ជំនឿត្រូវបានគេចាត់ទុកថាជា «ព្រលឹង» ឬការផ្តល់នូវទំនុកចិត្ត ដូច្នេះបើសិនជាយើងមានជំនឿលើវត្ថុអ្វីមួយ ឬអ្នកណាម្នាក់ គឺស្មើនឹងបានផ្តល់នូវទំនុកចិត្តលើវត្ថុ ឬអ្នកនោះ ដោយហេតុផលថា វត្ថុនោះ ឬអ្នកនោះ អាចជួយខ្លួនយើងបាន។ ជំនឿកើតឡើងតាមរយៈនិន្នាការ ទស្សនៈ ប្រពៃណី និងសាសនា ហើយវាកើតឡើងលើគ្រប់មនុស្សទាំងអស់នៅលើផែនដីនេះ។
ជាការពិតណាស់ នៅពេលដែលមនុស្សជួបទុក្ខលំបាក មានឧបកសគ្គក្នុងការដំណើរជីវិតរបស់គេ ហើយគ្មានអ្នកណាអាចជួយបាន នៅពេលនោះមនុស្សត្រូវការស្វែងរកការពឹងពុំនាក់ដ៏គួរឲ្យទុកចិត្តមួយ ឬនិយាយអោយចំ គឺត្រូវការជំនួយ។ នៅពេលនោះ «ជំនឿ» បានដឹកនាំគេទៅរកផ្លូវរូបិយខ្លះ ផ្លូវអរូបិយខ្លះ ដោយមានទំនុកចិត្តថារឿងរ៉ាវ ឬវត្ថុ ឬមនុស្សទាំងនោះអាចជួយខ្លួនបាន តួរយ៉ាងអ្នកកាន់ព្រះពុទ្ធសាសនា (អ្នកមានជំនឿលើព្រះពុទ្ធសាសនា) នៅពេលដែលគេជឿថាខ្លួនគេមានគ្រោះកាចចង្រៃមកយាយី គេតែងរត់ទៅរកអាចារ្យ ឬព្រះសង្ឃដើម្បីជួយដោះស្រាយ។ ទោះជាសកម្មភាពនេះ មិនសមជាពុទ្ធសាសនិក (ព្រោះមិនយល់ច្បាស់ពាក្យទូន្មានព្រះពុទ្ធ) តែវាគឺជាទំនៀមតមកមិនដាច់។ ជួនកាលការជួយដោះស្រាយបញ្ហានោះៗ បានមកពីការពន្យល់នែនាំដោយទស្សនៈទាន និងជួនកាលបានមកពីការប្រើប្រាស់មន្តអាគមន៍ មានការទស្សន៍ទាយ សូត្រវេទមន្តជាដើម ដើម្បីដោះស្រាយបញ្ហា។ ជាលទ្ធផលបានខ្លះ មិនបានខ្លះ តែចាត់ទុកជាការពឹងពាក់ដ៏ល្អមួយដែរ។
និយាយពីរឿងព្រះសង្ឃក្នុងព្រះពុទ្ធសាសនាសូត្រមន្ត ស្រោចទឹក រំដោះគ្រោះ រំលោះកម្ម ឬដេញខ្មោចព្រាយបិសាចវិញ ក៏ចាត់ទុកជាជំនឿមួយដែរ ដែលវាត្រូវបានអនុវត្តន៍អស់រាប់ពាន់ឆ្នាំមកហើយ។ បើទោះជាការប្រើប្រាស់សកម្មភាពគ្មានហេតុផលមួយចំនួនដែលព្រះពុទ្ធសំដែងថា «មិនគួរ» ក៏ដោយ ក៏ការធ្វើនេះបាននាំមកនូវសេចក្តីសុខផ្លូវចិត្តមួយខណៈសម្រាប់មនុស្សដែរ។ ព្រះពុទ្ធបានសំដែងថា «កម្មជារបស់ខ្លួន កម្មបានបែងចែកមនុស្សទៅតាមផលនៃកម្មនោះ» ដូច្នេះ រឿងល្អក្តី អាក្រក់ក្តីមិនចូលគ្នាទេ ហើយក៏គ្មានអ្វីអាចជួយរំលោះគ្នាដែរ ប៉ុន្តែការធ្វើអោយមានសេចក្តីសុខក្នុងផ្លូវចិត្តគឺជាធម្យោយបាយក្នុងការស្វែងរកផ្លូវត្រូវរបស់មនុស្ស។ នៅពេលដែលយើងមានជំនឿថា ការសូត្រមន្តស្រោចទឹក រំដោះគ្រោះ អាចជួយសម្រាលកង្វល់យើងបាន ពេលនោះក្នុងចិត្តរបស់យើងក៏បានធូស្រាល ព្រោះនេះជាផលល្អមួយដែលបានមកពីជំនឿលើការស្រោចទឹក។ ប៉ុន្តែសម្រាប់អ្នកយល់ច្បាស់ពីព្រះពុទ្ធសាសនាវិញ ជំនឿលើការស្រោចទឹក សូត្រមន្ត រំដោះគ្រោះ រំលោះកម្មនេះ គឺជារឿងខុសទំនង និងមិនត្រឹមត្រូវសោះ ប៉ុន្តែដោយសារតែទ្រឹស្តីព្រហ្មញ្ញសាសនា នៅរស់កៀកជាប់និងព្រះពុទ្ធសាសនាបែបនេះ ទើបវាបានក្លាយជាទំនៀមពិសេសមួយរបស់ជនជាតិខ្មែរ មិនអាចបំបាត់បាន ព្រោះសកម្មភាពទាំងនោះ គឺជាវិធីល្អមួយដែលអាចឲ្យអ្នកមានជំនឿលើសាសនាទាំងពីរនៅជាមួយគ្នាបានអស់រាប់រយឆ្នាំមកហើយ។
សរុបមកជំនឿលើការស្រោចទឹកត្រូវចាត់ទុកជាទម្លាប់ខ្លះ ជាព្រលឹងខ្លះ ហើយលទ្ធផលមានខ្លះ មិនមានខ្លះ ក៏ធ្វើអោយមានរឿងអវិជ្ជមានមួយចំនួនកើតឡើងផងដែរ នៅពេលដែលមនុស្សប្រើប្រាស់ជំនឿខុស ឬជ្រុលហួសហេតុពេក។ ព្រះពុទ្ធសំដែងថា «ជំនឿត្រូវប្រកបដោយបញ្ញា» ធ្វើអ្វីៗត្រូវគិតពិចារណាអោយបានល្អិតល្អន់ដើម្បីជៀសផុតពីផលប៉ះពាល់ផ្សេងៗ។
ដោយ ច. សម្បត្តិ