តើស្តេច នរេនសូរ ជាអ្នកណា?

ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីម្តងទៀត! បងប្អូនសុខសប្បាយទេ?

បងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយ គឺជាប្រធានបទស្រាវជ្រាវ និងចងក្រង និងជាប្រធានបទដែលខ្ញុំបាទបានសន្យា​នោះ គឺ តើស្តេចសៀមដែលមាននាមថា​ នរេនសូ ឬនរេសួ ឬនរេសួន ឬព្រះអង្គតាំ​នោះជានរណា? តើស្តេចអង្គនេះ​មាន​អំណាចធំប៉ុណ្ណាមកលើ​នគរ​ខ្មែរ​ក្នុងស.វទី​១៦ ដើមស.វទី១៧?

បងប្អូនសណ្តាប់ចប់ បងប្អូននឹងយល់ដឹងអំពី មូលហេតុពិតមួយ​ចំនួន​ដែលបណ្តាលឲ្យស្តេចសៀម​អង្គនេះ មិនចូលចិត្ត​ខ្មែរ ចងគំនុំ និង​ប្តេជ្ញាត្រូវតែកំទេចនគរខ្មែរឲ្យបាន​។

ជាដំបូង មុន​នឹងឈានដល់​ការ​បកស្រាយប្រធានបទ ខ្ញុំបាទសូម​រំលឹកបងប្អូនអំពីស្ថានភាពនយោបាយ និងភូមិសាស្រ្ត​ក្នុងតំបន់​ កាលពីពាក់កណ្តាលស.វទី១៦ បន្តិច​សិន។​

ប្រទេសកម្ពុជា (ក្រុងកម្ពុជា)

       សង្គ្រាមផ្ទែក្នុង​រវាង​ ព្រះបាទសុគន្ធបទ ជាមួយ​ព្រះជេដ្ឋា ស្តេចកន គ.ស ១៥១២ ដល់​គ.ស ១៥១៦។ តមក​ សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ស្តេចកន​ជាមួយ ព្រះច័ន្ទរាជា ពីគ.១៥១៦ ដល់គ.ស ១៥២៥។ ច័ន្ទរាជា បង្រួប​បង្រួម​ទឹក​ដី ចាប់​ផ្តើម​កសាង​ក្រុងលង្វែក​ដ៏រុងរឿង​ ព្រម​ជាមួយ​ការ​បង្វឹក​កងទ័ព​ជាច្រើន​ដើម្បី​ការពារ​សៀម​ដែលមានបំណងឈ្លានពាន។

ប្រទេសសៀម (ស្រីអយុធ្យា)

       កើត​សង្គ្រាម​ផ្ទែក្នុង ចុះ​ខ្សោយនិង ត្រូវបាន​​នគរតងអ៊ូ(ភូមា) ក្រុង​ហង្សវតី វាយ​ឈ្លានពាន​ក្នុង ​គ.ស១៥៤៧ ប៉ុន្តែ​ភូមាមិនបានទទួលជោគជ័យ​ឡើយ។ បន្តរហូត​ដល់​១៥៦៤​ ដល់ គ.ស​១៥៦៩ សៀមប​ន្ត​​ជាប់ដៃធ្វើ សង្គ្រាម​ឥតឈប់ឈរ​ជាមួយ​ភូមា។ ចុងក្រោយ​នគរ​សៀម ត្រូវ​បាន​កាន់​កាប់​ដោយ​ភូមា​ មុន​ពេល​ស្តេច​ក្មេង​នរេសួន​វាយ​ដណ្តើម និង​ប្រកាស​ឯករាជ្យ​ពី​ភូមា​វិញ​។

       សង្គ្រាម​រវាងសៀម និងភូមា មានចំនួន​២០លើក បើ​រាប់ចាប់តាំងពី​ស.វទី​១៦ ដល់​ស.វទី​១៩ ប៉ុន្តែ​សង្គ្រាម​ចុងក្រោយ​ដែល​សៀម​​បាន​រួច​ពី​អំណាចហង្សវតីប្រកាស​ឯករាជ្យបាន​គឺសង្គ្រាមទី​៤ ឆ្នាំ១៥៨៤ នៃគ.ស​ក្រោម​ការដឹកនាំរបស់នរេសួន​។

