រឿង​ពិត​របស់ខ្មោច នាង​ណាត ឬ​ម៉ែ​ណាត​

រឿង​ពិត​របស់ខ្មោច នាង​ណាត ឬ​ម៉ែ​ណាត​

និយាយរឿង «នាងណាត» លោក​អ្នកជាច្រើន​សុទ្ធ​តែ​បានស្គាល់​ហើយ​ថា តើ​ជា​អ្នកណា ហើយ​ច្បាស់ណាស់ថា លោកអ្នក​ភាគច្រើន​ប្រាកដ​ជាធ្លាប់​បានទស្សនា​ភាពយន្ត​ថៃ​ដ៏សែនរន្ធត់​នោះ​ មិនខាន​។ ​សព្វថ្ងៃ​ ព្រលឹង​នាងណាត មិន​គ្រាន់តែ​ជា​ភាពយន្ត​នោះ​ទេ គឺ​បាន​ក្លាយ​ទៅជា​ប្រវត្តិ​ដ៏កំសត់របស់ប្តីប្រពន្ធ​ក្នុង​សម័យ​សង្គ្រាម​​ ទៀត​ផង​​។

អ្នក​មានជំនឿ ​ជនជាតិ​ថៃ​ បាន​​លើក​យក​រឿង​ «ព្រលឹង​នាងណាត – Mae Nak» មកអះអាង ដោយ​គេ​​ជឿថា ព្រលឹង​របស់នាង​កំពុង​តែ​ស្ថិត​នៅ​ក្នុងវត្ត​ មហាបុត្រ និង​កំពុងជួយ​សម្រេច​បំណង​របស់​មនុស្ស​ ដើម្បី​កុំ​អោយដូច​នាង​ដែល​ក្តី​រំពឹង​រងចាំប្តី​ត្រូវ​បាត់បង់ ព្រោះ​តែនាង​បានស្លាប់​មុន​ពេល​គេ​មក​ដល់​។

រឿង​បាន​តំណាល​មកថា….

កាល​ពីប្រហែល​១៧២ឆ្នាំ​មុន (ផ្ទៀង​ផ្ទាត់​និងឆ្នាំ​ ២០២២) គឺ​ក្នុង​កំឡុង​ឆ្នាំ ១៨៥០​​ នារី​ម្នាក់​ឈ្មោះ នាង​ណាត រស់នៅ​តាម​បណ្តោយដង​ទន្លេរ Prakanong។ នាង​បានរៀបការ​ជាមួយបុរស​ម្នាក់​ឈ្មោះ ម៉ាក និងរស់នៅជាមួយគ្នា​បានមួយរយៈ​។

ក្រោយ​មក​​ស្រុក​ទេស​ក៏​កើត​សង្គ្រាម, ទំនង​ជា​សង្គ្រាម​រវាង​សៀម និង​ភូមា​ ចន្លោះឆ្នាំ ១៨៤៩ – ១៨៥៥ (គេហៅថា សង្គ្រាម Kengtung Wars, ជា​សង្គ្រាមឈ្លានពានរបស់សៀម​ទៅ​កាន់​ខេត្ត​ Kengtung ឬKyaingtong របស់​ប្រទេស​ភូមា​ ) នាយ​ម៉ាកជាប្តី​ត្រូវ​បានគេ​កេណ្ឌ​ទៅធ្វើជា​កង​ទ័ព​ ក្នុងពេល​ដែលនាង​ណា​កំពុង​មាន​ផ្ទៃ​ពោះ​។ នាយ​ម៉ាក សន្យាថា ពេល​ចប់​សង្គ្រាម​​នឹង​វិល​ត្រឡប់​មករក​ប្រពន្ធកូន​វិញ ប៉ុន្តែជា​អកុសល នាយម៉ាក​បាន​ត្រូវ​របួស​ធ្ងន់ធ្ង និង​​ត្រូវ​​បាន​សម្រាក​ព្យាបាល​នៅ​ឯស្រុក​ឆ្ងាយ​។ ចំនែក​នាង​ណាត​ជាប្រពន្ធ​ឯនេះ​វិញ ក្រោយ​ពេល​គំរប់​ខែ​ឆ្លង​ទន្លេ និង​ដោយ​សារ​បាត់​ដំណឹងប្តីផង នាង​មានកង្វល់​យ៉ាងខ្លាំង​ ទើប​ធ្វើ​ឲ្យ​រឿង​​អកុសល​​កើត​ឡើង នាង​ណាត បានស្លាប់​ដោយសារ​ការសម្រាលកូន​មិនចេញ​។ អ្នកស្រុក​បានធ្វើ​បុណ្យ សុន្ទរ៍​ទាន ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ធ្វើបុណ្យ​នោះ ស្រាប់តែ​គេ​បាន​ឃើញព្រលឹង​នាងឈរ​នៅ​មាត់ទន្លេរ​បំពេរកូន​រងចាំប្តី​ ទើ​បធ្វើ​អោយ​អ្នកស្រុក​ភ័យ​ខ្លាច​រត់​ចោល​ស្រុក​ភូមិ​ស្ទើ​តែអស់​។

