧបមាឲ្យ​បាន​នោះទេ ក្រៅ​តែ​ពីអ្នកទី​១​គឺ​នាង​​​វិ​សាខា ​ដែល​ជា​មហាឧបាសិកា​ កាល​ព្រះសម្ពុទ្ធ​គង់​នៅ​នៅឡើយ​។ នាង​គឺ​ជា​កូនស្រី​តែមួយ​គត់​របស់​សេដ្ឋី​ម្នាក់​នៅ​ទីក្រុង​សាវត្ថី ត្រូវ​បាន​គេ​ទុក​ថា​ជា​ស្រ្តី​ដ៏​មាន​ចិត្ត​ជ្រះថ្លា មាន​បុណ្យ​ព្រេង​ខ្ពស់ បាន​បរិច្ឆាគ​ធន​ធាន​កសាង​វត្ត​បុព្វារាម ក្នុងក្រុងសាវត្ថី និង​បាន​ផ្គត់ផ្គង់​ដល់​ភិក្ខុ​សង្ឃ​​រាប់ពាន់អង្គ​ទៀត​ផង​។