ភរិយា៧ប្រភេទ

ភរិយា៧ប្រភេទ

សម្រាប់​បុរស​ទាំងឡាយ ការ​ជ្រើស​រើស​នារី​ណាម្នាក់​មក​ជា​គូ​ជីវិត ក៏ទុក​ជា​រឿង​ពិបាក​មួយ​​ដែរ​។ ពេល​ខ្លះ​ គេ​បាន​សាក​ល្បង​ធ្វើទំនាក់ទំនង​ជាមួយ​មនុស្ស​ស្រី​ច្រើន​នាក់​ ដើម្បី​ស្វែង​រក​នារីតែម្នាក់​​មក​ជា​គូ​ជីវិត វា​ជា​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម តែ​បើ​គេ​រក​មិន​ឃើញ​ទេ គេនៅតែបន្ត​ធ្វើ​វា​ឥត​ឈប់​រហូត​ទាល់តែ​រក​ឃើញ​​​។ ប៉ុន្តែ​សម្រាប់​បុរស​ល្មោភកាម​មួយ​ចំនួន​ បើទោះជា​ខ្លួន​រក​បាន​ភរិយា​ដែលសក្តិសម​ហើយ ក៏​គេ​នៅ​តែ​មិនចោល​ចរិត​ស្រី​ច្រើន​នោះ​ដែរ​។ បុរ​ស​ប្រភេទ​នេះ ពុំ​គួរ​ឲ្យ​គេ​សរសើ​នោះ​ទេ បើទោះ​ជា​មាន​គុណ​សម្បត្តិ​ច្រើន​ក្តី។

ដោយ​ឡែក​ក្នុង​នាម​ជា​ស្រ្តី តើ​គួរ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​ដើម្បីក្លាយ​ខ្លួន​ជា​ភរិយា​របស់​បុរសណា​ម្នាក់។ តើ​យើង​ត្រូវ​ធ្វើ​ភរិយា​ប្រភេទ​ណា? ក្នុង​ភរិយា​ទាំង​ប្រាំពីរ​ដែល​ព្រះពុទ្ធ​ទ្រង់សំដែងដូចខាងក្រោម​៖

  1. វធសមាភរិយា ភរិយា​ត្រេកអរ​បុរស​ដទៃ (មាន​សហាយ) មើល​ងាយ​ប្ដី ខ្វល់​ខ្វាយ​សម្លាប់​ប្ដី។
  2. ចៅរីសមាភរិយា ភរិយា​លួច​ទ្រព្យ​ពីផ្ទះ (ទ្រព្យ​ដែល​ប្ដី រក​បាន​មក​ហើយ លួច​យក​ទៅ​ផឹក​ស្រា​លេង​ល្បែង​ចាយ​វាយ​ផ្ដេស​ផ្ដាស)។
  3. អយ្យសមាភរិយា ភរិយា​ធ្វើការ​កៀបសង្កត់​ប្ដី ឲ្យ​នៅ​ក្នុង​អំណាច​ខ្លួន (​ភរិយា​ខ្ចិល​ច្រអូស ស៊ីច្រើន រឹងរូស កាច​ពោលពាក្យ​អាក្រក់ ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​ប្ដី ដែល​មាន​ព្យាយាម​ប្រឹងប្រែង)។
  4. មាតុសមាភរិយា ភរិយា​ចេះ​រក្សា​ប្ដី​ដូច​មាតា​រក្សា​កូន​ (​ភរិយា​មាន​សេចក្ដី​អនុគ្រោះ​នូវ​ប្រយោជន៍ សព្វ ៗ កាល​ហើយ​រក្សា​នូវ​ទ្រព្យ​ដែល​ប្ដី​បាន​មក​អំពី​ទី​ផ្សេងៗ) ។
  5. ភគិនិសមាភរិយា ភរិយា​គោរព​ប្ដី​​ដូច​ប្អូន​ស្រី​គោរព​បង​ប្រុស (​ភរិយា​មាន​សេចក្ដី​អៀនខ្មាស​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​ភស្ដា)។
  6. សខីសមាភរិយា ភរិយា​ដូច​សម្លាញ់​ (ភរិយា​បាន​ឃើញ​នូវ​ប្ដី​ហើយ​ក៏​រីករាយ ដូច​សម្លាញ់​បាន​ឃើញ​សម្លាញ់​ដែល​មក​អស់​កាល​យូរ ស្ត្រី​នោះ បរិបូណ៍​ដោយ​ត្រកូល​មាន​សីលធម៌​ជា​ស្ត្រីមាន​វត្ត​ប្រតិបត្តិ​ក្នុង​ប្ដី)។
  7. ទាសិសមាភរិយា ភរិយា​ដូច​អ្នក​បម្រើ (ភរិយា​ដែល​ប្ដី​ ជេរវាយ គម្រាម​ដោយ​ដំបង មិន​មាន​ចិត្ត​ប្រទូស្ដ​វិញ​ចេះ​អត់​សង្កត់​ចិត្ត មិន​ក្រោធ​ខឹង​នឹង​ប្ដី ប្រព្រឹត្ត​ទៅ​តាម​អំណាច​ប្ដី)។

នេះ​ជា​ភរិយា​ទាំង​ប្រាំពីរ​ពួក​ក្នុង​លោក ក្នុង​នាម​យើង​ជា​ស្ត្រី​ត្រូវ​ជ្រើស​រើស​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ភរិយា​ទី​ប៉ុន្មាន​សម្រាប់​គ្រួសារ​យើង។