សប្បុរិសធម៌​​៧​ ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ

សប្បុរិសធម៌​​៧​ ជួយ​ឲ្យ​អ្នក​ជោគ​ជ័យ

សប្បុរិសធម៌ ធម៌របស់សប្បុរស ៧យ៉ាង​ បុគ្គលដែលមានធម៌ទាំង៧នេះក្នុងខ្លួន គឺជាមនុស្សជោគជ័យ ជា​អ្នក​ពូកែ​ខាង​ជំនួញ និងនយោបាយ និងក៏​អាច​ជួយ​ជា​ឧបាយ​ក្នុង​ការ​​គ្រប់​គ្រង​ការរស់នៅ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ផង​ដែរ​។ លោក​ពោល​ថា សប្បុរិស​ធម៌​នេះ កើត​លើ​បុគ្គល​ណា​ហើយ បុគ្គល​នោះ​នឹង​ជា​មនុស្ស​ពោរ​ពេញ​ដោយថាម​ពល​។

១- ធម្មញ្ញុតា ដឹងហេតុ គឺដឹងគោលការណ៍ របៀបរបច្បាប់ទម្លាប់ ក្នុងការបដិបត្តិកិច្ចនាទី យល់ដឹងនៅក្នុងកិច្ចការដែលខ្លួនត្រូវប្រព្រឹត្តទៅតាមហេតុផល ដូចជាដឹងថា មុខតំណែង ឋានៈ អាជីព ឬការងាររបស់ខ្លួនផ្សេងៗទៀត វាមានការប្រព្រឹត្តទៅយ៉ាងណា វាមានអ្វីជាគោលការណ៍ ត្រូវធ្វើយ៉ាងណាទើបបានជាហេតុដើម្បីឱ្យបានសម្រេចផលល្អ ទៅតាមការដែលខ្លួនខំប្រឹងប្រែង និងទៅតាមការដែលខ្លួនឯងជាអ្នកទទួលខុសត្រូវនោះ ដូចនេះជាដើម រហូតដល់ការដឹងនៅក្នុងលំដាប់ថ្នាក់ខ្ពស់ៗឡើងទៅ ទីបំផុតគឺដឹងទាន់នៅក្នុង ច្បាប់ធម្មតាដែលជាគោលការណ៍ពិតរបស់ធម្មជាតិ ដើម្បីបដិបត្តិទល់ជាមួយគ្នានឹងសភាវលោកជុំវិញជីវិត ព្រមទាំងជីវិតផងដែរ ឱ្យបានត្រឹមត្រូវ ឱ្យមានចិត្តប្រព្រឹត្តទៅជាឥស្សរៈ មិននៅក្នុងភាពជាទាសៈ របស់សភាវលោកនិងជីវិតនេះ ដដែលៗឡើយ។

២- អត្ថញ្ញុតា ដឹងទិសដៅដែលជាប្រយោជន៍ ពោលគឺស្គាល់ផលរបស់ហេតុ ជាការដឹងផលសម្រេចនៃគោលការណ៍ដែលខ្លួនបានបដិបត្តិ យល់ច្បាស់ប្រាកដនូវវត្ថុបំណង របស់កិច្ចការដែលខ្លួនត្រូវធ្វើ ដឹងថាគោលការណ៍នោះៗមានលទ្ធផលយ៉ាងណា ការរៀបចំ ដំណើរជីវិតរបស់ខ្លួន ដែលធ្វើអោយមានមុខតំណែង ឋានៈ និងការងារចិញ្ចឹមជីវិតនោះ គួរនឹង បានសម្រចផលដូចម្តេច សំដៅទៅរកអ្វី កិច្ចការដែលខ្លួនកំពុងតែធ្វើ នៅក្នុងខណៈនេះ កាលដែលធ្វើទៅហើយនឹងបង្កើតផលយ៉ាងណាដែរ ជាផលត្រជាក់ ឬផលក្តៅក្រហាយ ដូចនេះជាដើម រហូតដល់ការដឹងផលក្នុងក្នុងលំដាប់ជាន់ខ្ពស់គឺដឹងផលនៃដំណើរធម្មតារបស់ ធម្មជាតិ និងដឹងប្រយោជន៍ដែលមានខ្លឹមសារខ្ពង់ខ្ពស់បំផុត ជាប្រយោជន៍ដែលបានរួចផុតអំពី បញ្ហាជីវិតគ្រប់យ៉ាង។

៣- អត្តញ្ញុតា ស្គាល់ខ្លួនឯង គឺស្គាល់តាមសេចក្តីពិតថា ខ្លួនយើងនេះឯង មានឋានៈ មានភេទ មានកម្លាំង មានចំណេះ មានជំនាញ មានភាពអង់អាច មានគុណធម៌យ៉ាងណា ហើយក៏ប្រព្រឹត្តឱ្យបានសមរម្យទៅតាមឋានៈជាដើមនោះ និងឱ្យបានសម្រេចទៅតាមផ្លូវល្អ ផ្លូវចម្រើន មិនឱ្យខ្លួនធ្លាក់ចូលទៅក្នុងផ្លូវនៃសេចក្តីវិនាស។

