សុបិនបានស្នេហ៍ (ភាគទី២)

សុបិនបានស្នេហ៍ (ភាគទី២)

មិត្តស្រីៗទាំងអស់ បានសួរនាំពីសុខទុក្ខ របស់ខ្ញុំ កាល​ដែល​ទៅ រៀន​នៅ​ស្រុក​ឆ្ងាយ តែអ្វីដែលសំខាន់នោះ គឺពួកនាង ទាំង​អស់​សុទ្ធ​តែដឹងថា ខ្ញុំ​លួច​ស្រលាញ់​តារានី។ ខ្ញុំគិតថា នេះ​ជា​ការ​រៀប​ចំ​របស់​មិត្ត​ទាំង​ពីរ ព្រោះ​តែង​ឃើញ​ វិច្ឆិកា ស៊ី​ញូ​ភ្នែក​ដាក់​ស្រីៗទាំងអស់ ឱ្យ​ចាប់​ខ្ញុំរុញ​ទៅជិតកៀក​ស្មា​តារានី ហើយ​ទីបំផុត​ខ្ញុំក៏នៅកៀក​និង​នាង​មែន។ មិនដឹងថា តើនាងគិតអ្វីចំពោះ កាយ​វិការមិនមែន​ម្ចាស់​ការ​របស់​ខ្ញុំនេះទេ តែ​នាង​ក៏ខិត​ចេញបន្តិច ទាំង​ពុំ​បាន​ងាក​មើល ធ្វើ​ឲ្យ​ខ្ញុំក៏កាន់តែរអៀស ខ្លួនខ្លាំងឡើង រហូត​មិន​ហាន ងាក​មើល​នាង​ដែរ។ វិច្ឆិកា បានដើរ ចេញទៅវិញ ហើយមិត្តស្រីៗ ក៏​ថយ​ឆ្ងាយបន្តិច ដូច​ជា​ទុក​ឱកាសឱ្យខ្ញុំ ឬឱ្យ តារានី មិនប្រាកដ។ ខ្ញុំចាប់ផ្តើម សំរួល​អារម្មណ៍ ដោយ​ជួយ​រៀបចំភេសជ្ជៈ ទាំងឆ្លៀតនិយាយ យ៉ាងស្លន់ចិត្តៈ

            -សួស្តី..!

            -ចាស៎ សួស្តី..! ។ តារានីឆ្លើយតប ជាមួយនិងកន្ទុយភ្នែក ចោល​មក​រក​ ខ្ញុំ​​មួយ​ភ្លែត ដូចជាផ្តល់ ជំនឿចិត្តឱ្យខ្ញុំៈ

            -ប៉ុន្មានឆ្នាំនេះ (ខ្ញុំសួរបន្ត) យ៉ាងម៉េចដែរ?  លឺសំនួរ មួយនេះ តា​រា​នី​ជា​​សន្សឹមៗ ស្រាប់តែងាក មកមើលមុខខ្ញុំយ៉ាងចំ ទាល់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ច្របល់​ក្នុង​ចិត្ត​​យ៉ាង​ខ្លាំង។ សូមសារភាពចុះថា ពេលនេះខ្ញុំពិតជា មិន​ហាន មើល​មុខ​នាង​ឡើយ។ ខ្ញុំ​អាច​ត្រឹម​តែ បែមុខចុះឡើងដូចគោ ដាច់​ស្មៅតែប៉ុណ្ណោះ តែតារានី ស្រាប់​តែសួរបញ្ជាក់ៈ

            -រឿងអី..?

           មែនហើយ ខ្ញុំស្លន់ចិត្ត ស្រាប់តែលើកដៃ មកចង្អុលមុខខ្លួនឯង រួច​រហ័ស​​ឆ្លើយ​ទាំង​ស្រពិចស្រពិលៈ

            -អើ..! គឺ គឺរឿងរៀនសូត្រនោះណា៎..! ។ តែចំលើយមួយនេះ ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ហាន​ ងាក​ទៅ​មើលមុខ តារានី យ៉ាងចំវិញ ធ្វើឱ្យនាងរហ័ស បែមុខចេញម្តង គឺ​ដូច​​ជា​រាត្រី ដែល​ព្រះចន្ទ ផុតចាកពី ពពកខ្មៅ។ ខ្ញុំចាប់ផ្តើម ជំរុះដង្ហើមតានតឹង ចេញ​​ពី​ទ្រូង ស្រប​​ពេល លឺ​សំលេង​ស្រាលៗ​របស់តារានីឆ្លើយឡើងៈ

