ព្រហ្មចរិយធម៍

ព្រហ្មចរិយធម៍

អ្វីទៅ​ជា​ព្រហ្មចរិយធម៌?

​ព្រហ្មចរិយធម៌​​​ត្រូវ​បាន​​គេ​ឲ្យ​ន័យ​ថា ​​គឺ​ជា​បែបបទ ឬ​ក៏​ថា​ជា​​សណ្តាប់ធ្នាប់​របស់​​​ព្រហ្មចរិយ​បុគ្គល​([1])។ ន័យ​ផ្សេង​ទៀត​​ថា គឺ​បែប​បទ​​ដ៏​ប្រសើ​​ ដែល​បុគ្គ​ល​គួរ​​គប្បី​​​ហ្វឹក​ហាត់​ជា​ប្រចាំ​ដើម្បី​អប់រំ​​ទូន្មាន​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​។ ​ឯ​​វិធី​ដែល​គេ​​​​​ត្រូវ​សិក្សា​​នោះ​មាន​ដូច​ជា…

  1. ការ​ខ្នះខ្នែង​ក្នុង​ការ​ធ្វើ​ទាន​
    1. ការ​ឲ្យ​នូវ​វត្ថុ​បម្រុង​ជីវិត​ផ្សេង​ៗមាន​បាយទឹក សំលៀក​បំពាក់ ទីដេក ទីស្នាក់អាស្រ័យ ថ្នាំ​​ព្យាបាល​រោគ​ជាដើម​
    2. ការ​ឲ្យ​ចំណេះដឹង បង្ហាត់បង្រៀន​​នូវ​វិជ្ជា​ប្រកប​ដោយធម៌​ ដឹក​នាំ​គេ​ឲ្យ​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង​ ឈ្មោះ​ថា​ការ​ឲ្យ​នូវ​ធម្ម​ទាន​។ ព្រះពុទ្ធ​ត្រាស់ថា ធម្ម​ទាន ឈ្នះអស់ទាន​ទាំង​ពួង​
    3. ការ​​មិន​ចាប់​កំហុស មិន​ខឹង​តបត ការ​អធ្យាស្រ័យ គឺ​ការ​ឲ្យ​អភ័យ​ដល់​មនុស្ស​ផង​ទាំងឡាយ​ ដែល​ធ្វើ​កំហុស​មក​លើ​ខ្លួន​​ទោះតិចក្តី ច្រើន​ក្តី​។
  2. ​ខ្នះខ្នែង​ក្នុង​អំពើ​ជា​កុសល​ (អំពើរ​ល្អ​គ្រប់​យ៉ាង​)
    1.  អំពើ​​ល្អ​ធ្វើ​បាន​​ដោយ​កាយ​​ (​ការ​ខ្នះខ្នែង​​ ខ្វាយ​ខ្វល់​ និង​រឿង​​ត្រឹម​ត្រូវ​​គ្រប់​ទម្រង់​ ​​​ដោយ​កំលាំង​កាយ​)
    2.  អំពើល្អ​ធ្វើ​បាន​ដោយ​វាចា (​ការ​អប់រំ ទូន្មាន ​អ្នកផង​​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ការ​ផ្តល់​យោបល់​​ជា​ប្រយោជន៍​ដល់​អ្នក​ផង​ទាំង​ពួង​)
    3.  អំពើ​ល្អ​ធ្វើ​បាន​ដោយចិត្ត (ការ​ត្រេក​អរ​​ ឬ​សោម​នស្ស​​និង​រឿង​​កុសល​គ្រប់​យ៉ាង​)។
  3. ការ​រក្សា​សីល​៥ ឬ​សីល​៨ បាន​ខ្ជាប់​ខ្ជួន​
    1.  ការ​មិន​ប្រទុស្ត​ ឬ​មិន​ប្រមាទ​ជីវិត​អ្នកដទៃ (មានមេត្តា​​)
    2.  មិន​លួច​ឆក់ កិប​កេង ប្រវ័ញ្ជ​ (សុចរិត​ ទៀងត្រង់​)
    3.  មិន​ប្រព្រឹតិ្ត​ខុស​ក្នុង​កាម​ (ស្នេហ៍ស្មោះ​១និង​១​​)
    4.  ការ​មិន​ពោល​ពាក្យ​កុហក​ (​ស្មោះត្រង់​)​
    5. ការ​មិន​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន​ផ្សេង​ៗ (​មាន​ការ​រលឹក​​ជា​រឿយៗថា គ្រឿង​ទាំង​នេះ ​នឹង​នាំ​មក​នូវ​ទុក្ខ​ទោសផ្សេង​ៗ​​)
    6. ការ​មិន​បរិ​ភោគ​អាហារ​ខុស​ពេល (​សីល​៨([2])​)