ការចុះសន្ធិសញ្ញារវាង សៀម-ខ្មែរ

       សៀម និង​កម្ពុជា ចុះសន្ធិសញ្ញា​មិនឈ្លានពាន​គ្នា និងជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បើសិន​ជានគរ​ណាមួយ​ឈ្លាន​ពាន​នគរ​ទាំងពី​រ​ ក្នុងរាជ​ព្រះ​បាទ​មហាធម្មរាជា ស្តេចសៀម និង​ព្រះបាទ​សត្ថាទី​១​ ស្តេច​ខ្មែរ សម័យ​លង្វែក​ ឆ្នាំ១៥៧៦នៃគ.ស។

       ទ័ព៥ម៉ឺន​នាក់​របស់​ក្រុងលង្វែក​លើក​ចូល​អយុធ្យា​ជា​លើក​ទី​១ ដើម្បីជួយ​ច្បាំង​សៀម តទល់ជាមួយ​ហង្សវតី ឆ្នាំ​១៥៨០ នៃគ.ស ប៉ុន្តែ​មិន​ចូលសមរភូមិ​ ដោយ​គ្រាន់តែ​នៅ​សង្កេតមើល​ពីខាងក្រៅ​ និង​បាន​ដឹក​នាំទ័ពដោយ​មេទ័ព​ឈ្មោះ ស្រីសពេជ្រ​។

       ៣ឆ្នាំក្រោយ កងទ័ពលង្វែក​ចំនួន៨ម៉ឺននាក់ ដឹកនាំដោយ​ព្រះ​ឧបរាជ​ ស្រីសុរិយពណ៍​ ចូល​ទៅ​ជួយ​ច្បាំង​សៀម តទល់​និង​ភូមា។ ភូមា​ចាញ់សង្គ្រាម​នេះ ប៉ុន្តែ​កងទ័ព​ខ្មែរ​បាត់បង់​អស់​ជាង​១ម៉ឺន៥ពាន់នាក់​។

       ប៉ុន្មានឆ្នាំក្រោយ​ ស្តេច​នរេសួន ក្រោយ​ពេល​វាយ​ឈ្នះ​ហង្សវតី និង​បានប្រកាសឯករាជ្យ​ ស្តេចអង្គនេះ​បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​កម្ពុជា ក្បត់​សន្ធិសញ្ញា។

       ចឹងបងប្អូន! ខាងលើ​នេះ គឺជា​ព្រឹត្តិការណ៍សង្ខេប​ដែល​បាន​កើត​ឡើង​ក្នុង​​ពាក់កណ្តាល​ស.វទី​១៦ រវាង​ប្រទេស​សៀម ខ្មែរ និង​ភូមា។

ត​ទៅ​នេះ​ខ្ញុំបាទនឹងរៀបរាប់​អំពី​ប្រវត្តិខ្លះៗ​របស់ស្តេចនរេសួន និង​លើក​យក​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​រុញច្រាន​ស្តេចសៀម​អង្គនេះ​ ​ក្លាយ​ជាវីរះក្សត្រ​របស់​សៀម​ និង​ជា​ក្សត្រ​ទី​១​នៅ​ក្នុង​អយុធ្យា​ដែល​សោយរាជ្យ​ដោយ​ឯករាជ្យ​មិ​នស្ថិត​ក្រោម​អំណាច​ភូមា ពី​គ.ស ១៥៩០ ដល់គ.ស ១៦០៥។

ប្រវត្តិសង្ខេប និង​ព្រឹត្តិការណ៍

ស្តេចនរេសួន​ប្រសូត្រ​ ២៥មេសា (ឯកសារខ្លះថា ថ្ងៃទី​០៤ មេសា​) ១៥៥៥ ត្រូវ​បាន​ប្រជានុរាស្ត​សៀម​ហៅនាម​ក្រៅថា ព្រះអង្គតាំ តាមសំនៀងខ្មែរ ព្រះអង្គដាំ​តាមសូរ​សំនៀងសៀម​។ ស្តេចអង្គ​នេះ បានសោយទីវង្គត​នៅ​ឆ្នាំគ.ស៦០៥។

