សេចក្តីស្នេហាគឺជាអារម្មណ៍ជាប់ស្អិតម្យ៉ាងដែលមនុស្សប្រុសស្រីគ្រប់គ្នាប្រាថ្នាចង់បាន។ វាមិនមែនជាទឹកឃ្មុំ តែវាមានរស់ដូចជាទឹកឃ្មុំ វាមិនមែនជាថ្នាំពុល តែវាអាចបំពុលមនុស្សអោយស្លាប់បាន ។ វាគ្មានក្លិន គ្មានពណ៍ តែវាបានបង្កប់ដោយរស់ជាតិច្រើនរាប់មិនអស់ ជារស់ជាតិដែលគ្មានអ្នកប្រាជ្ញណាអាចរៀបរាប់អោយអស់បាន ហើយវាក៏ជារបស់ដែលខ្ញុំចង់បានដូចគ្នា។
ខ្ញុំឈ្មោះសម្បត្តិ តែមិនមែនជាអ្នកមានទេ។ និយាយពីរូបរាងវិញក៏មិនអាចរាប់ថាជាបុរសសង្ហារនោះទេ គ្រាន់តែខ្ញុំចូលចិត្តស្លៀកពាក់របៀបប្លែកៗបន្តិច ដែលមើលទៅក៏រាប់ថាជាមនុស្សចុះចំណោមម្នាក់ដែរ។ ឆ្នាំ២០១៤ ខ្ញុំជានិស្សិតផ្នែកពត៌មានវិទ្យាឆ្នាំទី4 នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ ពិតណាស់ គេថានិស្សិតផ្នែកពត៌មានវិទ្យានេះ ពិតជាពិបាកស្វែងរកសង្សារនិងគេណាស់ ព្រោះពុំសូវមានពេលវេលាគ្រប់គ្រាន់ ហើយមិត្តភក្តិភាគច្រើនគឺជាសុទ្ធជាបុរសៗ។
រសៀលថ្ងៃមួយ ខ្ញុំតែម្នាក់ឯងបានដើរចេញពីអាហារដ្ឋានសាកលវិទ្យាល័យ ជាមួយកូតាបស្ពាយដ៏ធំមួយនៅលើខ្នង។ នៅច្រកចូលផ្នែកខាងក្រោយ គឺជាកន្លែងផ្ញើយានជំនិះរបស់និស្សិត។ ទីនោះមានដើមស្វាយធំៗល្មមអាចចោលម្លប់ ល្មមអាចអង្គុយអានសៀវភៅ ឬធ្វើកិច្ចការសាលា ហើយវាជាកន្លែងដែលខ្ញុំឧស្សាហ៌អង្គុយបង្ហុយភាពឯការនៅទីនោះតែម្នាក់ឯងដែរ។ ថ្ងៃនេះក៏មិនខុសពីលើកមុន ខ្ញុំបានបង្អូសដំណើរដ៏ហេវហត់មកទំលាក់អង្គុយនៅក្រោមដើមស្វាយមួយក្បែរអាហារដ្ឋាន ដើម្បីរងចាំដល់ម៉ោង៥ល្ងាចទើបចូលស្តាប់សំលេងដ៏សែនពីរោះរបស់សាស្រ្តាចារ្យ ជាសំលេងដែលពេលខ្លះធ្វើអោយខ្ញុំងងុយដោយមិនដឹងខ្លួន។
នៅឯច្រកទ្វារចូល និស្សិតដែលទើបនឹងបានបញ្ចប់ម៉ោងសិក្សា ហាក់មានទឹកមុខរីករាយ ដូចត្រូវឆ្នោតវាល់លាន ឬឯអ្នកឯទៀតដែលជិតដល់ម៉ោងចូលរៀន ហាក់មានទឹកមុខដូចត្រូវគេចងយកទៅប្រហារ។ ដោយឡែកខ្ញុំឯណេះវិញ កំពុងត្រូវបានខ្យល់ត្រជាក់ល្ហៀកៗ មកបបោសលួងលោមអារម្មណ៍ លាយលំដោយសំលេងស្លឹកស្វាយប៉ះទង្គិគគ្នាលាន់សូរឆាវៗ តិចៗ ដូចជាសំលេងនៃទេពនារីកំពុងចរចាប្រលោមព្រលឹងខ្ញុំអោយស្លុងស្លុតមួយភ្លែតៗ ដូចជាមនុស្សដែលត្រូវបានគេសណ្តំ។ ជួនកាលសំលេងសត្វសារិកា ស្រែកឈ្លោះត្រគោះគ្នាដណ្តើមស្វាយទុំបានដាស់ខ្ញុំអោយភ្ញាក់មកវិញ ហើយចោលភ្នែកទៅកាន់និស្សិតស្រីស្រស់បវរ កំពុងដើរកំដរគ្នាទៅកាន់អាហារដ្ឋាន។ ទិដ្ឋភាពបែបនេះដូចជាបានចូលមកពញ្ញាក់បេះដូងដ៏សោះក្រោះរបស់ខ្ញុំអោយនឹកចង់បានអ្វីម្យ៉ាងតែមិនសូវជាច្បាស់ថាជាអ្វី ឬដូចជាមនុស្សដែលកំពុងឃ្លាន តែមិនដឹងជាឃ្លានអ្វី។ ឳ! នេះឬគេហៅថា អារម្មណ៍ឯកា? ពិតមែនហើយ បើទោះជារូបសម្រស់របស់និស្សិតស្រីទាំងឡាយបានទាក់ទាញចំណាប់អារម្មណ៍បេះដូងខ្ញុំមែនតែខ្ញុំនៅតែពុំអាចរកឃើញរូបគំនូរពិតប្រាកដដែលកំពុងឆ្លាក់ក្នុងបេះដូងខ្ញុំដែរ ឬមួយសភាពបែបនេះគេហៅថាមិនទាន់ដល់គូ?
មើលទៅឯបស្ចឹមទិសឯណោះវិញ ព្រះទិវនករបានចុះចាករាជរតន៌ សំដៅក្រឡាបន្ទុំ បន្ថយកំដៅបន្តិចម្តងៗ ជំនួសដោយពន្លឺនៃរាត្រីដែលចាប់ផ្តើមមានឥទ្ធិពលមកលើផែនដី។ ភ្លើងអំពូលមួយចំនួននៅជុំវិញកន្លែងផ្ញើយានជំនិញចាប់ផ្តើមបើក បញ្ជាក់ថា ខ្ញុំជិតដល់ពេលចូលសមរភូមិហើយ។ ក្នុងអារម្មណ៍ពេលនេះ គឺមិនខុសគ្នានឹងទឹកមុខនិស្សិតឯទៀត ដែលកំពុងតម្រង់ទៅរកថ្នាក់រៀននោះទេ។ ខ្ញុំចាប់ក្រោកយ៉ាងតឹងសរសៃ ចេញចាកពីក្រោមម្លប់ស្វាយដ៏មានក្តីសុខ បំណងឡើងទៅកាន់បន្ទប់រៀន។
នៅទីលានចតយានយន្ត មានជណ្តើរកាច់មួយ ជាផ្លូវកាត់ឡើងទៅកាន់បន្ទប់រៀន។ ខ្ញុំឡើងតាមជណ្តើរនោះ តែអារម្មណ៍ហាក់មិននៅជាប់ខ្លួននោះទេ ព្រោះក្នុងពោះដូចជាមានកងទ័ពរាប់សិប ម៉ិននាក់កំពុងប្រយុទ្ធក្នុងមហាសង្គ្រាមមួយ។ ខ្ញុំឡើងបានពាក់កណ្តាលជណ្តើរស្រាប់តែ ព្រុស ប្រាវ នរណាម្នាក់ដើរចុះមិនប្រយ័ត្នមកបុកស្មាររបស់ខ្ញុំមួយទំហឹង ស្ទើតែដួលផ្ងាក្រោយ។ ខ្ញុំរហ័សងាកមើល ទើបយល់យុវតីម្នាក់ ក្នុងសំលៀកបំពាក់សាមញ្ញ ដៃកាន់សៀវភៅធំៗពីរបី ភ្នែកពាក់វែនតាក្រាស់ឃ្មឹក បានដើរបុកស្មារខ្ញុំ ធ្វើអោយនាងភ្ញាក់ជ្រុះ សៀវភៅពីដៃ។ ខ្ញុំប្រញ៉ាប់ឳនជួយរើសសៀវភៅអោយនាង និងនិយាយពាក្យសុំទោស ព្រោះខ្ញុំគិតថាវាជាកំហុសរបស់ខ្ញុំដែលដើរមិនប្រយ័ត្នទៅប៉ះនាងមុន។ យុវតីស្រាប់តែងើបមកញញឹមដាក់ខ្ញុំជាភាសាអរគុណ តែវាគឺជាស្នាមញញឹមដែលមុតដូចជាកាំបិតស្រួច ផ្អែមជាងទឹកឃ្មុំខែប្រាំង និងមានអំណាចជាងសំរែករាជសីហ៌ទៅទៀត។ ខ្ញុំញញឹមតបទៅនាងវិញ តែខ្ញុំស្ទើតែទប់ជំហរខ្លួនឯងមិនជាប់ ព្រោះស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាងកំពុងធ្វើអោយខ្ញុំតក់ស្លុត មានអារម្មណ៍ដូចជា ត្រូវចោរកំណាចកំពុងតែលើកកំបិតភ្ជង់ត្រង់កបំរុងកាប់បំបង់។ ឳ! នេះហើយជាស្នាមញញឹមដែលតែងតែរីកក្នុងបេះដូងខ្ញុំជារៀងរាល់ថ្ងៃ ដូចជាផ្កាឈូកដែលកំពុងតែក្រពុំពេញលំអង វាមានអំណាចអាចធ្វើអោយខ្ញុំស្លាប់បានភ្លាមមួយរំពេចបាន។ បើសិនរូបភាពនេះគឺជាព្រេងវាសនា ខ្ញុំសូមប្រាថ្នាភ្លាមៗថា នាងគឺជាម្ចាស់បេះដូងខ្ញុំចាប់ពីពេលនេះតទៅ ក៏ព្រោះតែរូបភាពនៃស្នាមញញឹមនេះ បានឆ្លាក់ជាប់ក្នុងបេះដូងខ្ញុំ ដែលខ្ញុំដឹងភ្លាមថា ចំលាក់នៃស្នាមញញឹមនេះនឹងមានអត្ថិភាពអស់ពេញមួយជីវិតខ្ញុំតែម្តង។ខ្ញុំរើសសៀវភៅចុងក្រោយ ហុចអោយនាង ហើយហើបបបូរមាត់បំរុងនិយាយពាក្យសុំទោសម្តងទៀត ក៏ត្រូវស្នាមញញឹមទីពីររបស់នាងមកបង្កកជាប់ ហើយនាងក៏ក្រោកដើរចេញទៅ។ ស្នាមញញឹមលើកទី១ ធ្វើអោយខ្ញុំស្ទើតែគាំងបេះដូង តែស្នាមញញឹមលើកទី២បែជាជួយស្រោចស្រង់ភាពលិចលង់នៃអារម្មណ៍រវើរវាយរបស់ខ្ញុំអោយស្ងប់សុខទៅវិញ។ ខ្ញុំក្រោកឈរ ហើយតាមសំលឹងមើលដំនើរយុវតីម្ចាស់បេះដូងពីខាងក្រោយរហូតនាងបាំងបាត់ទៅក្នុងអាហារដ្ឋានសាលា។ ខ្ញុំបែបមកវិញជាមួយសំនួរមួយថា តើនាងជានិស្សិតឆ្នាំទីប៉ុន្មាន ហើយតើនាងឈ្មោះអី តើនាងមានមិត្តប្រុសហើយឬនៅ? មែនហើយ! វាគ្មានចំលើយនោះទេ។ ខ្ញុំគ្រវីក្បាលតិចៗ ហើយសំលឹងមើលកាំជណ្តើបន្តដំណើរទៅទៀតសំដៅបន្ទប់រៀន ដែលមានមិត្តភក្តិមួយចំនួនកំពុងចាំនៅទីនោះ។
នៅក្នុងថ្នាក់ ខ្ញុំបានយករឿងអម្បាញ់ម៉ិញមកប្រាប់មិត្តភក្តិ ធ្វើអោយគេគ្រប់គ្នាភ្ញាក់ផ្អើល និងបាននិយាយថា បេះដូងរបស់ខ្ញុំបានបើកហើយ។ ប៉ុន្តែពិតទៅ វាដូចជារឿងគួរអោយអស់សំណើច ព្រោះតែសូម្បីតែឈ្មោះរបស់នាងក៏ខ្ញុំមិនស្គាល់ផង តើអោយបន្តក្តីស្រម៉ៃនេះបានយូរប៉ុណ្ណាទៅ? គិតដល់រឿងនេះ ខ្ញុំចាប់ផ្តើមមានគំនិតមួយថា បើសិនជាយើងគ្រាន់តែប្រើការស្រម៉ៃដោយមិនបានបញ្ចេញកំលាំងពុះពារ តើរបស់ណាដែលនឹងរត់មករកយើងដោយខ្លួនឯងនោះ ដូចជាទ្រឹស្តីក្នុងគតិលោកបាននិយាយថា តើមានម្រឹគឯងណាបោលចូលមាត់សីហៈដេកលក់នោះ?
