ជាការពិត គេថាស្នេហាគឺជាសត្រូវនៃការសិក្សា តែមនុស្សបើឈានដល់វ័យអាចមានស្នេហា ហើយមិនមានស្នេហាវិញ នឹងក្លាយជាសត្រូវសម្រាប់ខ្លួនឯង។ ប៉ុន្តែក្នុងនាមជាយុវវ័យ មិនគួរយកចិត្តទុកដាក់រឿងស្នេហាច្រើនជាងការពង្រឹងសមត្ថភាព និងស្វែងរកបទពិសោធន៍សម្រាប់ជីវិតនោះទេ។
ស្នេហាកើតឡើងដោយសារខ្លួនយើង ដូច្នេះវាជាសមិទ្ធផលរបស់យើង ហេតុអ្វីយើងមិនអាចគ្រប់គ្រងវាបាន? បើសិនជាយើងអាចគ្រប់គ្រងស្នេហាបាន ឈ្មោះថាយើងជាមនុស្សដែលពោរពេញដោយថាមពល ប៉ុន្តែបើអ្នកមិនអាចគ្រប់ស្ថានភាពប្រែប្រួលឥតឈប់ឈររបស់ស្នេហាបានទេ អ្នកគួរតែនៅឲ្យឆ្ងាយពីស្នេហា ក្នុងកំឡុងពេលអ្នកកំពុងសិក្សា។ សូមប្រើប្រាស់ស្នេហាឲ្យក្លាយជាកំលាំងជំរុញក្នុងការកសាងសមត្ថភាពរបស់ខ្លួនជាជាងការបណ្តោយឲ្យវាចូលមកបំផ្លាញជីវិតយើង។
ពិតណាស់ ប្រសិនបើយើងបណ្តោយអោយស្នេហាជាគ្រប់គ្រងយើងវិញ យើងអាចស្គាល់រសជាតិផ្អែមល្ហែម ឬជួរចត់ទៅតាមអ្វីដែលស្នេហាបានបញ្ជារ ផ្តល់ឲ្យ។ ពេលខ្លះស្នេហាធ្វើឲ្យយើងភ្លេចគិតថាខ្លួនឯងកំពុងស្ថិតនៅក្នុងវ័យដែលគួរក្រេបយកចំនេះដឹងជាចំបង ហេតុនេះទើបចាស់ៗប្រៀបប្រដៅហើយថា «កុំមានស្នេហាក្នុងវ័យសិក្សា!»។
ចូរចាំថា ពាក្យ «កុំមានស្នេហាក្នុងវ័យសិក្សា» មិនមែនកើតឡើងដោយចៃដន្យ ឬចាស់ៗចេះតែនិយាយបំភ័យយើងនោះទេ ព្រោះការពិតគឺវាកើតចេញពីបទពិសោធន៍ផ្ទាល់របស់មនុស្សម្នាក់ៗ។ សរុបមកយើងមិនគួរប្រឡូកក្នុងរឿងស្នេហាក្នុងពេលយើងកំពុងសិក្សានោះទេ៕