វិនាស​ទី​៩ ព្រោះ​បុរស​មិន​ត្រេក​អរ​និង​ប្រពន្ធ​ខ្លួនឯង

វិនាស​ទី​៩ ព្រោះ​បុរស​មិន​ត្រេក​អរ​និង​ប្រពន្ធ​ខ្លួនឯង

អំពើ​ «ផិត» គឺជា​ការ​លួច​លាក់​មាន​ស្នេហា​ខុស​គន្លង​ ទៅ​លើ​ប្តី​ប្រពន្ធ​កូន​អ្នក​ដទៃ​។ អំពើ​ «ក្បត់​»​ គឺជា​ការ​លះ​បង់​ដៃ​គូ​ចាស់​ ចាប់​យក​ដៃ​គូ​ថ្មី​​ដោ​យ​​ហេតុ​ផល​​ ផលប្រយោជន៌ ស្នេហា ឬនិន្នាការផ្សេងៗ​។ សរុប​ពាក្យ​ទាំងពី​រចូល​គ្នា​ អំពើ​ «ផិតក្បត់​» គឺជា​ការ​លប​លួច​ លះបង់​ស្នេហា​ចាស់​ ផ្លាស់​យក​ស្នេហា​ថ្មី​ ដោយ​លាក់កំបាំង​ក្តី ដោយ​ចំហរ​ក្តី​​ នេះ​បើ​តាម​ការ​បក​ស្រាយ​ក្រៅ​ផ្លូវ​ការ​របស់​អ្នក​និពន្ធ​។

អំពើ ផិតក្បត់ មិនត្រូវ​បានគេចាត់ទុក​ជា​អំពើ​ល្អ​ប្រសើ​រ​នោះ​ទេ​ ហើយរូបភាព​នៃ​អំពើ​ផិត​ក្បត់​គេច្រើន​សំដៅ​ទៅ​លើ​ស្រ្តី​ដែល​មាន​ដៃគូស្នេហា​ហើយ ហើយ​ទៅ​​លបលួច​មាន​ដៃគូ​ថ្មី​ គេហៅ​ថា ស្រី​ផិត រឺស្រីក្បត់ រឺ​ស្រី​ផិត​ក្បត់​។ ចំនែកបុរ​សវិញ​ គេ​ច្រើន​ប្រើ​ពាក្យ​ «ទៅ​មានស្រី​» វិញ តែ​ពាក្យពីរនេះ​មានន័យ​ដូច​គ្នា​។​

ថ្ងៃ​នេះ សិរីសួស្តី សូម​លើក​យកអំណៈអំណាង​មួយ​ទៀត ដែល​សំដៅ​ចំពោះ​បុរស​ណា​ ដែល​មិន​ត្រេក​អរ​និង​ប្រពន្ធ​របស់ខ្លួនឯង​ ហើយ​ទៅ​លប​លួច​លាក់​មាន​ស្រី​ផ្សេង​នៅខាងក្រៅ​ លោក​ចាត់ទុកទង្វើ​នេះ​ថា ជា​ «វិនាស​របស់បុរស​» ដែល​ស្ថិត​នៅ​ក្នុង​ប្រកា​រទី​៩​នៃ បរាភវសូត្រ​ មាន​សេចក្តី​ដូចខាងក្រោម..៖

ប្រុស​មិន​ត្រេក​អរ និង​ប្រពន្ធ​ខ្លួន ហើយ​ទៅ​ជួប​ជួន និង​ស្រី​ពេស្យា នាំ​យក​ស្រីក្មេង​មក​ធ្វើ​ភរិយា ហេតុ​នោះ​ទៅ​ជា​ នាំ​អោយ​វិនាស…