ចាប់ពីថ្ងៃនោះមកខ្ញុំបានហៅឈ្មោះនាងថា នារីកំពូលស្នេហ៍ ព្រោះដោយសារតែស្នាមញញឹមដែលតែងតែរីកជាប់ក្នុងបេះដូងរហូតមកនោះ បានជម្រុញអោយខ្ញុំមកកាន់សាលារៀងរាល់ម៉ោង៣រសៀល ព្រោះរឿងមួយដែលខ្ញុំដឹងគឺ នាងច្បាស់ជាមិនមែនរៀនពេលល្ងាចនោះទេ។ ខ្ញុំតែងចូលទៅអង្គុយនៅអាហារដ្ឋានរបស់សាលា និងទីធ្លាសម្រាប់និស្សិតនៅខាងមុខបណ្ណាល័យ ធ្វើដូចជាអ្នករៀនសូត្រប្រឹងប្រែងម្នាក់ តែតាមពិតគឺតាមរកស្រីឯតើ។ វាគ្មានកំហុសនោះទេ ដោយគ្រាន់តែតាមរកនារីកំពូលស្នេហ៍របស់យើងនោះគ្មានច្បាប់ណាដាក់ទោសសកម្មភាពបែបនេនោះ ទេ មែទេ? ឧទាហរណ៌ថា ពេលណាមួយស្រាប់តែនារីកំពូលស្នេហ៍បានដឹងរឿងនេះក៏នាងមិនមានសិទ្ធហាមឃាត់ការពុះពាររបស់ខ្ញុំបានដែរ។
រសៀលថ្ងៃមួយ ខ្ញុំនឹងមិត្តជិតដិតម្នាក់ឈ្មោះ សម បានដើរជាមួយគ្នាចូលទៅកាន់អាហារដ្ឋានសាលាដូចរាល់ដង។ ឆ្លៀតពេលនោះខ្ញុំបានណែនាំនារីកំពូលស្នេហ៍របស់ខ្ញុំអោយគេស្គាល់ ដោយរៀបរាប់តាមដំណើររឿងដែលបានកើតឡើងកាលពីថ្ងៃមុន សម ស្រាប់តែទប់ជំហ៊ានគាត់ទ្រឹងស្ងៀមមួយកន្លែង ហើយលើកដៃគេស្ទាបថ្ងាស់ខ្ញុំ ដូចជាកំពុងតាមដានកំដៅដែលតែងប្រែប្រួលរបស់ខ្ញុំ ឬប្រហែលមកពី គាត់យល់ថាខ្ញុំកំពុងតែឈឺ។ ពេលទំលាក់ដៃចុះ គាត់បានសំលឹងមុខខ្ញុំ ជាមួយចិញ្ចើមជ្រួញស្ទែតែខិតជិតដល់គ្នា..៖
-នែ! អាសម្លាញ់ បើតាមតែភិនភាគដែលឯងរៀបរាប់អម្បាញ់ម៉ិញនេះ អញធ្វើការផ្គុំរូបភាពស្រមើស្រម៉ៃ អញដូចជាធ្លាប់ស្គាល់ម៉េចមិនដឹងទេវ៉ី! មើល៍ឯងរៀបរាប់បន្តិចទៀតមើល.. ហឺ!
-បានៗ (ខ្ញុំប្រញ៉ាប់តប) ដោយសារតែនាងពាក់វែនតា ដូច្នេះគ្នាមើលមិនដឹងនាងមានភ្នែកតូចឬធំទេ ហើយដោយសារតែនាងស្ពាយកូតាបធំមួយលើខ្នង គ្នាមិនដឹងថាតើនាងមានមាឌយ៉ាងម៉េចទេ អ្វីដែលគ្នាចងចាំច្បាស់បំផុតនោះគឺ នាងមានទងបបូមាត់ស្តើងពណ៌កុមុទ មានសាច់សម៉ដ្ឋរលោង មានសក់ស្តើងដែលមានក្លិនប្រហើរដូចផ្កាម្លិះពេលរាត្រី។ ពេលនាងញញឹមលើកទី១ ធ្វើអោយគ្នាមើលឃើញច្បាស់រង្វង់មុខពងក្រពើរបស់នាង ពេលនាងញញឹមជាលើកទី២ ធ្វើអោយខ្ញុំភ្លេចថា នៅជុំវិញខ្លួនគឺជាសាលារៀនទៅហើយ…
និយាយមកដល់ប៉ុណ្ណេះ ស្រាប់តែ សម ទះក្បាលខ្ញុំពីក្រោយ «ផាច់» ជាមួយពាក្យកាត់៖
-អារំបល់យក៍ រៀបរាប់មើលតែប្រលោមលោក អ្នកណាអាចគូសរូបតំណាងបាន។ សរុបមកនាងមានសក់ស្តើង ភ្នែកពាក់វែនតា ចង្កាស្រួច សាច់ស ញញឹមស្រស់… មែនទេ?
គេសំលឹងខ្ញុំរាងមុខមាំបន្តិច ធ្វើអោយខ្ញុំងក់ក្បាលយល់ព្រមតាមការសង្ខេបរបស់គេភ្លាមៗតែម្តង។ រំពេចនោះ គេក៏ដកទូរស័ព្ទចេញពីហោប៉ៅ ហើយបើកហ្វេសប៊ុក រុញចុះឡើងៗ និងវាយពាក្យស្វែងរកធ្វើដូចជាគេកំពុងស្គាល់ច្បាស់ចឹង។ ខ្ញុំអើតក្បាលមើលទូរស័ព្ទរបស់គេ ហើយសួរ..
-ឯងស្គាល់មែន អាម៉ាក?
សម បែមើលមុខខ្ញុំដោយទឹកមុខមិនប្រែប្រួល រួចគ្រវីក្បាល ជាមួយចំលើយ..៖
-អញ អត់ស្គាល់ទេ! គ្រាន់តែកំពុងស្វែងរកក្នុងបញ្ចីរមិត្តភក្តិ ព្រោះដូចជាប្រហែលៗ ចាំម៉ាភ្លែតវេស!
-ឆឹស! ឯងស្មានថាវាគ្រាន់បើ..
ខ្ញុំញាក់ស្មាដាក់ពួកម៉ាក រួចបន្តមើលទូរស័ព្ទរបស់គេទៀត។ រំពេចពេលនោះ រូបភាពមួយបានហោះកាត់ខួរក្បាលខ្ញុំ។ វាជារូបភាពនៃស្នាមញញឹម និងរង្វង់មុខរបស់ នារីកំពូលស្នេហ៍ ហើយប្រញ៉ាប់ចាប់ដៃ សម អោយឈប់ទាញចុះឡើង..
-ឈប់ៗ… ឈប់សិន ដូចជាប្រហែលហើយវ៉ើយ…
ខ្ញុំស្រវាទាញទូរស័ព្ទសមមកកាន់ម្តង ហើយរំកិលលទ្ធផលស្វែងរកនៅលើហ្វេសប៊ុកអោយចុះក្រោមដោយប្រុងប្រយ័ត្ន។ រូប Profile មួយកំពុងទាក់យកព្រលឹងខ្ញុំ ខ្ញុំបិតភ្នែករំលឹកទៅកាន់រូបភាពនៃស្នាមញញឹមរបស់ នារីកំពូលស្នេហ៍ ដើម្បីស្វែងរកសម្រស់វង់ភក្ត្ររបស់នាងមកប្រៀបធៀបនឹងរូបក្នុងហ្វេសប៊ុកនេះ។ ឈ្មោះក្នុង Profile ហ្វេសប៊ុករបស់នាងគឺ ព្រះនាងខ្ញុំ (ជាឈ្មោះតំណាងដែលខ្ញុំដាក់ដោយខ្លួនឯង) ដែលបេះដូងខ្ញុំពេលនេះបានកំណត់ដោយឥតស្ទាក់ស្ទើថា គឺជារូបរាងរបស់នារីកំពូលស្នេហ៍ហើយ។ ខ្ញុំងាកទៅមើលមុខអាសម្លាញ់ សម ហើយប្រាប់គាត់៖
-ម្នាក់នេះហើយវ៉ើយ!
-ឯងច្បាស់ហើយ? (សមសង្កត់សំនួរ)
-ច្បាស់ហើយ គឺប្រាកដជានាង!
