៦​យ៉ាង ជួយ​អោយ​គូស្នេហ៌​បង្កើត​ការ​ចងចាំ​ជា​អមតៈ

៦​យ៉ាង ជួយ​អោយ​គូស្នេហ៌​បង្កើត​ការ​ចងចាំ​ជា​អមតៈ

អនុស្សាវរីយ៌​ល្អៗ គឺជា​ឪសថ​ទិព្វ​សម្រាប់ព្យាបាល​​ភាព​រកាំរកូស​ និង​សម្រាប់​បង្កើត​នូវ​ភាព​ផ្អែម​ល្ហែម​សម្រាប់​គូស្នេហ៍​ ហើយ​ក៏ជា​គន្លិះ​នៃ​ការកសាង​ស្ពាន​សុភមង្គល​ផងដែរ​។ តើ​អ្នក​ជាគូស្នេហ៍​បាន​សាង​អនុស្សាវរីយ៍អ្វីខ្លះ​ សម្រាប់​ជីវិត​ស្នេហា​?

ជាការ​ពិត​គូស្នេហ៍​ខ្លះ​បាន​ជួប​គ្នា​ដោយចៃដន្យ ខ្លះ​ទៀត​បាន​ជួប​ដោយ​ការ​ផ្គូផ្គង ខ្លះ​ទៀត​បានជួប​ក្នុង​ពេល​បំពេញ​ការងារ ដើរកំសាន្ត ឬ​​ការ​យក​អាសារ​​គ្នា​ ដែលទាំងនេះ​សុទ្ធ​តែ​ជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេច​បាន​ ប៉ុន្តែ​នៅ​ទី​នេះ យើង​​សូម​លើក​យក​គំនិត​សាមញ្ញៗ​មួយ​ចំនួន​ តែ​មាន​ឥទ្ធិពល​ចំពោះ​សុភមង្គល និងការ​ចង​ចាំ​ជា​អមតៈ​សម្រាប់​គូស្នេហ៍​​មក​ប្រាប់​អ្នក​ទាំងអស់គ្នា។

  1. ដើរ​ទិញ​ម្ហូប​ពេល​ល្ងាច​ជាមួយ​គ្នា​៖ ​ហេតុ​អ្វី​ត្រូវជ្រើសរើស​ការ​ដើរ​ទិញម្ហូប​នាពេលល្ងាច? រឿង​សំខាន់​បំផុត​គឺ​ពេលល្ងាច​ ជា​ពេលដែល​រឿងរ៉ាវ​ស្មុកស្មាញ​ទាំងឡាយ​ត្រូវ​បាន​ទុក​ដោយ​ឡែក ជា​ពេលវេលា​ល្អសម្រាប់គូស្នេហ៌​ធ្វើរឿង​ជាមួយ​គ្នា​ ដូចជា​ការ​ញាំ​អាហារ ការ​ដើរ​កំសាន្ត​ជាដើម​។ ជាទូទៅ​ ការ​ដើរ​ផ្សារ​ទិញ​ម្ហូបពេល​ល្ងាច​ ភាគ​ច្រើន​ត្រូវ​ជា​ភារៈ​របស់​នារីៗ ចុះ​បើ​សិន​បើ​មាន​បុរស​ដើរ​តាមក្រោយ​ ជជែកគ្នា​រឿង​គ្រឿង​ស្លរ​ ជួយ​កាន់​របស់របរវិញ តើ​នារី​នឹង​មាន​អារម្មណ៍កក់ក្តៅប៉ុណ្ណា​ដែរ? ចំនែកបុរស​វិញ នៅពេលដែល​ឃើញ​នារី​ពូកែខាង​រើស​មុខម្ហូប បន្លែបង្ការ និង​ពូកែ​ចាត់ចែង​ការ​ចាយវាយ​វិញ​ តើ​គេ​គួរ​មានមោទនភាពទេ?
     
  2. ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​៖ ត្រង់ចំនុច​នេះ គេ​ច្បាស់ជា​នឹក​ឃើញ​ដល់ពាក្យមួយ​ហៅថា «យេនឌ័រ» ​ព្រោះវាជាគំនិត​ប្រកាន់ភាព​ស្មើ​ភាគ​គ្នា​។ ពេល​ខ្លះ​ភាគី​នារី​កំពុងជាប់ដៃ​លាង​បន្លែ បុរស​ក៏អាច​ជួយ​បន្ថែម​គ្រឿង​សម្លរ​​បានដែរតើ​.. ដូច្នេះបុរស​គ្រប់គ្នា ទោះតិច​តួច​ក្តី គួរតែ​រៀនធ្វើម្ហូប​ខ្លះៗ ហើយ​កិច្ច​ការ​ផ្សេង​ទៀត​ដូច​ជា លាង​ចាន ជូតសំអាត​តុបាយ រឺ​កម្រាល​ រៀបចំ​បន្ទប់​គេង​ជាដើម​.. ជារឿង​ដែល​អាច​ជួយ​គ្នា​បាន​។ ការ​ចេះជួយ​គ្នា​រឿង​កិច្ច​ការ​ផ្ទះ​នេះ នឹង​ធ្វើ​អោយ​ចំណង​ទាក់ទង​​របស់​អ្នក​កាន់​តែ​ស្អិត​រមួត​ ទៅ​ណា​មក​ណា​តែ​ង​បារម្ភ​ថា តើ​គូស្នេហ៌​នៅ​ម្នាក់​ឯង​យ៉ាង​ម៉េច​ហើយ​? 
     
