ការសម្រេចចិត្ត គឺជាដំណើរនៃការជ្រើសរើសជាលើកចុងក្រោយទៅលើប្រធានបទអ្វីមួយ វត្ថុអ្វីមួយ រឺគោលជំហរអ្វីមួយ ទោះក្នុងជីវិតធម្មតាក្តី ក្នុងអាជិវកម្មក្តី ក្នុងនយោបាយក្តី។ ការសម្រេចចិត្តខុស រឺមិនត្រឹមត្រូវ នឹងផ្តល់ផលមិនត្រឹមត្រូវដែរ ហេតុនេះទើបទាមទារអោយប្រុងប្រយ័ត្នខ្ពស់បំផុតនៅពេលសម្រេចចិត្ត។ តើមានលក្ខខ័ណ្ឌអ្វីខ្លះដែលអាចជួយអោយយើងសម្រេចចិត្តបានត្រឹមត្រូវ?
ដើម្បីអោយការសម្រេចចិត្តមួយត្រូវចាត់ទុកថា ជាការសម្រេចដ៏ត្រឹមត្រូវ អ្នកសម្រេចចិត្ត ជាដំបូងត្រូវប្រមូលពត៌មានអោយបានគ្រប់ជ្រុងជ្រោយ ហើយធ្វើការសិក្សាអោយបានស៊ីជម្រៅដោយផ្អែកទៅលើទស្សនហេតុផលច្រាស់ គឺថា បានផលមកដូច្នេះ តើព្រោះតែហេតុអ្វី រឺថា មានទិន្នន័យមកបែបនេះ គឺព្រោះតែប្រភពអ្វីខ្លះ ជាដើម ព្រោះការសិក្សាស៊ីជម្រៅលើបញ្ហា ដោយការទាញយកផលមកធ្វើការវិភាគ ទើបជាវិធីដែលងាយក្នុងការស្វែងរកប្រភពនៃរឿងរ៉ាវទាំងនោះ។
ជំហានបន្ទាប់ គឺការសម្រេចចិត្ត។ នៅក្រោយពេលធ្វើការវិភាគ លើទិន្នន័យ អ្នកច្បាស់ជាត្រូវសម្រេចចិត្ត ដូច្នេះដើម្បីធ្វើអោយការសម្រេចចិត្តមួយដោយត្រឹមត្រូវ អ្នកត្រូវ..៖
- មិនសម្រេចចិត្តដោយព្រោះតែផ្អែកលើទស្សនៈអាត្មានិយម (គំនិតតែម្នាក់ឯង)
- មិនសម្រេចចិត្តដោយព្រោះតែផ្អែកលើផលប្រយោជន៌ តែម្ខាង (ត្រូវផ្តល់ផលប្រយោជន៌អោយគ្រប់ភាគី)
- មិនសម្រេចចិត្តព្រោះតែភ័យខ្លាច
- មិនសម្រេចចិត្តព្រោះតែវង្វេង (ភ្លេចគិតមុខក្រោយ)
- មិនសម្រេចចិត្តក្នុងពេលកំពុងមានកំហឹង
- មិនសម្រេចចិត្តក្នុងពេលកំពុងកើតទុក្ខ
- មិនសម្រេចចិត្តក្នុងសភាពស្រេកឃ្លាន តក់ក្រហល់
- មិនសម្រេចចិត្តព្រោះសេចក្តីស្អប់ សេចក្តីស្រលាញ់ ហួសហេតុ
ជាចុងក្រោយ ការសម្រេចចិត្តគឺជាសមិទ្ធផលចាប់ផ្តើម បើសិនជាការសម្រេចចិត្តណាមួយដោយមិនស្ថិតក្រោមលក្ខខណ្ឌសមប្រកបទេ នោះនឹងទទួលបានលទ្ធផលជាក់ស្តែងទៅតាមការសម្រេចចិត្តនោះ។
ដកស្រង់ពី សៀវភៅ ជំនួញសុចរិត ដោយ ច្រឹង សម្បត្តិ