            -ខ្ញុំបានប្រឡង ជាប់បាក់ឌុប តែគ្មានសំណាង បាន​ចូល​រៀន​សាលា​រដ្ឋ​ដូច​​​​សំណាង​នោះទេ។ កន្លងមក នេះ ខ្ញុំក៏បានទៅ រៀន​សាលា​ឯកជន នៅ​ភ្នំពេញ​ដែរ..។

            ខ្ញុំងក់ក្បាលមួយៗ ទទួលយកសម្តីទាំងអស់ របស់នាង តែ​ខ្ញុំ​បាន​ដឹង​រួច​ហើយ​ថា នាងរៀននៅ មហាវិទ្យាល័យណា ក្នុងឯកទេសអ្វី ពី​ព្រោះ​ខ្ញុំ​តែង​ព្យា​យាម​ដឹង​ពី​នាង​ជានិច្ច។ ខ្ញុំចង់និយាយអ្វីទៀត តែ​រក​នឹក​មិនឃើញសោះ។

            ព្រះអឺយ..! ឱកាស ដូចជាមានត្រឹមតែមួយ វិនាទីសម្រាប់ខ្ញុំ ព្រោះ​មិត្ត​ភក្តិ ប៉ុន្មាន​អ្នក របស់តារានីស្រាប់ តែមកដល់ តម្រូវ​ឱ្យ​នាង​ចេញ​ទៅ ទទួល​រាក់​ទាក់​​គេជំនួស​ឱ្យការនិយាយឥតប្រយោជន៍​ជា​មួយ​ខ្ញុំ។ ខ្ញុំលួច​ញញឹម​ហួស​ចិត្ត តែម្នាក់ឯងទាំងមានគំនិតថា បើ​សិន​ជា​ខ្ញុំ​ត្រូវ ​តារានី ញញឹម​រាក់​ទាក់​បែប​នោះ គឺ​ល្អហើយតែគឺមិនមែនសោះ។ វា​ប្រហែលមកពីខ្ញុំមិន បាន​ព្យាយាម​ចំពោះ ក្តី​ស្រម៉ៃ​មួយ​នេះ​ហើយ​ព្រោះ​ពេកកន្លងមកខ្ញុំគ្រាន់តែអាចប្រើការ ស្រមើ​ស្រម៉ៃ​មួយ​ដែល​គ្រាន់​តែ​ជារូប​ភាព​បោកប្រាស់ បេះដូងប៉ុណ្ណោះ។ តើនាងបន្ទោសខ្ញុំ ឬ​ស្អប់​ខ្ញុំ​ដែរ​ទេ? ពេលខ្លះខ្ញុំគិតថា នាង​មិន​សក្តិ​សម​និង​ខ្ញុំ​ឡើយ ត្បិត ខ្ញុំ​ស្ថិត​ក្នុង​​ត្រកូលក្រីក្រ ហើយ​នាង​ជា​កូន​ស្រី​អ្នក​មាន​ទ្រ​ព្យ​សំណាង​គួរ​សម​ក្នុង​ភូមិ គួរ​ណាស់តែរស់ នៅបានសុខ ជាមួយបុរស ដែល​សក្តិ​សម​និង​គ្រួសារ​នាង ប៉ុន្តែចិត្តមួយទៀតបានប្រាប់ថា ស្នេហាគឺការផ្តល់ សេចក្តី​សុខ មិន​ស្ថិត​លើ​ថានៈ​ទ្រព្យសំណាងអ្វីឡើយ គឺ​ស្រេច​ហើយ​តែ​លើ​បុព្វ​ជាតិ និង​ឧបការៈ​បច្ចុប្បន្ន ចេះស្គាល់ និងហានទទួលយក ការ​ពិ​ត​ពី​គ្នា​ទៅ​​វិញ​ទៅ​មក ចេះ​យល់​អធ្យា​​ស្រ័យគ្នា ទៅគឺបានហើយ។ តែ​បុរស​ភាគ​ច្រើន ទាំង​មិត្ត​ខ្ញុំ​មួយចំនួនផង គេ​យល់​ថា ការយល់ឃើញ របស់​ខ្ញុំ​គឺ​គ្រាន់ តែ​អាច​លួង​លោម​ ខ្លួនឯង ដែល​ធុញ​ទ្រាន់​នឹង​ភាព​ក្រី​ក្រ​ប៉ុណ្ណោះ។ វា​ប្រហែល​ជា​ត្រឹម​ត្រូវ​ដែរ សម្រាប់​អ្នក​មាន​សំណាង​មួយ ចំនួន​គឺបែបនេះហើយ គេថាលុយគឺជា សេចក្តី​ស្នេហា តែ​គេ​នៅ​ពុំ​ទាន់​ហាន​និយាយ​ថា​លុយ​គឺស្នេហា ស្មោះ​នៅ​ឡើយ​ទេ….។ ដោយ​ឡែក​ខ្ញុំ​ជា អ្នក​ក្សត់ គឺ​ហាន​និយាយ​ដោយ​ឥត​ស្ទាក់​ស្ទើថា ស្នេហា​ស្មោះ គឺ​ការ​ផ្តល់ សេចក្តី​ទុក​ចិត្តនិងស្មោះត្រង់និងគ្នា​ទៅវិញទៅមកព្រោះនោះគឺជា​តម្លៃ​​នៃ​សេចក្តី​ស្នេហា។

