អំណោយ​ទាន​៣​យ៉ាង​របស់​មនុស្ស​ស្រី

អំណោយ​ទាន​៣​យ៉ាង​របស់​មនុស្ស​ស្រី

យើង​ឲ្យឈ្មោះថា «អំណោយទាន​» ព្រោះ​ថា លំអរ​ទាំង​៣​នេះ​មាន​ចំពោះ​តែមនុស្ស​ស្រី​ប៉ុណ្ណោះ មិនមាន​ក្នុង​ចំណោម​ មនុស្ស​ប្រុស​ទេ បើ​ទោះ​ជា​គេ​ខិត​ខំ​ក្លែង ​បំលែង​ភេទ ​​ទៅ​ជា​ភេទ​ស្រី​ក៏ដោយ​។ ​ព្រោះ​​តែ​លំអរ​ទាំង​៣​នេះហើយ ​ទើប​ធ្វើ​ឲ្យ​បុរស​ៗ ​ទាំងឡាយ​ក្នុង​លោក​ប្រាថ្នា​ចង់​បាន​ ដណ្តើម​ចង់យក និង​ត្រូវ​យក​ឲ្យ​បានច្រើន​ មក​ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់ខ្លួន ​បង្ករ​ឲ្យ​កើត​ បង្កើត​បាន​ជា​សង្គ្រាម​បង្ហូរ​ឈាម កាប់​សម្លាប់​ ចង​អាឃាត ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ កេរ្តិ៍ឈ្មោះ និង​ទឹក​ដី​ផង​ក៏​មាន​។

​យើង​មាន​ប្រវត្តិសាស្រ្ត​ជា​ឧទាហរណ៍​ស្រាប់​ ដូច្នេះ​មិន​គួរ​លើក​ឡើង​មកបក​ស្រាយ​ទៀត​ទេ​ តែ​ក្រៅពី​នេះ​ក៏​គង់​នៅ​មាន​បុគ្គ​លា​ ធិដ្ឋាន​មួយ​ចំនួន​មក​បញ្ជាក់​ផងដែរ តួរយ៉ាង​ដូច​ជា​ រឿង​នាងកាកី  រឿង​មាយាដកខ្ញី រឿង​មារ​យើង និង​រឿង​​​នាង​កញ្ជើរធ្លុះ​ជាដើម​។

            ក្នុងរឿង​នាង​កាកី​ ព្រះបាទព្រហ្មទត្ដ គ្រុឌ និង គន្ធាន់ ព្រោះ​កើត​ចិត្ត​​​ពុះ​ពោរ​ដោយ​ភ្លើង​តណ្ហា​ទៅ​លើ​នាង​កាកី ក៏​បង្ករ​ជា​ការ​ចងគំនុំ​​ ផ្គុំ​បាន​​​ជា​​សង្គ្រាម​កាប់​សម្លាប់​ដើម្បីដណ្តើម​យក​នាង ធ្វើ​ឲ្យ​នគរ​ទាំង​មូល​រង​ទុក្ខ​​វេទនា​គ្មាន​ពេល​ស្រាន។ ទាំងនេះព្រោះ​តែ​នាង​កាកីមាន​លំអរ​ទាំង​៣ ឬអំណោយទាន​ទាំង​៣​នេះ​ឯង​។

