ព្រះពុទ្ធក៏បានសម្តែងអំពី ទិដ្ឋធម្មិកធម៌ ជាធម៌នាំឲ្យបុគ្គលបានសម្រេចប្រយោជន៍ក្នុងបច្ចុប្បន្ននេះ ឬទុកជារូបមន្តធ្វើឲ្យបុគ្គលគ្រប់រូបក្លាយជាអ្នកមានផងក៏បាន។ ធម៌នេះមានសេចក្តីពន្យល់ពិស្តារក្នុង ឧជ្ជយសូត្រ[1] ប៉ុន្តែយើងនឹងដកស្រង់យកតែធម៌ដែលនាំចម្រើនតែក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះ…
“កាលដែល ឧជ្ជយព្រាហ្មណ៍ ចូលគាល់ព្រះពុទ្ធ ហើយបានក្រាបទូលសួរទ្រង់ថា តើធម៌ណានឹងធ្វើឲ្យយើងខ្ញុំបានប្រយោជន៍ក្នុងបច្ចុប្បន្នផង ប្រយោជន៍បរលោកផង?
ព្រះពុទ្ធត្រាស់តបថា ម្នាលព្រាហ្មណ៍ទាំងឡាយ ធម៌៤ប្រការនេះ នឹងនាំឲ្យកុលបុត្រ បាននូវប្រយោជន៍ក្នុងបច្ចុប្បន្នផង បាននូវសេចក្តីសុខក្នុងបច្ចុប្បន្នផង (មានសេចក្តីចម្រើនដោយទ្រព្យក្នុងបច្ចុប្បន្នផង)។ រីធម៌ទាំំង៤ប្រការនោះគឺ៖
- ឧដ្ឋានសម្បទា (ឧស្សាហ៍ព្យាយាមស្វែងរកទ្រព្យ)
- អារក្ខសម្បទា (ចេះចាត់ចែង គ្រប់គ្រង ថែរក្សាទ្រព្យ)
- កល្យាណមិត្តា (រាប់អានមិត្តល្អៗ)
- សមជីវិតា (ចិញ្ចឹមជីវិតស្មើ)
ម្នាលព្រហ្មណ៍ទាំំងឡាយ! កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារខ្មាន់ធ្នូ(កូនទាហានសម័យបុរាណ)ក្ដី ការងាររបស់រាជបុរស(មន្ត្រីរាជកា)ក្ដី សិល្បៈណាមួយក្ដី គួរជាអ្នកដែលប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែងដូចម្តេច ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា (សេចក្តីចម្រើនដោយការប្រឹងប្រែង)។
ភោគទ្រព្យទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែងសន្សំដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគទ្រព្យប្រកបដោយធម៌ កុលបុត្រនោះ រមែងញុំាងភោគទ្រព្យទាំងនោះ ឲ្យសម្រេចដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយនាំយកភោគទ្រព្យទាំងនេះ របស់អាត្មាអញទៅបាន១ កុំឲ្យពួកចោរលួចយកទៅបាន១ កុំឲ្យភ្លើងឆេះបាន១ កុំឲ្យទឹកបន្សាត់ទៅបាន១ និងកុំឲ្យពួកទាយាទមិនជាទីស្រឡាញ់ដណ្ដើមយកទៅបាន១ ម្នាលព្រាហ្មណ៍ នេះហៅថា អារក្ខសម្បទា (សេចក្តីចម្រើនដោយការចេះថែរក្សា)។
ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណាក៏ដោយ ក្រុមបុគ្គលទាំងនេះ ទោះជាគហបតីក្ដី កូនគហបតីក្ដី ក្មេង ឬចាស់ដែលចម្រើនដោយសីលក្តី អ្នកបរិបូណ៌ដោយសទ្ធា សីល ចាគៈ និងបញ្ញា មាននៅក្នុងស្រុក ឬនិគមនោះ (កុលបុត្រនោះ) រមែងចូលទៅចរចា ធ្វើសាកច្ឆា[2] ជាមួយនឹងពួកជនទាំងនោះ។ កុលបុត្រនោះ នឹងបានសិក្សានូវសទ្ធាសម្បទា ពីអ្នកដែលបរិបូណ៌ដោយសទ្ធា បានសិក្សានូវសីលសម្បទា ពីពួកជនដែលបរិបូណ៌ដោយសីល បានសិក្សានូវចាគសម្បទា ពីអ្នកដែលបរិបូណ៌ដោយចាគៈ បានសិក្សានូវបញ្ញាសម្បទា ពីអ្នកដែលបរិបូណ៌ដោយបញ្ញា តាមសមគួរ។ ម្នាលព្រាហ្មណ៍ទាំងឡាយ នេះហៅថា កល្យាណមិត្តតា (សេចក្តីចម្រើនព្រោះការចេះរាប់អានមិត្តល្អ ឬចេះចូលទៅរក ទំនាក់ទំនង តែមនុស្សល្អៗ)។
