សុបិនបានស្នេហ៍ (ភាគទី១)

សុបិនបានស្នេហ៍ (ភាគទី១)

ស្រមោលដើមរំដួលបានទេរទៅបូរ៌ពាទិស ចោលម្លប់មួយដុំ នៅក្បែរគល់ បញ្ជាក់ថា ព្រះទិវន័ករ បាន ជ្រេរ​សំដៅ​ទៅ​រក​សយនាភ័ណ្ឌ​ទៅ​ហើយ​ ប៉ុន្តែសត្វរៃនៅតែជំទាល ស្រែកច្រៀងបង្អូស​សួរឥតដាច់ ដូចជាកំពុង តែឈ្លក់វង្វេងនិងក្លិនរំដួលដ៏​ក្រអូបផ្អែមឆ្អិតនេះ ឬ​ដូច​ជា​កំពុង​ច្រៀងអង្វរ ព្រះសូរិយា កុំឱ្យបោះបង់ចោលផែនដីនេះ។

នេះគឺថ្ងៃទី១១ ខែមេសា មុនពេលចូលដល់ពិធីបុណ្យចូលឆ្នាំខ្មែរពីរថ្ងៃ។ ខ្ញុំត្រូវបានសំរាក​ពីការសិក្សា​ដ៏មមារញឹក និង​ធុញ​ថប់​នៅ​ក្រុង​ភ្នំពេញ​មក​កាន់ស្រុកកំណើតនៅស្រុក បន្ទាយមាស ខេត្តកំពត។ ក្នុងសំលៀក​បំពាក់សមរម្យ ​តាមរបៀបអ្នក ស្រុកស្រែ ខ្ញុំត្រូវ​បាន​មិត្ត​ចាស់​ឈ្មោះ សំបឿន និងវិច្ឆិកា​ ហៅទៅចូលរួម​ក្នុងពិធីជួបជុំមិត្តភក្តិលៀងភេសជ្ជះនៅល្ងាចនេះ។

ម៉ោង៤រសៀល ខ្ញុំបានទៅដល់កន្លែងរៀបចំពិធី ដែលត្រូវបានគេតុបតែងយ៉ាងសមរម្យ ដោយក្តីរំភើប និងអំនួត។ សំបឿន និងវិច្ឆិកា បានចេញមកទទួលខ្ញុំ​ជាមួយស្នាមញញឹមជាប់មិដាច់ ធ្វើឱ្យខ្ញុំចាប់ផ្តើម​ស្រម៉ៃដល់អឌិតកាលថ្មីៗ កាលដែលយើង នៅជាកុមារភាពនៅឡើយ។ ខ្ញុំចាប់ផ្តើមនិយាយពាក្យស្វាគមន៍ៈ

-សួរស្តី..! ខ្ញុំគឺជាភ្ញៀវទីមួយមែនទេ?។ សំបឿនចូលមកចាប់ឱបរលាក់ស្មាខ្ញុំ ហើយដឹកដៃចូល​ទៅក្នុង​ជាមួយវិច្ឆិកាទើបគេឆ្លើយបណ្តើរៈ

-ប្រហែលហើយ ប៉ុន្តែនៅមានមិត្តស្រីៗប៉ុន្មានអ្នកទៀត កំពុងជួយរៀបចំភេសជ្ជៈនៅខាងក្នុងផ្ទះ..!

-សំណាងឯង..(វិច្ឆិកាបន្តសម្តី) ពិតជាសប្បាយមិនខានទេនៅរាត្រីនេះ ព្រោះមនុស្សដែល ប្រហែលជាឯងនឹករាល់ ថ្ងៃនោះក៏មកក្នុងពិធីនេះដែរណា៎..!

