ស្រ្តីទាំងឡាយតែងតែប្រាថ្នាចង់ឲ្យស្វាមីរបស់ខ្លួននៅស្រឡាញ់ខ្លួនដកចិត្តមិនបាន បើទោះបីពេលខ្លះមានរឿងរ៉ាវរកាំរកូសក្នុងគ្រួសារយ៉ាងណាក៏ដោយ។ ជាការពិត ស្រ្តីមានអំណាច ឬកំលាំង សម្រាប់ចងចិត្តស្វាមីរបស់ខ្លួនឲ្យនៅស្រឡាញ់ងប់សួនពុំអាចដាច់ចិត្តទៅណារួច។
នោះគឺធម៌ជាកម្លាំង មាន៥ប្រការ ដែលត្រូវបានរៀបរាប់ភ្ជាប់សេចក្តីអត្ថាធិប្បាយនៅក្នុងគម្ពីរនៃព្រះពុទ្ធវចនៈ។ កម្លាំង៥ប្រការ ឬសេចក្តីប្រាថ្នា៥ប្រការរបស់ស្រ្តីជាភរិយានោះមាន..៖
- រូបសម្បត្តិ៖ ស្រ្តីជាភរិយាទាំងឡាយ ថ្វីត្បិតតែអ្នកនាងមិនសូវស្រស់ស្អាតពីធម្មជាតិគួរជាទីទាក់ ទាញក៏ដោយ ប៉ុន្តែអ្នកគួរចេះកែខែច្នៃលម្អឲ្យបានស្អាតសមរម្យតាមគ្រប់វិធី។ បុរសជាស្វាមីគ្រប់រូបតែងចង់បានភរិយាដែលមានរូបសម្រស់ស្អាត ល្មមសមគួរចូលក្នុងចំណោមនឹងគេចុះ ដូច្នេះហើយទើបតម្រូវឲ្យភរិយាចេះយល់ដឹងអំពីវិធីថែទាំ កែកុន តុបតែងលម្អ ស្អិតស្អាងរាងកាយឲ្យបានស័ក្តិសមកុំឲ្យស្វាមីខ្មាស់គេ ជាពិសេគឺត្រូវចេះអនាម័យឲ្យល្អ។
- ទ្រព្យសម្បត្តិ៖ មិនមែនគ្រប់បុរសទាំងអស់សុទ្ធតែទាមទារទ្រព្យសម្បត្តិនោះទេ ប៉ុន្តែការមានទ្រព្យសម្បត្តិនេះគឺជាចំណងចិត្តស្វាមីដ៏រឹងមាំ មួយផ្នែកដែរសម្រាប់ភរិយា ដូច្នេះ ស្ត្រីទាំងឡាយគួរតែខិតខំប្រឹងប្រែង ឈ្លាសវៃក្នុងការរៀនយកជំនាញសម្រាប់ការងារអាជីពច្បាស់លាស់ និងស្វះស្វែងរកទ្រព្យ ថែទាំទ្រព្យសម្បត្តិឲ្យបានច្រើនទាំងក្នុងពេលកំពុងរួមរស់នៅ ជាមួយស្វាមី ឬមុនពេលមានស្វាមី ព្រោះភាពក្រីក្រជាប្រភពនៃអមិត្តភាព និងអរិភាព។
- ញាតិមិត្ត៖ ចំណងអាពាហ៍ពិពាហ៍ ឬទំនាក់ទំនងគ្រួសារនឹងស្ថិតស្ថេរគង់វង្សបានប្រសិនបើញាតិមិត្ត ទាំងសងខាងនៃភាគីទាំងពីរ(ប្តីប្រពន្ធ) មានសភាពល្អប្រសើរ។ ពេលខ្លះទោះបី អ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នានៅក្នុងជីវិតគូស្រករក្តី ប៉ុន្តែដោយសារការមានទំនាក់ទំនងល្អរវាងសមាជិកគ្រួសារទាំងពីរ វានឹងជួយជម្រុញឲ្យភាពកាំរកូសរបស់ប្តីមានទឹកចិត្តទោរទន់ អាឡោះអាល័យមិនដាច់ចោលប្រពន្ធ ឬធ្វើអោយប្រពន្ធមិនដាច់អាល័យពីប្តី និងគ្រួសារ។