បរាភវសូត្រ

តាមច្បាប់ធម្មជាតិ ការ​រួម​ភេទ​គឺ​ជា​កាតព្វកិច្ច​របស់​មនុស្ស, សត្វ និង រុក្ខជាតិ​ដើម្បី​បន្ត​ពូជពង្ស​​​មនុស្ស, សត្វ និង រុក្ខ​ជាតិ​នោះ​នៅ​លើ​ផែន​ដី​​ ។ ចំពោះ​មនុស្ស ការ​រួមភេទ​ដើរ​តួ​​លើស​ពី​ការ​បន្ត​ពូជ​ពង្ស​ទៀត។ សត្វ និង រុក្ខជាតិ​មាន​ពេលវេលា​របស់​ពួក​គេ​ក្នុង​ការ​រួមភេទ​ដើម្បី​បន្ត​ពូជពង្ស​របស់​គេ។ ប៉ុន្តែ​ចំពោះ​មនុស្ស​វិញ​គ្មាន​រដូវ​កាល​ទេ​ មនុស្ស​​​រួម​ភេទ​ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ ឬ​ពង្រឹង​ចំណង​មិត្តភាព​​រវាង​ស្វាមី​និង​ភរិយា ឬដើម្បី​បំពេញ​ចំណង់​​ត្រេក​ត្រអាល​។ ជា​ធម្មជាតិ មនុស្ស​ប្រុស​ក៏​ដូច​ជា​សត្វ​ឈ្មោល​ដែរ ពួក​គេ​រមែង​ចង់​រួម​ភេទ​ជាមួយ​នឹង​មនុស្ស​ស្រី​ច្រើន​រូប ​ព្រោះ​ចំណង់​ក្នុង​ការ​បន្ត​ពូជ​របស់​ខ្លួន​​ផង និង ការ​កម្សាន្ត​សប្បាយ​ផង ។

ឯ​ការ​រស់​នៅ​ជា​គូ​ស្វាមី​ភរិយា​មួយ​ទល់​នឹង​មួយ ​គឺ​ជារឿង​របស់​មនុស្ស​សម័យ​ទំនើប​នៅ​ក្នុង​វប្បធម៌​របស់​មនុស្ស​​មួយ​ភាគ​ធំ ។ នៅ​ក្នុង​វប្បធម៌​នៃ​ជនជាតិ​ខ្លះៗ មនុស្ស​ប្រុស​មាន​សិទ្ធ​ជ្រើស​​យក​មនុស្ស​ស្រី​ច្រើន​រូប​មក​​ធ្វើ​ជា​ភរិយា ឧទាហរណ៍​នៅ​ក្នុង​វប្បធម៌​របស់​​ជនជាតិ​ដែល​កាន់​សាសនា​អ៊ី​ស្លាម ឬ​ពួក​អ្នក​កាន់​សាសនា​​គ្រឹស្ត​នៃ​និកាយ​ម៉័រម៉ឺ​ន ឬ​និកាយ​ស្មបន្ទាល់​ព្រះយេហូវ៉ា​ជាដើម។ ចំពោះ​មនុស្ស​ប្រុស​ដែល​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ច្បាប់​ហាម​ឃាត់​ឲ្យ​មាន​តែ​ប្តី​ឬ​ប្រពន្ធ​មួយ ថ្វី​ត្បិត​តែ​ពួក​គេ​មិន​យក​ប្រពន្ធ​ច្រើនមែន​ ប៉ុន្តែ​ពួក​គេ​បែរ​ជា​អាច​ទៅ​រួ​មភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ដើម្បី​កម្សាន្ត​សប្បាយ​ ឬ​ទៅ​លួច​លាក់​សាហាយស្មន់​និង​ស្រី​ច្រើន​រូប​ជាដើម​។ ការ​ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មនុស្ស​ប្រុស​ទាំង​នោះ​បង់​ខាត​ទ្រព្យសម្បត្តិ និង ពេលវេលា ថែម​ទាំង​កើត​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​​ដូច​ជា​ ជំងឺ​ស្វាយ ប្រមេះ ឬ​អេដស៍​ជា​ដើម​ផង​ ។ ដូច្នេះ​ហើយ​ទើប​ព្រះពុទ្ធ​ទ្រង់​ទូន្មាន​ថា បុរស​ដែល​មិនត្រេកអរនឹងប្រពន្ធខ្លួន ​គឺ​ជាប្រមុខនៃក្តិវិនាស ស្ថិត​ក្នុង​ប្រការ​ទី​៩ នោះ​ឯង៕