បងប្អូន! តទៅ​នេះ ខ្ញុំបាទ​នឹងរៀបរាប់អំពីខ្សែជីវិត និង​ដើម​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្តេចនរេសួន​ល្បីល្បាញ​។

ក្នុងកំឡុងសង្គ្រាម ភូមា-សៀមលើកទី២ ស្តេចភូមា បាយិនណោន បានវាយ​យក ខេត្ត​ពិណ្ណុលោក ហើយក៏​បានធ្វើឱ្យ ព្រះរាជាណាចក្រសុខោទ័យ ក្លាយជា រដ្ឋមួយ​របស់ភូមា។ ព្រះ​នរេសួន​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុង ​បាហ្គោ ប្រទេស​ភូមា ជា​ចំណាប់ខ្មាំង ដើម្បី​ធានា​នូវ​ភាព​ស្មោះត្រង់​របស់​ស្តេច។ បន្ទាប់ពីសង្គ្រាម ភូមា-សៀម (១៥៦៨-១៥៧០) ភូមាបានវាយលុកកាន់កាប់​អយុធ្យាទាំងស្រុង ដោយលើក ស្តេច​មហាធម្មរាជាធិរាជ​ឲ្យ​សោយរាជ្យ​ និង​បាន​គ្រប់គ្រង​ដោយ​ភូមា​។ ហើយមិនយូរប៉ុន្មានស្តេច​ភូមា​ក៏បាន​ដោះលែងនរេសួន​ជាថ្នូរនឹងប្អូនស្រីរបស់គាត់ នៅឆ្នាំ១៥៧១ ពេលវិល​ចូល​ដល់​នគរសៀម​វិញ​ ព្រះបាទមហាធម្មរាជាធិរាជបានថ្វាយព្រះនា​ថា ឧបរាជ ដោយប្តូរឈ្មោះទៅជា នរេសួន​។

ព្រឹត្តិការណ៍នោះ​ត្រូវបាន​រៀបរាប់យ៉ាងដូច្នេះ!

តាមឯកសារមហាបុរសខ្មែរ នៅថ្ងៃមួយ ព្រះនរេសួន ចូល​គាល់​ព្រះ​មហាក្សត្រ​ភូមាដូចសព្វដង។ ពេល​ដែល​ នរេសួន លើកដៃ​ថ្វាយបង្គំ ព្រះ​ចៅហង្សវតីក្រឡេកព្រះនេត្រ​ទៅមើល​ឃើញ ស្តេច​អង្គនេះ មាន​ដៃ​ដល់​ទៅ​៤ ធ្វើ​ឲ្យ​ព្រះចៅ​ហង្សវតី​ភ្ញាក់​ភ្អើល​យ៉ាងខ្លាំង​ ក៏​គិត​ថា កូនស្តេចសៀម​អង្គ​នេះ នឹង​ក្លាយ​ជា​អ្នក​មាន​បុណ្យ​របស់​នគរសៀម​។ ហេតុ​នេះ​ ហើយ​ទើប​ព្រះចៅ​ ហង្សវតី បញ្ជារ​ឲ្យ​ មេស្មឹង ម៉ុងគ្រីសុរិយា ធ្វើ​ល្បិច​បណ្តេញ​ព្រះអង្គ​ម្ចាស់​ នរេសួន លួច​រត់ចេញពី​ហង្សវតី ហើយ​ក៏​បញ្ជារ​ឲ្យ​លើក​ទ័ព​៣ម៉ឺន​​ដេញ​តាម ដើម្បី​សម្លាប់​ព្រះអង្គម្ចាស់​នេះ​ចោល​។ ព្រះ​អង្គម្ចាស់​ នរេសួន​បានដឹងល្បិច​នេះ​ជាមុន ក៏ធ្វើ​ជា​យល់​ព្រមរុញទូក​បណ្តោយ​ទឹក បាន​នាំ​ស្មគ្រ​បក្សពួក និង​ក្រុមគ្រួសារ​រត់ចេញ​ពី​ហង្សវតី។ ដោយ​សារ​ការរៀប​ផែន​ការ​បាន​ល្អិតល្អន់ ព្រះអង្គម្ចាស់ នរេសួន បាន​រត់​មក​ដល់​ក្រុង​​ស្រុក​កំនើត​ គឺអាយុធ្យា ដោយសុវត្ថិភាព និង​បាន​នាំ​យក​រឿង​នេះ​ទៅ​ទូល​ដល់​បិតា។

