យើងត្រូវចេះទទូលស្គាល់ព្រោះការរស់នៅក្នុងលោកជៀសមិនផុតពីភាពនឿយហត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត ទោះជាអ្នកស្ថិតក្នុងស្ថានភាពជីវិតបែបណាក៏ដោយ។ ការរងសម្ពាធដោយផ្លូវកាយក្តី ផ្លូវចិត្តក្តី គឺសុទ្ធតែមានឥទ្ធិពលលើគុណភាពជីវិតទាំងអស់។ អ្នកដែលស្គាល់ច្បាស់ពីសច្ចភាពនៃជីវិតក៏ចេះដឹកនាំជីវិតឲ្យរុងរឿងទៅ ចំនែកអ្នកដែលពុំសូវយល់ច្បាស់ក៏ចេះតែរួមរឹតទៅដោយក្តីទុក្ខ ផ្លូវចិត្តផង ផ្លូវកាយផងជាប្រចាំ រហូតនាំខ្លួនឯងឲ្យឋិតក្នុងសភាពធុញថប់ តប់ប្រមល់ ខ្វល់ខ្វាយក្លាយជាអ្នកជំងឺផ្លូវចិត្តក៏មាន។
ព្រោះហេតុនេះហើយ ទើបមនុស្សគ្រប់រូបគួរតែទទួលទានអាហារដែលល្អៗបំពេញតម្រូវការនៃរាងកាយ និងចេះលំហែខ្លួនឲ្យស្រាកស្រាន្តពីភាពនឿយហត់ប្រចាំថ្ងៃ ត្រូវចេះស្វែងរក និងទទួលទានអាហារផ្លូវចិត្ត ដើម្បីឲ្យចិត្តមានកម្លាំង ញ៉ាំងអារម្មណ៍ឲ្យស្រស់ស្រាយ នឹងធ្វើឲ្យដឹងអត្តភាពនៃជីវិតនេះមានក្តីសង្ឃឹមរឿយៗកុំឲ្យដាច់។ ល្គឹកណាកម្លាំងកាយ និងចិត្តពេញបរិបូរណ៍ហើយ ល្គឹកនោះឯង សេចក្តីចម្រើននៃបញ្ញាក៏នឹងកើតជារឿយៗដែរ កាលណាយើងចម្រើនដោយបញ្ញាហើយ ការស្វែងរកបញ្ហា និងការដោះស្រាយចំណោទបញ្ហាជីវិតច្បាស់ជានឹងប្រសើរឡើងជារឿយៗ និងប្រកបដោយប្រសិទ្ធភាពទៅតាមហ្នឹងដែរ។