មានរូបរាងស្អាត មានទ្រព្យសម្បត្តិ មានសុខភាពល្អ តាំងពីក្មេងរហូតដល់ចាស់ ជាសម្បត្តិដែលមនុស្សគ្រប់គ្នានៅលើផែនដីនេះ ប្រាថ្នាចង់បាន។ ដោយសារតែសម្បត្តិទាំងនេះ បានធ្វើអោយមនុស្សខិតខំប្រឹងប្រែង ពុះពារ ប្រកបការងារទាំងល្អទាំងអាក្រក់ មិនខ្លាចការនឿយហត់ ប៉ុន្តែគេគឺពិតជាធ្វើដោយល្ងិតល្ងង់ជាទីបំផុត។
មនុស្សមួយចំនួន ព្រោះតែចង់ឲ្យខ្លួនមានសម្រស់រក្សាគង់វង្ស ក៏ចំណាយទ្រព្យធនធាន ទៅកែលម្អ វះកាត់ ខុសគន្លងដើមធម្មជាតិ តែទីបំផុត វានៅតែពុំអាចឃាត់ការចាស់បាន។ គ្មាននរណាម្នាក់អាចកែប្រែរូបមន្តធម្មជាតិបានទេ ព្រោះការមានរូបសម្បត្តិស្អាត ជាដើមនេះ គឺជាសម្បត្តិធម្មជាតិរបស់មនុស្ស ប៉ុន្តែហេតុផលមួយចំនួន ដែលអាចអោយមនុស្សទទួលបានសម្បត្តិទាំងនោះ ត្រូវបានព្រះពុទ្ធជាម្ចាស់រកឃើញតាំងពីជាងពីរពាន់ឆ្នាំមុនមកម្លេះ។
តើជាអ្វីខ្លះទៅ? គឺអំពើល្អ៤យ៉ាង ដែលជាមូលហេតុធ្វើអោយមនុស្សមានរូបស្អាត មានទ្រព្យសម្បតិ្ត និងមានសុខភាពល្អ តាំងពីកំណើត៖
- អ្នកកើតមកមានរូបស្អាត ព្រោះបានអោយទាន ការស្លៀកដណ្តប់ សំពត់ ខោអាវ ឬហៅថា ចីវរៈទាន។
- អ្នកមានទ្រព្យ មានអាហារហូបចុកបរិបូរ មានរបស់របរប្រើប្រាស់គ្រប់គ្រាន់តាំងពីកំណើត ឬបានកើតក្នុងត្រកូលស្តុកស្តម្ភ ព្រោះបានអោយទាន អាហារ និងការសង្គ្រោះជីវិត ឬហៅថា ការអោយបិណ្ឌបាតទាន។
- អ្នកកើតក្នុងត្រកូល ស្តុកស្តម្ភ មានទ្រនំខ្ពង់ខ្ពស់ ព្រោះបានអោយ សេនាសនៈទាន
- អ្នកមានសុខភាពល្អ មានអាយុវែង មិនមានជំងឺ ព្រោះបានអោយភេសជ្ជទាន មានថ្នាំកែរោគជាដើម…
ទានទាំង៤ប្រការនេះ គឺជាសកម្មភាពជាប្រចាំរបស់មនុស្សល្អ។ មនុស្សល្អ ធ្វើរឿងល្អ និងបានទៅកាន់កន្លែងល្អ សោយសុខសម្បត្តិសួគ៌ ដូច្នេះ ទាន់មានពេលវេលារស់នៅ គួរនាំគ្នាសន្សំអំពើល្អ អោយទាន និងសំអាតចិត្តអោយបានស្អាតបរិសុទ្ធចាប់ពីពេលនេះទៅ៕