មាយាស្រ្តី មាន​អី​មិន​ល្អ?

មាយាស្រ្តី មាន​អី​មិន​ល្អ?

សុភាសិត​ខ្មែរបាន​លើក​ឡើង​ថា «អ្នកមាន​ប្រាជ្ញា តែង​កែ​អាត្មា​អោយ​សុខចំរើន​» ព្រោះ​លោក​អ្នក​ប្រាជ្ញ​ កវី​ទាំង​ឡាយ​​តែង​ ចាត់​ទុក​ប្រាជ្ញា​ជា​អាវុធ​ដែល​អាច​យក​មក​ច្បាំង​តតាំង​គ្រប់​សមរភូមិ​។ តួរ​យ៉ាង​ ស្រ្តី​ដែល​ជា​ប្រពន្ធ​​បុរស​ជីក​ដំឡូង​ ក្នុងរឿង​ «មាយាស្រ្តី​»។ បើ​ទោះ​ជា​អំពើ​ផិ​ត​ក្បត់​មិន​គួរ​អោយ​គេ​ត្រាប់តាម តែ​ប្រាជ្ញា​ដើម្បី​ដោះ​ទាល់​ត្រូវ​តែ​សិក្សា​។

សិរីសួស្តី សូម​ដក​ស្រង់សាច់រឿង​ដើម​ទាំងស្រុង​មក​ចុះ​ផ្សាយ​​​ដូចតទៅ​!

កា​ល​ពី​ព្រេង​នាយ មាន​បុរសម្នាក់ មាន​ប្រពន្ធ​នៅ​ជា​មួយគ្នា តែ​ពុំ​មាន​កូន ដល់​យូរ​ទៅ​ប្រពន្ធ​នោះ​មាន​សាហាយ​នាំ​មក​ដេក​ជា​មួយ​ក្នុង​ផ្ទះ ស្ទើរ​តែ​រាល់​ថ្ងៃ។

ថ្ងៃ​​មួយ​ប្ដី​ទៅ​​ជីក​ដំឡូង​ក្នុង​ព្រៃ​ ​ដល់​ថ្ងៃ​ក្ដៅ​ចូល​​អាស្រ័យ​នៅ​ខ្ទម​អ្នក​តា​មួយ។ ឯ​ប្រពន្ធ​រៀប​អីវ៉ាន់​ទៅ​បន់​អ្នក​តា​នោះ អោយ​ទៅ​កាច់​ប្ដី​អោយ​ស្លាប់ នឹង​អាល​យក​សាហាយ​ធ្វើ​ប្ដីម្តង។ លុះ​រៀប​​ស្រេច​ហើយ​ក៏​យក​អីវ៉ាន់​នោះ ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា។ ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​ក៏​នឹក​ឆ្ងល់​ថា «ប្រពន្ធ​អញ​វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នក​តា​នេះ» គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​រូប​អ្នក​តា លប​ស្ដាប់​ប្រពន្ធ​។

ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើង​ពីក្រោយអ្នកតា​ថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំង​មេ​ទាំង​ពង​មួយ​សំបុក​ស្ងោរ​អោយ​ប្ដី​នាង​ស៊ី​ទៅ​វា​ស្លាប់​ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។

លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏​លើកបាយ​ទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់ថា «រងារណាស់ »។ ឯបុរសសាហាយ​ឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។

ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា « រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹងអាលស្លាប់ »មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែល​ទៅបន់​អ្នកតា។ លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏​ក្រោកឡើងដើរទៅលើកទឹកពុះ១ខ្ទះនោះយកទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។

មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោនខ្សឹបថា«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ »។ អានោះនៅឆ្ងក់ដដែល មេ​នោះ​យក​ដៃ​ទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយកគ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯ​ប្ដី​ក៏​មិន​ស្ដី​​ទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយ ហើយហៅប្រពន្ធចូលដេកទៅ ។

លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា «ក្នុងស្រុកនេះមានចោរ ៤ នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះ​អញ នឹង គិតអោយចោរទាំង៤ នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន» គិតហើយក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំផ្ទះ ។ ឯចោរទាំង ៤នាក់​នោះ​ឃើញ​ហើយ​​គិតថា «ជើ !មេនេះមានណាស់តើ !យប់នេះ យើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ » ។

មេ​នោះ​ក៏​ហាល​សំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិតរួចពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះ​យប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង ៤នាក់និយាយគ្នាថា «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះ​យើងត្រូវ​សែងពាង​នេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោល ហើយខឹងណាស់ថា ត្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ ចោរទាំង ៤ នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត ។

ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរ ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បាន​ចែកគ្នាចាយលេង »។

ចោរទាំង ៤ នាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ »។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងអែងទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន ? » ។ មេនោះថា«ម្នាក់ថ្លៃ២ ណែន »។ នាយសំពៅអោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំង៤នាក់គិតស្មានថាវាហៅអោយ​ទៅ​យក​ប្រាក់​ក៏នាំគ្នា​ចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។

បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ ឯចោរ ៤នាក់​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​​ហើយ​​ក៏និយាយគ្នាថា «ជើ ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ ហើយឥលូវវាលក់យើងបានទៀត» ។ ចោរ​ទាំង៤​នាក់​ខឹង​ណាស់​កាច់​ច្រវាក់​​បាក់​រត់​ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបី​នាក់​ឡើង​ដេក​លើ​មែក​ដោយ​ខ្លួន​។ ចោរ​ម្នាក់​ឡើង​ទៅ​ក៏ជួបមេនោះ នៅលើចុងឈើ​។ អាចោរនោះថា «អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងឥលូវហងឯងរត់ចុះបើរួច ។ មេ​នោះ​លើក​ប្រាក់​បង្ហាញ​​ហើយ​ខ្សឹបថា «ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី » ។ អាចោរដូច្នេះក៏មិន ស្ដី​ខិត​ចូល​ទៅ​ជិត​លូក​ដៃ​អោប​កៀក​មេ​នោះ​ថា «អើ​! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើង » និយាយ​ហើយ​ក៏​អោប​ថើបៗ ។ មេ​នោះពុំប្រកែក​ហើយថា « ខ្ញុំក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា «បង​ស្រលាញ់​ស្មោះ​ហើយ​នាង​ពុំ​ដឹង​ចិត្ត​បង​ចង់​អោយ​បង​ស្បថ​​រឺអោយ​បងធ្វើម្ដេច ? » ។ មេនោះថា «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា » ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។ ឯអាចោរលិទ្ធអណ្ដាតមេ​នោះហើយ​លៀនអណ្ដាតអោយមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។

ឯចោរ​៣នាក់គិតស្មានថា​នាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ » ។ អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ​ស្រែក​ហៅ​គ្នា​វា​ថា «មេនោះ នៅលើចុងឈើត្រូវមកចាប់ » ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិនច្បាស់លឺតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ឯ​មេ​នោះ​ចុះ​ពី​លើ​ចុង​ឈើ​យក​ប្រាក់​ទៅ​ផ្ទះ​អោយ​ប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។

ដកស្រង់ពី ប្រជុំរឿងព្រេងខ្មែរ