អំណោយទាន​ទាំង​៣ប្រការ​នោះ​គឺ..៖

            ១. ដើមទ្រូង ឬ​សុដន់៖ អាទិទេព​បាន​គូស​វាស​យ៉ាង​ល្អិត​ល្អន់​​ក្នុង​​​ការ​​បង្កើត​រូបរាង​មនុស្ស​ស្រី​​មក​ក្នុងនោះ​សុដន់ មិន​គ្រាន់​តែ​ជា​អវៈ​យវៈ​សម្រាប់​បង្កើត​ទឹក​ដោះ​សម្រាប់​ចិញ្ចឹម​ពូជ​មនុស្ស​នោះ​ទេ ក៏​ជា​ទី​ដែល​បុរស​ៗ​គ្រប់រូប​ក្នុង​លោក​ត្រេក​ត្រអាល​ផងដែរ​ ហេតុ​នេះ​ហើយ​ទើប​នារី​ៗ​ទាំង​ឡាយ​ចាត់ទុក​ដើមទ្រូង (សុដន់​) គឺជា​កន្លែង​ដែល​គួរ​ត្រូវ​លាក់​បាំង និង​ថែរក្សា​ឲ្យ​ល្អ​ហ្មត់ហ្មង​ ព្រោះ​វាគឺជា​អំណោយ​ទាន​ធម្មជាតិ​របស់​ខ្លួន​នាង​។ បុរ​ស​ទាំងឡាយ នឹង​មាន​អារម្មណ៍​រសើប​ស្រៀវ​ស្រើប​ បើសិន​ជា​គេ​បានឃើញ​​ដើមទ្រូង​មនុស្ស​ស្រី ហើយ​គេ​នឹង​ទន់ជង្គង់ លុង​ក្នុង​អំណាច​នៃ​កាម​ទេព​ បើ​សិន​ជា​សុដន់​នោះ​មាន​​ទ្រង់​ទ្រាយ​ទាក់ទាញ​ ស្អាត​ដូច​ផ្លែទន្លាប់ ក្រពុំ​ដូច​ត្របក​ផ្កា​ឈូក ពណ៌​ដូច​ស៊ីជម្ពូរ ហើយ​បើ​សិន​ជា​គេ​បាន​ទាំង​​ប៉ះពាល់​ ស្ទាប​ថ្នម​ទៀត​ផង​នោះ​ ពេល​នោះ ទោះ​ជា​ឲ្យ​គេ​ធ្វើអ្វី​ក៏​គេ​នឹង​ធ្វើ​វា​ដែរ​ ព្រោះ​ថា​ សុដន់​ មនុស្ស​ស្រី​ប្រៀប​ដូច​ជា​ថ្នាំ​ សណ្តំ​ដ៏សក្តិសិទ្ធ​បំផុត​ក្នុងលោក​នេះ​។

            ២. កេសា (សក់)៖ សក់​ត្រូវ​បាន​ចាត់ទុក​ជា​សម្បត្តិ​ដ៏ពិសិដ្ឋ​មួយ​របស់​មនុស្ស​ស្រី ហើយ​វា​ក៏ជា​មួយ​ក្នុង​ចំណោម​ លំអរ​ទាំង​៥​​​ដូច​ដែល​បាន​រៀបរាប់​មក​​ហើយ​នោះ​ដែរ​។ បុរស​ទាំងឡាយ​តែ​ងចាត់​ទុក​សក់​របស់​មនុស្ស​ស្រី​ដូច​ជា​ល្ខោន​ដ៏​លន្លង់លន្លោច​មួយ កាល​ណា​បើ​បាន​នៅ​ជិតកៀតកិត​បង្កើយ​នារី​ណា​ម្នាក់​ហើយ គឺ​នឹងមិន​អាច​គ្រប់​គ្រង​ដៃ​របស់គេ​មិនឲ្យ​ទៅ​ប៉ះ​អង្វែង​ ប្រលែងលេង​និង​សក់​របស់​នារី​នោះ​ឡើយ​​។ ហេតុ​នេះ​ហើយ ​ទើប​អ្នក​ប្រាជ្ញ​ព្រឺទ្ធ​បណ្ឌិតកវី​ទាំងឡាយ​តែ​ងលើក​ចុង​ប៉ាកា​របស់​គេ ​មក​អូស​គូស​វាស​សរសើ​ មិន​ចេះ​អស់​ពី សំម្រស់​​នៃ​សក់​មនុស្ស​ស្រី​។ ក្នុងនោះ​បទចំរៀង «សក់​ក្រង»​ របស់​ លោក​ ស៊ីន ស៊ី​សាមុត ក៏​មាន​រៀប​រាប់ពី​លំអរ​របស់​សក់​នារី​ជាទីស្នេហា​​របស់​លោក​ដែរ​។ ផ្សេ​ងពីនោះ នារី​សម័យ​ថ្មី​ទាំងឡាយ​បាន​ចំណាយ​​ប្រាក់​ជា​ច្រើន​​ក្នុង​ការ​តុប​តែង​សក់​របស់​ខ្លួន ព្រោះ​នារី​ភាគ​ច្រើន​យល់​ឃើញ​ថា​ម៉ូត​សក់​គឺ​ជា​តំណាង​នៃ​សេចក្តីថ្លៃថ្នូរ​របស់​ស្រ្តី​ ហើយ​ក៏​បង្ហាញ​ពី​​អត្តចរិត និង​មារយាទ​ផង​ដែរ។

