នេះ​ជា​មេរៀនសម្រាប់សេចក្តីសុខរយៈពេលវែង

នេះ​ជា​មេរៀនសម្រាប់សេចក្តីសុខរយៈពេលវែង

ប៉ុន្តែនៅ​ទីនេះ ខ្ញុំ​ចង់​និយាយផ្តោត​ទៅ​លើ​ ការ​ទាមទារ​យក សុភមង្គល របស់​បុថុជ្ជន (ជន​សាមញ្ញ) ដែល​គេ​គ្រប់​គ្នា​នោះ យល់ដឹង ក្នុងកម្រិត​មួយថា សុភមង្គល គឺកើតឡើង​ពី​កត្តា​ទំនាក់ទំនង​ស្នេហា និង​កត្តា​ផល​ប្រយោជន៌​ផ្នែក​សេដ្ឋ​កិច្ច​។ ដោយពឹង​ផ្អែក​លើ​កត្តា​ទាំងពីរនេះ មនុស្ស​អាច​ស្វែងរក​សុខ​សុភមង្គល​ក្នុងកម្រិត​​មួយ​ដោយ​ងាយស្រួលបំផុត​ បើសិនជា​មនុស្ស​អាច​កំណត់​ការ​ចង់​បាន​របស់​ខ្លួន​បាន​ច្បាស់លាស់​។

១.​ កត្តាទំនាក់ទំនងស្នេហា​..៖ មនុស្ស​អាចប្រើប្រាស់​ទំនាក់ទំនងស្នេហា (ការស្រលាញ់ជាប់ស្អិត​) ដើម្បី​ត្រួសត្រាយ​ផ្លូវជីវិតរបស់គេ​អោយដល់​គោលដៅ​សុភមង្គលពិតប្រាកដ​។ បុគ្គល​ពីរនាក់ នឹង​ត្រូវ​ធ្វើដំណើរ​លើ​ផ្លូវ​នោះ​ តែបុគ្គល​ទាំងពីរ​ត្រូវ​មាន​…៖

  1. ចំណេះដឹង​ប្រហាក់​ប្រហែល​គ្នា (សមសីលា រឺ សមបញ្ញា)
  2. ជំនឿ ​ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
  3. ការ​លះបង់ និង​ទទួល​ប្រហាក់ប្រហែល​គ្នា (សមចាគា)
  4. ការមានជីវិត​ (វង្សត្រកូល) ប្រហាក់ប្រហែល​គ្នា (សមជីវិតា)

បុគ្គល​ពីរនាក់ កាល​ចាប់ដៃគ្នា​ដើរលើផ្លូវរួម​មួយ ហើយ​ប្រកប​ដោយអង្គ​ទាំង​៤ខាង​លើ គេ​នឹង​អាច​ពុះពារ​រួមគ្នា​ដោយ​ភាព​យោគយល់​ (ចេះស្តាប់គ្នា) និង​ការ​អត់អោន (កែតម្រូវ​បើមានកំហុស)​។ 

ផ្សេង​ពីនេះ ការ​លះបង់ (Given) និង​ការ​​ព្រម​ទទួល​យក (Accepted) គឺជា​ចំណុចសំខាន់បំផុត​ សម្រាប់​ការ​រស់នៅ​ជាមួយគ្នា ហើយ​វាក៏ជាស្នូលនៃ​រសជាតិ​ស្នេហា​ផងដែរ​​។ អ្នកទាំងពីរ​ត្រូវ​ចោទសួរ​ខ្លួនឯងថា តើ​យើង​គួរ​លះបង់​អ្វីខ្លះ​ដើម្បី​គេ ហើយ​តើ​យើង​ព្រមទទួលយកអ្វីខ្លះពីគេ​។

ឧទាហរណ៌ងាយយល់បំផុត​គឺ ពេលដេក​ជាមួយ​គ្នា តើ​អ្នក​អាចទ្រាំ​និង​ការដេកស្រមុក​របស់​គេ​បានទេ? ពេលញ៉ាំ​អាហារ តើ​អ្នក​អាច​ទ្រាំ​និង​ភាព​ស្មោគគ្រោក​របស់គេ​បាន​ទេ​? ពេលរួមភេទ តើ​អ្នក​អាច​ទ្រាំ​ និងក្លិន​ រឺ​ភាព​កំរោលចូល​របស់​គេ​បាន​ទេ? 

