នារី៥ប្រភេទ តាមព្រះពុទ្ធដីកាថា បុរសមិនគួររៀបការ មករួមរស់ជាមួយ។ នារីទាំង៥ប្រភេទនោះ រួមមានដូចជា…៖
- នារីដែលមានសម្រស់លើសគេ
- នារីដែលមានបុរសចោមរោមច្រើន
- នារីរបាំ ឬអ្នកចំរៀង ឬអ្នកសិល្បៈ
- នារីដែលប្រាថ្នាតែទ្រព្យ
- នារីជាប្រពន្ធគេ
មានសេចក្តីឧបមាយ៉ាងនេះថា…
សត្វក្អែកកំសត់មួយក្បាល ហើរដាច់សង្វែង ហេវហត់ អស់កំលាំង សំកាំងស្លាបពីលើអាកាស សំលឹងមកកាន់ផ្ទះអ្នកស្រុក ដើម្បីស្វែងរកចំណីចំអែតក្រពះ។ ដោយសំណាងល្អ ផ្ទះអ្នកស្រុកមួយ បានដាក់ហាលសាច់គោស្រស់របស់ខ្លួននៅខាងមុខផ្ទះ។ក្អែកកំសត់ ឃើញភ្លាមក៏សំយ៉ុងស្លាបចុះ សំដៅកញ្ជ្រែងសាច់ស្រស់ ដែលមានពណ៌ល្អក្រហមជាំឈាម និងជះក្លិនឈ្ងុយឆ្ងាញ់ដល់ច្រមុះក្អែក។
ឳសាច់អើយសាច់ រូបអ្នកល្អផ្តាច់ មានក្លិនអស្ចារ្យ អោយក្អែកកំសត់ ឃើញហើយឆ្លេរឆ្លា ឆៀងឆាបទៅរ៉ា ប៉ងជាចំណី។ ឳ!សាច់ក្រហម ក្អែកចង់ថ្នាក់ថ្នម ប្រលោមទុកឆី ថ្ងៃនេះមិនគ្រាន់ ទុកថ្ងៃពីរបី ហិចហើរផុតដី នាំសាច់ស្រស់ទៅ។
ក្អែកសំគម ស្រេកឃ្លាន បន្ទាប់ពីសំយ៉ុងក្បាលចុះពាំសាច់ស្រស់ ហិចហើយទៅលើអាកាសហើយ ក៏តាំងសំលឹងរកព្រៃឈើធំ ដើម្បីទំសំចត ក្នុងបំណងឆីសាច់ស្រស់នោះអោយឆ្ងាញ់មាត់ម្តង។ ហើរឆ្ងាយភូមិបន្តិច ក្អែកឃើញដើមឈើទានធំមួយមានស្លឹកមីរដេរដាស់ និងមានម្លប់គួរអោយចុះសំចត ទើបក្អែកហើរសំដៅដើមឈើទាលនោះ។
ទៅដល់ហើយ ក្អែកបានទៅទុំសំចតនៅលើមែកឈើទាលធំមួយ ដោយមិនចាប់អារម្មណ៍ថា មានក្អែកហ្វូងដទៃទៀតកំពុងទុំលើឈើទាលនោះដែរ។ ក្លិនឈ្ងុយឆ្ងាញ់នៃសាច់ ពណ៌ស្រស់នៃសាច់ បានដាស់ដំណេកក្អែកដទៃទៀតអោយភ្ញាក់ឡើងសំលឹងមកកាន់ក្អែកកញ្ចាស់ចំនូលថ្មី ធ្វើអោយក្អែកកញ្ចាស់យើងចាប់ភ្លឹកថា នៅទីនេះមិនមានសុវត្ថិភាព មិនអាចឆីសាច់ដ៏ស្រស់នេះតែម្នាក់ឯងបាននោះទេ ក៏ស្ទុះវឹង ពាំសាច់ក្នុងមាត់យ៉ាងណែន ហើរចេញពីដើមឈើទាលនោះ ខណៈពេលដែលហ្វូងក្អែកស្រេកឃ្លានដទៃទៀត ចាប់ផ្តើមហើរប្រដេញ ប្រចឹកដណ្តើមសាច់ពីក្នុងមាត់ក្អែកកំសត់។
ក្អែកខ្លះដែលមានកំលាំង ក៏ចឹកចំកក្អែកចាស់ ខ្លះក៏ចឹកចំទ្រូង ខ្លះក៏ចឹកចំស្លាប នៃក្អែកចាស់ តែក្អែកចាស់មិនព្រមលែងសាច់ក្នុងមាត់នោះអោយទៅហ្វូងក្អែកឯទៀតឡើយ គឺខិតខំតែប្រឹងហើរអោយលឿនតាមតែអាចធ្វើបាន ប៉ុន្តែក្អែកចាស់អស់កំលាំងទៅហើយ។
ហើរកាន់តែឆ្ងាយ កំលាំងកាន់តែអស់ ខណៈពេលដែលហ្វូងក្អែកឯទៀត នៅតែហើរដេញប្រចឹកយកសាច់ពីក្នុងមាត់របស់ខ្លួន។ ក្អែកចាស់គិតក្នុងចិត្តថា…៖
សាច់អើយសាច់ស្រស់ អ្នកមានសម្រស់ តែជាប់កម្មា ក្អែកណាឃើញហើយ ស្រេកឃ្លានមហា ហិចហើយឆៀងឆា ឆាបឆក់ប្រហារ។ មាត់អើយមាត់អញ មាត់ត្រូវតែឆ្ងាញ់ តែបែអាសារ បើអញ់ទ្រាំពាំ និងបង់សង្ខារ ណ្ហើយសាច់់ទៅរ៉ា ក្រពះក្អែកផ្សេង។
គិតក្នុងចិត្តយ៉ាងនេះ ហើយ ក្អែកចាស់ ក៏ព្រលែងសាច់នោះចេញពីក្នុងមាត់ ធ្វើអោយហ្វូងក្អែកអត់ឃ្លានទាំងនោះហើរប្រដេញប្រយុទ្ធដណ្តើមយក មិនគិតខ្លាចស្លាប់បង់អាសារ។ ក្អែកចាស់ ហិចហើរចេញពីហ្វូង ហើយស្រែកឡើងថា.. «បុរសឯណា ស្រលាញ់ នារីដែលមានបុរសឯទៀតច្រើនគ្នា ចោមរោម បុរសនោះនឹងជួបនូវក្តីខកបំណងថ្ងៃណាមួយមិនខាន»៕