    7. ការ​មិន​សប្បាយ​ក្នុង​កិ​រិយា​រាំ និង​ច្រៀង​ (​សីល​៨)
    8. ​ការ​មិន​​ចូល​ទៅ ឬ​អង្គុយ​លើ​អាសនៈ​ខ្ពស់ ល្អ​វិចិត្រ​ហួស​​​​ប្រ​មាណ​ (​សីល​៨)​។
  4. ការ​ចម្រើន​ដោយ​​ព្រហ្ម​វិហារធម៌​៤
    1.  មេត្តា គឺ​សេចក្តី​ស្រលាញ់​ ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​​ជួប​តែ​សេចក្តីសុខ ចំរើន មាន​លាភ យស គ្រប់​ៗ​គ្នា​
    2.  ករុណា គឺ​សេចក្តីអាណិត​អាសូរ​ដល់​ជន​ទាំង​ឡាយ ​ចង់​ឲ្យ​គេ​បានរួចចាក​ទុក្ខ​ទោស​​
    3.  មុទិតា គឺ​សេចក្តី​រីករាយ ត្រេក​អរ​ពេល​ឃើញ​អ្នក​ផង​ទាំង​ពួង​បាន​សេចក្តីសុខ​សប្បាយ​
    4. ឧបេក្ខា​​ គឺ​ការ​តាំង​ចិត្ត​ជា​កណ្តាល មិន​ប្រកាន់​​ពួ​ក​ក្រុម ឬ​ឋានៈ​បុគ្គល​ណា​ឡើយ​។ បើ​និយាយ​ឲ្យ​ស៊ីជម្រៅ​ ឧបេក្ខាជា​ការរក្សាចិត្ត​ជា​កណ្ដាល​គឺ​ការធ្វើទុកក្នុងចិត្តថា អ្នកទាំងឡាយ ទាំងខ្លួនខ្ញុំ ទាំងអ្នក​ដទៃ​ផង សុទ្ធតែប្រព្រឹត្តទៅតាមកម្ម ឬអំពើដែលខ្លួនបានធ្វើមកហើយអំពីកាលមុន។
  5. ការ​វៀរចាក​មេថុនធម្ម​​​([3])​​ខុស​គន្លង​ធម៌​ ​(មិន​ផិត​ក្បត់ ឬ​បៀតបៀន​​កេរខ្មាស់​​​ ប្តី ប្រពន្ធ កូន​ អ្នកដទៃ​​)
  6. ការ​សន្តោស​ចំពោះ​បុត្រ​​ភរិយា​របស់​​ខ្លួន​ (ស្រលាញ់​រាប់​អាន​ ស្មោះ​ស្ម័គ្រ​ ឲ្យ​អស់ពីចិត្ត​)
  7. សេចក្តី​ព្យាយាម​​ខ្ជាប់ខ្ជួន​ក្នុង​​កិច្ច​ជា​កុសល​​ (ព្យាយាម​ក្នុង​កិច្ច​ការ​ប្រកប​ដោយ​សីលធម៌ ដោយ​សម្មា​អាជីវៈ គឺ​ការ​ចិញ្ចឹម​ជីវិត​ត្រូវ​​)
  8. ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់ (មិន​ត្រូវ​ធ្វើ​តែ​សំបក​ក្រៅ ត្រូវ​អនុវត្តន៍​តាម​អង្គ​សិក្ខា​ឲ្យ​បាន​ហ្មត់ចត់​)
  9. អនុវត្តន៍​នូវ​អរិយ​មគ្គ​៨
    1. សម្មា​ទិដ្ឋិ​ ការ​យល់ដឹង​ត្រូវ គឺ​ការ​ដឹង​ដោយ​អរិយសច្ច​៤
      1. ដឹង​អ្វីដែល​ជា​ទុក្ខ​ (ដឹង​អ្វី​ជាបញ្ហា​)
      2. ដឹងមូលហេតុ​ដែលនាំ​ឲ្យ​កើត​ទុក្ខ​ (ដឹងដើម​ហេតុ​នៃ​បញ្ហា​នោះ)
      3. ដឹង​វិធីរំលត់ទុក្ខ (ដឹង​វិធី​ដោះស្រាយ​បញ្ហា​)
      4. ដឹង​និង​ប្រតិបត្តិ​តាម​វិធី​ដែលអាច​រំលត់​ទុក្ខ​ (ដឹង​ពី​របៀប​អនុវត្តន៍​ក្នុងការដោះស្រាយបញ្ហា​)
    2. សម្មា​សង្កប្បៈ ការ​ត្រិះរិះ​ត្រូវ មានដូច​ជា​ការ​ត្រិះ​រិះ​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លួន​ឯង និង​អ្នកដទៃ​
