ពេលខ្លះអ្នកប្រាកដជាធ្លាប់សួរខ្លួនឯងថា ហេតុអ្វីបានជាអញក្រីក្រអីម្លេះ? ហេតុអ្វីបានជាអញជួបតែរឿងមិនសមបំណងដូច្នេះ? រហូតពេលខ្លះ ដើម្បីលួងខ្លួនឯង ក៏បានបន្ទោសថាមកពីកម្មបុព្វជាតិទើបវាបែបនេះ ប៉ុន្តែភ្លេចគិតថា កម្មបុព្វជាតិ គឺស្មើនិងអំពើដែលបានសាងទុកមុនមកនោះឯង។
បុគ្គលគ្រប់រូបប្រាថ្នាចង់បានសេចក្តីចំរើនរុងរឿង សម្រាប់ខ្លួនឯង គ្រួសារខ្លួនឯង បក្សពួកខ្លួនឯង សហគមន៍ខ្លួនឯង និងសង្គមជាតិខ្លួនឯង ប៉ុន្តែមានបុគ្គលតិចតួចណាស់ដែលអាចសម្រេចក្តីប្រាថ្នានោះបាន ពីព្រោះថា អ្នកដែលសម្រេចសេចក្តីប្រាថ្នាធ្វើអោយជីវិតរុងរឿង គឺសុទ្ធតែជាបុគ្គលដែលមិនចេះភ័យខ្លាចក្នុងរឿងដូចខាងក្រោមនេ..៖
- មិនភ័យខ្លាច ក្តៅ រងា ខ្ពស់ពេក ទាបពេក ឆ្ងាយពេក…៖ ពិតណាស់មោឃៈបុគ្គលមួយចំនួន មានចិត្តចង់មានចង់បាន តែធ្វើការអ្វីមួយក៏រអ៊ូរទាំថា ក្តៅណាស់ ត្រជាក់ណាស់ ឆ្ងាយណាស់ ខ្ពស់ណាស់… តើនឹងរកប្រយោជន៌ពីណាមកបាន? តែបុគ្គលដែលមិនចេះភ័យខ្លាច ក្តៅ ត្រជាក់ ឆ្ងាយ ជិត ខ្ពស់ ទាប ទើបជាមនុស្សសក្តិសមនិងទទួលបានភាពជោគជ័យក្នុងឆាកជីវិត។
- មិនភ័យខ្លាច មេឃបាក់ ភ្នំរលំ សមុទ្ទរលាយ…៖ បុគ្គលឥតប្រយោជន៍មួយចំនួន ដែលមាននិស្ស័យខ្ជិលច្រអូសតែងរអ៊ូថា មេឃភ្លៀងហើយ មេឃក្តៅណាស់ ភ្នំរលំឥឡូវហើយ សមុទ្ធរីងស្ងួតឥឡូវហើយ… តើនិងរកប្រយោជន៍ឯណាបាន? តែបុគ្គលដែលមិនខ្លាច និងរឿងទាំងនេះ ឬចាត់ទុករឿងទាំងនេះជារឿងហូសវិស័យនិងកើតឡើង ទើបជាអ្នកដែលសក្តិសមទទួលបានជោគជ័យក្នុងជីវិត។
- មិនភ័យខ្លាច មារ សត្រូវ ទោះស្ថិតនៅលើសមរភូមិ…៖ មនុស្សភាគច្រើនចង់អោយសហគមន៍ខ្លួនបានសុខ តែមិនហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន នៅពេលមានបញ្ហា គិតតែពីររត់យករួចខ្លួន និងភ័យខ្លាចចំពោះការសំឡុតគម្រាមពីសត្រូវ ធ្វើចិត្តខ្លួនឯងអោយកើតកោឡាហលឥតឈប់ឈរ.. តើនិងរកសុខពីណាមកបាន? ប៉ុន្តែបុគ្គលដែលលះបង់ការខ្លាច និងសេចក្តីសុខផ្ទាល់ខ្លួន ទើបជាបុគ្គលដែលសក្តិសមនិងទទួលបានការកោធសរសើ និងលើកតំកើង។
- មិនខ្វល់ និងមិនខ្លាច មង្គលភ្ញាក់ផ្អើល..៖ មង្គលភ្ញាក់ផ្អើលបានដល់ដំណឹងចចេកចចូច ចចាមអារ៉ាម ឬពាក្យពេចន៍ប្រទិចផ្តាសា ឬពាក្យគម្រាមកំហែងពីនរណាម្នាក់ ធ្វើ់អោយចិត្តនៅមិនស្ងប់ រស់មិនសុខ គិតតែពីបារម្ភខ្លាច… តើនឹងរកសេចក្តីសុខរុងរឿងពីណាមក? តែបុគ្គលដែលមិនភ្ញាក់ផ្អើលនិងរឿងទាំងនេះ និងចេះថ្លឹងថ្លែងរកការពិត ទើបជាបុគ្គលដែលគួរលើកដំកើង។
សរុបមក សេចក្តីភ័យខ្លាច ធ្វើអោយបុគ្គលបាត់បង់វិចារណញ្ញាណ មិនអាចសម្រេចសេចក្តីត្រូវខុសបានភ្លាមៗនោះឡើយ ដូច្នេះហើយបុគ្គលដែលគិតតែភ័យខ្លាច តក់ស្លុត នឹងមិនទទួលបានកោធសរសើ លើកតំកើងនោះទេ ផ្ទុយទៅវិញបុគ្គលភ័យខ្លាច និងនាំវិនាសអន្តរាយដល់ខ្លួនឯង គ្រួសារ សហគមន៍ទៀតផង៕