            ៣. សំលេង​៖ សំលេង​ ជា​សម្បត្តិ​មួយ​របស់​មនុស្ស​​ប្រុស​ស្រី​។ អ្នក​មាន​សំលេង​ល្អ ចេះ​និយាយ​ប្រកប​ដោយ​ទឹក​ដម មាន​ខ្លឹម​សារ ពី​រោះពិសារ​ នឹង​អាចឲ្យ​គេ​​រក​ទ្រព្យ​សម្បត្តិ​ បាន​ក្លាយ​ជា​អ្នក​រស់​ដោយ​ស្រណុក​ ​ស្តុក​ស្តម្ភ​ ក្នុង​ជីវិត​ តួរ​យ៉ាង​​​ដូចជា​​ អ្នកចំរៀង ​អ្នក​ល្ខោន​ អ្នក​​អត្ថាធិប្បាយ​ជាដើម​​។ ចុះ​តើ​សំលេង​របស់​មនុស្ស​ស្រី​មានអំណោយ​ទាន​អ្វីនៅ​ក្នុង​នោះ​? អំណោយទានទាំងអស់នេះ​ហើយ ដែលធ្វើ​ឲ្យ​បុរស​កាប់សម្លាប់​គ្នា​ ប្រើល្បិចល្បោយ​គ្រប់​បែប​យ៉ាង​ដើម្បីដណ្តើម​យក​មកជាកម្ម​សិទ្ធ​​របស់​ខ្លួន​ ពីព្រោះ​បុរស​មិនមានអំណោយ​ទាន​ធម្មជាតិ​ទាំងនេះ​ទេ​។

            ក្នុង​គម្ពីរ​ធម្មបទ ​(គម្ពីរបាលីភាសា​ ​) បាន​ដក​​​ស្រង់​​ព្រះពុទ្ធដិកា​​ថា​​ សំលេង​អ្វី​ ស្មើ​ដោយ​សំលេង​មនុស្ស​ស្រី​មិនមាន​​។  ពិតណាស់ សំលេង​មនុស្ស​ស្រី​ម្នាក់​​អាច​ធ្វើ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​​ខុស​ធម៌វិន័យ អាច​ធ្វើ​ឲ្យ​ជន​ឃោរ​ឃៅ​ក្លាយ​ជា​សត្វ​ម្រឹគ​ អាច​ធ្វើ​ឲ្យ​​កង​ទ័ព​ទំលាក់​អាវុធ​​ ព្រោះ​​សំលេង​មនុស្ស​ស្រី​គឺជា​អំណោយទាន​ ដែល​មនុស្ស​ប្រុស​គ្មាន​ ព្រោះ​សំលេង​មនុស្ស​ស្រី​មាន​អំណាច​លើ​វិញ្ញាណ​បុរស​ សម​ដូច​​មាន​បុគ្គលាធិដ្ឋាន​សម្តែង​ក្នុង​ធម្មបទដ្ឋកថា​មក​ថា៖

            កាលណោះ មាន​ព្រះបច្ចេកពុទ្ធ និង​​សាមណេរ​ជាកូន​សិស្ស​កំពុង​និមន្ត​ក្នុង​ព្រៃ ពេល​នោះ​ ក៏​មាន​សំលេង​មនុស្ស​ស្រី​អ្នកកាប់អុស​បានច្រៀង​ឡើង​​យ៉ាង​គ្រលួច​​ គឺជា​សំលេង​ដ៏សែន​ពីរោះ ធ្វើឲ្យ​សត្វ​និង​រុក្ខជាតិ​ទាំងឡាយ​ ហាក់នៅ​ទ្រឹង​ស្ងៀម​ឈឹង​ចាំ​ស្តាប់​សំលេង​នេះ។ សាមណេរ​ជា​សិស្ស​គណ​បាន​លឺ​ហើយ​ ក៏​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ ត្រេកអរ ភ្លេច​ភាវៈជា​អ្នក​រក្សា​សីល ហើយ​ចេះ​តែ​ងាក​ទៅរក​ប្រភព​នៃ​សំលេង​នោះ ។ ព្រះ​បច្ចេក​ពុទ្ធ​​​យល់​ពី​​​និស្ស័យ​ក្មេង​ខ្ចី​​នៃ​​សាមណេរ​ ថា​ គេ​កំពុង​ស្រៀវស្រើប​ដោយ​តណ្ហា​ដោយ​សារ​តែ​សំលេង​មនុស្ស​ស្រី​នេះ តែ​លោក​មិនស្តីថា​អ្វីឡើយ​។ ដល់​កាន់តែ​ឆ្ងាយ សំលេង​កាន់តែខ្សោយ ក៏ធ្វើឲ្យ​សាមណេរ​​កាន់​តែ​រោលរាល ខ្លាច​បាត់​បង់​សំលេង ក្លែង​ប្រាប់​លោក​គ្រូ​ដោយប្រការ​ផ្សេង​ៗ រួច​រត់​ទៅ​រក​នារី​ជា​ម្ចាស់​សំលេងនោះ បាន​ប្រលោម​លួង​លោម​ ​​រួមរក្ស​ស្នេហា​នៅទីនោះ​ហោង​។ ទើប​ព្រះបច្ចេកពុទ្ធ​​សំ​ដែង​ថា សំលេង​អ្វី ស្មើ​ដោយ​សំលេង​មនុស្ស​ស្រី​មិន​មាន​។