ក្រោយ​ពេល នរេសួន បាន​ត្រឡប់​ពី​ភូមា​វិញ ស្តេចអង្គ​នេះ​បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​ភូមា និង​ទទួលបាន​ចុះចូល​ជាច្រើន​ពី​ប្រ​ជានុរាស្រ្ត​សៀម និង​ជន​អន្តោប្រវេសន៍ សាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​ម្ចាស់​នរេសួន មានកម្លាំងទ័ព​អាច​ទប់ទល់​ការវាយ​សម្រុក​ពីកងទ័ព​ភូមា​បាន​៤​លើក​ផ្ទួនៗគ្នា។

បងប្អូន​! ស្ថានការណ៍​នេះហើយ ដែល​បាន​រុញច្រាន​​ក្រុង​អាយុធ្យា ឲ្យ​សម្រេចចិត្ត​ពឹងពាក់​នគរ​កម្ពុជា​ឲ្យ​ជួយ​ ទើប​បញ្ជូន​ទូត និង​រាជសារ​លិខិត​មក​ស្នើសុំ​ជំនួយពីនគរខ្មែរ។

ហេតុ​ផល​ទី​១​ដែលធ្វើ​ឲ្យ​ស្តេច នរេសួន គំគួនខ្មែរ

       បើតាមឯកសារ​ដែល​សរសេរដោយ​អ្នក​ប្រវត្តិវិទូ​ព័រទុយហ្គាល់ អំពី​សង្គ្រាម​នៅអាស៊ីចេញផ្សាយ​ឆ្នាំ ១៨៧១ បាន​រៀបរាប់ថា ការបញ្ជូន​ទ័ព​លើក​ទី១​របស់​ក្រុងលង្វែក​របស់​កម្ពុជា ទៅជួយសៀម ត្រូវបានដឹកនាំទ័ព​ដោយ​មេទ័ព​ឈ្មោះ ស្រីសពេជ្រ។ ក្នុងពេល​ដែល​ទ័ពកម្ពុជា​ទៅ​ដល់​ក្រុង​អាយុធ្យា ចំពេលដែល​ស្តេច នរេសួន ច្បាំងឈ្នះទ័ព​ភូមា និង​កំពុង​លើក​ទ័ពចូលក្រុងវិញ។ កាល​នោះ មេទ័ព​ ស្រីសពេជ្រ ចេញមកមើល​ការ​ដង្ហែរក្បួនទ័ព​ចូល​ក្រុង ដោយ​អង្គុយសំយ៉ុង​ជើង​មើល​ពីចម្ងាយ មិន​ចុះ​ក្រាបបង្គំ​គោរព​ដូច​រាស្រ្ត​ផង​ឯទៀត ក៏​បានធ្វើ​ឲ្យ​ស្តេច នរេសួន ខឹង​នឹង​អាកប្បកិរិយា​នេះ​យ៉ាង​ខ្លាំង ក៏បញ្ជារ​ឲ្យ​កងទ័ព​ចាប់​យក​ឈ្លើយសឹក​ភូមា ១៥នាក់ មក​កាត់ក្បាល​ព្យួរ នៅ​ខាងមុខ​ជំរុំ​កងទ័ពខ្មែរ​។