ខ្ញុំប្រញ៉ាប់លូកយកទូរស័ព្ទខ្លួនឯងចេញពីហោប៉ៅ ហើយបើលហ្វេសប៊ុក រួចវាយឈ្មោះ ព្រះនាងខ្ញុំ នៅក្នុងប្រអប់ស្វែងរក។ ខ្ញុំក្រឡេកទៅកាន់របាថ្ងៃខែ ឃើញវាចង្អុលចំ ថ្ងៃទី៣០ ឧសភា ឆ្នាំ ២០១៤។ ស្វែងរកឃើញហើយ ខ្ញុំក៏ចុចបញ្ចូនពាក្យស្នើសុំជាមិត្តភក្តិទៅកាន់នាង ជាមួយប្រអប់បេះដូងក្នុងទ្រូងដែលហាក់កំពុងតែញ៉ាប់ញ័រយ៉ាងចំប្រប់ដូចកូនកណ្តុរដែលទើបនិងកើត ឬដូចម៉ាស៊ីនកិនស្រូវកំពុងបំប៉ោងសំលេងកំទេចគ្រាប់ស្រូវតូចល្អិតអោយចេញជាអង្ករ។ ចុចបញ្ចូនរួចហើយខ្ញុំងាកមើលមុខអាសម្លាញ់ ហើយដកដង្ហើមវែងមួយច្រមុះ…
-អ្ហើយ! ឯងមានអារម្មណ៍ដូចហោះចឹងពេលនេះ (ខ្ញុំនិយាយនិងមិត្តភក្តិ)
-អើ! (សមញញឹមឆ្លើយតប) បើឯងសប្បាយចិត្តចឹង ល្ងាចហ្នឹងប៉ាវមីឆាសាច់គោមកវ៉ើយ
-បានតើ! (ខ្ញុំទះស្មាសមស្រាលៗ រួចរុញគេអោយដើរទៅមុខ)
នៅគ្រានោះ អារម្មណ៍របស់ខ្ញុំប្រៀបស្មើនិងសត្វបាក់ស្លាបម្ខាងកំពុងហើរតែលតោលនៅនាកណ្តាលមហាសាគរ ដោយមិនដឹងថានឹងធ្លាក់បាក់ចុះទំលុះទឹកបង់សង្ខារនៅពេលណាឡើយ ព្រោះតែពុំឃើញ ព្រះនាងខ្ញុំ ឆ្លើយតប ឬយល់ព្រមធ្វើជាមិត្តភក្តិជាមួយខ្ញុំ តែអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនោះគឺ ការចូលមើលរូបថត និងសកម្មភាពរបស់នាងជាច្រើន។ ពេលនោះហើយ ទើបខ្ញុំដឹងថា នាងពិតជានារីម្នាក់ដែលតែងបង្ហាញខ្លួនក្នុងក្តីស្រម៉ៃគ្មានព្រំដែនរបស់ខ្ញុំរហូតមក។ ខ្ញុំចាប់ផ្តើមបង្កើតក្តីស្រម៉ៃដ៏មហាសែនសុខជាមួយព្រះនាងខ្ញុំ ដែលភាពរវើរវាយនោះជួនកាលធ្វើអោយខ្ញុំភ្លេចខ្លួនថា កំពុងនៅក្នុងថ្នាក់រៀន ឬកំពុងធ្វើដំណើរតាមផ្លូវ ឬកំពុងគេងលើគ្រែឡើយ។ ទោះជាខ្ញុំដឹងថា វាគ្រាន់តែជាក្តីស្រម៉ៃ ក៏ខ្ញុំមិនចង់អោយវាបាត់បង ឬបញ្ចប់ទៅនៅពេលណាមួយដែរ ព្រោះវាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ស្ងប់សុខដូចជាកំពុងស្តាប់បទភ្លេងល្វើយៗក្នុងទីដ៏ស្ងប់ស្ងាត់។
ប៉ុន្តែលើលោកនេះ រឿងអ្វីក៏អាចកើតឡើងបានដែរ ជួនកាលរឿងដែលយើងពុំដែលសង្ឃឹមសោះថាវានឹងកើតឡើង វាក៏បានកើតឡើងដោយរូបភាពមិនគួរអោយជឿក៏មាន។ មែនហើយ! នេះគឺជារឿងពិត ព្រោះនៅថ្ងៃទី៣ មិថុនា ២០១៤ គឺនៅក្រោយពេលប៉ុន្មានថ្ងៃក្រោយ ព្រះនាងខ្ញុំ ក៏ស្រាប់តែឆ្លើយតបការស្នើសុំរបស់ខ្ញុំ។ តើអ្នកដឹងទេ ព្រលឹងរបស់ខ្ញុំពេលនេះ ដូចជាមិនបាននៅក្នុងខ្លួននោះទេ វាដូចជាបានហោះចេញទៅណាបាត់ ទុកកាយដែលមានតែសំបកនេះអោយខ្ញុំរកតែកំរើកអ្វីមិនបាន ភ្នែកវិញបានត្រឹមតែសំលឹងអេក្រង់ទូរស័ព្ទនៅនឹងថ្កល់ តែអ្វីដែលអាចកំរើកនៅពេលនេះគឺបបូរមាត់។ មួយសន្ទុះក្រោយមកទើបព្រលឹងបួនដប់របស់ខ្ញុំត្រឡប់មកវិញ ខ្ញុំប្រញ៉ាប់ចាប់ទូរស័ព្ទបើកមើលទំព័ររបស់ព្រះនាង និងបានផ្ញើសារទៅសម្លាញ់សម៖
-អាសម្លាញ់អើយ! ព្រះនាងខ្ញុំ ព្រមទទួលការសុំហើយ
-អើ! សប្បាយតែឯងទៅ តែកុំភ្លេចមេរៀនប្រឡងបញ្ចប់ផងវ៉ើយ.. ជួយអរណា!
សម្លាញ់ខ្ញុំតបតែប៉ុណ្ណេះក៏ស្ងាត់ទៅវិញ ទំនងជាគេទុកពេលអោយខ្ញុំបន្តបេសកកម្មបេះដូងតែម្នាក់ឯង ស្វែងរកការធ្វើទំនាក់ទំនងជាមួយព្រះនាងខ្ញុំ។ ខ្ញុំចាប់ផ្តើមចូលមើលទំព័រហ្វេសប៊ុករបស់ព្រះនាង ជាមួយចិត្តរំភើបស្ទើហើបផុតពីដី។
ម៉ោង១០យប់ អ្នកខ្លះក៏សម្រានលង់លក់ អ្នកខ្លះក៏នៅអានសៀវភៅ ក្រោមសំលេងតំណក់ទឹកភ្លៀងដើមឆ្នាំស្រក់លើដំបូលកុដិលោក នាវត្តបទុមវតី។ ខ្ញុំកំពុងគេងលួចមើលទំព័រហ្វេសប៊ុករបស់ព្រះនាងខ្ញុំ ពីមួយទំព័រទៅមួយទំព័រ មើលរូបភាពពីមួយទៅមួយដោយពុំមានអារម្មណ៍ស្កប់ស្កល់បន្តិចណាសោះ ជួនកាលខ្យល់ខ្លាំងមួយឆាវបក់នាំផ្សែងទឹកកភ្លៀងចូលតាមបង្អួនមកធ្វើឲ្យភ្ញាក់ត្រជាក់បន្តិច ក៏ខ្ញុំពុំចាប់អារម្មណ៍ខ្វល់រហល់កាយអ្វីឡើយ ព្រោះរឿងមួយដែលខ្ញុំកំពុងយកចិត្តទុកដាក់នៅពេលនេះគឺ រូបភាពរបស់ព្រះនាងខ្ញុំ។
យប់កាន់តែយូរ សំលេងភ្លៀងកាន់តែខ្លាំង ខ្យល់កាន់តែត្រជាក់។ អារម្មណ៍ខ្ញុំចាប់ផ្តើមប្រែប្រួលដូចជាដំឡូងចៀនដែលកំពុងត្រូវកំឡោចក្នុងខ្ទះខ្លាញ់ដែលមានកំដៅរាប់ពាន់អង្សារ ត្បិតតែបានចាប់អារម្មណ៍ថា ព្រះនាងខ្ញុំ មិនមែនជានារីម្នាក់ដែលនៅទំនេរនោះទេ។ ខ្ញុំចាប់ផ្តើមឃើញរូបភាពជាច្រើនដែលបង្ហាញថា ព្រះនាងខ្ញុំ និងបុរសម្នាក់កំពុងតែមានភាពផ្អែមឆ្អិត ជាមួយកែវភ្នែកដែលពោរពេញដោយសេចក្តីស្នេហា ប៉ុន្តែគ្រប់ស្នាមញញឹមរបស់នាងនៅក្នុងរូបថត នៅតែអង្រួនចិត្តខ្ញុំឥតឈប់ឈរ។
មែនហើយ រាត្រីកាន់តែស្ងាត់ គ្រាប់ភ្លៀងកាន់តែលឺខ្លាំងឡើង ស្របពេញសំលេងបេះដូងក្នុងទ្រូងរបស់ខ្ញុំហាក់កាន់តែវាយស្នូរខ្លាំងឡើងដែរ។ ឳ! តាមពិត ព្រះនាងខ្ញុំ នាងមានមិត្តប្រុសរួចទៅហើយទេតើ មិនមែននៅទំនេរ អាចទទួលយកសេចក្តីស្នេហារវើរវាយរបស់ខ្ញុំបានទៀតទេ ចឹងមានអ្វីដែលខ្ញុំត្រូវរំពឹងទៀត?
ខ្ញុំចាប់ផ្តើមផ្ញើសារទៅសម្លាញ់សម ប្រាប់ពីដំណឹងថ្មីៗដែលខ្ញុំទើបនឹងរកឃើញបន្ទាប់ពីធ្វើការរុករកនៅក្នុងទំព័រហ្វេសប៊ុករបស់ព្រះនាងខ្ញុំ។
-អាសម្លាញ់អើយ! គ្នារកឃើញថា ព្រះនាងខ្ញុំ មានមិត្តប្រុសរួចទៅហើយ ឯងអស់សង្ឃឹមរលីងតែម្តងអ្ហា!
មួយសន្ទុះក្រោយទើប សម ឆ្លើយតបសាររបស់ខ្ញុំ..