            ទោះជា​អំណោយទាន​ទាំង​៣មាន​ឥទ្ធិពល​ខ្លាំង​ក្លា​ចំពោះ​បុរស​ ទាំងឡាយ ប៉ុន្តែ​សួរ​ថា​តើ​នារី​គ្រប់រូប​ពិតជា​អាច​គ្រប់គ្រង និង​ប្រើ​ប្រាស់​អំណោយទានទាំងនេះ​ជា​ប្រយោជន៍​បាន​ហើយ​ឬនៅ? ពេល​ខ្លះ វា​ក៏​ក្លាយ​ជា​ដើម​ហេតុ​នៃជម្លោះ ហឹង្សា សង្គ្រាម​ផង​ក៏មាន ក៏​ព្រោះ​តែ​ការ​ដណ្តើម​គ្នា​​ពីសំណាក់​បុរស​ៗ​។ បុរស​គ្រប់រូប​ត្រូវ​ប្រខាំគ្នា​ដណ្តើម​​ឲ្យឈ្នះ ហើយ​ត្រូវ​ឲ្យ​បានច្រើន​ទៀត​ផង​ ហេតុ​នេះ​ហើយ​ទើប​ធ្វើឲ្យ​នារី​មួយ​ចំនួន​​ ចាប់​ផ្តើម​ប្រើប្រាស់អំណោយទាន​ទាំងនេះ​​មក​ដោះ​ដូរ​​​ដោយ​ប្រការ​ផ្សេង​ៗ​។            

​​​​​ ប៉ុន្តែ​បុរស​អ្នក​មាន​ប្រាជ្ញា​ទាំងឡាយ ទំនង​ជា​មិន​បាន​ចាត់​ទុក​អំណោយ​​ទាន​ទាំងនេះ​សំខាន់​ជាង​​អត្ត​ចរិត និងមារយាទ​របស់​មនុស្ស​​នារី​ទាំង​ឡាយ​នោះ​ទេ ព្រោះ​​សម​តាម​ពាក្យ​ទំនៀម​ខ្មែរ​យើង​ពោ​លថា «ស្រីស្អាតស្ថិត​លើ​ចរិយា រីឯបុរស​សង្ហារ​ស្ថិត​លើ​វិជ្ជា​»​។ ឯ​នារី​វ័យ​ឆ្លាត​ទាំង​ឡាយ​ ក៏គង់​នឹង​មិនប្រើប្រាស់​អំណោយទាន​ទាំង​នេះ ឲ្យ​ឈ្លក់វង្វេង​ក្នុង​កាម​គុណ​​​លោកិយ​នោះ​ដែរ ព្រោះ​បើ​សិន​ជា​នាង​រក្សា​អំណោយទាន​ទាំងនេះ​បាន​កាន់តែល្អ វានឹង​មាន​តំលៃកាន់តែ​ខ្លាំង​សម្រាប់​បុរស​ ហើយពួកគេ​នឹង​ទុក​នាង​គឺជា​ទេពអប្សរ។ តែ​ក្នុង​ពេល​ដែល​គេ​ចាត់ទុកនា​ងគឺជា​អប្សរធីតា​ហើយ​ សូម​កុំ​ឈ្លក់វង្វេង​ និង​មាន​អំនួត​​ព្រោះ​តែ​អំណោយ​ទាន​នោះ​ឲ្យ​សោះ។