តើ​អ្នក​កំពុងធ្វើ​ការ​ខុស​ឧត្តម​គតិ​មែនទេ?

តើ​អ្នក​កំពុងធ្វើ​ការ​ខុស​ឧត្តម​គតិ​មែនទេ?

នៅ​​គ្រា​ដែល​​មនុស្ស​​ចង់​រស់​​នៅ​​ប្រកប​​ដោយ​​សុខ​​សន្តិ​ភាព ភាព​ហ៊ឺហារ ទាន់សម័យ មនុស្ស​​ត្រូ​វ​ប្រ​ឈម​​មុខ​​នឹង​​ការ​​ប្រកប​​របរ​​មួយ​ចំនួន​​ដែល​​​មិន​​មែន​​ជា​ក្តី​សុបិន្ត​​របស់​​ខ្លួន មិន​មែន​ជា​ឧត្តម​គតិ​របស់​ខ្លួន​​​។ តើ​អ្នក​កំពុ​ង​​ធ្វើ​កិច្ច​ការ​ដែល​មិនមែន​ជា​ក្តី​សុ​​បិន្ត​របស់​ខ្លួន​​ មែន​ទេ?

ជា​រឿង​ពិត​ មនុស្ស​​ម្នាក់​ៗ​​តែង​​ប្រា​ថ្នា​ចង់​បាន​​ជីវិត​​មួយ​​ដែល​​ប្រកប​ដោយ​​ សុខ​​សុភ​មង្គល ព្រោះ​​មនុស្ស​​គ្រប់​​រូប​​តែ​ង​​តែ​ជួប​​នូវ​​ទុក្ខ​​កង្វល់​ ដែល​​​កង្វល់​​​និង​​ក្តី​​ទុក្ខ​​​ទាំង​​នោះ​​​កើត​​​ចេញ​​ពី​បរិយា​កាស​​​​​ដែល​គេ​កំពុង​រស់​​នៅ មាន​​ស្ថាន​​ភាព​​គ្រួសារ ស្ថាន​​ភាព​​បុគ្គល និង​ស្ថាន​ភាព​​សង្គម​​ទាំង​​មូល​​។ ស្ថាន​​ភាព​​ទាំង​នោះ​​នឹង​​ជំរុញ​​ជីវិត​​មនុស្ស​​អោយ​​ដើរ​​លើ​​ផ្លូវ​​​ របស់​​ខ្លួន ជា​សុខ​​ក្តី ជា​ទុក្ខ​​ក្តី​។

សូមកុំ​បារម្ភ​ចំពោះ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ ទោះ​ជា​វា​មិនមែន​ជា​ឧត្តមគតិ ឬជា​គោល​បំណង​ក្នុងឆាក​ជីវិត​របស់​អ្នក​ក៏ដោយ សូម​ធ្វើ​វា​ឲ្យល្អ ធ្វើ​វា​ដោយ​ស្មោះ​ស្មគ្រ និង​សម្រេច​សមិទ្ធផល​ឲ្យ​គាប់​ប្រសើរ ពេល​នោះ​អ្នក​នឹងដឹងថា ការងារ​ដែលកំពុងធ្វើ​នេះ​ បាន​ក្លាយ​ជា​ការងារ​ឧត្តម​គតិ និង​ក្តីសុបិន្ត​​របស់​អ្នក​ដោយ​ពុំដឹង​ខ្លួន​​។ មាន​កត្តា​២​ដែល​កំណត់​​សកម្ម​ភាព​របស់​មនុស្ស​ នោះ​គឺ​​ កត្តា​វេទនា​ និង​​កត្តា​ផល​ប្រយោជន៍​។ វា​​មានទំនាក់ទំនង​តាម​រយៈ​បទពិសោធន៍​ និង​ភាព​ប៉ិនប្រសប់​​របស់​បុគ្គល​ម្នាក់​ៗ​។

អ្នកធ្វើ​ការ​មួយ​ដែល​មិន​មែន​ជា​ក្តីសុបិន្ត​ មិនមែន​ជា​ឧត្តមគតិ តែ​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពីការងារ​នោះ ដូចជា​អាចទទួល​បានទំនាក់ទំនង​ល្អ​ក្នុងសង្គម ទទួល​បាន​ប្រាក់ខែ​ច្រើន និង​អត្ថ​ប្រយោជន៍​​ផ្សេង​ៗជា​ច្រើន​​ជាដើម ដូច្នេះ​អ្នក​ត្រូវ​ខំប្រឹងប្រែង​ធ្វើ​វា​រហូត​ក្លាយ​ជា​បទពិសោធន៌៍​ និង​ភាព​ប៉ិនប្រសព្វ​​ ឬ​​ហៅថា ឯកទេស​ ពេល​នោះ អ្នក​ឈ្មោះ​ថា​​​កំពុង​ស្ថិត​ក្នុង​កត្តា​ផល​ប្រយោជន៍​។ ដោយ​ឡែក​អ្នកដែល​ធ្វើការ​ស្រប​តាម​ឧត្តមគតិ និង​ក្តីសុបិន្ត ទោះ​ជា​ទទួល​បាន​ផលប្រយោជន៍​តិច ប្រាក់ខែ​ ឬ​ប្រាក់ចំណូល​តិច តែ​អ្នកពេញចិត្ត​ធ្វើ​វា ហើយធ្វើ​វា​ដោយ​មិនធុញទ្រាន់​ ដោយ​មិន​សំលឹង​រក​ផល​ប្រយោជន៍​ជា​ធំ​ កាល​នោះ​​ ឈ្មោះ​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​កត្តា​វេទនា​។

ដូច្នេះ សូម​កុំ​អស់សង្ឍឹម​នឹង​អ្វី​ដែល​ខ្លួន​អ្នក​កំពុង​ធ្វើ ចូរ​ខិតខំ​ធ្វើ​វា​ឡើង ពុះពារ​អោយ​ក្លាយ​ជា​ទម្លាប់​របស់​អ្នក នៅពេលនោះ អ្នក​នឹង​អាច​មើល​ឃើញ​ថា ឧត្តមគតិ​របស់​ចាប់​ផ្តើម​ប្រែ​ប្រួល តាម​រយៈ​ជំនាញ​ថ្មី​ដែល​អ្នកកំពុង​តែ​ធ្វើ​វា​។

សរុប​មក​ នៅពេល​ដែល​កត្តា​ផល​ប្រយោជន៍​​បាន​​ក្លាយ​ជា​ភាព​ប៉ិនប្រសប់​ និង​បទពិសោធន៍​​ វា​នឹង​ក្លាយ​ជា​កត្តា​វេទនា​ ហើយ​កត្តា​វេទនា នៅពេល​ដែលសមិទ្ធ​ផល​នៃការខិតខំប្រឹង​ប្រែង​ទទួល​បាន​ផល​ប្រយោជន៍​​ វា​ក៏​នឹង​​ក្លាយ​ជា​កត្តា​ផល​ប្រយោជន៍​វិញ​ដូច​គ្នា​​។

ដូច្នេះ ការងារ​ទោះ​ខុសឧត្តមគតិ ឬ​ត្រូវ​តាម​ឧត្តម​គតិ​ ឲ្យ​តែ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​អ្នកដទៃ លោកទុក​ជា​ការ​ងារល្អ​ប្រសើរ។ ចូរ​ខិត​ខំ​បំពេញ​ការងារ​ល្អ ពេល​នោះ​សេចក្តីសុខ​នឹង​កើត​ឡើង​យ៉ាង​ប្រាកដ​។