       បើតាមឯកសារមហាបុរសខ្មែរថា ខណៈនោះ ព្រះនរេសួន​ដែលបាន​ឈ្នះទ័ពភូមា ចាប់បានឈ្លើយភូមាជាច្រើនក៏ភ្លើនព្រះរាជហឫទ័យណាស់។ ស្ដេចចុះព្រះទីនាំងនាវាត្រឡប់ទ័ពនាំឈ្លើយ និងគ្រឿងសស្ត្រាវុធ ដំរី សេះ មកក្រុងស្រីអយុធ្យាវិញ។ សម្ដេចព្រះស្រីសុរិយោពណ៌ មហាឧបរាជ ស្ដេចគង់ក្នុងព្រះទីនាំងនាវា លុះឮសន្ធឹកទ័ពសៀម លើកមកដល់ ក៏ស្ដេចយាងចេញពីកឹងព្រះទីនាំងមកគង់ប្រថាប់នៅក្ដារផែន ទ្រង់ទតទ័ពសៀម។ ព្រះនរេសួន លុះចេញ​ព្រះទីនាំងនាវាមកដល់ទន្ទឹមនឹងព្រះទីនាំង សម្ដេចព្រះមហាឧបរាជហើយ ផ្លេកព្រះនេត្រទៅ ទតឃើញសម្ដេចព្រះមហាឧបរាជ ក្រុងកម្ពុជាធិបតី គង់សំយុងព្រះបាទពុំបានក្រាបដូចអ្នកផងទាំងពួងក៏ទ្រង់ពិរោធណាស់ ទើបទ្រង់បង្គាប់ទៅសេនាទាហានឱ្យយកឈ្លើយ ៥ នាក់ទៅកាន់ក្បាលដោតនៅមុខព្រះទីនាំងសម្ដេចព្រះមហាឧបរាជក្រុងកម្ពុជាធិបតី ហើយហួសព្រះទីនាំងចូលទៅក្រុងស្រីអយុធ្យាទៅ។

       បងប្អូន ត្រង់ចំនុច​នេះ ខ្ញុំ​សូមបញ្ជាក់ថា បើតាម​ឯកសារ​សង្គ្រាម​នៅ​អាស៊ី​របស់ព័រទុយហ្គាល់ ព្រះស្រីសុរិយោពណ៍ លើក​ទ័ពចូល​ទៅ​នគរ​សៀម​លើក​ទី២​ទេ មិនមែន​លើក​ទី​១ឡើយ​។ ចម្បាំង​សៀម ខ្មែរ ភូមា លើក​ទី​២ ទើប​ធ្វើ​ឲ្យ​ហង្សវតី​យល់ព្រម​ប្រគល់ឯករាជ្យ​ឲ្យ​សៀម​។

ហេតុ​ផល​ទី​២ដែលធ្វើ​ឲ្យ​ស្តេច​នរេសួន គំគួន​ខ្មែរ

       បើ​តាម​ឯកសារ​ពង្សសាវតាខ្មែរបាន​លើក​ឡើងថា​ ក្នុងពេល​កងទ័ពលង្វែក​លើ​កចូល​ទៅជួយ​ទ័ពសៀម​ជា​លើក​ទី​២​ដើម្បី​ទប់ទល់​និង​ភូមា។

