ពិតណាស់ គ្មានស្រីណាម្នាក់ក្នុងលោកនេះប្រាថ្នាបុរសកំជិលអាំងផេះនោះទេ ព្រោះការខ្ជិលច្រអូសគឺជាកំណើតនៃភាពក្រីក្រតោកយ៉ាក។ វាគឺ១ប្រភេទក្នុងចំណោមបុរស៨ប្រភេទ ដែលនារីៗគួរពិចារណាមុនសម្រេចជ្រើសរើសគេ។ ការសម្រចចិត្តមិនទទួលយកបុរសកំជិលគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ស្ត្រីទាំងឡាយ ប៉ុន្តែបើសិនជាស្រាប់តែបានភពប្រសព្វនិងគ្នាហើយនោះ តើគួរធ្វើយ៉ាងណា?
ចង់ដឹងវិធីដោះស្រាយយ៉ាងណានោះ សូមអានសេចក្តីលំអិតនៃរឿងព្រេងខ្មែរខាងក្រោមនេះ៖
រឿងបុរសកំជិលបានប្រពន្ធគ្រប់លក្ខណ៍
មានរឿងព្រេងមួយដំណាលថា មានបុរសកំជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក បុរសកំជិលនោះ ចេះតែពីដេក ដល់ឃ្លានបាយទើបក្រោកឡើងស៊ីៗរួចដេកទៅវិញ សូម្បីតែថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ។
ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ។ នាវេលាថ្ងៃមួយ នាងរៀបស្លា៥ម៉ាត់ បារី៥មូ ចូលទៅក្រាបលំទោនឪនសំពះប្ដី ហើយថា៖
-ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយ។
ប្ដីក៏តបថា៖
-បើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់។
ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់ មានទាំងដឹង ពូថៅទៅផង។ បុរសកំជិល ដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ ចាំឲ្យក្រោកខ្លួនឯង ដល់ក្រោកហើយ ប្រពន្ធដងទឹក ទៅលប់មុខឲ្យ រួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដីកំជិលរបស់ខ្លួន។
បុរសនោះ ក៏ចុះពីលើផ្ទះទៅ ចូលក្នុងព្រៃរកឈើ បានឃើញឈើមួយដើម មានមែកសាខាម្លប់ត្រជាក់ ក៏ដាក់បាយសំណុំ ដឹង ពូថៅ ហើយដេកគងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថា៖
-មែកឈើនេះត្រូវធ្វើជាភ្នៀងនង្គ័ល មែកនេះត្រូវធ្វើជាយាម មែកនេះត្រូវធ្វើជាដង មែកនេះត្រូវជានឹម មែកនេះ ត្រូវធ្វើជារនាស់។
គ្រាន់តែដេកថាប៉ុណ្ណឹង ពេលឃ្លានបាយ ក្រោកឡើងស្រាយបាយសំណុំស៊ីៗរួចហើយ ក៏ដេកថាដូចមុនទៀតរហូតថ្ងៃរសៀលទើបត្រឡប់មកផ្ទះវិញ។
ប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់ នាំប្ដីឡើងទៅលើផ្ទះ យកទឹកលាងជើងឲ្យប្ដីហើយសួរថា៖
-អ្នកទៅបានការដូចម្ដេចខ្លះ ?
-មិនទាន់បានទេនាង ចាំស្អែកសឹមទៅទៀត
ស្អែកឡើងក៏ទៅដល់កន្លែងដើមឈើនោះទៀត។ ឯរុក្ខទេវតាដែលអាស្រ័យនៅទីនោះ ឮបុរសកំជិលថាដូច្នោះក៏ភ័យ ខ្លាចរកកន្លែងនៅគ្មាន ក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកំជិលនោះ ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន។ បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។
រុក្ខទេវតាតាមមកដល់មាត់របង ឃើញប្រពន្ធរត់ទៅទទួលប្ដីដល់មាត់ជណ្ដើរយកទឹកលាងជើងប្ដី។ ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ។ បុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរ និយាយដូចមុនទៀតថា៖
-បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់
ទេវតាលឺហើយក៏ភ័យណាស់ ក៏ថ្លែងប្រាប់គ្នាថា៖
-បុរសនោះ មុខជាកាប់ហើយព្រឹកនេះហើយ
ទើបនាំគ្នាមកនិយាយអង្វរថា៖
-សុំកុំកាប់ឈើនោះ
បុរសថា៖
-អញមិនព្រមទេ ព្រឹកនេះអញទៅកាប់ហើយ
ទេវតាភ័យណាស់ ក៏នាំគ្នានិយាយសូក ដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ ឲ្យបុរសនេះ។ គេក៏សួរថា៖
-ឲ្យកំណប់ប៉ុន្មានកន្លែង ?
ទេវតាតបថា៖
-ពីរកន្លែង!
បុរសបដិសេធថា៖
-មិនព្រមទេ បើឲ្យ៤កន្លែងទើបព្រម ហើយឲ្យដាក់ឈើសម្គាល់ឲ្យផងទើបបាន
ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ។ ទើបបុរសកំជិលពោលថា៖
-បើដូច្នោះ ខ្ញុំលែងកាប់ តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ។ ទេវតាថា៖
-ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ
ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យ ក្នុងកំណប់មួយៗទាំងពីរនាក់ប្ដីប្រពន្ធត្រូវជញ្ជូនបីថ្ងៃ បានសុទ្ធតែមាសនិងប្រាក់ចាក់គរពេញផ្ទះ។ នាងនោះ ក៏រៀបចំដាក់ហិប ដាក់ឡាំង មិនឲ្យអ្នកណាឃើញ ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែមានឡើងៗ បានជាសេដ្ឋី មានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើនរាប់មិនអស់។
ការលើករឿងនេះមកបញ្ជាក់ ពុំមែនចង់ឲ្យនារីទាំងឡាយផ្តេកផ្តួលទៅតាមវាសនានោះទេ វាគ្រាន់តែជាសាច់រឿងបង្ហាញពីសេចក្តីគោរពនៃប្រពន្ធចំពោះប្តី ទោះជាមកពីឋានៈណា មានឬក្រក៏ដោយ តែប៉ុណ្ណោះ។