អ្នក​មាន​ និង​អ្ន​កក្រ​

អ្នក​មាន​ និង​អ្ន​កក្រ​

មែន​ហើយ ពេល​ខ្លះ​អ្នក​ពិត​ជា​មាន​អារម្មណ៍​ច្រណែន​និង​មនុស្ស​ខ្លះ​ណាស់​មែនទេ? ហើយ​គិត​ថា តើ​គេពិតជា​មាន​ប្រាក់​ខ្លាំង​ណាស់​មែនទេ ដែល​ចូលចិត្ត​ប្រើប្រាស់​របស់របរ​ថ្លៃ​ៗ ទំនើប​ៗ ទាន់​សម័យ ដោយ​ហោចទៅ​សូម្បីតែ​ទ្រនាប់ជើង​គេ​មួយ​គូ​ក៏​មានតំលៃ​ស្មើ​ប្រាក់ខែ​អ្នក​មួយ​ខែ​ទៅ​ហើយ​។ ប៉ុន្តែ​រឿង​នេះ អ្នក​កុំ​ច្រឡំ​អោយសោះ ព្រោះ​មនុស្ស​ដែល​អ្នក​កំពុង​ឃើញ​នោះ​​មិន​​ប្រាកដ​ថា​ជា​អ្នក​មាន​នោះទេ​។

បើ​គេ​មិន​មែន​ជា​អ្នក​មាន​ទេ ហេតុ​អ្វី​បាន​ជា​គេ​ហ៊ឺហារ​ម្លេះ? នេះ​ជា​សំនួរ​ដែល​ យើង​​នឹង​​ត្រៀម​ឆ្លើយ​ប្រាប់​លោកអ្នក​នៅ​ខាងក្រោម​នេះ​..៖

១. អ្នក​មាន​មិន​ចូលចិត្ត​បង្អួត​ទ្រព្យសម្បត្តិ​គេទេ​

ពិតណាស់​ អ្នក​មាន​គ្រប់រូប មិន​ចូលចិត្ត​ដើរបង្ហាញ​គេឯងថាខ្លួន​គេជាអ្នកមាននោះទេ។ យើង​អាចសំគាល់​លើ​ការ​ស្លៀក​ពាក់​នៅ​ក្នុងចំណោម​ អ្នក​មានប្រើប្រាស់​សំលៀក​បំពាក់​សាមញ្ញ ធម្មតាៗ តែសមរម្យ ដែល​គុណគូរមើលទៅ មួយ​តួខ្លួន​​គេ​​មានតំលៃ​ប្រហែលជា​១២០ដុល្លារ​ប៉ុណ្ណោះ ដោយ​ឡែក​អ្នក​ក្រវិញ (អ្នកមានក្លែងក្លាយ) គ្រាន់តែ​ទ្រនាប់ជើង​មួយ​គូ​ក៏​មាន​តំលៃ​​ ១៥០ដុល្លារទៅ​ហើយ​។

២. អ្នក​មាន​ចូលចិត្តចំណាយ​លើ​វត្ថុ​ដែល​ទទួល​បាន​ផល​ចំនេញ​

ឧទាហរណ៍​លើ​ការ​ផឹកកាហ្វេចុះ! អ្នក​មាន​សុខចិត្ត​ចំណាយ​លុយ​ច្រើន​ទៅទិញ​ម៉ាស៊ីន​ឆុងកាហ្វេ​មក​ដាក់ផ្ទះ ដោយ​មិន​ចំណាយ​ប្រាក់​ចន្លោះ​ពី ៥ ទៅ ១០ដុល្លារ​ក្នុង១ថ្ងៃ​ដើម្បីផឹកកាហ្វេ​ទេ ធ្វើបែប​នេះ​គេអាច​ចំណាយ​ប្រាក់​ប្រហែល​ជា​៣៥៦០ដុល្លារ​ក្នុង​មួយឆ្នាំ ដោយគ្រាន់តែផឹកកាហ្វេ​ខ្មៅ​ធម្មតា​មួយកែវ​ជាប្រចាំថ្ងៃ​ ដូច្នេះ​គេ​ទិញ​ម៉ាស៊ីន​ឆុងកាហ្វេ​ដែល​មានតំលៃ​ត្រឹម​តែ​១៥០០ដុល្លារ ហើយឆុងដោយខ្លួនឯង​។ ដោយឡែក​អ្នកក្រ​វិញ យល់ថា​ការ​ចំណាយ​មួយថ្ងៃ ៥ដុល្លារ គឺ​ល្មមហើយសម្រាប់ការផឹកកាហ្វេ​។

៣. អ្នក​មាន​ប្រើប្រាស់​សន្សំសំចៃ​ជាង​

យើង​សំគាល់​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះរបស់អ្នកមាន និង​ផ្ទះអ្នកក្រ​វិញ​។ អ្នកក្រ​ទិញ​របស់​ដែល​ធូរថ្លៃ​ដូចជា​អំពូល​ភ្លើង​ AC មក​ប្រើ​ ព្រោះគិត​ថា​វា​មានតំលៃ​ថោក ប៉ុន្តែ​គេ​ពុំដឹងថា​របស់ទាំង​នេះ​រឹត​តែបន្ថែម​ការចំណាយរបស់គេ​ច្រើនជាង​មុន​ ខណះ​អ្នក​មាន ទិញអំពូល LED ក្នុងតំលៃ​គួរសម តែប្រើប្រាស់បានយូរ និង​ស៊ី​ភ្លើង​តិច ចំណាយតិច​ ចឹង​គេ​ចំនេញ​ច្រើន​។