៤- មត្តញ្ញុតា ស្គាល់ល្មមប្រមាណ គឺបានដល់ស្គាល់ល្មមប្រមាណក្នុងការបរិភោគ ស្គាល់ល្មម ប្រមាណក្នុងការចាយវាយនូវទ្រព្យសម្បត្តិ ស្គាល់ល្មមប្រមាណក្នុងការនិយាយស្តី និងស្គាល់ ល្មមប្រមាណក្នុងការប្រព្រឹត្តនូវកិច្ចការ រហូតដល់ស្គាល់ប្រមាណក្នុងការសម្រាកសម្រាន្ត កំសាន្តសម្បាយក្នុងរឿងផ្សេងៗទៀតផង។

៥- កាលញ្ញុតា ស្គាល់កាល គឺស្គាល់ពេលវេលាដ៏សមគួរនិងរយៈពេលដែលគប្បីប្រើ ក្នុងការ ប្រកបកិច្ចការ បំពេញការងារតាមមុខនាទី ស្គាល់កាលដែលត្រូវទាក់ទងជាមួយនឹងអ្នកដទៃ ដឹងថាពេលណាគួរធ្វើអី្វ ត្រូវនិយាយអ្វី ។ ម៉្យាងទៀត ធ្វើការឱ្យត្រឹមត្រូវតាមពេលវេលា គឺឱ្យទាន់ពេល ឱ្យល្មមពេល ឱ្យសមពេល ឱ្យត្រូវពេល ដូចនេះជាដើម។

៦- បរិសញ្ញុតា ស្គាល់ប្រជុំជន គឺស្គាល់ទីកន្លែងប្រជុំជន និងពពួកជន ស្គាល់របៀបរបបទំនៀម ទម្លាប់ប្រពៃណីរបស់មនុស្សក្នុងស្រុកភូមិដែលខ្លួនត្រូវបដិបត្តិជាមួយ ដឹងថា ពពួកមនុស្សក្នុង ទីនេះ កាលយើងចូលទៅរក ត្រូវធ្វើអាកប្បកិរិយាយ៉ាងនេះ ត្រូវនិយាយយ៉ាងនេះ ម៉្យាងទៀត គឺដឹងថា ពពួកមនុស្សក្នុងទីនេះ ត្រូវការយ៉ាងនេះមួយ យ៉ាងនោះមួយ ហើយត្រូវទាក់ទង ត្រូវជួយសង្គ្រោះ ត្រូវបម្រើ ត្រូវឧបត្ថម្ភ ត្រូវបំពេញប្រយោជន៍ឱ្យយ៉ាងនេះឬយ៉ាងនោះ ជាដើម។

៧- បុគ្គលញ្ញុតា ស្គាល់បុគ្គល គឺស្គាល់ និងយល់សេចក្តីផ្សេងគ្នានៃបុគ្គលម្នាក់ៗ ស្គាល់អធ្យាស្រ័យ ស្គាល់ភាពអង់អាចសេចក្តីក្លាហាន ស្គាល់ការឆ្លាតឬល្ងង់ និងស្គាល់គុណធម៌ជាដើមនៃបុគ្គលនោះៗ ហើយត្រូវដឹងកិច្ចបដិបត្តិរបស់ខ្លួនជាមួយបុគ្គល ដទៃទាំងនោះថា គួរគប់រកឬទេ បើសេពគប់ជាមួយហើយបានផលយ៉ាងណា ម៉្យាងទៀត គឺដឹងថា បុគ្គលនេះត្រូវទំនាក់ទំនង ត្រូវប្រើ ត្រូវសរសើរ ត្រូវលើកតម្កើង ត្រូវតិះដៀល ឬណែនាំទូន្មានប្រៀនប្រដៅយ៉ាងណាៗ ទើបនឹងបានផលល្អ ដូចនេះជាដើម។

មានធម៌របស់សប្បុរស៧យ៉ាងទៀតបន្ថែមពីលើសប្បុរិសធម៌ខាងលើនេះគឺៈ

  1. សប្បុរសប្រកបដោយធម៌៧ប្រការគឺ មានសទ្ធា មានសេចក្តីខ្មាស់បាប មានសេចក្តីខ្មាស់បាប ជាមនុស្សបានរៀនបានស្តាប់ច្រើន ជាមនុស្សមានសេចក្តីព្យាយាម ជាមនុស្សមានសតិខ្ជាប់ខ្ជួន ជាមនុស្សមានបញ្ញា។
  2. នឹងប្រឹក្សាជាមួយនរណាក៏មិនប្រឹក្សាដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
  3. នឹងគិតអ្វីក៏មិនគិតដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
  4. នឹងនិយាយអ្វីក៏មិននិយាយដើម្បីបៀតបៀនខ្លួននិងអ្នកដទៃ។
  5. នឹងធ្វើអ្វីក៏មិនធ្វើដើម្បីបៀតបៀនខ្លួន និង អ្នកដទៃ។
  6. មានការយល់ត្រូវគឺយល់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ជាដើម។
  7. ឱ្យទានដោយគោរព គឺយកចិត្តទុកដាក់អើពើចំពោះរបស់ដែលខ្លួនឱ្យ និងអ្នកទទួលទាន នោះ មិនធ្វើអាការៈដូចគេគ្រវាត់ ឬបោះចោល។

បុគ្គលដែលជាសប្បុរសគឺជាអ្នកយល់ច្បាស់និងបដិបត្តិតាមគោលធម៌ទាំងនេះ សប្បុរិស ធម៌នេះនឹងនាំអ្នកប្រតិបត្តិអោយជៀសផុតពីវិបត្តិផ្សេងៗ នឹងបានជាមនុស្សប្រសើរ ក្នុងសង្គម ដូច្នេះសប្បុរសទាំងឡាយគប្បីជ្រាប។