-អើ! ឯងក៏បានមើលដែរ ហើយមិត្តប្រុសរបស់នាងដូចជាធ្លាប់រៀនជាមួយអញ ក្នុងម៉ោងណាមួយមិនដឹង គឺប្រហែលមុខទាំងពីរនាក់ហ្នឹងឯង។ ណ្ហើយ! កាត់ចិត្តចុះអាសម្លាញ់ ឈប់រវើរវាយជាមួយស្នេហាដែលមិនអាចទៅរួចនោះទៅ។
ខ្ញុំដូចជាយល់ស្របនិងសម្តីរបស់អាសម្លាញ់សម ទើបព្រមងក់ក្បាលដាក់ទូរស័ព្ទ រួចហើយទំលាក់វាចុះពីដៃ ប្រះខ្នង ត្រឡប់គេផ្ងាធម្មតា។ ដៃម្ខាងបានលើកមកគងលើថ្ងាស ឯភ្នែកប្រឹងបើករំពៃសំលឹងទៅកាន់ពិដានកុដិលោក និមិត្តដូចព្រះនាងខ្ញុំកំពុងតែស្ថិតនៅលើពិដាននោះ ហើយបែមកញញឹមដាក់ខ្ញុំ រាយទំនុកនៃភាសាផ្អែមល្ហែមដែលដូចជាកំពុងលាន់ងំពេញត្រចៀកខ្ញុំ។ ពេលខ្លះខ្ញុំហាក់ភ្ញាក់នឹងសំលេងឆ្មាប្រខាំគ្នាក្បែកុដិ ពេលខ្លះព្រឺរោមព្រោះពន្លឺផ្លេកបន្ទោរជះចូលតាមប្រឡោះបង្អួច ដូចជាពន្លឺនៃស្តេចយមរាជដែលបំរុងចូលមកនាំព្រលឹងអ្នកណាម្នាក់ចេញពីផែនដីនេះយ៉ាងចឹង។ ខ្ញុំបិទភ្នែកសំងំគេង ប៉ុន្តែអោយតែបិទភ្នែកពេលណា រូបភាពទាំងឡាយរបស់ព្រះនាងខ្ញុំក៏ចាប់ផ្តើមផុសឡើងកណ្តាលថ្ងាស់ និងកាន់តែច្រើនឡើងៗ ហាក់មករារាំងព្រលឹងខ្ញុំមិនអោយលង់លក់ក្នុងរាត្រីចោលនាងឯកា។ ពិតណាស់ ខ្ញុំមិនអាចបណ្តោយចិត្ត អោយអណ្តែតអណ្តូងក្នុងជ្រោះនៃសេចក្តីស្នេហាតែម្នាក់ឯងនេះទេ ព្រោះបើគិតទៅវាដូចជារឿងដែលមិនមានប្រយោជន៌អ្វីច្រើន ហេតុនេះមានតែកាត់ចិត្តលុបរូបភាពនៃស្នាមញញឹមរបស់ព្រះនាងខ្ញុំចេញពីទំព័របេះដូងឲ្យអស់ទើបអាចបន្តធ្វើរឿងផ្សេងទៀតបាន។
ថ្ងៃបន្តបន្ទាប់មក ខ្ញុំមិនរំលឹកឈ្មោះនាងនៅចំពោះមុខមិត្តភក្តិ មិនរំលឹកនាងនៅចំពោះភាពឯការបស់ខ្ញុំទេ ព្រោះធ្វើបែបនេះវាមានតែធ្វើអោយខ្ញុំកាន់តែរលឹកទៅរកនាង ដូច្នេះខ្ញុំគ្មានអ្វីក្រៅតែពីការខិតខំធ្វើកិច្ចការផ្សេងៗទៀត ដើម្បីជំនួស អោយអស់ពេលវេលានៅសល់ ដើម្បីកុំអោយនឹកដល់ព្រះនាងខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំបានក្លាយជាបុរសបេះដូងទទេស្អាតសារជាថ្មីនៅក្នុងចំណោមមិត្តភក្តិទាំងអស់ ព្រោះចាប់ពីពេលនោះមកខ្ញុំមិនដែលមានទំនាក់ទំនង ឬព្យាយាមធ្វើទំនាក់ទំនងជាមួយនារីណាផ្សេងទៀតទេ។ មិនមែនថា ខ្ញុំមិនចង់រក មិនចង់មានអ្នកយល់ចិត្តអីនោះទេ គ្រាន់តែមិនមានអ្នកណាម្នាក់ដែលអាចធ្វើអោយបេះដូងដែលកំពុងដេកលក់របស់ខ្ញុំអាចក្រោកឡើងបានដូចពេលបានឃើញព្រះនាងខ្ញុំជាលើកដំបូងនោះទេ។
ពិតមែនហើយ! បើនិយាយថាខ្ញុំអាចរស់នៅម្នាក់ឯងបានក៏ទេដែរ បើនិយាយថាខ្ញុំអាចមិននឹកព្រះនាងខ្ញុំក៏ទេដែរ ព្រោះម្តងម្កាលខ្ញុំតែងឃើញរូបនាងលេចឡើងក្នុងខួរក្បាល ជាពិសេសគឺស្នាមញញឹមលើកទី២ដែលនៅតែដក់ជាប់ជានិច្ចក្នុងព្រលឹងខ្ញុំ។ ពេលខ្លះចិត្តខ្ញុំអន្ទះសារចង់ដឹង ចង់ឃើញ ចង់ជួបនាង តែទាំងអស់នេះសុទ្ធតែជារឿងដែលមិនអាចទៅរួច។ ជីវិតរបស់ខ្ញុំប្រៀបដូចជាចកតូចៗអណ្តែតកណ្តាលមហានទី រសាត់មិនដឹងទិសតំបន់នៅឯណាឡើយ បើទោះជាវាមានសំណាងបានជួបព្រះនាងខ្ញុំដូចក្នុងក្តីស្រម៉ៃ ក៏គង់ខ្លួនឯងមិនហ៊ានប្រឈមមុខនឹងនាងដែរ ពីព្រោះខ្ញុំនៅមិនទាន់អាចធ្វើអោយព្រះនាងខ្ញុំអាចរស់នៅដោយសុខស្រណុកចិត្តនោះទេ។
មួយឆ្នាំផុតទៅ ខ្ញុំក៏មិនសូវបានទៅកាន់សាលាទៀតដែរ ព្រោះខ្ញុំចប់ភារកិច្ចជានិស្សិតទៅហើយ។ ជីវិតពេលនេះដូចគឺប្រៀបដូចជា ហ្វូងលលកទ្រាំងដែលត្រូវបានគេលែងចេញពីទ្រុង អោយហិចហើរឆៀងឆាបរកចំណីដោយខ្លួនឯង ដោយមានសេរីភាព ប៉ុន្តែធាតុពិតគឺមិនមែននោះទេ ព្រោះខ្ញុំនៅតែយល់ថា ខ្លួនឯងកំពុងស្ថិតនៅក្នុងទ្រុងនៃសេចក្តីស្នេហារបស់ព្រះនាងខ្ញុំនៅឡើយ។ ខ្ញុំយល់ថា ស្នាមញញឹមរបស់ព្រះនាងខ្ញុំ គឺមានវិសាលភាពធំដូចជាមេឃមួយនេះ បើទោះជាខ្ញុំខំរត់គេច ទៅដល់កន្លែងណាក៏មិនផុតពីផ្ទៃមេឃនេះបានដែរ។ ពេលថ្ងៃប្រឹងប្រែងធ្វើការបន្លប់ភាពនឹករលឹក ពេលយប់លួចបើកមើលទំព័រហ្វេសប៊ុករបស់នាង ព្រោះចង់ដឹងថា តើព្រះនាងខ្ញុំ ទៅដល់ណាហើយ កំពុងធ្វើអ្វីខ្លះ សប្បាយសុខជាមួយគូនាងដែរឬទេ?
ព្រលប់ថ្ងៃមួយ ខ្ញុំចាប់ផ្តើមមើលឃើញ Status របស់ព្រះនាងខ្ញុំ ប្លែកៗ ជាលើកដំបូង។ ខ្ញុំខំអានដោយយកចិត្តទុកដាក់ អានដោយប្រុងប្រយ័ត្ន ព្រោះខ្ញុំចង់ដឹងថាតើនាងកំពុងតែមានបញ្ហាអ្វីស្មុគស្មាញមែនទេ? អានពាក្យពេចន៌វែងអន្លាយរួចហើយ ក៏តាំងអាខខមិនខាងក្រោម តែខ្ញុំរកមិនឃើញមិត្តប្រុសរបស់នាងចូលមកខមិនឬចុចចូលចិត្តសោះ។ ខ្ញុំកាត់ស្មានដោយខ្លួនឯងថា នាងពិតជាមានរឿងរំខានក្នុងចិត្តជាមួយមិត្តប្រុសនាងមិនខាន។ ឳ! ឥន្ទព្រហ្មយមយក្សអារក្ខអ្នកណាទាំងឡាយអើយ តើអោយខ្ញុំធ្វើដូចម្តេចទៅ? ខ្ញុំចង់លួងលោមនាង តែខ្ញុំមិនហ៊ានខមិន (Comment) នៅក្នុងទំព័រហ្វេសប៊ុកនាងឡើយ បានត្រឹមតែអាន ហើយសច្ចាក្នុងចិត្តសូមអោយអ្វីៗបានឆ្លងទៅដោយរលូន។ ខ្ញុំបានយករឿងនេះទៅប្រាប់សម្លាញ់ សម តែគេប្រាប់ខ្ញុំវិញដោយពាក្យទូន្មានដាស់តឿនជាច្រើនថា..៖
-អាម៉ាក! ឯងមិនគួរចំណាយពេលវេលាជាមួយភាពរវើរវាយរបស់ឯងច្រើនពេកនោះទេ វាគ្រប់គ្រាន់ដល់ពេលដែលឯងត្រូវបោះបង់វាចោល ហើយស្វែងរកភាពពិតនៃជីវិតយើងទៅកុំព្រោះតែស្នាមញញឹមដែលគេគ្រាន់តែញញឹមសល់ចោលសោះ មកធ្វើអោយឯងចំនាយពេលពេញមួយជីវិតដើម្បីវានោះទេ.. គ្មានបុរសណាក្នុងលោកគេធ្វើរឿងដូចឯងចឹងទេ គិតមើលទៅ! ត្រឹមតែគេញញឹមតែបន្តិចសោះ ក៏ធ្វើអោយឯងលុងអស់ពេលដ៏យូរ ចុះទំរាំបើបានគេមកនៅកៀកក្បែរទៀតនោះឯងនឹងងាប់ក្រោមឆ្នុកក្បិនគេមិនខាន…
មែនហើយ សម្លាញ់ខ្ញុំនិយាយត្រូវ ព្រោះខ្ញុំដូចជាធ្វើជ្រុលចំពោះខ្លួនឯងពេកហើយ រារាំងខ្លួនឯងពេកហើយ។ ខ្ញុំគិតថាខ្ញុំចង់ស្វែងរកអ្នកណាម្នាក់ដែលមានអំនាចដូចព្រះនាងខ្ញុំមកជំនួសនាង ប៉ុន្តែពេលដែលខ្ញុំបានឃើញពាក្យពេចន៌ដែលនាងបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកកាន់តែច្រើន ខ្ញុំកាន់តែយល់ថានាងពិតជាគួរអោយអាណិតកាន់តែខ្លាំង។ បើទោះជាខ្ញុំមិនយល់សាច់រឿងអ្វីពីនាងតែអារម្មណ៍ខ្ញុំទទួលដឹងថា ជីវិតស្នេហារបស់នាងបានដល់ផ្លូវបំបែកហើយ។
ពេលខ្លះ ខ្ញុំចង់ស្វែងរកបុរសនោះ ហើយទៅសួរគេថា តើហេតុអ្វីបានជាអ្នកឯងបណ្តោយព្រះនាងខ្ញុំអោយមានទុក្ខមុខកង្វល់បែបនេះ? ខ្ញុំចង់ប្រាប់គេថា អ្នកឯងកំពុងបំផ្លាញសួនផ្កាស្នេហ៍របស់ខ្ញុំហើយ ដូច្នេះឯងត្រូវតែទទួសខុសត្រូវចំពោះការខូតខាតនេះ ឬបើមិនដូច្នេះទេ អ្នកឯងត្រូវប្រគល់ទាំងអស់នូវស្នាមញញឹមរបស់ព្រះនាងខ្ញុំមកអោយខ្ញុំវិញ ព្រោះស្នាមញញឹមមួយនេះមិនសក្តិសមនឹងអោយអ្នកឯងយកមកជាន់ឈ្លីបែបនេះទេ?