    ​        ហ៊ើយ..! ខ្ញុំពិតជាគិតច្រើនបន្តិចហើយ ទាល់តែស្រីៗពីរបី នាក់​​មក​ចាប់​ទាញ​ដៃ​ផងរុញពីក្រោយខ្នងផងឱ្យចេញទៅក្រៅ។ ខ្ញុំរអៀសខ្លួន នឹង​កាយ​​វិការ​បែប​នេះ​មែន។ ពិធី​ទទួល​ភ្ញៀវ​បាន​ចាប់​ផ្តើម​ទាំង​សំបឿន វិច្ឆិកា​និង​មិត្តភក្តិជាច្រើនទៀត​ក៏រវល់ជាប់ដៃ។ នៅ​ឯ​ផ្លូវ​ចូល​ខាងមុខ សំបឿន​និង​មិត្ត​ស្រីៗ ស្រស់ស្អាត ប៉ុន្មាន នាក់​កំពុង​រាក់​ទាក់ ភ្ញៀវកិត្តិយសដែលបន្ត កន្ទុយ​គ្នា​ចូក​​មកឥតដាច់ តែខ្ញុំមើល ទៅ​​សំបឿន ហាក់ដូចជា ឆ្លេឆ្លា យ៉ាងចំលែក ដូច​ជា​កំពុង​រង​ចាំ​អ្នក​ណា​ម្នាក់ ឬ​មួយ​គេ​កំពុង​រង់​ចាំ​នាង?។ នោះ​គឺ​នារី​ម្នាក់​ដែល​គេ​បាន​បាក់​ចិត្ត​ស្នេហា​ ប៉ុន្តែ​ត្រូវ​នាង​បដិសេធ​ម្តង​ជា​ពីរដង។

            ព្រះអាទិត្យបានលិចបាត់ទៅហើយតែពន្លឺពណ៍មាសនៅ​ពុំទាន់​រលាយ ផុត​ពី​ផែន​ដី​នេះ​ នៅឡើយ ហើយហ្វូង សត្វរៃ ក៏​នៅ​តែ​ស្រែក​ច្រៀង​ឥត​​ដាច់​សូរ​នៅលើ ចុង​អំពិល​ទឹក ប្រណាំងនឹងស្នូរ តន្ត្រី​ដែល​ចាប់​ប្រគុំដែរ។ ខ្យល់​បាន​បក់ នាំ​ចំហាយ​ក្លិន​ដី​ ធ្វើ​ឱ្យ​ភាព​ស្អុះ​ស្អាប់​នៅ​តែ​បន្ត ប៉ុន្តែពន្លឺរាត្រី បាន​លួង​លោមចិត្តយើង​ឲ្យ​រសាយ​បន្តិច​​​ឡើង​វិញ។ ខ្ញុំ​មិន​ចូល​ចិត្ត​រដូវក្តៅទេ តែខ្ញុំនៅតែចង់ ឱ្យ​វា​មក​ដល់ ព្រោះ​ខ្ញុំ​នឹង​​ទទួលបាន​ឱកាស​​មួយបានជួបតារានីដូច​ជា​ពេល​នេះ​អញ្ចឹង។ មែនហើយ ខ្ញុំ​បាន​ឃើញ​គ្រាប់​ញើសល្អិតៗជាប់លើថ្ងាសដ៏រលីងរបស់​តារានី ហើយ​ពន្លឺ​អគ្គិសនីបានចាំងឆ្លុះធ្វើ​ឱ្យ​ថ្ងាស​នាង​ប្រដេញ​ពន្លឺ​ព្រិចៗ ដូច​អំពិល​អំពែក ពេលរាត្រីរនោជ តែ​នាង​នៅ​តែ​ញញឹម​ជា​និច្ច ទោះ​​ជា​មើល​ទៅ​ឃើញ​​ហាក់​ហេវ​​ហត់​បន្តិច​ក្តី។