ម្នាលព្រាហ្មណ៍ បុគ្គលដែលដឹងច្បាស់នូវការចម្រើន និងការវិនាសទៅនៃភោគទ្រព្យទាំងឡាយផង ហើយចេះចិញ្ចឹមជីវិតស្មើដោយគិតថា សេចក្តីចម្រើនក្តី វិនាសក្តី កើតឡើងព្រោះតែមានហេតុនិងផលរបស់វា។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី កាលលើកនូវជញ្ជីងថ្លឹងហើយក៏ដឹងថាវាទន់ទៅម្ខាង និងបះឡើងម្ខាងដែរ យ៉ាងណាម៉ិញ ម្នាលព្រាហ្មណ៍ បុគ្គលណាដែលដឹងច្បាស់នូវការចម្រើន និងការវិនាសទៅនៃភោគទ្រព្យទាំងឡាយផង ហើយចិញ្ចឹមជីវិតអោយស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា ទ្រព្យនេះវិនាសទៅដោយហេតុនេះ ឬបានមកដោយហេតុយ៉ាងនេះ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើបុគ្គលណារកបានតិច តែប្រើច្រើនលើសលុប គេហៅបុគ្គលនោះថា ជាអ្នកចាយទ្រព្យដូចជាគេស៊ីផ្លែល្វា[3]។ បើបុគ្គលណា រកភោគទ្រព្យបានច្រើន តែកំណាញ់ស្វិត ដោយក្បិតក្បៀតពេក គេនឹងហៅបុគ្គលនោះថាជនស្លាប់ដោយឥតទីពឹង[4]។ ផ្ទុយមកវិញ បើបុគ្គលណាចេះចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ទើបហៅថា សមជីវិតា (សេចក្តីចម្រើនដោយការចេះចិញ្ចឹមជីវិតឲ្យស្មោះស្មើ មិនប្រកាន់ខ្លួន)។
ម្នាលព្រាហ្មណ៍ កាលបុគ្គលប្រព្រឹត្តនូវធម៌ចម្រើន៤ប្រការនេះហើយ តែងញ៉ាំងចិត្តឲ្យភ្លើតភ្លើន ភ្លេចខ្លួន អាចឈានដល់ការប្រព្រឹត្តធម៌អបាយ៤ប្រការវិញ ហៅថាអបាយមុខ៤ គឺការលេងស្រី១ ការលេងស្រា១ ការលេងល្បែងភ្នាល់ទាំងឡាយ១ និងការសេពគប់មិត្តអាក្រក់ទាំងឡាយ១។ បុគ្គលដែលដឹងនូវសេចក្តីវិនាសព្រោះល្បែងទាំង៤ប្រការនោះ តែងជៀសវាងអោយឆ្ងាយ និងរក្សានូវការចម្រើនដោយភោគទ្រព្យ តាមសមគួរក្នុងពេលបច្ចុប្បន្ន មានសេចក្តីសុខសប្បាយក្នុងលោកនេះដោយពិត។”
(ដកស្រង់ពី បិដកអង្គុត្តរនិកាយ ក្នុងអដ្ឋកនិបាត សន្ធានវគ្គទី៨)
សរុបមក ទិដ្ឋធម្មិកធម៌ នេះ លោកទុកជារូបមន្តដ៏ល្អឥតខ្ចោះក្នុងការកសាងខ្លួនឲ្យក្លាយជាអ្នកមានទ្រព្យប្រកបដោយធម៌ ឬថា គឺជាគ្រឹះនៃការកសាងនូវវឌ្ឍនៈភាពសម្រាប់ពិភពលោកផង ប្រទេសជាតិផង និងគ្រួសារផង ឲ្យប្រកបនូវភាពចម្រើនរុងរឿង៕
[1] សូត្រអំពីធម៌ដែលធ្វើឲ្យចម្រើនក្នុងបច្ចុប្បន្ន និងបរលោក
[2] ជជែកវែកញែក
[3] ស៊ីផ្លែល្វា មានឧបមា ដូចជាការចាយវាយ ឡួយឆាយតែសម្បកខាងក្រៅ
[4] ស្លាប់ឥតទីពឹង គឺស្លាប់ទៅដោយគ្មានបានសាងអំពើបុណ្យអ្វីទាំងអស់