នៅទីបំផុត នាយ​ម៉ាក បាន​វិល​ត្រឡប់​មក​កាន់​ភូមិ​របស់គេ​វិញ​។ គេ​សប្បាយចិត្ត​ណាស់​ពេល​ដែល​បានជួប​ប្រពន្ធ​និងកូន​គួរអោយស្រលាញ់ តែ​អ្នកស្រុកវិញ​ពិត​ជា​ភ័យតក់ស្លុត​យ៉ាងខ្លាំង​ ក៏​មាន​អ្នក​ខ្លះ​ខ្សិប​ប្រាប់​រឿងពិត​ដល់​គាត់​ តែ​ដំបូង​គាត់​មិនជឿ​នោះ​ទេ ថែមទាំង​ខឹង​នឹងគេ​ទៀត​ផង តែក្រោយ​មក​ទើប​គាត់រក​ឃើញថា ប្រពន្ធ​របស់គាត់​គឺជាខ្មោច​ពិត​មែន​ ទើប​គាត់ភ័យ​រត់​ទៅ​ពួន​នៅ​ឯវត្ត​។ នាងណាត​បាន​តាម​រកប្តី​ ស្រែកហៅ​ប្តីនៅខាងក្រៅរបងវត្ត ព្រោះ​មិនអាច​ចូល​ទៅ​បាន​រហូត​កើត​ជា​កំហឹង ក៏​ធ្វើបាប់អ្នកស្រុកភូមិអោយ​កើត​កោឡាហល​គ្រប់គ្នា​។

តាម​ការ​ស្រាវជ្រាវ…

លោក Anek Nawikamul ជាអ្នកប្រវត្តិសាស្រ្តថៃ បានស្រាវជ្រាវរឿងនេះ ហើយ​បាន​រក​ឃើញ​អត្ថបទ​មួយ​នៅ​ចុះ​ផ្សាយ​ក្នុង​កាសែត Siam Praphet ដែលសរសេរដោយ K.S.R. Kularb ចុះថ្ងៃទី 10 ខែមីនា ឆ្នាំ 1899 ។ Kularb បានអះអាងថា រឿង​របស់ Mae Nak គឺផ្អែកទៅលើជីវិតរបស់ Amdaeng Nak (Amdaeng Nak, ‘Mrs Nak’) ដែល​ជា​កូន​ស្រី​របស់​មេឃុំ Phra Khanong ឈ្មោះថា Khun Si ។ Amdaeng Nak បានស្លាប់ពេលនាងមានផ្ទៃពោះ។ កូន​ប្រុស​របស់​នាង ដោយ​បារម្ភ​ថា​ឪពុក​អាច​នឹង​រៀបការ​ម្ដង​ទៀត ហើយ​មរតក​របស់​គាត់​បាន​ចែក​រំលែក​ជាមួយ​ម្ដាយ​ចុង​របស់​គាត់ គាត់​ក៏​បាន​​បង្កើត​រឿង​ខ្មោច​លង​ឡើង​ ដោយ​គាត់បានស្លៀកពាក់ខោអាវនារី ហើយ​ឈរ​​នៅ​មាត់​ទន្លេ​ ​គប់ដុំថ្ម ពេល​មាន​អ្នក​ជិះទូក​ឆ្លង​កាត់​ ធ្វើឱ្យមនុស្ស​មើល​ឃើញ និង​គិតថាវាជាខ្មោចរបស់​នាង​ណាក់។ Kularb ក៏​បាន​លើក​ឡើង​ថា ប្តី​របស់​នាង​ Nak គឺ​ឈ្មោះ Chum មិនមែន Mak ទេ។

សព្វថ្ងៃ គេ​បាន​សាង​ចេតិយ​មួយ​ឈ្មោះថា ចេតិយនាងណាត (ភាសាថៃថា ម៉ែណាក់​) នៅ​ក្នុង​វត្ត​មហាបុត្រ ស្ថិត​នៅ​បណ្តោយ​ដង​ទន្លេ​ប្រាខានុង (Phra Khanong) សង្កាត់ សួន​លួង ទីក្រុង​បាងកក៕