           ពេលនេះ ខ្ញុំអាចហុចកូនកន្សែងដៃមួយឱ្យ តារានី ជួតញើស ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ គឺរីករាយហួស ពីការថើបមួយ ខ្សឺត​របស់​ម៉ែ​មុន​ពេល​ចេញ​ទៅ​រៀន​ទៅ​ទៀត។ ពេលនោះពិតណាស់ នាង​ពិត​ជា​ញញឹម​ដាក់ខ្ញុំ រួច​ទទួល​យក​កូន​កន្សែង ជា​មួយ​ពាក្យ​អរគុណ​យ៉ាង​ពិរោះ…. ប៉ុន្តែគួរឱ្យចង់សើច គឺ​ខ្ញុំ​ត្រឹម​ឈរ​ គិតតែម្នាក់ ឯងប៉ុណ្ណោះ។

            ព្រលប់កាន់តែធំ ភ្ញៀវមួយចំនួន ក៏ត្រឡប់ទៅវិញ, ខ្ញុំ​ឃើញ​សំបឿន កាន់​​តែ​ឆ្លេរ​ឆ្លាខ្លាំងឡើង។ បន្តិចក្រោយមកក៏​ឃើញ​ក្មេង​ប្រុស​​ជំទង់​ម្នាក់​មក​ខ្សឹប​ប្រាប់រឿង​អ្វីមួយ ហើយក៏រត់ត្រឡប់ទៅវិញ ដែល​ដំណឹង​មួយនោះ ស្រាប់​តែ​ធ្វើ​ឱ្យ​មិត្តខ្ញុំម្នាក់​នោះ ក្លាយ​ជា​អស់​កំលាំង ថយមកទំលាក់ អង្គុយ​យ៉ាង​មាន​ទឹក​មុខ​ប្រែប្រួលជាដរាប។ ខ្ញុំ​ធ្លាប់​​ដឹងចិត្តគេ ព្រោះគ្រប់ពេល ឱ្យ​តែ​ជួប​បញ្ហា​អ្វី​គេ​តែ​ងរកអ្នកពិភាក្សា គឺ​មិន​​មែន​បែប​នេះ​ឡើយ ហើយសម្រាប់ពិធីនោះវិញ គេគឺជាម្ចាស់ផ្ទាល់ គួរ​ណាស់ តែ​អាច​ឈរ​យ៉ាង​សប្បាយចិត្ត ប៉ុន្តែ​តើ​ដោយ​សារ​ហេតុ​អ្វី?