មែនហើយ ខ្ញុំចាប់ផ្តើមយល់ពីសម្តីរបស់ វិច្ឆិកា ភ្លាម ព្រោះគេទាំងពីរអ្នក ជាមួយខ្ញុំនេះ ដួចជាមនុស្សតែម្នាក់ ទោះជា មានរឿងអ្វីក៏យើងយកមកនិយាយប្រាប់គ្នា ឱ្យដឹងដែរ។ ខ្ញុំនឹកដល់ទឹកមុខ ដ៏មានអំនាចស្នេហា របស់ស្រីម្នាក់ ឈ្មោះតារានី ដែលនាងបានធំឡើងក្នុងភូមិដំណាលនិងខ្ញុំដែរ ប៉ុន្តែមុននេះបន្តិច ខ្ញុំមិនហានគិតថា នាងនឹងមកក្នុងពិធីនេះដែរនោះទេ។

ប៉ុន្មានឆ្នាំ, មុនពេលដែលខ្ញុំចេញទៅបន្តការសិក្សានៅភ្នំពេញ ខ្ញុំនិងមិត្តល្អទាំងពីរ តែងអង្គុយ ក្នុងរាត្រី ដ៏ស្ងាត់ ដ៏ត្រជាក់ និងដ៏ងងឹត ហើយនិយាយពីឈ្មោះរបស់ តារានី និងពីស្នេហា ដែលក្តៅដូចភ្លើង ឬត្រជាក់​ដូចទឹកកក របស់ខ្ញុំចំពោះនាង រហូតវាស្ទើតែក្លាយជារឿងនិទានប្រចាំភូមិទៅហើយ។ រឿងរ៉ាវជាច្រើន​បានកើតឡើង​ចំពោះខ្ញុំ ព្រោះតែក្តីស្រលាញ់មួយនេះ ប៉ុន្តែខ្ញុំមិនបានគឹតថា វាកើតឡើង​ព្រោះតែស្រីម្នាក់​នោះឡើយ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យខ្ញុំ មានសេចក្តីក្លាហានច្រើនឡើង ចំពោះក្តីស្រម៉ៃរបស់ខ្លួនឯង ជាមួយសេចក្តីស្នេហា ដ៏ស្ងប់ស្លាត់មួយនេះ។ វាបានបង្ហាញយ៉ាងច្បាស់ ពីតម្លៃស្នេហារបស់ ខ្ញុំចំពោះតារានី និងធ្វើឱ្យខ្ញុំរីករាយ ជាមួយក្តីស្រម៉ៃតែម្នាក់ឯងនេះរហូតមក។

មិត្តល្អទាំងពីរ បាននាំខ្ញុំមកទំលាក់អង្គុយ នៅកៅអីមួយដែលគេរៀបចំ ជុំវិញតុមូលមួយ ដែលមាន ក្រាលកំរាល និងដាក់តាំងថូរផ្កាជ័រ ហើយពួកគេក៏អង្គុយជិតខ្ញុំ រួចប្រើកែវភ្នែកថ្លាៗ ទាំងគូសំលឹងខ្ញុំ មិនឃើញព្រិច។ ខ្ញុំមានអារម្មណ៍អៀន បន្តិចបន្តួច តែក៏យល់បំណងរបស់អ្នកទាំងពីរ ក៏ធ្វើជាសួរឡើងៈ

-តើឯងទាំងពីរមានរឿងអីចង់សួរមែនទេ? ។ គេញញឹមព្រមគ្នាឡើង ប៉ុន្តែវិច្ឆិកាជាអ្នកឆ្លើយមុនៈ

-គ្មានអីទេ តែឯងនៅតែដដែលមែនទេ ប៉ុន្មានឆ្នាំនេះ..?

សំនួរនេះបានធ្វើឱ្យខ្ញុំ ព្យាយាមទំលាក់មុខចុះ ស្របនិងចិត្ត កំពុងគឹតថា សំនួរនេះពិតជាល្អណាស់ ព្រោះទោះពេល វេលាទីកន្លែង ចំពោះមុខបានផ្លាស់ប្តូរមែន តែចិត្តនិងសេចក្តីស្នេហាគឺនៅដដែល។ ប្រហែលជាគេគិតថា ខ្ញុំនេះជាមនុស្សល្ងង់ តែ ខ្ញុំគឺស្មោះចំពោះខ្លួនឯងតែប៉ុណ្ណោះ។