- បុត្រ៖ ជាការពិតណាស់ ពាក្យចាស់តែងពោលថា «មនុស្សប្រុស ពេលនៅកម្លោះស្រឡាញ់ឪពុកម្តាយខ្លាំងជាងគេ តែពេលមានប្រពន្ធស្រឡាញ់ប្រពន្ធខ្លាំងជាងគេ លុះពេលមានកូនស្រឡាញ់កូនខ្លាំងគេ»។ ពាក្យនេះត្រូវ ១០០% ដូច្នេះភរិយាទាំងឡាយគួរតែឆ្លាតវៃក្នុងការចងចិត្តស្វាមីឲ្យចេះ អាណិតសន្តោសប្រណីកុំឲ្យដាច់ចិត្តចុះចោល ឬទៅលួចមានប្រពន្ធថ្មី ឬស្រីនៅខាងក្រៅ ពោលគឺត្រូវបង្កើតកូន និងអប់រំថែទាំកូនឲ្យបានឆ្លាត ល្អគួរជាទីអាណិតទាក់ចិត្តស្វាមី។
- សីល ឬចរិយាសម្បត្តិ៖ ចំណុចចុងក្រោយនេះសំខាន់ណាស់ បើស្ត្រីជាភរិយាទាំងឡាយមានគុណសម្បត្តិទាំង៤ខាងលើហើយ ប៉ុន្តែខ្វះចរិយាសម្បត្តិគឺសេចក្តីថ្លៃថ្នូរ នឹងធ្វើអោយនាងគ្មានតំលៃអ្វីឡើយ ផ្ទុយទៅវិញ បើសិនជាស្រ្តីចេះប្រព្រឹត្តរៀបរយល្អ មានសុជីវធម៌ ចេះដឹងខ្ពស់ទាបទាំងសម្តីសំដៅកាយវិការ ចេះរៀបចំទុកដាក់ទ្រព្យសម្បត្តិដែលរកបាន ជាពិសេសគឺស្គាល់ឪពុកម្តាយ បងប្អូន ញាតិមិត្ត គឺច្បាស់ជាគេចាត់ទុកថា ជាកំពូលស្រ្តី ជាភរិយាដ៏ឧត្តង្គឧត្តម្ភ ឬជាទេពទ្រព្យក្នុងផ្ទះមិនខាន។
តើលោកអ្នកយល់យ៉ាងណាដែរ?
នារីៗនៅលីវទាំងឡាយគួរដឹងផងដែរថា បុរសទាំងអស់ក្នុងលោកគឺប្រាថ្នាចង់បានភរិយាដែលមានលក្ខណៈសម្បត្តិដូច៥ខាងលើនេះដែរ។ ហើយពិតណាស់ គេកម្ររកឃើញនារីដែលមានលក្ខណៈសម្បត្តិគាប់ប្រសើរទាំង៥នោះណាស់ ប៉ុន្តែអោយតែបាន២ ឬ៣ ក្នុងចំណោម៥នោះ គឺល្អប្រសើរណាស់ទៅហើយ។ ចូរចងចាំថា អ្នកមានរូបសម្បត្តិស្អាតតែម្យ៉ាង បើទោះជាវាចាត់ទុកជាគុណសម្បត្តិមួយ តែរូបសម្បត្តិមិនអាចជំរុញចិត្តបុរសអោយជ្រើសរើសអ្នកជាគូជីវិតទេ ហេតុនេះ បើអ្នកមានរូបសម្បត្តិជាចំនុចទី១ អ្នកគួរតែមាន សីល ឬចរិយាសម្បត្តិ ជាចំនុចទី៥ទៀតទើបល្អ៕
___ដកស្រង់ពីសៀវភៅ «ន័យជីវិត» ដោយ ច្រឹង សម្បត្តិ