            ពិធីរាំកំសាន្ត បានចូលមកដល់, ខ្ញុំនិងមិត្តប្រុសៗ ប៉ុន្មាននាក់ បាន​​ចូល​រាំ​មុន​គេ​ដើម្បីបើកឆាក។ ខ្ញុំក្រឡេក ទៅកាន់ពួក ស្រីៗ​ដែល​កំពុង​អង្គុយនៅជុំវិញ គឺ​មិន​ឃើញ​វត្តមាន​តារានីសោះ។ ប្រហែល​ជា​នាង​ ត្រឡប់ ទៅផ្ទះវិញហើយទេដឹង។ ពេល នេះ​ខ្ញុំ​ដូច​ជា​កូន​បក្សា​មួយ​ក្បាល​កំពុងហើរកាត់មហានភាកាស ក្រោមកំដៅ ព្រះ​អាទិត្យ រក​ទី​សំចតគ្មាន។ ចំរៀងចង្វាក់រាំវង់ មិន​បាន​ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​រីក​រាយ​ឡើយ​នៅ​ពេល​នេះ, ត្រឹមតែពាក់ កណ្តាល​បទ​ប៉ុណ្ណោះ​ខ្ញុំ​ក៏​ដើរ​ចេញ​ពី​វង់​រាំ មកទំលាក់អង្គុយ នៅតុម្ខាង ដែល​គេ​មាន​រៀប​ចំស្រាមួយចំនួន។ បន្តិចក្រោយមក សំបឿន បាន​ដើរ​ចេញ​មក​តាម​ក្រោយខ្ញុំ ហើយ​ឃើញ​គេចាក់ ស្រាមួយកែវតួច ហុចមកឱ្យខ្ញុំ ឯ​គេ​ចាក់​មួយ កែវ​ធំ​វែង​ផ្ងើយ​ផឹក​ខ្លួនឯង។ មើលទៅ គេដូចជាមិនពេញ ចិត្តនឹង ផឹក​ស្រា​នោះ​ទេ តែគេនៅតែខំបិទភ្នែក ផឹកវាទាល់តែអស់ពីកែវ។ ពេល​បើក​ភ្នែក​ឡើង​វិញ​គេបាន បែ​ទៅ​រក​កំលោះចំណូលថ្មីម្នាក់ឈ្មោះ ចំណាប់ ដែល​កែវ​ភ្នែក​​នេះ​ហាក់​កំពុង​ឆេះ​រោល​ដោយ​ភ្លើង​កំហឹង។ សំបឿនបែមកវិញ ហើយបំរុងចាក់ស្រា ថែមទៀត តែ​ខ្ញុំ​រហ័ស​ចាប់​ដៃគេ​ជាប់ រួច​សំលឹង​មើល​មុខគេយ៉ាង ម៉ើងម៉ាត់ តែ​គេ​ឥត​បាន​ស្តាប់​ភាសា​ភ្នែក​ខ្ញុំ​ឡើយ​ថែម​​ទាំងប្រើកំលាំងរុញខ្ញុំចេញ ស្របពេលវិច្ឆិកា​ចូលមកដល់។

            -សំបឿន..!(វិច្ឆិកាសួរឡីង) ឯងយ៉ាងម៉េចហ្នឹង ឯង​មិន​ដែល​ផឹក​ស្រា​បែប​នេះ​ទេណា៎..?

            សំបឿនមិនពោលតប ដោយគ្រាន់តែងើប មក​សំលឹ់ង​មុខ​យើង​បន្តិចក៏​ព្រម​ទំលាក់​អង្គុយ ចុះវិញយ៉ាងព្រងើយ។ វិច្ឆិកាដូចជា មាន​អារម្មណ៍​ខឹងបន្តិចបន្តួច តែ​គេ​ក៏​ចាប់​ទាញ ដៃខ្ញុំចូលទៅក្នុង វង់​រាំ​សារ​ជា​ថ្មី។ ខ្ញុំសាកល្បងក្រឡេកភ្នែកម្តង ទៀត ក៏​ស្រាប់​តែឃើញ តារានី កំពុង​ឈរកាន់ កែវទឹកក្រូច ក្នុងចំណោមមិត្តរបស់នាង។ ខ្ញុំ​ព្រម​ញញឹម​សារជាថ្មី ទាំងមានចិត្ត រំភើបឡើងវិញ និងមានអារម្មណ៍ថា ខ្លួនឯងដូចជា ស្រាលស្ទើរហើបផុតពីដី។ ខ្ញុំ​ចង់​ឱ្យ​នាង​សំលឹង​មក​កាន់​ខ្ញុ កាន់តែចង់ឱ្យ នាងមករាំ ជាមួយ ខ្ញុំទៀត ប៉ុន្តែ​ទេព្តា​ឥត​បាន​ជួយ​ដល់​ខ្ញុំ​ឡើយ។