ភាពកំសាករបស់ខ្ញុំ បានអូសបន្លាយពេលអស់១ឆ្នាំទៀត រហូតដល់ឆ្នាំ២០១៧ ខ្ញុំនៅតែមិនដាច់ចិត្តផ្ញើសារទៅព្រះនាងខ្ញុំ ក្រៅតែពីមើលទំព័រហ្វេសប៊ុករបស់នាងកាន់តែច្រើនឡើង។ ប៉ុន្តែនារយៈចុងក្រោយនេះ ខ្ញុំពុំសូវជាបានឃើញនាងបង្ហាញអ្វីៗថ្មីៗនោះទេជាហេតុធ្វើអោយចិត្តខ្ញុំហាក់នៅមិនស្ងប់ ព្រោះវាដូចជាមិនបានដឹងដំណឹងពីនាង។ ជាច្រើនលើកច្រើនសារ ខ្ញុំឃើញតែទំព័រហ្វេសប៊ុកដដែលៗ ឬយ៉ាងហោចណាស់ឃើញព្រះនាងខ្ញុំចែករំលែកបន្តពីគេ គ្រាន់តែអោយដឹងថានាងកំពុងបន្តប្រើប្រាស់ទំព័រនេះតែប៉ុណ្ណឹងឯង។ ព្រះអើយ! ផុត១ខែ ចូល១ខែក្នុងឆ្នាំ ២០១៧ ខ្ញុំត្រឹមតែឃើញ Status របស់ព្រះនាងខ្ញុំ តែ១ឬ២ប៉ុណ្ណោះ កាន់តែធ្វើអោយបេះដូងខ្ញុំនៅមិនស្ងប់ អារម្មណ៌មិនសុខ ចេះតែចោទសំនួរថា តើនាងកំពុងគិតអ្វី ធ្វើអ្វី ហើយជាមួយអ្នកណាទៅ?
មេឃក្តៅខ្លាំង តែក្តៅមិនស្មើបេះដូងរបស់ខ្ញុំកំពុងនឹកព្រះនាងខ្ញុំទេ ខ្យល់បក់ខ្លាំង តែខ្លាំងមិនស្មើភាសាដួងចិត្តដែលខ្ញុំចង់និយាយទៅកាន់ព្រះនាងខ្ញុំឡើយ ព្រោះដំបៅដែលបានឆ្លងតាំងពីឆ្នាំ២០១៤មកនោះ ពេលនេះវាមិនបានជាសះស្បើយនោះទេ តែវាបែជាក្លាយទៅជាដំបៅមហារីកកាន់តែធំទៅវិញ។ តើខ្ញុំអាចទ្រាំតទៅទៀតបានទេ?
ភាពឯកោដូចជាកំពុងដុតរំញោចដួងព្រលឹងរបស់ខ្ញុំ ធ្វើអោយភ្ញាក់ដូចជាគេយកចុងម្ជុលស្រួចមកចាក់លើសាច់ដោយមិនអោយដឹងមុន។ ថ្ងៃទី ១៨ ខែកក្កដា ២០១៧ ម៉ោង ១២៖៣១នាទី ខ្ញុំចាប់ផ្តើមលើកដៃរា និយាយពាក្យ «សួរស្តី» ទៅកាន់ ព្រះនាងខ្ញុំ។ បេះដូងនៅពេលនោះ គឺដូចជាកំពុងត្រូវគេដាក់គ្រាប់បែកបរិមាណូបំផ្ទុះ។ នៅអាគារជាន់ទី ៥នៃក្រុមហ៊ុន ដែលខ្ញុំកំពុងធ្វើការ គឺជាកន្លែងសម្រាប់សម្រាកពេលថ្ងៃត្រង់ តែថ្ងៃនោះមិនមានអ្នកណាក្រៅពីខ្ញុំនោះទេ។ បន្ទាប់ពីផ្ញើសញ្ញាស្វាគមន៌ទៅនាងរួចមក ខ្ញុំទុកទូរស័ព្ទនៅលើតុ ហើយដើរក្រឡឹងចុះឡើងជុំវិញវា រងចាំការឆ្លើយតបមកវិញ។ ជំនោរថ្ងៃត្រង់ នាខែកក្កដា បានបក់នាំចំណាយក្តៅនៃអាកាសខាងក្រៅចូលមកពញ្ញាក់ខ្ញុំ ប៉ុន្តែខ្ញុំបែជាយល់ថា ខ្យល់នេះពិតជាត្រជាក់ណាស់ ត្រជាក់រហូតដល់ខ្ញុំទ្រាំមិនចង់បានយកដៃទាំងពីរមកស្រាក់
អោបជាប់ដើមទ្រូងដើម្បីទប់ស្កាត់ភាពរងាញ័រញាក់។
រំពេចពេលនោះ សំលេង ហូច «តេតៗ» របស់ទូរស័ព្ទ ក៏បានលាន់ឡើង ធ្វើអោយខ្ញុំទទួលអារម្មណ៍ថា សំលេងនេះធ្ងន់ប្រៀបស្មើនិងសំរែករាជសីហ៌កំពុងគ្រហឹមចេញពីកំពូលភ្នំ។ ដៃខ្ញុំដូចជាប្រែជាស្រាលបន្តិច តែប្រឹងលូកទៅចាប់ទូរស័ព្ទមកបើកមើលសារដែលបានផ្ញើចូលថ្មីបំផុតជាមួយចិត្តគិតទុកមុនថា វាប្រាកដជាសារឆ្លើយតប រឹសញ្ញាលើកដៃពីព្រះនាងខ្ញុំមិនខាន។
ឳ! ព្រះអើយ ពិភពលោកនេះ បើទោះជាមេឃកំពុងតែក្តៅចង់ខ្លោចស្បែក ខ្យល់កំពុងបក់នាំចំហាយក្តៅមកប៉ះស្បែក ក៏ខ្ញុំនៅតែយល់ថា វាពិតជាត្រជាក់ល្ហឹម និងមានខ្យល់ត្រសៀកៗបក់មកបបោសលួងលោមអារម្មណ៍ ឬឯច្រមុះដូចជាកំពុងទទួលបានក្លិនក្រអូបប្រហើរពីផ្ការំដួល ឬចំប៉ីដែលកំពុងរីកស្គុះស្គាយ ធ្វើអោយភ្នែកខ្ញុំមើលឃើញច្បាស់ណាស់ថា ពិភពលោកនេះពិតជាមានសម្រស់ដ៏ស្រស់ត្រកាលដូចគេតំណាលក្នុងរឿងនិទានមែន។ ទាំងនេះគឺបានកើតឡើងនៅពេលដែលភ្នែកខ្ញុំបានឃើញសារលើកដំបូងរបស់ព្រះនាងខ្ញុំ ជាសញ្ញាលើកដៃស្វាគមន៌ការស្នើសុំរបស់ខ្ញុំ។ រូបភាពនៃស្នាមញញឹមកាលពី៣ឆ្នាំមុន បានផុសឡើងសារជាថ្មីនៅក្នុងខួរក្បាលខ្ញុំ ដូចជារូបភាពដែលបានបាត់បង់ ហើយក៏ប្រទះឃើញឡើងវិញដូច្នេះឯង។ មែនហើយ បើទោះជាខ្ញុំនៅតែដកដង្ហើមរាងញ៉ាប់បន្តិច តែម្តងនេះពិតជាដង្ហើមដែលពោរពេញដោយក្តីសង្ឃឹម និងជាពិសេសគឺវាដូចជាបានអបអរសេចក្តីក្លាហានរបស់ខ្ញុំចំពោះរយៈពេលជាង៣ឆ្នាំដែលខំសន្សំចិត្តនឹកស្រលាញ់ព្រះនាងខ្ញុំ។ ខ្ញុំចាប់ផ្តើម សរសេរពាក្យ «សួរស្តី» ជាលើកដំបូងទៅកាន់ព្រះនាងខ្ញុំ រួចបន្ទាប់មក ពាក្យ «សួរស្តី» ដំបូងរបស់ព្រះនាង ក៏បង្ហោះមកកាន់ខ្ញុំវិញ ធ្វើអោយខ្ញុំមានអារម្មណ៍ថា ព្រះនាងកំពុងតែនៅចំពោះមុខខ្ញុំ កំពុងញញឹមមករកខ្ញុំ និងកំពុងនិយាយដោយសំលេងដ៏ទន់ភ្លន់មកកាន់ខ្ញុំដែរ។
ចាប់ពីថ្ងៃនោះមក ខ្ញុំនឹងព្រះនាងខ្ញុំ កាន់តែមានភាពស្និទ្ធស្នាល។ ខ្ញុំកាន់តែយល់ច្បាស់ថា ព្រះនាងខ្ញុំ គឹជានារីម្នាក់ដែលមិនប្រកាន់ខ្លួន និងតែងបើកចំហរ ពីព្រោះរាល់សារដែលខ្ញុំបានផ្ញើជូនព្រះនាង គឺតែងត្រូវបានឆ្លើយតបជានិច្ច។ នេះគឺជាកាដូដ៏មានតម្លៃរបស់ខ្ញុំសម្រាប់ជីវិតនេះ និងរយៈពេលជាង៣ឆ្នាំ ដែលនៅតែរក្សាការស្រមើស្រម៉ៃ អណ្តែងអណ្តូង លន្លុងលន្លោច តែម្នាក់ឯង ក្នុងមហាសមុទ្ធស្នេហា ឬមហាមេឃស្នេហារបស់ព្រះនាង។
ប៉ុន្តែតើធ្វើម៉េចទៅ? មួយរយៈដែលខ្ញុំបានជជែកតាមរយៈសារហ្វេសប៊ុកទៅកាន់ព្រះនាងខ្ញុំ ខ្ញុំមិនដែលបានសារភាពថា ខ្ញុំស្រលាញ់នាងទេ បើទោះជាក្នុងចិត្តនេះអន្ទៈសារចង់បង្ហាញអ្វីដែលកំពុងរីកដុះដាលក្នុងព្រលឹងខ្ញុំក៏ដោយ។ ឬមួយមកពីខ្ញុំជាបុរសកំសាក ឬមកពីខ្ញុំជាបុរសដែលខ្លាចចំពោះសេចក្តីស្នេហាខ្លួនឯង? មិត្តភក្តិនៅកន្លែងធ្វើការខ្ញុំជាច្រើនសុទ្ធតែថា ខ្ញុំជាបុរសដែលគួរតែដល់ពេលត្រូវមានស្នេហា ឬមានគ្រួសារ ដូច្នេះខ្ញុំពុំគួរបណ្តោយពេលវេលាអោយនៅរសាត់អណ្តែតក្នុងមហាសមុទ្ធរវើរវាយនេះធ្វើអីទៀត។ សរុបមកទោះជាមានកំលាំងជម្រុញខ្លាំងប៉ុណ្ណា ខ្ញុំនៅតែមិនមានសេចក្តីក្លាហានប្រាប់ព្រះនាងខ្ញុំ តែរាល់ពាក្យពេចន៌របស់ខ្ញុំ ដែលបានសរសេរទៅកាន់នាង គឺសុទ្ធតែបង្ហាញពីការយកចិត្តទុកដាក់ និងការបារម្ភ ដែលខ្ញុំចាត់ទុកពាក្យទាំងនេះគឺជាសារចេញពីបេះដូង ផ្ញើទៅនាង ហើយសង្ឃឹមថា ព្រះនាងខ្ញុំ នឹងបានយល់អំពីខ្ញុំនៅថ្ងៃណាមួយ។
ក្នុងរយៈពេលដែលបេះដូងស្រែកទាមទារឥត់ឈប់ឈរ ដូចជ្រូកដែលឃ្លានចំណីហើយខំស្រែកខ្លាំងៗ នៅល្ងាចមួយ ក្រោយចេញពីធ្វើការ ខ្ញុំបានស្កាត់ទៅកាន់សាលាដែលព្រះនាងខ្ញុំរៀន ដើម្បីមើលនាង ព្រោះអស់ពេលជិត៤ឆ្នាំហើយ ដែលខ្ញុំមិនដែលបានឃើញនាងដោយផ្ទាល់ ក្រៅតែពីរូបថតក្នុងហ្វេសប៊ុក និងស្នាមញញឹមដែលតែងកើតឡើងជានិច្ចជាកាលក្នុងខួរក្បាលខ្ញុំមិនដែលខានមកនោះ។ តែគួរអោយស្តាយ ព្រោះល្ងាចដ៏សែនស្អុះស្អាប់ ខ្យល់ដ៏សែនថប់ មិនបានឲខ្ញុំរកឃើញព្រះនាងខ្ញុំឡើយ ក្រោយរងចាំនៅមុខសាលាអស់ប៉ុន្មានម៉ោងមក ឬមកពីរូបរាងពិតនៃនាងបានប្រែប្រួលហើយ ធ្វើអោយខ្ញុំមើលមិនស្គាល់ ឬនាងមិនបានមករៀនទេ ឬនាងដឹងថាខ្ញុំមកក៏គេចមុខ?
ត្រឡប់មកវិញ ខ្ញុំបានឆៀងចូលលេងផ្ទះសម ដែលពេលនេះគេមានភរិយា និងកូនស្រីគួរអោយស្រលាញ់ម្នាក់ទៅហើយ។ ក្បាលព្រលប់ នៅក្នុងផ្ទះជួលរបស់ សម ភរិយាសម មានពេលអង្គុយលេងនិងខ្ញុំជាមួយប្តីនាង ខណៈកូនស្រីតូចកំពុងវាលេងតែម្នាក់ឯងនៅឯជ្រុងម្ខាង។
-ល្មមគិតគូហើយសម្លាញ់អើយ! (សមទាញប្រយោគចូលរឿងរបស់ខ្ញុំ ក្រោយពេលយើងជជែកគ្នាអស់មួយសន្ទុះ)។ ខ្ញុំគ្រាន់តែសើចញឹមៗ ជាភាសាឆ្លើយតបទៅគេវិញ ព្រោះខ្ញុំមិនច្បាស់ថាតើខ្ញុំពិតជាមានសំនាងដូចគេឬអត់នោះទេ។ ចន្ថា ជាភរិយាសម បានបន្តឃ្លារបស់ប្តីនាង..
-ខ្ញុំមិនជឿថារហូតមកដល់ពេលនេះ បងឯងរកនារីម្នាក់អោយពេញចិត្តមិនបាននោះទេ កុំសំណូមពរច្រើនពេកបង ព្រោះគ្មាននារីណាល្អគ្រប់១០សម្រាប់បុរសនោះទេ.. (ខ្ញុំងក់ក្បាលទទួលយកសំដី ចន្ថា ហើយស្តាប់បន្ត).. បើសិនជាបងកំពុងខ្លាចថា ខ្លួនឯងមិនសក្តិសមនឹងនាង ឬនាងមិនសក្តិសមនិងបងនោះ គឺមិនត្រូវទេ បងដឹងទេ? នៅគ្រាចុងក្រោយ នារីគ្រប់រូបតែងយល់ថា រូបសង្ហាររបស់បុរសមិនមែនជាអ្វីដែលនាងត្រូវលើកយកមកដាក់មុខនោះទេ ហើយកាន់តែមិនមែនទ្រព្យសម្បត្តិទៅទៀត ព្រោះនៅពេលដែលនារីចាប់ផ្តើមមើលឃើញពីបទពិសោធន៌ជីវិតគូកាន់តែច្រើន នាងនឹងយល់ឃើញថា បុរសល្អពិតប្រាកដ ទើបអាចផ្តល់អ្វីៗគ្រប់យ៉ាងអោយនាងបាន..
-មែនហើយ អាសម្លាញ់! (សមពោលកាត់ប្រពន្ធគេ រួចងាកមើលនាងបន្តិច) ឯងឃើញទេ បើមើលលើរូបរាង តើខ្ញុំនិងចន្ថាសមគ្នាដែរឬទេ? គឺមិនខុសពីក្របី និងទេពធីតាចឹង… តែឯងដឹងទេ កាលនោះ គ្នាធ្លាប់ប្រាប់ឯងថា កុំគិតច្រើន អោយតែគេព្រមទទួលយើង យើងព្រមទទួលគេ គឺពិតជាអាចទៅរួចហើយ។ ស្រលាញ់មនុស្សម្នាក់ កុំសំលឹងមើលគេឯងគ្រប់គ្នា តោងសំលឹងមើលតែមនុស្សម្នាក់ដែលយើងកំពុងស្រលាញ់នោះទៅបានហើយ ព្រោះយើងនឹងត្រូវរស់នៅជាមួយអ្នកនោះអស់ពេញមួយជីវិត មិនមែនមនុស្សជុំវិញគាត់ទេ។ អ្នកឯទៀតរាប់ទាំងឳពុកម្តាយផង គ្រាន់តែទុកគាត់ជាសាក្សីរបស់យើងទៅបានហើយ។ ពិតណាស់ បើទោះជាយើងត្រូវរាប់រង និងត្រូវរួមរស់អោយចុះសម្រុងជាមួយវង្សត្រកូល២ផ្សេងគ្នា ប៉ុន្តែក្រែងឯងតែងរំលឹកពាក្យបណ្តាំរបស់ម្តាយឯងប្រាប់គ្នាថា ស្រលាញ់អ្នកណាម្នាក់ ត្រូវចាត់ទុកអ្នកនោះជាសាច់ញាតិរបស់យើង ហើយគ្រួសាររបស់គេជាគ្រួសារយើង មិនចឹង? គ្នាធ្វើតាមពាក្យឯងរហូតដល់សព្វថ្ងៃនេះ ឯងឃើញទេ គ្នារស់នៅយ៉ាងសុខទាំងគ្រួសារសងខាង ហេតុអ្វីឯងខ្លាច?
និយាយដល់ត្រឹមនេះ សម បានទះស្មាខ្ញុំស្រាលៗ ជាមួយក្រសែភ្នែកលួងលោម និងការផ្តល់ទំនុកចិត្តអោយខ្ញុំ។ ខ្ញុំបានត្រឹមងក់ក្បាលតិចៗ សំលឹងមើលមុខប្តីប្រពន្ធគេទាំងពីរ ជាសញ្ញាថា អរគុណសម្រាប់ពាក្យក្រើនរំលឹករបស់គេ។
ចិត្តខ្ញុំពេលនេះប្រៀបដូចជាកំពុងមានថ្នាំពុលដ៏សាហាវវាយប្រហារ ធ្វើអោយអារម្មណ៍វិលវល់ ដូចជាមនុស្សកំពុងវង្វេងក្នុងមហាសមុទ្ធដ៏មហាធំធេង។ មួយរយៈនេះ ខ្ញុំពុំបានសរសេរសារផ្ញើទៅព្រះនាងខ្ញុំទេ ព្រោះខ្ញុំចេះតែខ្លាចថា នាងមិនស្វាគមន៌ការស្រលាញ់របស់ខ្ញុំ ហើយអ្វីដែលនាងឆ្លើយតបមកជារឿយៗនោះគឺព្រោះតែនាងជាមនុស្សមានសុជិវធម៌តែប៉ុណ្ណោះ។
ជិតមួយអាទិត្យ ដែលខ្ញុំមិនបានផ្ញើសារអោយព្រះនាងខ្ញុំ ព្រោះខ្ញុំពិតជានៅតែខ្លាច។ ខ្ញុំដើរទៅលិច ដើរទៅកើត ទៅមើលកុន មើលការប្រកួតកីឡាផ្សេងៗ ដើរផ្សាររកទិញឥវ៉ាន់ដែលខ្លួនឯងចូលចិត្ត ដើម្បីបន្លប់ចិត្តនឹកនាង ប៉ុន្តែគឺធ្វើមិនបានទាល់តែសោះ ខ្ញុំពុំដឹងថាខ្លួនឯងកំពុងធ្វើអ្វីអោយប្រាកដនោះទេ ស្រលាញ់គេតែមិនហ៊ានប្រាប់ នឹកគេតែគ្មានសេចក្តីក្លាហាន ចង់បានគេ តែមិនហ៊ានពុះពារ ទាំងនេះគឺសុទ្ធតែជាផ្លូវបរាជ័យ ដែលខ្ញុំខ្លួនឯងដឹងយ៉ាងច្បាស់លាស់។
ល្ងាចថ្ងៃមួយ មេឃខាងក្រៅកំពុងស្រទំស្រទន់ ត្រជាក់ល្មមអោយអារម្មណ៍ស្ងប់សុខ។ ខ្ញុំត្រឡប់ពីធ្វើការ ជាមួយថង់បន្លែនិងសាច់ សម្រាប់ធ្វើម្ហូបល្ងាចនេះ។ ខ្ញុំដោះសំលៀកបំពាក់ធ្វើការចេញអស់នៅសល់តែខោខ្លីមួយចង្កេះ ចាប់ផ្តើមរើថង់បន្លែ និងសាច់ត្រៀមបំរុងដាក់លាងទឹក ក៏ទទួលលឺសំលេងទូរស័ព្ទផ្តល់ដំណឹងថា មានអ្នកណាម្នាក់បានផ្ញើសារមក។ ខ្ញុំនឹកថា គ្មានអ្នកណាក្រៅពីមិត្តរួមការងារម្នាក់ដែលគាត់តែផ្ញើសារមិនដែលដាច់ តែក៏មិនទុកវាចោលដែរ ខ្ញុំប្រញ៉ាប់បើកវាមើល ក៏ស្រាប់តែភ្ញាក់ចង់បោះទូរស័ព្ទចោល ព្រោះនោះគឺ ព្រះនាងខ្ញុំ ទេតើជាអ្នកផ្ញើសារមក។ ភ្លាមៗនោះ ស្នាមញញឹមរបស់នាងស្រាប់តែលេចឡើងក្នុងខួរក្បាលឡើងវិញ។ ខ្ញុំស្រាប់តែញញឹមដោយមិនដឹងខ្លួន ហើយប្រញ៉ាប់ចេញមកខាងក្រៅបន្ទប់ ហើយឆ្លើយតបទៅនាងវិញ។ តាមពិតទៅសាររបស់នាងពិតជាខ្លីណាស់ តែវាមានអត្ថន័យដ៏សែនវែងសម្រាប់ខ្ញុំ ព្រោះសារនេះដូចជាថ្នាំទិព្វធ្លាក់ពីលើមេឃ មួយជួយព្យាបាលជាតិពុលក្នុងចិត្តខ្ញុំ អោយជាស្រឡៈចែសភ្លាមៗតែម្តង។ យើងបានភ្ជាប់សារទំនាក់ទំនងឡើងវិញ ដូចជាសត្វបាក់ស្លាបហើយតែនៅតែអាចហោះហើរបានដោយសេរីភាព។
ចាប់ពីថ្ងៃនោះមក ខ្ញុំបានសន្យាក្នុងចិត្តជាថ្មីថា ខ្ញុំនឹងមិនបោះបង់ទំនាក់ទំនងនេះជាដាច់ខាត ខ្ញុំត្រូវតែពុះពារធ្វើជាអ្នកប្រយុទ្ធដើម្បីបេះដូងអោយខានតែបាន។ គំនិតបែបនេះ ហាក់ជួយដាស់ព្រលឹងវិញ្ញាណខ្ញុំអោយក្លាយទៅជាចំបាំងដ៏ក្លាហាន ហ៊ាននិយាយពាក្យមួយចំនួនដែលធ្វើអោយព្រះនាងខ្ញុំចាប់អារម្មណ៍ថា ខ្ញុំមានចិត្តលើនាងតាំងពីយូរមកហើយ។ ខ្ញុំបានបង្កើតតួរអង្គស្រីម្នាក់ទៀតហើយប្រាប់នាងថា ខ្ញុំបានលួចស្រលាញ់នាងអស់ពេលដ៏យូរមកហើយ ហើយនាងនោះគឹជាមិត្តជិតស្និទ្ធរបស់ព្រះនាងខ្ញុំតែម្តង។ ខ្ញុំគិតថា ព្រះនាងខ្ញុំ យល់ច្បាស់ពីពាក្យពេចន៌លេបខាយទាំងនេះ ប៉ុន្តែនាងនៅតែធ្វើជាឆ្ងល់ ហើយសួរដេញដោលរឿងនេះ រហូតពេលខ្លះខ្ញុំស្ទើតែពុំអាចឃាត់ចិត្តបានចង់ប្រាប់ការពិតម្តងៗ។ ខ្ញុំបានសន្យាថា ខ្ញុំនឹងសរសេរសំបុត្រសារភាពស្នេហ៍អោយនារីក្នុងដួងចិត្តនោះ បើទោះជាវាមើលទៅដូចជាហួសសម័យបន្តិចទៅហើយក្តី តែវាពិតជាអាចធ្វើអោយយើងអាចចងចាំបានល្អ និងមានអត្ថន័យរាប់សែនអារម្មណ៍។
ព្រះអើយ ខ្ញុំមិនពូកែលាក់បាំងអារម្មណ៍ពិតនោះទេ។ យប់មួយ ខ្ញុំ និងព្រះនាង បានជជែកគ្នាយ៉ាងច្រើន ហើយចុងក្រោយក៏ធ្លាក់ដល់រឿងនារីក្នុងសុបិន្តដែលខ្ញុំចង់អោយព្រះនាងនាំសារទៅឲនោះ។ ព្រះនាងបានជជីកសួរ ថាតើនាងនោះជាអ្នកណា ឈ្មោះអ្វី ហើយធ្លាប់រៀននឹងនាងដែរឬទេ បើសិនជាមិត្តមែន ច្បាស់ជានាងនឹងជួយយកអាសារមិនខាន តែបើខ្ញុំមិនអាចប្រាប់សូម្បីតែឈ្មោះផងនោះ នាងនឹងជួយម្តេចបានទៅ? អារម្មណ៍របស់ខ្ញុំដូចជាកំពុងត្រូវភ្លើងរាប់ម៉ឺនអង្សារមកដុតកំឡោចអោយក្តៅក្រហល់ក្រហាយ រហូតទ្រាំមិនបានក៏ធ្លោយប្រាប់ព្រះនាងខ្ញុំថា នារីម្នាក់នោះគឺជានាងហើយ នារីម្នាក់នេះ នារីដែលកំពុងជជែកគ្នានេះឯង ជានារីក្នុងសុបិន្តអស់ពេលជិត៤ឆ្នាំនោះហើយ។ បានឃើញសារនេះហើយ ព្រះនាងខ្ញុំ ហាក់ស្ងាត់មួយភ្លែត ទំនងជាមិនជឿ ឬកំពុងតែអស់សំណើចនឹងរឿងកំប្លែងនេះ ដោយឡែកចិត្តខ្ញុំឯនេះវិញ កំពុងត្រូវភ្លើងឆេះសន្ធោរសន្ធៅទៅហើយ មិនអាចស្រោចស្រង់បានទេ លើកលែងតែព្រះនាងខ្ញុំមិនបដិសេធចំពោះដំណឹងនេះ បើសិនជានាងបដិសេធឈប់ជជែកចរចារទៅវិញនោះ ខ្ញុំច្បាស់ជាត្រូវផ្ទុះបេះដូងចេញមកខាងក្រៅមិនខានឡើយ…. ប៉ុន្តែព្រះនាងខ្ញុំ មិនបានបដិសេធ ក៏មិនយល់ព្រមដែរ ដោយគ្រាន់តែបង្ហាញស្នាមញញឹម និងបញ្ចេញ់ទស្សនៈអស់សំណើច ធ្វើអោយខ្ញុំដូចជាត្រូវគេជះទឹកត្រជាក់មួយសមុទ្ទមកពន្លត់ភ្លើងកំពុងឆាបឆេះក្នុងចិត្តនោះអោយថមថយកំដៅវិញ។
ចាប់ពីពេលនោះមក ខ្ញុំមិនដែលភ្លេចនិយាយពាក្យអរុណសួរស្តីទៅកាន់ព្រះនាងទេ ហើយជារឿយៗខ្ញុំតែងទទួលបានការឆ្លើយតបមកវិញ ដែលការឆ្លើយតបនេះបានធ្វើអោយព្រលឹងខ្ញុំពិតជានៅស្ងប់សុខ និងមានសុភមង្គលមែនទែន។ វាក៏ដល់ពេលដែលខ្ញុំត្រូវបំពេញសន្យាអោយព្រះនាងដែរ គឺសរសេរសំបុត្រសារភាពស្នេហ៍មួយផ្ញើទៅអោយនាង បើទោះជានាងបានដឹងរួចហើយក្តី ក៏ខ្ញុំត្រូវតែធ្វើវាអោយប្រាកដឡើង។
ថ្ងៃទី០៥ ខែមករា ២០១៨ ចិត្តខ្ញុំស្រឡះដូចមេឃគ្មានពពក មានពន្លឺដូចព្រះអាទិត្យពេលថ្ងៃត្រង់ មានមានភាពត្រជាក់ដូចខ្យល់ខែកក្តិក។ ខ្ញុំសម្រេចចិត្តសរសេរសំបុត្រទៅអោយព្រះនាងខ្ញុំ…
—————————
«ជូនចំពោះ ព្រះនាងខ្ញុំ!
សូមកុំភ្ញាក់ផ្អើលនិងសំបុត្រនេះអីណា ពីព្រោះខ្ញុំគ្មានសេចក្តីក្លាហាន ទើបនឹកឃើញវិធីសរសេរសំបុត្រនេះ។
ព្រះនាងជាទីស្រលាញ់! កាលពីជិត៤ឆ្នាំមុនយើងបានក្លាយជាមិត្តភក្តិក្នុងហ្វេសប៊ុកនឹងគ្នា ប៉ុន្តែខ្ញុំពុំដែលហ៊ានធ្វើទំនាក់ទំនងដងណាទេ ដោយគ្រាន់តែដឹងថា ខ្ញុំមានអារម្មណ៍ចំពោះព្រះនាង រហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការរៀបរាប់អារម្មណ៍ពិតប្រាប់ព្រះនាងដដែល។ តើខ្ញុំកំសាកណាស់មែនទេ?
