រឿង​ បុរស​ក្មេង​ជេរ​ព្រះពុទ្ធ

រឿង​ បុរស​ក្មេង​ជេរ​ព្រះពុទ្ធ

មានតំណាល​មកថា បុរស​ក្មេង​ម្នាក់​ កាល​ដែល​បានជួប​ព្រះពុទ្ធ​ជា​លើកដំបូង ក៏កើត​ចិត្ត​ស្អប់ ខឹង និង​បានពោល​ពាក្យ​ជេរ​ប្រទេច ប្រមាថ ដោយ​ពាក្យ​អសុរស​គ្រប់​បែប​យ៉ាង​។

ប៉ុន្តែ​ព្រះពុទ្ធ​មិន​បានខឹង និង​ក៏​មិន​បានតប​ត​ដោយ​ពាក្យ​ពេចន៍អ្វី​ដែរ។ ទ្រង់​គ្រាន់តែសួរសំនួរ​១ទៅ​កាន់​បុរស​ក្មេង​នោះ​ថា «ម្នាល់​បុរស បើ​អ្នក​នឹង​ទិញ​អំណោយ​ឲ្យ​អ្នកណា​ម្នាក់ តែ​អ្នក​នោះ​មិន​ព្រមទទូល​យក​អំណោយ​នោះទេ តើ​អំណោយ​នោះ​នឹង​ក្លាយ​ទៅជា​របស់​អ្នក​ណា?»។

បុរស​ក្មេង​ស្តាប់សំនួរ​ចំលែក​នេះ​ហើយ ក៏​សើច និង​បានឆ្លើយ​ដោយ​ចំអក​ទៅ​កាន់​ព្រះពុទ្ធ​វិញថា «ខ្ញុំ​បាន​ប្រើប្រាស់​​ប្រាក់​របស់​ខ្ញុំ​ទៅ​ទិញ បើ​គេ​មិន​ទទួល​យក​អំណោយ​នោះទេ អំណោយ​នោះ នឹង​នៅតែជា​របស់​ខ្ញុំ​វិញ។ វា​មិនមែន​ទៅ​លើ​ដៃ​អ្នក​ណា​ក្រៅ​ពីខ្ញុំ​នោះទេ​»។

ព្រះពុទ្ធ​ទ្រង់ញញឹម ហើយ​តបថា «​ម្នាល​បុរស! អ្នក​ឆ្លើយ​ត្រូវ​ហ់ើយ ព្រោះ​ថា បើ​កំហឹង​របស់​អ្នកមាន​​ចំពោះ​តថាគត​ហើយ​ តែ​តថាគត​មិន​តប​ត ឬ​មិន​ទទួល​យក​ ខឹង​តប​ទេ កំហឹង​នោះ នឹង​ជះត្រឡប់​ទៅ​បុរស​ក្មេង​ឯង​វិញ ដូច​អំណោយ​ដែល​គេ​មិន​ព្រម​ទទួល​ដូច្នេះដែរ​។ ដូច្នេះ​ មាន​តែ​បុរស​ក្មេងឯង​ប៉ុណ្ណោះ ដែល​នឹង​មិន​សប្បាយចិត្ត មិនមែន​តថាគតទេ។ អ្វីដែល​​អ្នក​បាន​ធ្វើដោយកំហឹង វានឹង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ខ្លួនឯង​តែប៉ុណ្ណោះ​។

បុរស​ក្មេង​ស្តាប់​ហើយ ក៏​ទ​ម្លាក់​ទិដ្ឋិ និងមានះចុះ ព្រម​ក្រាប​ថ្វាយ​បង្គំ​សុំ​ខមាទោស​ក្នុងគ្រានោះទៅ!