            ពីមួយបទទៅមួយបទ អ្នករាំកាន់តែច្រើនទៅៗ ប៉ុន្តែ​រំពេច​ពេល​នោះ ស្រាប់​តែ​ផ្ទុះ​ភាព​ឆោ​ឡោ​មួយឡើង។ ខ្ញុំ ប្រញ៉ាប់​ក្រឡេក​មើល​ឃើញ សំបឿន កាន់​ដប​ស្រា​មួយ​ក្នុង​ដៃ ដើរសំដៅ មក​នាយ​ចំណាប់​រួចលើក វាយក្បាលគេ ពេញមួយទំងន់ រហូត​បែក​ដប​ខ្ចាយ។ សំលេង​ស្រីៗបានស្រែកឆោឡោឡើង ស្របពេល ឃើញ​ចំណាប់​បែក​ក្បាល​​ហូរ​ឈាម​ដួល​ផ្ងារ​ក្រោយ ឯវិច្ឆិកា​ក៏រហ័ស ស្ទុះ​ទៅ​ចាប់​ក្រៀក សំបឿនជាប់។ គេទាំងឡាយបានឈរព័ទ្ធជុំវិញ ស្តាប់​ភាសា​ជេរ​ប្រទេច​របស់​សំបឿនទៅកាន់នាយចំណាប់​យ៉ាងអួរ​ទីនួរ។ ឯ​ក្រុម​របស់​ចំណាប់​ក៏ប្រឹងតបវិញទាល់​តែ​សំបឿន​ក្តៅ​កាន់​តែ​ខ្លាំង​ប្រឹងត្រដរ រហូត​របូត​ចេញពីដៃវិច្ឆិកា រួច​គ្រវែង​ក​ដប​ដែល​នៅ​សល់​ក្នុង​ដៃ​សំដៅ​ចំណាប់ ប៉ុន្តែពួកគេរហ័សបានគេចផុត។ ខ្ញុំ​ឃើញ​ល្បឿនកដបនោះ យ៉ាង​​ច្បាស់, ក​ដប​នោះបាន​ហើរ សំដៅ តារានី ដែលនៅឈរ ខាង​ក្រោយ ខ្ញុំក៏រហ័សលោត ទៅ​បាំង​ពីមុខនាង ដូចមាននរណា ម្នាក់​ជួយ​រុញ​ពីក្រោយខ្នង។ អំបែងកដប បាន​ហោះ​មក​បុក ចំ​ស្មា​ខាង​ឆ្វេង​របស់​ខ្ញុំ​មុត​ដាច​អាវដូចគេយក​កាំបិតមកកាត់ ជ្រៀក។ ​សំលេងស្រីៗ បាន​កញ្ជៀវ​ឡើងម្តងទៀត តំណាលពេលខ្លួនខ្ញុំ ចាប់​ផ្តើម​ប្រឡាក់​ជោគ​ដោយ​​ឈាម។ ខ្ញុំ​ក្តោប​មុខ​របួស​ដើម្បីឃាត់​ឈាមរួច​បែទៅសួរតារានីៈ

            -តារានីមិនអីទេអ្ហេះ..? ។ តារានីស្រឡាំងកាំង ត្រឹម​តែ​បើក​ភ្នែក​​សំលឹង​មើល​ខ្ញុំ​ទាំង​គ្មាន​ពាក្យ​ស្តីប៉ុណ្នោះ។

            ក្រុមនាយចំណាប់ បានដើរចេញពីពិធីនេះយ៉ាងរហ័ស គឺ​នៅ​សល់​តែ​ពូក​យើង​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ ខ្ញុំ​ងាក​ដើរ​ទៅរក សំបឿន និងវិច្ឆិកា ហើយសំលឹងមុខគេ ទាល់តែទ្រាំមិនបាន ក៏​យា​ដៃ​ទះ​សំបឿន​មួយកំផ្លៀងស្រាលៗ សូរ​ផាច់..!

           -ហេតុអី (ខ្ញុំគំហកដាក់គេ) ទើប​ឯង​ធ្វើ​រឿង​ឆ្កួត​បែប​នេះ​ទៅ​រួច?

            សំបឿនស្រាប់តែងើបមកតបនឹងខ្ញុំ យ៉ាងមានទឹកមុខមាំៈ

            -មែនហើយ ខ្ញុំជាមនុស្សឆ្កួត..! ឯងដឹងទេ ខ្ញុំ​ធ្វើ​ពិធី​នេះ​ឡើង​ដើម្បី​អ្នកណា? តែគឺអាចំណាប់នោះ ជាអ្នកបំផ្លាញ គឺ វាអាងខ្លួនជា កូន​អ្នកមាន..! ចុះឯងជាស្អីដេរ? ឯងត្រឹមតែហូរឈាម ឥតប្រយោជន៍ ប៉ុណ្ណោះ តែអ្វីដែលឯងចង់បានវាបានមក ហើយ​ឬ.. តើ​ឈាម​នេះ​អាច​ដូរ​យក​បេះដូងមួយមែនទេ.. ទេ..ឯងគឺអ្នកក្រ..!