គំនូររូប​ប្រពន្ធ​

គំនូររូប​ប្រពន្ធ​

កាល​មួយ​នោះ មាន​បុរស​ម្នាក់​ឈ្មោះ កំ​បិ វា​ក្រ​ហើយ​បញ្ញា​ខ្សោយ​ផង។ វា​រកស៊ីដេរស្បែកជើង​។ វា​រស់​នៅ​ក្នុង​ខ្ទម​មួយ​តែ​ម្នាក់​ឯង គ្មាន​អ្នក​ណា​ចង់​រៀប​ការ​ជា​មួយ​វា​ទេ ព្រោះ​វា​មាន​ស្មារតី​តិច។

​ល្ងាច​មួយ​មាន​ស្រី​ក្មេង​ម្នាក់ បាន​ចូល​មក​ដល់​មាត់​ទ្វារ​ផ្ទះ​វា ហើយ​សួរ​ថា តើ​នាង​អាច​គេង​មួយ​យប់​ក្នុង​ខ្ទម​នេះ​បាន​រឺទេ? តាំង​ពី​ដើម​មក កំបិ មិន​ដែល​ប្រទះ​ឃើញ​ស្រី​ណា​ល្អ​យ៉ាង​នេះ​សោះ វា​​រីក​​រាយ​​នឹ​ង​​អោយ​នាង​​ចូល​​ក្នុង​​ផ្ទះ​​វា​ណាស់។ យប់​នោះ​ក្រោយ​ពី​អាស្រ័យ​អាហារ​យប់​ហើយ ស្រី​ក្មេង​សួរ​ថា «លោក​ហាក់​ដូច​ជា​រស់​នៅ​ម្នាក់​ឯង ខ្ញុំ​ក៏​មាន​តែ​ម្នាក់​ឯង​ដែរ តើ​លោក​ចង់​បាន​​ខ្ញុំ​ជា​ភរិយា​រឺទេ?»។

អា​ពាហ៍​ពិ​ពាហ៍​ធ្វើ​អោយ កំបិ សប្បាយ​រីរាយ​ណាស់ អ្នក​ទាំង​ពីរ​បានរៀបការ​ ប៉ុន្ដែ​ក៏​ធ្វើ​អោយ​វា​ពិបាក​ចិត្ដ​ណាស់​ដែរ ដើម្បី​បង្ហើយ​ការងារ។ វា​ជាប់​ចិត្ដ​នឹង​ប្រពន្ធ​ក្មេង​ណាស់ ទាល់​តែ​មិន​អោយ​នាង​បាត់​មុខ​ពី​វា សូម្បី​មួយ​ស្របក់​ក៏ដោយ​។ នៅ​ពេល​ដែល​វា​ធ្វើ​ស្បែក​ជើង​ចំ​បើ​ង​ជា​រឿយៗ ស្បែក​ជើង​នោះ​មាន​បន្ដោយ​រហូត​ប្រាំ​ ឬប្រាំ​មួយ​ចំអាម​ដោយ​មិន​ដឹង​ខ្លួន​ផង ព្រោះ​វា​ដី​រវល់​តែ​សំលឹង​មើល​ប្រពន្ធ មិ​ន​មើល​ការងារ​សោះ។ នៅ​ពេល​ធ្វើ​អាវ​ភ្លៀង​ចំបើង​ក៏​ដូច​នេះ​ដែរ ជួន​កាល​អាវ​នោះ​មាន​​ប្រវែង​រហូត​ដល់​ដប់​ ឬម្ភៃ​ចំ​អាម ព្រោះ​កំបិ​​សំលឹង​មើល​តែ​អ្វីៗ​ដែល​ប្រពន្ធ​វា​កំពុង​ធ្វើ​មិន​បាន​​ប្រុង​ប្រយ័ត្ន​មើល​ការ​ងារ​របស់​វាទេ​។ គ្មាន​នរ​ណា​អាច​ពាក់​អាវ​ភ្លៀង​វា​បាន​ឡើយ​។

​រួច​មក​វា​ក៏​ទៅ​ធ្វើ​ការ​ឯ​ចំការ មួយ​ស្របក់​ម្ដងៗ​ វា​រត់​មក​ផ្ទះ​វិញ ស្រែក​ហៅ «ប្រពន្ធ​សំលាញ់​អើយ! អូន​នៅ​ទី​នេះ​រឺ? ហេតុនេះ វា​គ្មាន​បាន​បំពេញ​ការងារ​ច្រើន​ទេ ក្នុង​មួយ​ថ្ងៃៗ។ ប្រពន្ធ​ពោល​ថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូច​នេះ​នាង​ទៅ​ទីក្រុង​អោយ​សិល្បករ​ម្នាក់​គូរ​រូប​នាង។ នាង​យក​រូប​មក​ផ្ទះ​វិញ ហើយ​ប្រាប់ កំ​បិ​ថា «បង! នេះ​នែ​រូប​ខ្ញុំ។ សូម​យក​រូប​នេះ​ទៅ​ព្យួរ​នឹង​ដើម​មន​នៅ​ជិត​បង​ទៅ បង​អាច​ឃើញ​រូប​នេះ​នៅ​ពេល​កំពុង​ធ្វើ​ការ​ក្នុង​ចំការ បង​មិន​បាត់​មុខ​ខ្ញុំ​យូរ​ទេ» កំបិ​ធ្វើ​តាម​នាង​ប្រាប់ មួយស្របក់ម្ដងៗ វាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវា​ប៉ុន្ដែមិនយូរ​ប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។

ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបានលួងលោមថា «បងសំលាញ់! កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង»។ ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់ ហើយ​ទី​បំផុត​ក៏​ធ្លាក់​ប៉េល​ប៉ោល​ចុះ​ដល់​សួន​ក្នុង​វិមានមួយ។ លុះឃើញរូបគំនូរ ម្ចាស់​វិមាន​ចាប់​ចិត្ដ​ស្នេហា​លើ​រូប​ស្រី​ក្នុង​គំនូរ​នោះ​លោក​គិត​យ៉ាងនេះ «បើរូបគំនូរដូចនេះ មុខជាមាន​មនុស្សពិតមិនខាន»។ រួច​លោក​ក៏​បញ្ជា​បំរើ​អាយ​ដើរ​រក​ស្រី​នោះ​ដល់​ឃើញ​អោយ​ចាប់​យក​នាង​មក​ជូន​លោក​កុំ​បង្អង់។

បំរើដើរពីភូមិមួយទៅភូមិមួយ ដោយកាន់រូបគំនូរទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផង​«តើ​អ្នក​ស្គាល់​រូប​នេះ​រីទេ» ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាម «អូ! នេះជាប្រពន្ធ កំបិ ទេតើ!» ប្រាកដមែន លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូបស្អាត។ មុខ​ដូច​រូប​ក្នុ​ង​គំនូរ​បេះ​បិទ «យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ» ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ «សូមមេត្ដាកុំចាប់យកនាងទៅ» តែឥតអំពើឡើយ វា​ស្រែក​ទ្រ​ហោ​យំ​យ៉ាង​ខ្លាំង​ទាល់​តែ​ទឹក​ភ្នែក​ក្លាយ​ជា​ថ្លុក​មួយ​បន្ដាយ​មួយ​ជំហាន។

ប្រពន្ធ​និយាយ «បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចអ្វីគេកើតទេក្នុងពេលនេះ តែសូមស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង​ ពេល​នោះ​យើង​នឹង​បាន​ជួប​គ្នា ហើយ​កិច្ច​ការ​យើង​នឹង​បាន​សំរេច» នាង​មិន​ទាន់​ទាំង​បាន​និយាយ​អ្វី​ច្រើនទៀ​ត​ផង គេ​ក៏​ចាប់​យក​នាង​ចេញ​តំរង់​ទៅវិមាន។ រាល់ៗថ្ងៃ កំបិ​នឹក​មមៃ​ថា​តើ​ដល់​ពេល​ត្រូវ​ទៅ​រក​ប្រពន្ធ​វាហើយរឺនៅ?។

ទីបំផុតមានគេនិយាយប្រាប់វាថា ឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយ។ វា​ចេញ​ដំនើរ​តំរង់​ទៅ​វិមាន​ដោយ​បាន​នាំ​យក​មែក​ស្រល់​មួយបាច់ធំទៅផង។ បន្តិចទៀត​វា​នឹង​បាន​ជួប​មុខ​ប្រពន្ធ​សំលាញ់​ចិត្ដវិញ​ហើយ!

លុះ​ទៅ​ដល់​មាត់ទ្វារវិមាន កំបិ ស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!» ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​នាង​បាន​សើច​តាំង​ពី​ពេល​ដែល​គេ​ចាប់​នាង​យក​មក​ដាក់​ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់ ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោក​បញ្ជា​បំរើ​ទៅ​ហៅ​អ្នក​លក់​ដើម​ស្រល់​ចូល​មក​។ លុះ​ឃើញ​កំបិ​មក​ដល់​នាង​ប្រពន្ធ​រិត​តែ​រីក​រាយ​ជាង​មុន​ទៅ​ទៀត​ នាង​សំលឹង​មើល​វា​យ៉ាង​ពព្រាយ ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា «បើ​អ្នក​លក់​ដើម​ស្រល់​ធ្វើ​អោយ​នាង​រីក​រាយ​យ៉ាងនេះ អញ​គួរ​តែ​ធ្វើ​ជា​អ្នក​លក់​ដើម​ស្រល់វិញម្ដង»។

ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន លុះស្លៀកពាក់ខោអាវកញ្ចស់ដូចជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើម​ស្រល់​ល្អ​សំរាប់​បុណ្យ​ចូល​ឆ្នាំថ្មី!»។ ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង ហើយ​សើច​ក្អាក​ក្អាយ​អស់​ពី​ដួង​ចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច ហើយ​ក៏​តាំង​រាំ​រែក​ជុំ​វិញ​សូន​ដោយ​ពុន​ដើម​ស្រល់​ពីក្រោយខ្នងផង។ «ដើមស្រល់! ដើមស្រល់ល្អៗ!» គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំ រារិលជុំវិញសួន ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។

លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។ មួយ​សន្ទុះ​ក្រោយ​មក​ម្ចាស់​វិមាន​ដឹង​ថាខ្លួនមិនមែននៅក្នុងសួនទេ។ គេក៏ដើរទៅកាន់ទ្វារវិមាន តែ​ងឿង​ឆ្លល់​ជា​ខ្លាំង​ដោយ​ឃើញ​ទ្វារ​បិទ​ជិត​បើក​អោយ​អញ​ចូល! អោយអញចូល! គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។

នៅក្នុងវិមាន កំបិ និងប្រពន្ធដ៏ឈ្លាស​វៃ​របស់​គេ​មាន​របស់​ទ្រព្យ​គ្រប់​បែប​យ៉ាង​ដូច​ចិត្ដ​ប្រាថ្នា​ហើយ​ក៏រស់​នៅ​យ៉ាង​សុខ​សាន្ដ​និងរីករាយពីពេលនោះមក។

ដកស្រង់ពី សៀវភៅប្រជុំរឿង​ព្រេង​ខ្មែរ