ជាការពិត សម្លរដែលឆ្ងាញ់មួយចាន គឺទាមទារអោយអ្នកផ្សំគ្រឿងអោយបានត្រឹមត្រូវ និងផ្ចិតផ្ចង់ក្នុងការស្លរ មានការតាមដានទឹក ការមើលថែភ្លើងជាដើម។ យ៉ាងណាម៉ិញ សេចក្តីសុខពិតប្រាកដរបស់មនុស្សគឺទាមទារអោយអ្នកធ្វើរឿងល្អៗ ជាច្រើន ថែរក្សាការសន្យា និងព្យាយាមបំពេញក្តីបំណងអោយគ្នាទៅវិញទៅមក។
ប៉ុន្តែចូរចងចាំថា សម្លរឆ្ងាញ់នៅថ្ងៃនេះ មិនប្រាកដថាអ្នកអាចផ្សំគ្រឿងត្រូវទៅថ្ងៃក្រោយទៀតទេ ទោះឆ្នាំងដដែល គ្រឿងដដែល ហើយអ្នកញ៉ាំដដែលក៏ដោយ យ៉ាងណាម៉ិញ សេចក្តីសុខរបស់មនុស្សគឺមិនអាចស្ថិតស្ថេរអមតៈទេ វានឹងរលាយទៅបន្តិចម្តងៗ រហូតបាត់បង់អស់តែម្តង។ ប្រការនេះហើយ ទើបអ្នកត្រូវព្យាយាម ផ្សំគ្រឿងជាថ្មី ក៏ដូចជាបង្កើតទង្វើថ្មីៗ អនុស្សាវរីយ៍ថ្មីៗ ដើម្បីបន្តដំណើរសេចក្តីរបស់អ្នក ពុំនោះទេ វានឹងកប់យ៉ាងជ្រៅទៅក្នុងស្រមោលអពមង្គល មិនងាយនឹងស្វែងរកមកវិញបានទេ។
«សេចក្តីសុខ» ឬ «សុខ» គឺភាពមិនមានហ្មងសៅ ទាំងផ្លូវកាយ និងផ្លូវចិត្ត… អ្នកណាៗក៏ប្រាថ្នាចង់បានដែរ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចទទួលបាន ក៏ព្រោះតែ «សុខ ឬសេចក្តីសុខ» នេះ វាទាមទារលក្ខណៈសម្បត្តិជាច្រើនរបស់មនុស្សដើម្បីទទួលបានវា។ ក្នុងនោះ យើងសង្កេតឃើញថា មនុស្សធម្មតាអាចទទួលបានសេចក្តីសុខដោយកត្តា៤យ៉ាងគឺ..៖
១. សុខព្រោះមិនមានជំងឺ
ពិតណាស់ មានពាក្យមួយដែលគេតែងនិយាយស្ទើរត់មាត់គឺ «សុខភាពគឺជាមាសប្រាស់ ឬមានសុខភាពល្អ គឺមានអ្វីៗទាំងអស់» ដែលបង្ហាញថាមនុស្សអោយតែមានជំងឺដង្កាត់កើតឡើងគឺពិតជាធ្វើអោយខាតបង់ច្រើនទាំងពេលវេលា និងទ្រព្យសម្បត្តិ និងពុំអាចរកសេចក្តីសុខបានឡើយ សូម្បីតែមួយខណៈពេលក៏ដោយ។
២. សុខព្រោះមិនជាប់បំណុល
«បំណុល» បើនិយាយដោយទូលំទូលាយ មិនមែនត្រឹមតែជាការជាប់ជំពាក់ផ្នែកទ្រព្យសម្បត្តិនោះទេ គឺសំដៅទៅលើបំណុលធំៗ មានដូចជា បំណុលកូន បំណុលប្រពន្ធប្តី បំណុលវង្សត្រកូល ជាដើម.. ដែលបំណុលទាំងនេះអ្នកណាៗក៏មានដែរ។ ដូច្នេះបើសិនជាបុគ្គលអាចលះបង់ អាចប្រឹងប្រែង បង្កើតប្រយោជន៍អោយក្រុមបំណុលទាំងនោះ បុគ្គលនឹងទទួលបានសេចក្តីសុខដោយពិតប្រាកដ។
៣. សុខព្រោះសោយសុខលើទ្រព្យសម្បត្តិ
ជាការពិត ការសោយសុខលើទ្រព្យសម្បត្តិគឺពិតជាធ្វើអោយបុគ្គលមានសេចក្តីសុខយ៉ាងពិតប្រាកដក្នុងមួយខណៈពេល ប៉ុន្តែបើសិនជាបុគ្គលភ្លើតភ្លើនក្នុងការចាយទ្រព្យ ប្រើប្រាស់ទ្រព្យដោយខុសគន្លង ឬប្រើផ្លូវខុស ពេលនោះបុគ្គលនឹងទទួលបានទុក្ខព្រោះការសោយសុខនោះវិញ។ ដូច្នេះសូមចាយវាយទ្រព្យសម្បត្តិដោយផ្លូវត្រឹមត្រូវ ដោយសុចរិត ដោយស្មោះត្រង់ ទើបអ្នកទទួលបានសុខដោយពិតប្រាកដនោះវិញ។
៤. សុខព្រោះជួបជុំវង្សត្រកូល
មិនបាច់បរិយាយច្រើន ការជួបជុំវង្សត្រកូល ក្រុមគ្រួសារ គឺជាសម្បត្តិសុខមួយរបស់មនុស្ស ប៉ុន្តែគ្មានបុគ្គលណាម្នាក់អាចគេចផុតពីការព្រាត់ប្រាស់ទេ។ ដូច្នេះ ក្នុងកំឡុងពេលយើងទទួលបានសេចក្តីសុខ យើងគម្បីសិក្សាអប់រំផ្លូវចិត្ត ត្រៀមពេលដែលការបែកបាក់មកដល់ដែរ។
សរុបមកវិញ សេចក្តីវាគ្រាន់តែជាខណៈពេលនៃការព្រមទទួលយកនៃចិត្តរបស់យើង ប៉ុណ្ណោះ ប៉ុន្តែបើសិនជាចិត្តគំនិត បេះដូងរបស់យើងឧស្សាហ៍យល់ព្រមនិងរឿងជុំវិញខ្លួន យើងក៏នឹងឧស្សាហ៍ទទួលបានសេចក្តីសុខដែរ ព្រោះថា សេចក្តៅសុខ ដូចជាពន្លឺតូចៗ ក្នុងពិភពងងឹតដ៏ធំល្វឹងល្វើយ បើសិនជាអ្នកចាប់វាបានហើយ សូមព្យាយាមរក្សាវាឲ្យគង់ ព្រោះអ្នកមិនប្រាកដថា អាចចាប់យកពន្លឺផ្សេងទៀតបានទេ៕