ក្រៅពីនេះ ក៏នៅមានវិធីផ្សេងទៀតដែលគួរគប្បីលើកយកមកសិក្សា ស្វែងយល់ជាមេរៀនក្នុងការកែលម្អខ្លួននិងដឹកនាំជីវិតឲ្យជោគជ័យដែរ។ នោះគឺ សម្បត្តិរបស់បុគ្គលជោគជ័យ៣យ៉ាង…
- ក្តីសុបិន
ពិតណាស់ មនុស្សម្នាក់ណាក៏មានក្តីសុបិនដែរ ហើយសុបិនដ៏ច្រើនទៀតផង ប៉ុន្តែមានតែមនុស្សខ្លះប៉ុណ្ណោះ ដែលកំណត់ក្តីសុបិនរបស់ខ្លួនបានច្បាស់លាស់ ហើយដើរទៅរកវា។ គឺក្នុងពេលដើរទៅរកក្តីសុបិននោះហើយ ដែលមនុស្សត្រូវតែប្រយ័ត្នប្រយ៉ែង ខិតខំអប់រំខ្លួនកុំឲ្យដើរផ្លូវខុស កុំឲ្យភ្លើតភ្លើន ពុំនោះទេគេនឹងភ្លាំងភ្លាត់ធ្លាក់ចូលផ្លូវខុសឆ្គង បាត់ទាំងក្តីសុបិននោះមិនខាន។ ហើយដើម្បីឲ្យគេអាចក្រើនរំលឹកខ្លួនឯងកុំឲ្យភ្លាំងភ្លាត់បាន គេត្រូវតែមានចំណេះដឹង។
- ចំណេះដឹង
មែនហើយ ផ្លូវដែលអ្នកអាចសម្រេចក្តីសុបិនបាន គឺគ្មានអ្វីក្រៅពីការសិក្សារៀនសូត្រ ឬការអនុវត្តន៍យកបទពិសោធន៍នោះទេ។ ចូរចងចាំថា ក្តីសុបិនរបស់អ្នករបៀបណា អ្នកគួរសិក្សារៀនសូត្រតែរបៀបរបស់វានោះបានហើយ ឯចំណេះដឹងផ្សេងទៀត អ្នកទុកគ្រាន់តែជារបស់សម្រាប់ជាជំនួយស្មារតីទៅបានហើយ។ កាលមានចំណេះដឹងហើយ អ្នកត្រូវតែជាមនុស្សដែលក្លៀវក្លាក្នុងកិច្ចការ ឧស្សាហ៍ព្យាយាម។
- សេចក្តីព្យាយាម
វាគឺជាកូនសោ ទៅរកច្រកនៃភាពជោគជ័យក្នុងឆាកជីវិត។ អ្នកត្រូវចងចាំថា ទោះជាអ្នកមានក្តីសុបិនល្អយ៉ាងណា មានចំណេះដឹងខ្ពស់យ៉ាងណា តែបើអ្នកបាត់បង់សេចក្តីព្យាយាមហើយ អ្វីៗនឹងទទេសូន្យ កុំថាឡើយក្តីសុបិន សូម្បីតែជីវិតរបស់អ្នក ក៏គង់ធ្លាក់ក្នុងអន្ទាក់លោកីយ៍ដែរ ព្រោះថាបើបុគ្គលណា ប្រកបដោយសេចក្តីព្យាយាមមិនបោះបង់ហើយ ទោះជាបរាជ័យ ក៏ប្រសើរជាងបុគ្គលដែលមិនមានសេចក្តីព្យាយាមដែរ។ តែសូមជឿជាក់ចុះថា អ្នកដែលមានសេចក្តីព្យាយាម គង់ទទួលបានជោគជ័យយ៉ាងប្រាកដ ដូចពាក្យសុភាសិតខ្មែរបានលើកឡើងថា ព្យាយាមគង់បានសម្រេច ដូច្នេះឯង។