កុំសើចខ្ញុំអីណា! ពេលនេះខ្ញុំផ្ញើវាសនា និងបេះដូងលើសំបុត្រនេះហើយ ខ្ញុំចង់ប្រាប់ថា ខ្ញុំពិតចាស្រលាញ់ព្រះនាងណាស់ ព្រោះការស្រលាញ់នេះបានសន្សំទុករាប់ឆ្នាំមកហើយ ខ្ញុំចង់បាននារីម្នាក់ដែលខ្ញុំគេងនឹករាល់ថ្ងៃ គឺព្រះនាងខ្ញុំ តើព្រះនាងគិតយ៉ាងម៉េចដែរចំពោះខ្ញុំ? ជាការពិត ខ្ញុំនឹងរងចាំរាល់ចំលើយរបស់ព្រះនាង ទោះជាចំលើយបែបណាក៏ដោយ។
ព្រះនាងជាទីស្រលាញ់! បើទោះជាការរំពឹងទុករបស់ខ្ញុំគឺជាចំលើយវិជ្ជមានក៏ដោយ ក៏ខ្ញុំនៅតែទទួលយកចំលើយផ្សេងទៀតពីព្រះនាងដែរ។ ជាទីបញ្ចប់ បើទោះជាខ្ញុំមិនល្អគ្រប់គ្រាន់ មិនស្អាតសង្ហារ មានអាយុច្រើន និងមិនសំបូរទ្រព្យក៏ដោយ ក៏ខ្ញុំហ៊ានធានាថា ព្រះនាងគឺជាទេពធីតាក្នុងជីវិតខ្ញុំជារៀងរហូត។
————————————
ហ៊ឹស! អ្នកអានទាំងអស់គ្នាដឹងទេ តើខ្ញុំផ្ញើសំបុត្រនេះទៅតាមណាដែរ? វាទំនងជារឿងគួរអោយអស់សំណើចបន្តិច ព្រោះក្រោយពេលសរសេរវាហើយ ខ្ញុំគ្មានមធ្យោបាយផ្ញើសំបុត្រដើមទៅអោយព្រះនាងខ្ញុំទេដូច្នេះខ្ញុំមានតែថតរូបសំបុត្រនេះ ហើយផ្ញើទៅកាន់ព្រះនាង តាមរយៈបណ្តាញសង្គម តេលេក្រាម តែប៉ុណ្ណោះ។
ក្រោយពេលបញ្ជូនសំបុត្រនេះហើយ ខ្ញុំពិតជាមានអារម្មណ៍វិលវល់នៅមិនសុខនោះទេ ព្រោះបារម្ភខ្លាចព្រះនាងខ្ញុំប្រកាន់និងពាក្យពេចន៌ ឬបដិសេធការសារភាពឆ្កួតៗរបស់ខ្ញុំ។ ពេញមួយយប់ខ្ញុំដេកមិនលក់ បើទោះជាខ្ញុំបានជជែកជាមួយព្រះនាងតាមសារក៏ដោយ ក៏ខ្ញុំមិនហ៊ានរំលឹកអំពីសំបុត្រនោះដែរ ព្រោះក្តីរំពឹងរបស់ខ្ញុំគឺចង់អោយព្រះនាងជាអ្នករំលឹកវាមុន ដើម្បីលួងលោមអារម្មណ៍កំពុងលង់ក្នុងសមុទ្ទស្នេហារបស់ខ្ញុំ ប៉ុន្តែស្ងាត់ឈឹងពីព្រះនាង។ នៅគ្រាចុងក្រោយ ដើម្បីចិត្តកន្ទៈរារបស់ខ្ញុំ ខ្ញុំនៅតែសួរព្រះនាងថាបានអានសំបុត្រនោះហើយឬនៅដដែល។ តើអ្នកទាំងអស់គ្នាដឹងថា ព្រះនាងឆ្លើយថាម៉េចទេ? ខ្ញុំមិនប្រាប់ទេ ព្រោះរហូតមកដល់ពេលនេះក៏ខ្ញុំនៅមិនទាន់ដឹងថា តើព្រះនាងឆ្លើយថាម៉េចដែរ!
ទោះជាយ៉ាងណាក៏ដោយ ពេលនេះខ្ញុំបានដើរមកដល់មាត់ជ្រោះនៃសេចក្តីស្នេហាទៅហើយ បើខ្ញុំមិនទំលាក់ខ្លួនចូលជ្រោះនោះ គឺខ្ញុំមិនគប្បីនិងបេះដូងខ្លួនឯង និងរយៈពេលជិត៤ឆ្នាំនៃការរវើរវាយរបស់ខ្ញុំនោះទេ។ ថ្ងៃទី ៧ មករា ២០១៨ ជាថ្ងៃឈប់សម្រាកពីការងារ ខ្ញុំសម្រេចចិត្តយ៉ាងប្រថុយប្រថាន ណាត់ព្រះនាងខ្ញុំជាលើកដំបូង ដើម្បីបង្ហាញមុខដ៏សែនយ៉ាប់នេះទៅអោយព្រះនាងឃើញ។ ដំបូងខ្ញុំមិនរំពឹងថា ព្រះនាងនឹងយល់ព្រមនោះទេ ប៉ុន្តែដឹងអី ស្រាប់តែខ្ញុំទទូលសារត្រឡប់មកវិញថា ព្រះនាងយល់ព្រមទទួលការណាត់នេះ គឺពិតជាធ្វើអោយខ្ញុំមានអារម្មណ៍រំជើបរំជួលជាខ្លាំង ប្រៀបដូចជាភ្នំភ្លើងកំពុងតែកករពោរឡើងបំរុងនឹងផ្ទុះចឹង វាពិតជារកពាក្យអ្វីមកថ្លែងអោយត្រូវចំពោះអារម្មណ៍ពេលនោះទេ។
ម៉ោង ៦ល្ងាច នៅភោជនីយដ្ឋាន អេក្លីប បារលើដំបូល ខ្ញុំបានជួបព្រះនាងជាលើកដំបូង និងជាផ្លូវការ។ ព្រះអើយ! ស្នាមញញឹមដែលខ្ញុំចងចាំក្នុងព្រលឹងអស់ពេលដ៏យូរ ស្រាប់តែប្រាកដនៅចំពោះមុខខ្ញុំ ជាស្នាមញញឹមដែលបានលួងលោមខ្ញុំអស់ពេលជាច្រើនឆ្នាំ តើមានអ្វីដែលអាចលំអរបេះដូងខ្ញុំបានច្រើនជាងនេះ? ខ្ញុំពិតជាឈ្លក់វង្វេងនិងស្នាមញញឹមនេះ ដូចកូនម្រឹគកំពុងឈ្លក់វង្វេងនិងស្មៅខ្ចីក្នុងសួនច្បាររបស់ព្រានព្រៃយ៉ាងដូច្នឹងដែរ។ សំលេងដោយផ្ទាល់ត្រចៀក របស់ព្រះនាងខ្ញុំ បានហោះចូលមកកាន់ត្រចៀកខ្ញុំជាលើកដំបូង ជាសំលេងដែលពេលកន្លងមកខ្ញុំបានត្រឹមតែស្រមើ់ស្រម៉ៃតែប៉ុណ្ណោះ តែពេលនេះសំលេងនេះបានប្រាកដឡើងពិតៗ ជាសំលេងដ៏សែនពីរោះជាងសំលេងណាៗទាំងអស់ក្នុងលោក។ សំលេងអ្វី ស្មើដោយសំលេងរបស់នារីជាទីស្នេហាមិនមាន ព្រោះសំលេងនេះហើយ នឹងធ្វើអោយបុរសទាំងឡាយទំលាក់ក្បាលជង្គង់ចុះទាបស្មើដី ទំលាក់អាវុធចាប់យកទងផ្កាកូលាប ឬទំលាក់រាជបល្លង្គចាប់យកក្រឡាបន្ទុំវិញដូច្នេះឯង។ ទងបបូរមាត់ដែលតែងរំលេចស្នាមញញឹមរបស់ព្រះនាងកំពុងធ្វើអោយបេះដូងក្នុងទ្រូងខ្ញុំ ម្តងលោតញ៉ាប់ ម្តងលោតយឺត ឬម្តងម្កាលរកកលចង់ឈប់លោតទៀតផង…. ពិតណាស់ ទោះជាអោយខ្ញុំចំណាយពេលពេញមួយជីវិត សំលឹងមើលស្នាមញញឹម ស្តាប់សំលេង របស់ព្រះនាង ក៏ខ្ញុំមិនមានអារម្មណ៍ថានឿយណាយដែរ វាពិតជាដូចជាសុបិន្តសម្រាប់ខ្ញុំ។
ចាប់ពីរាត្រីនោះមក ពិភពលោករបស់ព្រះនាង និងពិភពលោករបស់ខ្ញុំ ដូចជាបានរំលាយចូលគ្នា។ យើងមិនគ្រាន់តែអាចជជែកតាមសារដោយបើកចំហរទេ យើងនៅអាចមើលឃើញគ្នាជារៀងរាល់រាត្រី និងបាននិយាយពាក្យរាត្រីសួរស្តីទៅគ្នានឹងគ្នាទៀតផង។ អារម្មណ៍នេះពិតជាកក់ក្តៅរកអ្វីមកថ្លែងមិនបានទេ សម្រាប់ខ្ញុំ។ បើទោះជារហូតមកដល់ពេលនេះ ព្រះនាងនៅមិនទាន់តបសំបុត្រអោយខ្ញុំវិញក៏ដោយ ក៏ទំនាក់ទំនងរបស់យើងចាប់ផ្តើមបើកចំហរធំទៅៗទៅហើយ ដែលទំនាក់ទំនងនេះបានធ្វើអោយខ្ញុំដែលធ្លាប់តែយល់ថា ខ្លួនឯងឯកាណាស់ កំសត់ណាស់ កាលពីមុនត្រឡប់មកជាមនុស្សដែលមានក្តីសុខ ព្រោះត្រូវបានសណ្តោសប្រោសប្រណីពីមហាមេឃ។
បេសកកម្មបន្តរបស់ខ្ញុំទៀតនោះគឹ ខ្ញុំបង្ហាញខ្លួនជាផ្លូវការនៅចំពោះមុខឳពុកម្តាយរបស់ព្រះនាងខ្ញុំ។ ខ្ញុំនៅមានរឿងជាច្រៀនទៀតដែលត្រូវប្រឈមមុខ តែវាពិតជាគ្មានអ្វីជាឧបសគ្គចំពោះក្តីស្រលាញ់ និងការតាំងចិត្តរបស់ខ្ញុំនោះទេ ខ្ញុំសន្យាក្នុងចិត្តជាស្រេចហើយថា ខ្ញុំនឹងមិនធ្វើអោយព្រះនាងខ្ញុំខកបំណងចំពោះខ្ញុំជាដាច់ខាត។ ថ្ងៃ១៤ កុម្ភៈ ២០១៨ ជាថ្ងៃដែលគូសង្សារជាច្រើនបង្ហាញក្តីស្រលាញ់ចំពោះគ្នានិងគ្នា តែសម្រាប់ខ្ញុំ គឺមិនត្រឹមតែបង្ហាញប្រាប់ព្រះនាងខ្ញុំនូវក្តី ស្រលាញ់ ចំពោះនាងតែម្នាក់ទេ គឺត្រូវបង្ហាញវានៅចំពោះមុខម្តាយរបស់នាង ហេតុនេះហើយ បើទោះជាខ្ញុំដឹងថា ព្រះនាងខ្ញុំ នៅមានអារម្មណ៍ទើសទាល់បន្តិចបន្តួចចំពោះទំនាក់ទំនងនិងខ្ញុំ ចំពោះមុខមាត់ រូបរាង និងអាយុរបស់ខ្ញុំ តែខ្ញុំនៅតែស្នើសុំទៅជួបម្តាយរបស់នាងនៅថ្ងៃនៃក្តីស្រលាញ់ ព្រោះខ្ញុំចង់អោយគាត់ដឹងថា ខ្ញុំត្រូវការរស់នៅជាមួយកូនស្រីរបស់គាត់។
មែនហើយ នេះគឺជារឿងរ៉ាវរបស់ខ្ញុំ វាមិនទាន់ចប់នោះទេ ឬវាគ្រាន់តែចំណុចចាប់ផ្តើមតែប៉ុណ្ណោះ ព្រោះខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវបំពេញបេសកកម្មបន្ត។ សូមក្តីស្រលាញ់របស់ខ្ញុំ បានជាកំលាំងចិត្តដល់ព្រះនាងខ្ញុំ សូមអោយនាងរស់នៅជាសុខតរៀងទៅ ហើយខ្ញុំសន្យាថា ខ្ញុំនឹងស្មា ជាខ្នើយ ជាកន្ទេល ជាគ្រែ ជាពូករបស់នាងជារៀងរហូត៕