ឃើញខ្ញុំមានអការៈបែបនេះ វិច្ឆិកា ក៏ក្រោកមកចាប់ទាញដៃខ្ញុំ ហាក់ចង់លួងលោមដោយពាក្យអ្វីមួយ តែមិនលឺគេ ស្តីឡើងសោះ ប៉ុន្តែខ្ញុំយល់ពីការយកចិត្តទុកដាក់របស់គេ។ ចុងក្រោយ វិច្ឆិកាស្រាប់តែ​ចាប់ទាញដៃខ្ញុំ​ចូលទៅក្នុងផ្ទះទាំងរក ឱកាសប្រកែកមិនបានសោះ។

នៅទីនេះ ខ្ញុំឃើញ វត្តមាន ម្តាយសំបឿន និងមិត្តស្រីៗប៉ុន្មាននាក់ទៀត កំពុងញាប់ដៃជើង រៀបចំ ភេសជ្ជះ ​ដាក់ដោយ ឡែកពីគ្នា ក្នុងនោះក៏មានតារានីម្នាក់ដែរ។ វិច្ឆិកា នៅតែកាន់ក្តោបដៃខ្ញុំជាប់ មិនព្រមលែង ទុកដូចជាខ្ញុំនេះ ជាកូនឈ្លូសតូច មួយ កាលឃើញខ្លា ហើយក៏ភ័យរត់គេចអញ្ចឹង។ ខ្ញុំពិតជាមាន​អារម្មណ៍ ខ្លាចបន្តិចមែន តែយ៉ាងណា ក៏ខំតាំងចិត្ត ប្រឈរមុខ ជាមួយអំណាចដ៏អាថ៍កំបាំង​របស់ តារានី ​ដែលសន្តំព្រលឹងខ្ញុំ អស់ច្រើនឆ្នាំនេះ ឱ្យបានដែរ។ វិច្ឆិកាចាប់ផ្តើម ដកដង្ហើមវែងមួយ ច្រមុះ រួចនិយាយខ្លាំងៗ´:

-នែ..! អ្នកមីង និងមិត្តៗ ទាំងអស់គ្នា មើលអ្នកណានេះ?

ពួកគេទាំងអស់ ងាកមករកខ្ញុំ ហើយស្នាមញញឹម​ ក៏ប្រាកដឡើង លើរង្វង់មុខ ដ៏មានរស្មីទន់ភ្លន់។ ខ្ញុំញញឹម​តបវិញ រួចបែទៅរក តារានី តែនាងត្រឹមតែងាក មករកខ្ញុំមួយកន្ទុយភ្នែក ប៉ុណ្ណោះ ក៏បែទៅវិញ កាន់តែធ្វើ ឱ្យខ្ញុំមានការ រអាច្រើនទ្វេរឡើង។ ពិតមែន.. តារានីបានដឹងមករាប់ឆ្នាំហើយថា បុរសឈ្មោះ សំណាង តែក្រខ្សត់ ម្នាក់នេះស្រលាញ់ នាងយ៉ាងងប់ចិត្ត តែ នាងក៏ដឹងថា នៅមានបុរសប៉ុន្មាន អ្នកផ្សេង ទៀតក៏ស្រលាញ់ នាងដែរ ដោយគ្រាន់តែការចាប់ផ្តើមរបស់គេមិនដូចខ្ញុំតែប៉ុននោះ។ តាមពិត បើប្រៀបធៀបជាមួយនារី ទីក្រុងជាច្រើន ដែលខ្ញុំស្គាល់ តារានី គឺមិនមានលំអរអ្វីឱ្យ ស្មើគេឡើយ ប៉ុន្តែហេតុ អ្វីទើប ធ្វើឱ្យខ្ញុំហានលះបង់ គ្រប់យ៉ាងដើម្បីការស្រម៉ៃចំពោះនាង? វាជាអំណាចពីបុព្វេសន្និវាស ឬនាងមាន មន្តទាក់ទាញ ឬខ្ញុំ ជំពាក់អ្វីនាងពីជាតិមុន?