៤. អ្នក​មាន​ប្រើ​លុយ​រក​លុយ អ្នកក្រ​ប្រឹង​រត់តាម​លុយ

រឿងនេះ​មិន​បាច់​បរិយាយ​ច្រើនទេ ព្រោះ​អ្នកមាន​ អាច​មិនពិបាក​ក្នុងការ​បង្កើត​មុខរបរ ដើម្បី​រក​ទ្រព្យ​បន្ថែម ត្បិត​អី​គេ​មានទុនស្រាប់​។ វា​ពិតជា​ពិបាក​សម្រាប់​អ្នក​ក្រ ដែល​ប្រើ​កំលាំង​ដើម្បី​រក​លុយ រឿ​ងនេះ​មិន​អាច​បន្ទោស​បាន​ទេ​។ ប៉ុន្តែ​បើ​ក្រ​ទ្រព្យ​​ហើយ នៅ​តែ​មាន​គំនិត​ក្រ​ទៀត ទើប​ជា​រឿង​គួ​រ​បន្ទោស​។ ជឿ​ចុះ​ថា បើ​អ្នក​មិន​ក្រ​គំនិត​ទេ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​នៅថ្ងៃ​ណា​មួយ​មិន​ខាន​។​

៥. អ្នកមាន​ចេះគ្រប់គ្រងលុយ អ្នកក្រអោយលុយគ្រប់គ្រងវិញ​

មិនខុស​ពី​ចំណុច​ទី​៤ អ្នកមាន​អាច​សំលឹង​ឃើញ​គុណសម្បត្តិ​ និងគុណវិបត្តិ​នៃ​លុយរបស់គេ ដូច្នេះគេនឹង​គ្រប់គ្រង​វា​តាម​របៀប​​របប និងប្រើប្រាស់​លុយ​នោះ​អោយ​ចំតាម​ផែនការ​ចំនាយ​របស់​គេ ដោយ​មិន​អោយ​លុយ​នោះនាំទុក្ខ​មក​ខ្លួន​វិញ​ឡើយ​។ ដោយឡែក អ្នក​ក្រ ព្រោះតែត្រូវការ​លុយ ទើប​បណ្តោយអោយលុយ​មកគ្រប់គ្រង​វិញ ហើយ​មូលហេតុ​ដែល​លុយ​អាច​គ្រប់គ្រង​បាន គឺដោយសារ​តែ​មិន​អាច​សំលឹង​រក​ឳកាស​ដើម្បី​គ្រប់គ្រង​លុយ​នោះ​។

៦. អ្នកមាន​មើលឃើញ​ឳកាស អ្នកក្រ​មើល​ឃើញឧបសគ្គ

ពិតណាស់ មនុស្ស​ត្រូវ​ចេះ បង្ករ​ឪកាស បង្កើត​ឪកាស និង​ចាប់​យក​ឪ​កាស ទើប​ជា​មនុស្សជោគជ័យ​។ ន័យនេះ មនុស្ស​ដែល​មាន​និស្ស័យ​ជា​អ្នក​មាន​ គេ​តែងសំលឹង​ឃើញ​គ្រប់ទីកន្លែង​សុទ្ធ​តែជា​ឪ​កាស និង​មាសប្រាក់ តែអ្នកក្រ​វិញ សំលឹង​ឃើញតែឧបសគ្គ​ប៉ុណ្ណោះ ព្រោះហេតុថា អ្នក​ក្រ​មានដើម​ទុន​តិច ធ្វើអ្វី​មួយ​មិនហ៊ាន​ប្រថុយ ព្រោះ​បើ​សិន​ជា​ខុស អ្វីៗ​និង​រលាយ​អស់​ដែរ ចឹង​ហើយ​ ពេល​គិត​ចុះគិតឡើង គិត​ច្រើន​រឿង​ពេក​ ឃើញ​ឧបសគ្គ​កាន់តែ​ច្រើន ក៏​ខ្លាច​លែងហ៊ានធ្វើ​ ប៉ុន្តែអ្នកមានវិញ មិនចឹងទេ ខុស​ម្តង ធ្វើម្តង​ទៀត ធ្វើរហូត​បាន​ជោគជ័យ​។

៧. អ្នក​មាន​សំលឹង​មើលអ្វីដែល​គេ​និង​ទាញផលបាន អ្នកក្រសំលឹង​មើល​អ្វីដែលគេ​ត្រូវគេច

ភាពពិតនៃមនុស្សជោគជ័យ គឺ​គេ​មិនដែល​ដើរ​គេច​ចេញពីបញ្ហា​នោះទេ ហើយ​អ្នក​ដែល​អាច​គ្រប់គ្រង​បញ្ហា​បាន បង្កើត​វា​អោយទៅជា​សមិទ្ធផល​ អ្នកនោះនិងក្លាយ​ជា​អ្នក​មាន​។ ដោយឡែក​អ្នកដែល​មានគំនិត​គេចចេញពីបញ្ហា មិនហ៊ាន​ប្រថុយ មិនហ៊ានសម្រេច​ចិត្ត អ្នកនោះ​គង​តែក្រអស់មួយជីវិត​។

ចឹង​សរុប​មក​ តើ​លោកអ្នកអាចឆ្លើយ​បានហើយរឺនៅ ថា​អ្នក​ដែល​លោកទើប​និង​បានឃើញ​អម្បាញ់​ម៉ិញ​នេះ​ជា​ប្រភេទ​មនុស្ស​ក្នុងជំពូកអ្នក​មាន ឬ​​ជំពូកអ្នកក្រ​? ដូច្នេះ​បើ​ចង់ក្លាយ​ជា​អ្នក​មាន​តើ​គួរ​ធ្វើដូចម្តេច​ខ្លះដែរ?