បុរស​៦​ប្រភេទ បើ​នារី​ចង់​សុខ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​

បុរស​៦​ប្រភេទ បើ​នារី​ចង់​សុខ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​

មនុស្ស​ស្រី​​​​ភាគ​ច្រើន​ អោយ​តែបានរៀបការ​ជាមួយ​បុរស​ណា​ម្នាក់​ហើយ នៅពេល​ដែល​បុរស​នោះ​ងាករេ​​ខុស​គន្លង​ ធ្វើ​​បាប​នាង​ដោយ​​ផ្លូវចិត្ត​ក្តី ផ្លូវកាយ​ក្តី នាង​តែង​ទម្លាក់​រឿង​ទាំងនោះ​ទៅ​លើ​កម្ម​ផល​អតីត​របស់​ខ្លួន​​ ដោយ​មិន​បាន​គិត​ថា រឿង​ទាំងនោះ​ជួន​កាល​មក​ពី​ខ្លួនឯង​ជ្រើ​សរើសខុស​។

រឿង​ខ្លះ​ទៀត​ កើត​ឡើង​ព្រោះ​តែ​អាពាហ៍ពិពាហ៍​​ដោយ​ការ​ផ្សំផ្គុំ​ពីសំណាក់​ឳពុក​ម្តាយ​ ឬ​ការ​​ចាប់បង្ខំ​ពី​នរ​​ណា​ម្នាក់ ពេល​ដែល​វា​មិន​សម​ប្រកប​​តាម​ចិត្ត​ នារី​ៗ​ដ៏កំសត់​ទាំង​នោះ​ក៏​​ទុក​ជីវិត​នេះ​ជា​របស់​​ឥតខ្លឹមសារ និង​តែងបន្ទោស​ទៅ​លើកម្ម​ផល​​ដូច​​គ្នា​។

ពេល​ខ្លះ​ទង្វើ​ទាំង​នោះ​ក៏​ទុក​ថា​គួរ​ឲ្យ​អាណិត​ ប៉ុន្តែ​នៅ​ទីនេះ យើង​នឹង​ស្វែង​យល់​លក្ខណៈ​បុរស​៦ប្រភេទ​ ដែល​នារី​ៗ​ទាំង​ឡាយ​ត្រូវ​តែ​ជៀស​អោយ​ផុត បើ​ចង់​បាន​សុខ​ក្នុងឆាក​ជីវិត​។ បុរស​ទាំងនោះ​មាន​…៖

  1. បុរស​ដែល​មានចរិត​ក្មេង​ស្ទាវ​៖ «ចរិត​ក្មេង​ស្ទាវ» មិនមែន​សំដៅ​លើ​បុរស​ក្មេង​ស្ទាវ​ទេ។ បុរស​ប្រភេទ​នេះ ជា​បុរស​ដែល​មិន​មានទំនួលខុសត្រូវក្នុងឆាកជីវិតរបស់គេ​ឡើយ​ គេ​ស្គាល់តែ​ការ​សប្បាយរីករាយ មាន​ចរិត​ដូច​កូន​ក្មេង​ ប៉ុន្តែ​​ជួន​កាល​គេជា​មនុស្ស​ដ៏ឃោរឃៅ​ទៀត​ផង​។
  2. បុរ​ស​ «ញី» (បុរស​ដូច​ស្រី​)​៖ បុរស​ប្រភេទ​នេះ គេស្រលាញ់តែ​ភាព​ហ៊ឺហារ តុបតែង​ខ្លួនស្អាត​បាត​ និង​មានចរិត​មានៈ ឆេវឆាវ និង​គ្មានឆន្ទៈ​ពិត​ប្រាកដក្នុងកិច្ច​ការ​​ឡើយ​។ អាច​មានដែរ ១ឬ​២ ក្នុងចំណោម​១​ពាន់​ ដែល​បុរស​ប្រភេទ​នេះ មាន​ឋានៈ​មុខ​មាត់​ក្នុងសង្គម​។
  3. បុរសសម្ភារៈ​និយម៖ បុរស​ប្រភេទ​នេះ គេឃើញ​មានច្រើន​ណាស់​។ ជាប្រភេទ​បុរស​ដែល​ស្រលាញ់​តែ​ការ​​ឡូយឆាយ ចូលចិត្តប្រើប្រាស់របស់ទំនើប​ៗ អួត​អាង​ មិនដែលខ្វល់ខ្វាយពីអារម្មណ៍​របសអ្នក​ដទៃ​ ឬ​យើង​អាច​ហៅ​ថា​ជា​បុរស​ព្រាន​ក៏បាន​។ ជួនកាល​បុរស​ប្រភេទ​នេះ គេជាប្រភេទបុរស​អាត្មានិយម​ «អញ​ត្រូវ​ជានិច្ច» ទៀត​ផង​។
  4. បុរស «ម៉ៅស្វិត»៖​​ បានដល់​បុរស​ដែល​កំណាញ់​ស្វិត បេះមិនចេញ​។ នារីបានភព​ប្រសព្វ​និង​បុរស​ប្រភេទ​នេះ ក្នុងមួយជីវិត​របស់នាង​ កុំ​សង្ឍឹមថា បានស្លៀកពាក់​ ឬ​តុបតែង​ខ្លួន​បាន​ល្អ​ៗ របស់ថ្លៃ​ៗ​ម្តង​អោយសោះ​។
  5. បុរស​ទន់ជ្រាយ គ្មានឆន្ទះ៖ ពាក្យចាស់ពោលថា ត្រូវជ្រើសរើស​បុរស​ «ដើមទ្រូង​៥ហត្ថ» ព្រោះ​បុរស​ពិត​ប្រាកដ​គឺជា​បុរស​ដែល​អាច​ទទួលខុសត្រូវ​លើវាសនា​អនាគត​ខ្លួនឯង និងដៃគូជីវិត​របស់គេ​ ប៉ុន្តែសម្រាប់ពួកបុរស​ដែលទន់ជ្រាយ​ ងាករេដូច​ចុងស្រល់​វិញ ​ច្បាស់ណាស់ថា គេ​នឹង​ធ្វើតាម​ការ​បញ្ជារ​របស់​ម៉ែឳគេ បើសិន​ជា​មាន​ទំនាស់កើត​ឡើង​។
  6. បុរស​​អភេទ​៖ និយាយអោយចំ គឺប្រភេទបុរស​ដែល​មិនមានភេទសង្វាស​ពិត​ប្រាកដ​ (បុរស​ខ្ទើយ ឬ​បុរស​ខ្វែក​​)​ ជួន​កាល​ក៏​មាន​តម្រេក​ជា​មួយ​មនុស្ស​ស្រី ជួន​កាល​ក៏​មាន​តម្រេក​ជា​មួយ​មនុស្ស​ប្រុស​​៕