  3. ជូនអំណោយ​​សាមញ្ញ​ៗ៖ អំណោយ​ទោះ​ជា​មិនមានតំលៃ​ តែ​បាន​បង្កប់​នូវទឹក​ចិត្ត​នៅ​ក្នុង​នោះ ដូច្នេះ​គូស្នេហ៍​គួរ​តែ​​រៀបចំអំណោយឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ថ្ងៃ​ពិសេស ​ៗ​មួយ​ចំនួន​ដូចជា ខួបកំណើត ខួប​អាពាហ៌៍ពិពាហ៍ រឺ​ពិធីបុណ្យ​ផ្សេង​ៗ​.. ចំពោះ​អំណោយ​វិញ បើ​សិន​ជា​អាច​ធ្វើ​ដោយ​ដៃ​ខ្លួន​ឯង គឺកាន់តែពិសេស​ រឺ​បើ​មិន​អាច​ធ្វើ​ទេ ក៏​គ្រាន់តែជា​អំណោយ​ដែល​គូស្នេហ៌៍ចង់បានបំផុត​ទៅ​បាន​ហើយ​។
     
  4. ជិះ​កង់ ឬ​ថ្មើរ​កំសាន្ត​ពេលល្ងាច​៖ ការ​កំសាន្ត គឺជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន ដូច្នេះមាន​មនុស្ស​ជាច្រើន​បាន​ជ្រើស​រើស​ការ​ដើរ​លេង​កំសាន្ត​ទៅកាន់​ រមណីយដ្ឋាន​នានា​ ឆ្ងាយ​ៗ ស្អាតៗ ទំនើប​ៗ​ ឬ​ការ​ដើរ​ផ្សារ ទិញទំនិញ មើល​កុន លេង​ហ្ឡេម​ជា​ដើម​.. ប៉ុន្តែ​ទាំងនោះ នៅតែ​មិន​អាច​ឈ្នះ​គំនិត​នៃ​ការ​ជិះ​កង់ និង​ការ​ថ្មើរ​ជើង​កំសាន្ត​លេង​ ព្រោះ​គូស្នេហ៍​មាន​ពេលវេលា​​កៀក​កាយ​គ្នា​ដោយ​បើក​ចំហរ មើល​ឃើញ​ភាព​ហេវ​ហត់​គ្នា​ទៅវិញទៅ​មក ជួយ​ជូត​ញើស​អោយ​គ្នា​ ឬ​ជួយ​បង្រៀន​គូស្នេហ៍​អោយ​ជិះ​កង់​ បើសិន​គាត់​/នាង​មិន​ចេះជិះ​។
     
  5. មើល​ទូរទស្សន៍ ឬស្តាប់តន្រ្តីនៅផ្ទះ..៖ ពេល​ខ្លះ​ទីកន្លែង​នា​នា មិនស្មើ​នឹង​ផ្ទះរបស់​ខ្លួន​ឯង​នោះ​ទេ​។ គូស្នេហ៍​​ប្រាកដ​ជា​មានពេលវេលា​​សម្រាក​ច្រើន អាច​មើល​ទូរទស្សន៍​​ ឬស្តាប់តន្ត្រី​ជា​មួយ​គ្នា​ ជាមួយ​របស់​របរ​ដែល​ទាំងពីរនាក់​បាន​តុបតែង​មក​។ គូស្នេហ៍​អាច​ប្រលែង​គ្នា​ដោយ​បើក​ចំហរ​ អាច​ធ្វើ​អ្វី​​ៗ​លើស​ពី​ការ​កំសាន្ត​បាន​តាម​ចិត្ត​ចង់​..ឬ​​បើ​មិន​មើលទូរទស្សន៍ រឺ​ស្តាប់តន្រ្តី បើ​អាច​លេង​តន្រ្តី​ខ្លួន​ឯង​បាន​ទៀត​ កាន់តែពិសេស​។
     
  6. និយាយពាក្យ​ «បង​ស្រលាញ់​អូន.. អូន​ស្រលាញ់​បង​» អោយ​បានញឹក​ញាប់​៖ ​យើង​ទទួល​ស្គាល់ថា គូស្នេហ៍ជន​ជាតិខ្មែរ ជាពិសេស​អ្នក​នៅ​តាម​ជនបទ​ រៀបការ​ជាមួយ​គ្នា​ពីក្មេង​ដល់​ចាស់​ មិន​ទាំងធ្លាប់និយាយពាក្យ​ «បង​ស្រលាញ់​អូន ឬ​អូន​ស្រលាញ់​បង​»​ ផង.. មិន​មែន​ព្រោះ​ពួកគាត់​អៀន​និងគ្នាទេ តែ​អាច​មក​ពីទម្លាប់​។ ហេតុ​នេះ សម្រាប់​គូស្នេហ៍​វ័យ​ក្មេង​ អាច​និយាយពាក្យ​នេះ​អោយ​បាន​ញឹកញ៉ាប់ ដើម្បីបង្កើត​ទំនុកចិត្ត​​ខ្លួន​ឯង​ និងគូស្នេហ៍ ជា​ពិសេ​ធ្វើ​អោយ​អ្នកទាំង​ពីរ​យល់​ថាជីវិត​មិន​អាច​ខ្ចះគ្នា​បាន​។

ចំនុច​ទាំង ៦ ខាងលើ​នេះ មិន​គ្រាន់តែ​ជា​ចំណុច​សាមញ្ញ​ៗ​នោះ​ទេ តែវាក៏ជា​​គន្លិះ​នៃ​ការ​កសាង​ទំនាក់​ទំនង​ស្នេហា​ និង​ទំនុក​ចិត្ត​ផង​ដែរ​។ ច្បាស់ណាស់ថា មាន​ភាគរយ​តិច​ណាស់ដែល​គូស្នេហ៍​​ជនជាតិ​ខ្មែរបាន​​ធ្វើ​រឿង​ទាំង​៦​នោះ​។