២. កត្តា​ផលប្រយោជន៌​ផ្នែកសេដ្ឋកិច្ច..៖ ជាការពិត ការទំនាក់ទំនង​គ្នា​ក្នុង​ផ្លូវស្នេហា បើទោះជា​វា​គ្រាន់តែជា​អារម្មណ៌​ជក់ចិត្ត​មួយ តែវាក៏ទាម​ទារ​នូវ​ភាព​ផ្អែម​ល្ហែម ដែល​កើត​បានដោយសារ​តែ​ការ​ប្រើប្រាស់ធនធានដែរ​ ដូច្នេះតិចរឺច្រើន ពេល​ជួបគ្នាដំបូង មនុស្ស​ច្បាស់ណាស់ថា នឹងសំលឹង​មើល​ស្ថានភាព​សេដ្ឋកិច្ច​រវាងគ្នា​និង​គ្នា​មិនខាន​។ ចំនុចរួមដែល​មនុស្ស​អាច​ស្វែងរកសុខសុភមង្គល​ក្នុង​ផ្លូវនេះ​បាន​គឺ​ផ្អែក​លើ ​កត្តា​២យ៉ាងគឺ..៖

  1. កត្តាវេទនា​..៖ វាសំខាន់​ណាស់ ព្រោះមនុស្ស​ម្នាក់​ៗ​តែង​មានឧត្តមគតិ និង​គោលដៅជីវិត​របស់​គេ​។ ជួន​កាល​គោលដៅជីវិត​របស់​អ្នក អាច​ជាគោលដៅជីវិត​របស់​ដៃគូ​អ្នកដែរ​ ដូចនេះ​ទោះមានក្តី មិនមានក្តី ទ្រព្យសម្បត្តិ​គ្រាន់តែជា​របស់ក្រៅខ្លួន​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ទាំងពីរ​អាច​នឹង​ខិតខំប្រឹងប្រែង​ដើម្បី​គោលដៅតែមួយ ឧត្តមគតិ​តែមួយ​។
  2. កត្តាផលប្រយោជន៌..៖ ទ្រព្យ​សម្បត្តិ ជួនកាលធ្វើអោយ​អ្នក​ភ្លេច​ដល់​ឧត្តមគតិ។ អ្នក​អាច​នឹង​យល់ព្រម​បំភ្លេច​គោលដៅជីវិតចាស់​ដែល​អ្នក​មិនរំពឹងថា​នឹង​ មកដល់​​ ហើយចាប់​យក​ទ្រព្យសម្បត្តិ​ដើម្បី​បង្កើត​គោលដៅជីវិតថ្មី​ ដែល​យល់ថា​វាងាយជាង​ ប៉ុន្តែ​ធាតុពិត​អ្នក​នៅតែ​យល់​ព្រម​លើ​កត្តាវេទនា​របស់​អ្នក ព្រោះ​នៅទីបំផុត​អ្នក​នៅ​តែ​ពុះពារ​ដើម្បី​គោលដៅដដែល​។​

នៅទីបញ្ចប់​ សុភមង្គល មិនមែនអ្នកណាៗ​ក៏អាច​រកវា​មកបាននោះទេ ទោះជា​វា​តែងស្ថិត​នៅ​ក្នុង​ព្រលឹង​របស់​មនុស្ស​គ្រប់រូបក៏ដោយ ព្រោះការ​ស្វែងរក​សុខសុភមង្គល វាទាមទារ​អោយបុគ្គល​ធ្វើ​វា​ដោយ​អំណត់ និងតាមលំដាប់លំដោយ ហើយ​ធ្វើ​នៅ​ក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវ​ទៀត​ផង​។ ជាការពិត «សុភមង្គល​» មិនមែនជា​វត្ថុ​ ដែលអាច​ចាប់​យក​បាន​ ព្រោះ​វាគឺជា​អារម្មណ៌​ រឺជា​សញ្ចេតញ្ញាណ​ដែល​កើត​ឡើង​ក្នុង​ចិត្ត​បុគ្គល​ម្នាក់​ៗ។ វាគ្រាន់​តែជា​ជាតារម្មណ៌​​ ដែល​អាចជំរុញ​ស​ភាវៈ​អោយ​អាច​ទទួល​យក​រឿងរ៉ាវ​ផ្សេងៗ​តាមរយៈ​ឥន្ទ្រីយ៌​ តែប៉ុណ្ណោះ​ ប៉ុន្តែវាមានមុខ​ងារផ្តល់នូវភាពផូរផង់អោយជីវិតរបស់បុគ្គល។
 


ដកស្រង់ពីសៀវ​ភៅ ន័យជីវិត ដោយ ច្រឹង សម្បត្តិ