ចង់សុខ តែចូលចិត្ត​នាំ​ទុក្ខ​ដាក់​ខ្លួន

ចង់សុខ តែចូលចិត្ត​នាំ​ទុក្ខ​ដាក់​ខ្លួន

មនុស្ស​គ្រប់រូប​សុទ្ធ​តែប្រាថ្នា​ចង់បាន​សេចក្តីសុខ ប៉ុន្តែ​​មនុស្ស​ភាគ​ច្រើន​​តែង​តែនាំ​ទុក្ខ​ដាក់​ខ្លួន​ ជាជាង​ការ​ដើរ​គេច​ចេញពី​វា​​។ ពេល​ទុក្ខ​មក​ដល់​ ក៏​ហៅ​រក​សុខ ទាំងខ្លួន​ឯង​មិនដែល​ដឹងសោះ​ថា តើ​ត្រូវរក​សុខ​ដោយវិធីណា​ ហេតុ​នេះ​ទើប​មនុស្ស​​បាត់​បង់​វិចារណញ្ញាណ​ ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ដ៏​គួរអោយខ្លាច​  ធ្លាក់ខ្លួន​ចាញ់បោក​គេ ដោយសារ​តែ​ខ្វះ​ការ​ពិចារណា​ជាដើ់ម​។ 

ក្នុងសម័យបច្ចុប្បន្ន​ មនុស្ស​ចាត់ទុក​សម្ភារៈ​ទំនើបៗ ការ​មាន​ប្រាក់កាស់ ទ្រព្យ​សម្បត្តិ​បរិបូរ​ ថា​ជា​សេចក្តីសុខ​​ពិត​ប្រាកដ​។ សេចក្តីប្រាថ្នា​ដើម្បី​បាន​របស់​ទាំងនោះ គឺ​ជា​ដើម​ហេតុ​​នៃ​សេចក្តី​ទុក្ខ​​ តែ​គេ​មិន​ដឹង​នោះទេ គេ​បាន​បើក​ទ្វារ​នោះ ដោយ​ការ​ប្រឹង​ប្រែង​ប្រជែង​គ្នា កេងបន្លំ បោក​បញ្ឆោត ឬប្រើ​អំណាច​គាប​សង្កត់ ឬឆបោក​ដោយ​អការៈ​ស្លូត​បូត​​ ធ្វើយ៉ាង​អោយតែ​បាន​របស់​ជាទីគាប់ចិត្ត​នោះៗ។ បើ​គេ​បានវា​ហើយ គេក៏យល់ថា​ជាសុខ ឯអ្នកដែលយក​មិន​បាន​ក៏​កើត​ទុក្ខ​ ហើយ​បន្ទោស​ទេវតា ឥន្ទ​ព្រហ្ម​ ​យម យក្ខ​​ ដែល​មិន​ដឹងអីសោះ​នោះទៅវិញ​។

នៅ​គ្រា​ចុង​ក្រោយ នៅពេល​ដែល​មនុស្ស​​ចាប់​ផ្តើម​ភ័​យ​ដោយ​សេចក្តីស្លាប់​ ទើប​មនុស្ស​គ្រប់​គ្នា​ ចាប់​ផ្តើម​រំលឹក​ទង្វើ​របស់​ខ្លួន​ឡើង​វិញ ទើប​ដឹង​​ថា ទង្វើ​ទាំង​នោះ សុទ្ធ​តែ​ជារឿង​នាំ​ទុក្ខ​មក​ដាក់​ខ្លួន​។ អ្នកដែលពិចារណា​រក​ហេតុ​ផល​នេះ​ឃើញ​ ក៏ព្យាយាម​គេច​ចេញ ឯអ្នក​ដែល​កំពុងលុង​ក្នុង​ភ្លើង​ទាំងនោះ ក៏​នៅ​តែបន្ត​ ចុង​ក្រោយ​មាន​តែ​សេចក្តីស្លាប់​មួយប៉ុណ្ណោះ ទើប​អាច​បែងចែក​ផល​របស់គេ​បាន​។

​ដើម្បី​ស្វែងរក​សុខ​ សម្តេច​ព្រះមហាឃោសានន្ទ (ព្រះមហា​ វ៉ាយ៉ាវ) បាន​មាន​ព្រះសង្ឃ​ដិកាថា «មុន​នឹង​អាច​ស្វែងរក​សុខ​អោយ​អ្នកដទៃ មនុស្ស​គ្រប់រូប​ត្រូវ​ស្វែងរក​សុខ​អោយ​ខ្លួន​ឯង​ជា​មុន​សិន​ ព្រោះធ្វើដូច្នេះទើប​មនុស្ស​ដឹង​ពីមធ្យោបាយនៃ​ការ​​ស្វែងរក​សុខ​»៕