    3. សម្មាវាចា ការ​ពោលពាក្យ​ត្រឹមត្រូវ គឺ​ពាក្យ​ដែល​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​​ និងអ្នកដទៃ​បាត់​​​នូវ​ប្រយោជន៍​ផ្សេង​ៗ​​។
    4. សម្មាកម្មន្តៈ ការ​ប្រកប​កិច្ច​ការ​ត្រឹម​ត្រូវ គឺ​ការងារ​ទាំង​ឡាយ​ណាដែល​​តែង​ធ្វើ​ឲ្យ​ប្រយោជន៍​ខ្លួន​ឯង និង​ប្រ​យោជន៍​អ្នកដទៃ​កើត​ឡើង​ផង​។
    5. សម្មា​អាជីវៈ ការ​ចិញ្ចឹម​ជីវិត​ត្រូវ គឺ​ការ​មិន​ប្រកប​កិច្ច​ការ​ដែល​ប្រាស់ចាកគុណធម៌ ឬ​ច្បាប់ទម្លាប់​ប្រទេស មាន​ការ​មិន​​ប្រកប​​មុខ​ជំនួញ​ខុស​៥​យ៉ាង​​​ជាដើម​ (មើល​ទំព័រ​១០៥)
    6. សម្មា​វាយាមៈ គឺ​សេចក្តីព្យាយាម​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ មិន​ព្យាយាម​ធ្វើ​ ឬ​គិត​តែ​រឿង​អបាយ​ផ្សេង​ៗ​
    7. សម្មាសតិ ការរលឹក​ត្រូវ គឺ​តែ​ងរលឹក​រឿយ​ៗ​នូវ​កិច្ច​ការ​ដែល​​គួរ​ធ្វើ​​ និងកិច្ច​ការ​មិន​គួរ​ធ្វើ​
    8. សម្មាសមាធិ ការ​តាំងចិត្ត​ត្រូវ គឺ​ការ​តាំង​ចិត្ត​មាំ ឲ្យ​គេច​ចេញ​ឆ្ងាយ​ពី​រឿង​អកុសល​​ធម៌​ផ្សេង បាន​ដល់​ការ​ចម្រើន​នូវ​ឈានទាំង​ឡាយ។
  10. ទុក​សាសនា​ជា​ត្រៃសិក្ខា
    1. សីល​សិក្ខា គឺ​ការ​អប់រំ​អំពី​សីលធម៌​ ចរិយាមារយាទ​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជីវិត​
    2. ចិត្ត​សិក្ខា​ គឺ​ការ​សិក្ខា​អំពី​ចិត្ត បង្វឹក​ចិត្ត​ឲ្យ​ចេះ​មាន​សតិ និង​សម្បជញ្ញៈ​ ចេះ​ដឹង​ខុស​និង​ត្រូវ ចេះ​វែកញែក​រក​ការ​ពិត​នៃ​បញ្ហា​ ក្នុងករិយា​ប្រកប​កិច្ច​ការ​ប្រចាំជីវិត។
    3. បញ្ញា​សិក្ខា គឺ​ការ​សិក្សា​ស្វែង​យល់ស៊ីជម្រៅ​​ឲ្យ​យល់​ច្បាស់​ពី​ធម្មជាតិ​ពិត​នៃជីវិត យល់ដឹង​អំពីសច្ច​ធម៌​ ដូចជា​ការ​យល់ថា ជីវិត​នេះ តែង​កើត​ហើយ​រលត់​ទៅវិញ ជាធម្មតាជាដើម​។

[1]  បុគ្គល​អ្នក​ប្រព្រឹត្តិ​ធម៌​​ដ៏​​ប្រសើរ

[2] ​សីល​៨ មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​សីល​៥ ព្រោះ​ការ​រក្សា​ សីល៨​​ ធ្វើ​ឡើង​តែ​៤ថ្ងៃ​ (ឬ៤សីល)​​​ក្នុង​មួយ​ខែ គឺ​ថ្ងៃ ​៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយ​​សីល​៨​​​ក្នុង​ថ្ងៃ​នីមួយ​ៗ រក្សា​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

[3] អំពើគឺ​ការ​រួម​រក្ស​ (សេពសន្ធវៈ)

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *