អ្វី​ជា​បណ្តាសារ តើ​វា​ពិត​ដែរ​ទេ?

អ្វី​ជា​បណ្តាសារ តើ​វា​ពិត​ដែរ​ទេ?

បណ្តាសារ គឺជា​ពាក្យ​ប្រកាស​ជា​ឪឡារិក អោយ​នរណា​ម្នាក់​ទទូលរង​គ្រោះ ឬ​ដាក់ទណ្ឌកម្ម​ តាម​អ្វី​ដែល​ជា​ម្ចាស់​បណ្តាសារ​ខឹង​ ឬ​ខក​បំណង​។ វាត្រូវ​បាន​កំណត់ថា​ជា​ទង្វើ​អាក្រក់ ពីព្រោះ​វា​នឹង​ដឹក​នាំ​ឲ្យ​មាន​​វិនាស​កម្ម​ដោយ​ប្រការ​ផ្សេង​ៗ។

ជាទូទៅ អ្នកដែល​អាច​ដាក់បណ្តាសារ​គេ​បាន ភាគ​ច្រើន​គឺ​ជា​ជន​ដែល​ងប់ងល់​​និង​កំហឹង អំណាច ឬ​ឬទ្ធានុភាព​បែប​ហឹង្សា​ ដូចជា​អ្នក​ចេះ​មន្ត​អាគម អាប ធ្មប់​ គន្ធប​ យក្សា ជាដើម​ ពីព្រោះ ពាក្យ​បណ្តាសារ​​ បើ​តាម​ជំនឿ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ប្រសិទ្ធី​នូវ​ពាក្យ​មន្ត​អាគម​ គាថា យ័ន​ និយាយ​ដោយ​ពាក្យ​សច្ចា​ក្តី សរសេរ​ក្តី ឬ​ធ្វើ​ជា​រូប​តំណាង​ក្តី ចំពោះ​ជន​ណា​ដែល​គេ​កំណត់​។

តើ​វា​ពិត​ដែរទេ?

រឿង​ពិត ឬ​មិន​ពិត​នោះ យើង​ពិបាក​ក្នុងការ​បក​ស្រាយ​ណាស់ ពីព្រោះ​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ ពេល​ខ្លះ​វា​ដូចជា​កើត​ឡើង​តាមពាក្យ​បណ្តាសារ ដូចជា​ព្រះអង្គម្ចាស់ Carnarvon របស់អង់​គ្លេស ដែល​បាន​សោយទីវង្គត​ព្រោះ​តែ​មូស​តូចមួយខាំ​​ជាដើម។

រឿងរ៉ាវ​បាន​កើត​ឡើងយ៉ាងនេះ…. កាល​ពីថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ១៩២៣ អ្នកជំនាញ​ប្រវត្តិសាស្រ្ត​ជនជាតិ​ អេស្ស៊ីប សញ្ជាតិ​អង់គ្លេស​ Howard Carter និង​ព្រះអង្គម្ចាស់ Carnarvon (ស្តាំ​ក្នុងរូប​) បាន​សម្រេច​វាយ​បំបែក​មាត់ទ្វារ​នៃ​ផ្នូរ​បញ្ចុះ​សព​របស់​ស្តេច Pharaoh Tutankhamun ដែល​បាន​ស្លាប់​ក្នុង​កំឡុង​ឆ្នាំ ១៣២៣មុន​គ.ស ក្នុង​អាយុ​ប្រហែល​១៨​ឆ្នាំ​ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​ស្តេច​អេស្ស៊ីប​។ មនុស្ស​មួយ​ចំនួន​មាន​ជំនឿ​ថា ការ​បើក​ផ្នូរ​ដែល​គេ​បាន​រក្សា​ការពារ មិនប៉ះពាល់​អស់​ពេល​ជាង ៤ពាន់ឆ្នាំ​មក​នោះ គឺដូចជា​​លែង​បណ្តាសារ​​នៃ​ស្តេច Pharaohs ដែល​ក្រោយ​មក​ត្រូវគេហៅថា បណ្តាសារ​ស្តេច Tut វិញ​។ គេ​និយាយថា គ្រោះមហន្តរាយ​នឹង​កើត​ឡើង បើ​សិនជា​គេ​ទៅរំខាន​ដល់​ផ្នូរ​សាកសព​ (ម៉ាំមី) របស់ជនជាតិ​អេស្ស៊ីប​បុរាណ​។ ប្រហែល៦សប្តាហ៍​ក្រោយ​ការ​បើក​ច្រក​ផ្នូរ​នោះ ព្រះអង្គម្ចាស់ Carnarvon ដែល​ជា​អ្នក​ចេញ​ប្រាក់​ក្នុងបេសកកម្ម​វាយ​បំបែក​ច្រក​ផ្នូរ​នោះ បាន​សោយទីវង្គត ដោយសារ​តែ​មូស​ខាំ​​​លើ​ថ្ពាល់​ ហើយ​វាកាន់តែធ្ងន់ធ្ង​ក្រោយពេល​កោរ​ពុកមាត់​លើ​ស្នាម​មូសខាំ​នោះ។ វា​ក៏​បាន​បង្ករ​ទៅជា​របួស​ដែល​មានជាតិ​ពិស​រលាយ​ចូល​ក្នុងឈាម​ ធ្វើ​ឲ្យរលាក​សួត ហើយ​សោយទីវង្គត់​ទៅ​។

នៅ​ក្នុង​រូបថត លោកអ្នក​អាច​មើលឃើញ សំណល់​នៃ​ជញ្ជាំង​​ដែល​គេ​ប្រើប្រាស់​ថ្ម​ភក់​មក​បិត​​ច្រក​ចូល​ទៅ​កាន់​ផ្នូ​របស់​ស្តេច​ Pharaoh Tutankhamun នៅ​សល់​ត្រឹម​ជង្គង់​របស់​ព្រះអង្គ​ម្ចាស់ Carnarvon និង​ Howard Cartel។ ច្រក​ទ្វា​រ​នេះ​ឯង​ដែល​គេ​ជឿថា វា​គឺជា​ផ្ទាំង​បណ្តាសារ​។

ជា​ការ​ពិត ​ក្រុម​របស់​លោក Carter និង​ព្រះអង្គម្ចាស់​ Carnarvon បាន​ចូល​ទៅ​រក​ឃើញ​ផ្នូរ​របស់ Pharaoh Tutankhamun មុន​គេ​ ជាមួយ​នឹង​រតន​សម្បត្តិ​​ជាច្រើន​ទៀត​ដែល​ដាក់​ជាមួយ​នោះ​។

គ្មាន​ពាក្យ​បណ្តាសារ​ណា​មួយ​ត្រូវ​បានរក​ឃើញទេ ប៉ុន្តែ​ការ​ស្លាប់​ជា​បន្ត​បន្ទាប់​នៃ​ក្រុម​របស់​លោក​ Carter បាន​ធ្វើ​ឲ្យ​ជំនឿ​នៃ​បណ្តាសារ​នោះ​នៅ​តែ​មាន​​ប្រសិទ្ធ​ភាព​។ ជន​រង​គ្រោះ ដែលស្លាប់​បន្ទាប់​ពី​​ព្រះអង្គ​ម្ចាស់​ Carnarvon មានដូចជា ព្រះអង្គម្ចាស់ Ali Kamel Fahmy Bey ដែល​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​មហេសី​របស់ទ្រង់​នៅឆ្នាំ ១៩២៣​។ លោក​ដុកទ័រ Archibald Douglas Reid ដែលជាអ្នក​ថត X-Rays លើ​សាកសព​បាន​ស្លាប់ដោយ​អាថ៌កំបាំងក្នុងឆ្នាំ ១៩២៤។ លោក Lee Stack មន្ត្រី​សាធារណៈនៃ​ប្រទេស​សូដង់ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ទីក្រុង Cairo ប្រទេសអេស្ស៊ីប នៅឆ្នាំ ១៩២៤។ ក្នុង​នោះ អ្នក​និពន្ធ​​ ចងក្រង​សកម្មភាព​របស់​ក្រុម​លោក Carter គឺ អ្នកនិពន្ធ Mace ត្រូវបាន​ស្លាប់​ដោយសារ​ការ​ពុល​អាសេនិក​នៅឆ្នាំ ១៩២៨។ ចំនែក​លោក​លេខា​របស់​លោក​ Carter គឺលោក Richard Bethell ត្រូវ​បាន​គេ​ប្រទះ​ឃើញស្លាប់​នៅ​លើ​គ្រែរបស់គាត់​នៅ​ក្នុងឆ្នាំ ១៩២៩ ចំនែក​ឳពុក​របស់​លោក​ត្រូវបាន​គេ​ដឹងថា បាន​ធ្វើ​អត្តឃាត​នៅឆ្នាំ ១៩៣០​។

មនុស្សភាគច្រើនដែលធ្វើការនៅក្នុង ឬទៅទស្សនាផ្នូរនោះ មានជីវិតរស់នៅបានយូរ ប៉ុន្តែ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ខូច​ដល់​ជំនឿ​លើ​បណ្តាសា​របស់អ្នកដែលចង់ជឿនោះទេ។ លោក​ Carter ខ្លួនឯងបានច្រានចោលគំនិតដាក់បណ្តាសាទាំងស្រុងថា ជា ‘Tommy Rot មានន័យថា រឿង​គ្មានបាន​ការ​’ ប៉ុន្តែនៅពេលដែលគាត់បានស្លាប់ដោយឯកោ និងសោកសៅដោយជំងឺ Hodgkin ក្នុងផ្ទះល្វែងរបស់គាត់ក្នុងទីក្រុងឡុងដ៍ក្នុងខែមីនា ឆ្នាំ 1939 ក្នុងអាយុ 64 ឆ្នាំ រឿង​រ៉ាវ​នៃ​បណ្តាសា​របស់​ម៉ាំមី​បាន​ផ្ទុះ​ឡើង​ឡើងវិញ ហើយ​វា​បាន​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។

ដូច្នេះ ក្រោយ​ការ​ស្វែង​យក​រឿងរ៉ាវ​ខាងលើ​ហើយ លោក​អ្នក​អាច​ជឿ ឬ​មិន​ជឿ​ក៏បាន ចំពោះ​រឿងរ៉ាវ​នៃ​ពាក្យ​បណ្តាសារ​ ប៉ុន្តែពាក្យខ្មែរ​មួយ​ខ្លា​ដែល​គេតែនិយាយលេងថា «មិនជឿ​កុំ​ប្រមាថ»​៕