រាងកាយដែលស្អាត ស្រស់សង្ហារ គួរជាទីគយគន់ កើតឡើងពីការស្អិតស្អាងដោយអលង្ការផ្សេងៗ ចុះជីវិតទាំងមូលនេះវិញ តើមានអ្វីជាគ្រឿងតុបតែង ស្អិតស្អាង ឲ្យសក្តិសមដែរ? គេថា ទ្រព្យសម្បត្តិ អំណាច បុណ្យសក្តិ គឺជាលំអរនៃជីវិត តើជាការពិតដែរឬទេ?
ពិតណាស់ ការមានទ្រព្យគឺជាផ្នែកមួយនៃប្រណីតភាពរបស់ជីវិត ប៉ុន្តែទ្រព្យសម្បត្តិក៏ជាអាវុធបំផ្លាញសម្រស់របស់ជិវិតផងដែរ បើសិនជាវាបានមក ឬប្រើប្រាស់ទៅវិញ ដោយពុំត្រឹមត្រូវ ហេតុដូច្នឹងហើយ ទ្រព្យសម្បត្តិពុំត្រូវបានគេចាត់ទុកជាអលង្ការនៃជីវិតនោះទេ? ដោយឡែក អំណាច បុណ្យសក្តិ និងយសទាំងឡាយ តែងកើតឡើងព្រោះបុគ្គលចេះប្រើប្រាស់ជីវិត ប្រកបដោយធម៌ផង ដោយសេចក្តីព្យាយាមផង ឬដោយការប្រើប្រាស់ទ្រព្យដើម្បីបានមកផង ក៏ពុំអាចបែងចែកដាច់ស្រឡះបាន ដូច្នេះទាំងនោះនៅតែពុំមែនជាអលង្ការពិតប្រាកដរបស់ជិវិតដដែល។
ពួកអ្នកប្រាជ្ញទាំងឡាយ មិនបានផ្តល់តម្លៃពិសេសនៃការមានទ្រព្យ មានយស មានអំណាច បុណ្យសក្តិ ថាជាគ្រឿងតុបតែងជីវិតនោះទេ ពីព្រោះរបស់អស់ទាំងនោះ តែងកើតឡើងដោយប្រការ៣យ៉ាងគឺ៖
១. វង្សត្រកូល៖ បុគ្គលដែលចេះថែរក្សាវង្សត្រកូល ជាអ្នកសង្ខាតក្នុងកិច្ចការប្រកបដោយធម៌ ជាអ្នកអប់រំទូន្មានខ្លួនល្អប្រសើរហើយ គឺថាបុគ្គលឯណាដែលប្រកបជីវិតដោយព្រហ្មចរិយៈធម៌ទាំងឡាយ បុគ្គលនោះ លោកអោយឈ្មោះថា បានស្អិតស្អាងជីវិតខ្លួនបានហើយ។
២. បុគ្គលដែលព្រមទទូលនូវឪវាទ៖ បុគ្គលដែលគេប្រដៅបានដោយកម្រ តែបែជាព្រមទទួលនូវការទូន្មានពីអ្នកផងទាំងឡាយ (អ្នកព្រមរៀនសូត្រ ឬព្រមស្តាប់យោបល់អ្នកដទៃ) ត្រូវបានគេចាត់ទុកថាជាបុគ្កលប្រកបដោយបញ្ញា និងជាអ្នកដែលកំពុងតុបតែងជីវិតខ្លួនឯងឲ្យមើលទៅស្រស់បំព្រង។
៣. ការយល់ឃើញត្រូវ៖ បុគ្គលដែលប្រើប្រាស់បញ្ញាក្នុងការកាត់សេចក្តីលើរឿងរ៉ាវផ្សេងៗដែលកើតឡើងនៅជុំវិញខ្លួន ដោយមិនមានចិត្តឃ្លេងឃ្លោង រេចុះឡើង តាមទំនោរផ្សេង។ ជាបុគ្កលដែលតែងសិក្សាស្រាវជ្រាវរកហេតុផលពិត មិនប្រទើសប្រទែង ខុសគេខុសឯង លោករាប់ទុកថាជាបុគ្គលដែលប្រកបដោយក្លិនក្រអូប។
៤. សេចក្តីព្យាយាមត្រូវ៖ បុគ្គលដែលកើតក្នុងវង្សត្រកូលខ្ពស់ មានបញ្ញា និងចេះឪនលំទោន តែងប្រើប្រាស់សេចក្តីព្យាយាមត្រឹមត្រូវ ក្នុងកិរិយាចិញ្ចឹមជីវិត បុគ្គលនោះ មិនថាស្ថិតក្នុងទីណា តែមានគេគោរពរាប់អាន ចូលមករកពីគ្រប់ទិសទី និងតែងផ្តល់នូវគុណជាប់មិនដាច់។ បុគ្គលប្រភេទនេះ លោកអោយឈ្មោះថា ក្រអូបដោយគុណ និងយស។
គឺបុគ្គលដែលប្រកបដោយ៤ចំណុចខាងលើនេះ ហើយដែលលោកឲ្យឈ្មោះថា ជាអ្នកគ្រងដោយអលង្ការពិតប្រាកដរបស់ជិវិត។ បុគ្គលណាដែលមានអលង្ការទាំងនេះ បុគ្គលនោះ ទោះចូលទៅកាន់ទីណា តែងមានមនុស្សផងទាំងឡាយចោមរោមរាប់អាន ឪនលំទោន និងប្តេជ្ញាការពារ៕