       ព្រះមហាឧបរាជ ស្រីសុរិយោពណ៍​បាន​លើក​ទ័ព​២ម៉ឺន​នាក់មកជួយសៀម។ ព្រះនរេសួន បានឃើញទ័ពសម្ដេចព្រះស្រីសុរិយោពណ៌មហាឧបរាជលើកកាត់ពីកំពង់ទូកចូលមក ក៏ចាត់កងទ័ពខ្មែរនេះ ឱ្យទៅពួនបង្កប់នៅក្នុងព្រៃខាងស្ដាំ ឯទ័ពសៀម​មួយកងទៀត​ ទៅ​ពួន​នៅក្នុងច្រកភ្នំខាងឆ្វេង ព្រះនរេសួន នៅចំកណ្ដាល ផ្លូវដែលមនលើកទ័ពមកហើយសន្យាថា បើឮសន្ធឹកស្ដេចភូមា លើកទ័ពមកដល់វេលាណាឱ្យទ័ពទាំងពីរផ្លូវវាយផ្ទប់ទាំងសងខាងកុំឱ្យភូមាដឹងខ្លួន។ សម្ដេចព្រះស្រីសុរិយោពណ៌ មហាឧបរាជបោះទ័ពនៅទីនោះពុំហ៊ានប្រហែល ចាត់នាយទ័ពឱ្យទៅល្បាតមើលទ័ពភូមា ឯទ័ពភូមាក៏ ល្បាតទៅវិញទៅមកស្មើគ្នា។ ទ័ពភូមាលើកកាត់មកដល់ច្រកព្រៃ ទ័ពខ្មែរដឹងថាទ័ពភូមាហើយលើកមកដល់ច្រកដែលបង្កប់កងទ័ព ក៏ចេញទៅទទួលបាញ់ចាក់កាប់សំលាប់ ពង្រេចនឹងដំរី ទីនោះច្រកក៏តូចហើយទ័ពភូមាមានចំនួនច្រើននឹងចូលមកពុំរួច។ ទ័ពព្រះទ័ពសៀមក៏លើកមកផ្ទប់ពីខាងឆ្វេងដូចសន្យា។ ព្រះនរេសួន កាលលើកទ័ពចេញមកទទួលច្បាំងនឹងទ័ពភូមា​ហើយ​ ជ្រាបថាទ័ពខ្មែរចេញច្បាំងនឹងទ័ពភូមាដែរ ក៏ចាត់ឱ្យរាជបំរើទៅទូលព្រះមហាឧបរាជឱ្យដោះថយធ្វើជាចាញ់ ដើម្បីឱ្យទ័ពភូមាដេញតាមមក នឹងបានទទួលច្បាំងយកជ័យជំនះ នោះសម្ដេចព្រះមហាឧបរាជ មានព្រះបន្ទូលប្រាប់ទៅរាជបំរើវិញថា ស្ដេចសៀមធ្វើព្រះរាជសារទៅសុំកងទ័ពខ្មែរមកជួយច្បាំង រក្សាព្រះនគរ យើងលើកទ័ពមកប្រទះនឹងសត្រូវហើយ ត្រូវតែច្បាំង បើនឹងឱ្យទ័ពខ្មែរធ្វើជាចាញ់ទ័ពភូមាឱ្យខូចព្រះកិត្តិយសនោះ យើងពុំព្រមស្ដាប់ជាដាច់ខាត។ រាជបំរើក៏ត្រឡប់មកទូលព្រះនរេសួន តាមដំណើរវិញ ព្រះនរេសួន ឱ្យបំរើទៅទូលទៀតថា បើមិនថយទ័ពទេនឹងធ្វើទោសនាយកងទ័ព។ ព្រះមហាឧបរាជក៏នៅតែពុំព្រមស្ដាប់ពុំព្រមថយ។ ទ័ពខ្មែរពុំព្រមស្ដាប់ក៏លើកទ័ពទៅទទួលបាញ់ចាក់កាប់សំលាប់ភូមា។ ទ័ពសៀម​ផ្ទប់ពីខាងឆ្វេងកាប់សំលាប់​ភូមា ឲ្យ​បែកទ័ពដោះថយទៅវិញ។ កងទ័ពសៀម ខ្មែរ លើកដេញតាមចាប់បានភូមាមកជាឈ្លើយយ៉ាងច្រើន។ ទ័ពមនក៏ថយចេញផុតទៅ នោះព្រះនរេសួន​នឹកខ្ញាល់នឹងសម្ដេចព្រះមហាឧបរាជណាស់​។ លុះធ្វើការសឹកសង្គ្រាមរួច ក៏លើកទ័ពថយពីស្រុកពេជ្របុរី កាត់មកកំពង់ទូកវិញ។ ចំណែកសម្ដេចព្រះស្រីសុរិយោពណ៌ មហាឧបរាជ សម្ដេចមកដល់កំពង់ទើបចុះគង់ព្រះទីនាំងនាវា ព្រមទាំងរេហ៍ពល គង់សំរាកកំលាំងនៅទីនោះ។ ស្តេច​ទាំង​ពីរ​អង្គ​នេះ មិន​បាន​ចូល​ជួប​គ្នា រាក់ទាក់ រាយការណ៍កិច្ចការសង្គ្រាម​ឲ្យ​គ្នា​ដឹង​ទេ ក៏បរហួសចូលបន្ទាយរៀងខ្លួនទៅ​។

