ពិតមែនហើយ! មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានជីវិតដែលពោរពេញដោយសេចក្តីសុខ ប៉ុន្តែភាគច្រើនមនុស្សតែងតែនាំទុក្ខដាក់ខ្លួនដោយប្រការផ្សេងៗដូចជា ការមិនសុខចិត្ត ការច្រណែន ការនិន្ទា និងភាពលោភលន់ជាដើម។
ពេលទុក្ខមកដល់ ក៏ហៅរកសុខ ទាំងខ្លួនឯងមិនដែលដឹងសោះថា តើត្រូវរកសុខដោយវិធីណា ហេតុនេះទើបមនុស្សបាត់បង់វិចារណញ្ញាណ ហ៊ានប្រព្រឹត្តិអំពើពាលាផ្សេងៗដោយមិនដឹងខ្លួន។
សម្តេចព្រះមហាឃោសានន្ទ (ព្រះមហា វ៉ាយ៉ាវ) បានមានព្រះសង្ឃដីកាថា «មុននឹងអាចស្វែងរកសុខអោយអ្នកដទៃ មនុស្សគ្រប់រូបត្រូវស្វែងរកសុខអោយខ្លួនឯងជាមុនសិន។ ព្រោះធ្វើដូច្នេះទើបមនុស្សដឹងពីមធ្យោបាយនៃការស្វែងរកសុខ»។
ម្យ៉ាងវិញទៀត អ្នកត្រូវចងចាំថា ជីវិតនេះគឺមិនមែនជាការផ្តល់អោយ ឬការរងចាំទទួលផលទេ សមិទ្ធផលនៃជីវិតទាំងអស់គឺកើតឡើងពីរូបមន្ត៤នេះ..
- អ្វីដែលអ្នកប្រឹងប្រែងបង្កើតដោយខ្លួនឯង
- ជាលទ្ធផលនៃការបញ្ចេញថាមពលរបស់អ្នក
- ជាលទ្ធផលនៃការបញ្ចេញទេពកោសល្យ និងការសម្រេចស្នាដៃ របស់អ្នក
- ជាលទ្ធផលនៃការគិតត្រូវ ធ្វើត្រូវ និងរស់នៅត្រឹមត្រូវ ដែលជាជម្រើសរបស់អ្នក
គ្មានអ្នកណាអាចផ្តល់អ្វីៗគ្រប់យ៉ាងអោយខ្លួនយើងបានទេ ក្រៅពីយើងប្រឹងប្រែងដោយខ្លួនឯង។ ចូរចងចាំថា ការស្វែងរកសេចក្តីសុខពិតប្រាកដមិនមែនធ្វើដោយងងឹតងងល់នោះទេ អ្នកត្រូវ..៖
- ស្គាល់ប្រមាណក្នុងការរស់នៅ
- លះបង់ចិត្តច្រណែន និន្ទាឈ្នានីស
- មានគំនិតសុទិដ្ឋិនិយម
- រស់នៅជាមួយពេលវេលារបស់ខ្លួនឯង
- រាប់អានកល្យាណមិត្តអោយបានច្រើន
ដូច្នេះ សូមប្រើថាមពលរបស់អ្នក ដៃទាំងគូររបស់អ្នក អោយត្រឹមត្រូវ ចំពេលវេលា និងត្រូវតាមទីកន្លែង ពេលនោះជីវិតរបស់អ្នកនឹងក្លាយជាជីវិតដែលពោរពេញដោយរស់ជាតិមិនអាចបំភ្លេចបាន។ សូមឈប់ដេកស្រមៃសុខទៀតទៅ!
សូមឈប់ភ័ន្តច្រឡំថា ជីវិតរបស់អ្នកត្រូវបានរៀបចំដោយអាទិទេព ឬដោយព្រហ្មលិខិតទៀតទៅ។ សូមបញ្ឈប់គំនិតរស់នៅព្រោះរងចាំសំណាង ឬវាសនាទៀតទៅ ពីព្រោះរបស់ទាំងនេះ គឺយើងជាអ្នកបង្កើតវាឡើងតាមរូបមន្តទាំង៤ខាងលើ។