មនុស្សមួយចំនួនមានទស្សនៈថា សេចក្តីស្រលាញ់របស់ឳពុកម្តាយគឺមិនដូចគ្នានោះទេ។ គេយល់ថា សេចក្តីស្រលាញ់របស់ម្តាយចំពោះកូន គឺមានច្រើនជាងឳពុក ពីព្រោះហេតុផលមួយចំនួន ដែលឳពុកមិនអាចបំពេញបាន។
ហេតុផលទាំងនោះ ទំនងជាគេផ្តោតសំខាន់ទៅលើ…
- ម្តាយអាចពរពោះ ទ្រាំលំបាកវេទនា អស់ជិត១០ខែ
- ម្តាយលះបង់ជីវជាតិសូម្បីមានតែបន្តិចបន្តួចទៅអោយកូន
- ម្តាយបង្កើតកូនដោយប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត
- ម្តាយបំប៉ៅកូន បីបាច់កូន ថ្នមកូន ដោយឈប់ខ្វល់ពីសម្រស់ផ្ទាល់ខ្លួន
ជាការពិត រឿងខ្លះ ចាប់តាំងពីពេលដែលម្តាយពរពោះ រហូតដល់ពេលកូនកើតមក ឳពុកពិតជាមិនអាចធ្វើជំនួសបានទេ ប៉ុន្តែចូរដឹងថា ចាប់តាំងពីពេលដែលឳពុកដឹងថា កូនមកចាប់កំណើតក្នុងផ្ទៃម្តាយ ការទទួលខុសត្រូវដ៏ធំមួយរបស់គាត់ក៏ចាប់ផ្តើមមកដល់ដែរ នោះគឺការប្រឹងពុះពារ ជំនះគ្រប់ឧបសគ្គដើម្បីការពារអ្នកទាំងពីរ ប្រពន្ធនិងកូន មើលថែដោយទឹកក្តៅទឹកត្រជាក់ រៀបចំកិច្ចការធ្ងន់ស្រាលជំនួសម្តាយ ដែលពីមុនមកនោះ គាត់មិនដែលបានធ្វើ។
សេចក្តីខ្វល់ខ្វាលរបស់ឳពុក…
- ខ្លាចប្រពន្ធប៉ះពាល់សុខភាព ប៉ះពាល់ដល់កូនក្នុងផ្ទៃ
- ខ្លាចការផ្គត់ផ្គង់មិនគ្រប់គ្រាន់ដល់អ្នកទាំងពីរ
- ខ្លាចខ្លួនឯងមានបញ្ហាអ្វីកើតឡើង ដែលកាន់តែនាំបន្ទុកដល់ប្រពន្ធ
- ពេលប្រពន្ធឈឺពោះ ឳពុកខ្លះស្រក់ទឹកភ្នែកជំនួស តែមិនអាចឈឺជំនួសបាន
- ពេលប្រពន្ធឆ្លងទន្លេ ឳពុកតក់ស្លុត ខ្លាច បន់ស្រន់ អន្ទះសារ ខ្លាចក្រែងម្តាយនឹងកូនឆ្លងមិនផុត
សរុបមក សេចក្តីស្រលាញ់របស់ម្តាយ និងឳពុកចំពោះកូន មិនអាចយកវត្ថុអ្វីមកប្រៀបផ្ទឹម ឬកាត់តម្លៃបាននោះទេ ដូចយើងតែងនិយាយថា ជីវិតមនុស្សមានតម្លៃកាត់មិនបានយ៉ាងណា ចុះទម្រាំដល់គុណអ្នកដែលបង្កើតជីវិតនោះវិញ តើអាចកាត់តម្លៃបានទេ? ដោយសារភាពជាម្តាយ និងឳពុក អ្នកទាំងពីរមានភារះតាមមើលថែកូនអស់មួយជីវិត។
ជាការពិត មានឳពុកម្តាយមួយចំនួនដែលខ្វះទំនួលខុសត្រូវចំពោះកូន និងគ្រួសារ បានផ្តល់មេរៀនអវិជ្ជមានដល់កូនៗ និងមនុស្សមួយចំនួន ប៉ុន្តែបើយើងប្រើតួលេខនោះមកប្រៀបធៀប គឺឃើញថា វាតិចតួចណាស់ មិនអាចយកមកជាមេរៀន ឬជាខ្នាតវាយតម្លៃទូទៅបានឡើយ៕