ចុងក្រោយ ស្តេច​នរេសួន​នេះ​ហើយ ដែល​​លើក​ទ័ពសៀម ៣សែននាក់ មក​​វាយកម្ទេច ដុតបំផ្លាញទីក្រុងលង្វែក ក្នុងខែឧសភា ឆ្នាំ១៥៩៣ នៃគ.ស ក្រោយប្រើជ័រចុង​ដុតបំផ្លាញ​ព្រៃឬស្សី​ដែល​ជា​របង​ការ​ពារក្រុងលង្វែក​ខ្ទេចគ្មានសល់​។ គម្ពីរ ក្បួនច្បាប់ ទ្រព្យសម្បត្តិ​ មាស ប្រាក់ មនុស្ស គ្រប់​បែប​យ៉ាង ត្រូវ​សៀម​រឹបអូស ឆក់ប្លន់​ យក​ទៅ​ក្រុងអាយុធ្យា​ទាំងអស់​។ ស្ដេចសៀមបញ្ជារឱ្យរុះរើយករាជវាំងលង្វែកទៅជាមួយផង សូម្បីតែក្បឿងរាជវាំង និង ព្រះគោសំរិទ្ធ ចំនួន១២ ដែលរក្សាគម្ពីរក្បួនច្បាប់របស់​នគរកម្ពុជា និងទ្រព្យសម្បត្តិ​ ជារតនះសម្បត្តិ​ជាច្រើន​ បូករួមទាំងបដិមារ ព្រះកែវមរកត ដែលសាងឡើងតាំងតែ​ពី​ក្នុងរាជ ព្រះលំពង្សរាជា សម័យអង្គរ​មក​នោះ​ផង​ និង បានគៀរយកប្រជានុរាស្ត្រក្នុងក្រុងលង្វែក​ជាង១សែននាក់ផង យកទៅក្រុង​អាយុធ្យា​ទាំងអស់​។ ការដួលរលំក្រុងលង្វែក គឺជាការបាត់បង់ធនធានដ៏ធំក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិកម្ពុជា​រហូត​មកដល់បច្ចុប្បន្ននេះ។

       ចឹងបងប្អូន ប្រធានបទ​ថ្ងៃនេះ មានតែប៉ុណ្ណឹង។ ក្រោយ​បានសណ្តាប់​ការ​បក​ស្រាយ​ប្រធាន​បទ​នេះ​ហើយ តើ​បងប្អូន​យល់​យ៉ាង​ណា​ដែរ? តើបងប្អូន​នឹក​ឃើញ​រឿង​អ្វី​ខ្លះ​ដែល​ចាស់​ៗ​បាននិទាន​ប្រាប់​ ពាក់ព័ន្ធ​និង​ការ​បាត់បង់​ក្រុង​លង្វែក​ដោយ​ស្នាដៃ​ស្តេច​នរេសួន​នេះ?

ចឹង សូមអរគុណបងប្អូនទាំងអស់គ្នា បើសិនជាការបកស្រាយរបសខ្ញុំ​មានកំហុសឆ្គងណាមួយ សូមបងប្អូនមេត្តាខន្តី អភ័យទោស ជាពិសេស​ពី​សំណាក់​អ្នកប្រាជ្ញបណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត​ បើមានខុសឆ្គងកន្លែងណា​មួយ​សូម​មេត្តាកែតម្រូវខ្ញុំបាទផង ព្រោះខ្ញុំបាទមិនមាន​ចេតនាមួលបង្កាច់ ឬបំប្លែងការពិតនៃប្រវត្តិសាស្រ្តឡើយ​។ ឯកសារ​យោង​ទាំងអស់​ ខ្ញុំបាទ​នឹងដាក់​នៅ​ក្នុង​សេចក្តិលម្អិត​នៃវីដេអូនេះ​។

សូមអរគុណ សូមជម្រាបលា!

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *